A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 15 May 2016

ក្រសួង​មហាផ្ទៃ​ថា​អ្នកស្រី ហួត សារ៉ាវឌី ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍


Manekseka Sangkum: The public's trust in the state and in most of its institutions has been so undermined and abused over the years through enforced culture of lies, concoctions, framing of incriminating evidence, and of course, in-built impunity for wrong-doings of all kinds for those in positions of power and vested influence that most Cambodians have long learned to distrust and even read the truth by way of inverting or reversing the official version of any event and incident touching their lives.


>>>

ក្រសួង​មហាផ្ទៃ​ថា​អ្នកស្រី ហួត សារ៉ាវឌី ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍
ដោយ ថា កិត្យា
2016-05-15


សាច់ញាតិ និង​កូន​ស្រី​ទាំង​ពីរ​របស់​តារា​សម្ដែង ហួត សារ៉ាវឌី កាន់​កោដ្ឋ និង​រូបថត​របស់​ម្ដាយ ក្នុង​ពេល​ធ្វើ​បុណ្យ​សព​នៅ​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៦។
Photo provided


ក្រសួង​មហាផ្ទៃ អះអាង​ថា តារា​ភាពយន្ត​អ្នកស្រី ហួត សារ៉ាវឌី ពិត​ជា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​រំលោភ​សម្លាប់​ឡើយ។ រីឯ​កូន​ស្រី​ជន​រងគ្រោះ ថា​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រសួង​មហាផ្ទៃ នេះ គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ ហើយ​នាង​នៅ​តែ​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​ម្ដាយ ទោះ​បី​ក្តី​សង្ឃឹម​នៅ​ជើង​មេឃ​ក៏ដោយ។

ករណី​ស្លាប់​អតីត​តារា​សម្ដែង​ជើង​ចាស់ អ្នកស្រី ហួត សារ៉ាវឌី តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ ក្នុង​ស្រុង​កំពង់ត្របែក ខេត្ត​ព្រៃវែង កាល​ពី​យប់​ថ្ងៃ​ទី​១៤ ខែ​មេសា នៅ​តែ​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស ខណៈ​ក្រសួង​មហាផ្ទៃ រក​ឃើញ​ថា ជា​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ​កូន​ស្រី​សព​នៅ​តែ​អះអាង​ថា ជា​ករណី​ប្លន់​រំលោភ​សម្លាប់​ដដែល។

ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ លោក សុខ ខេមរិន មាន​ប្រសាសន៍​ថា ក្រោយ​ពី​នាយកដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ត្រ​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​មើល​លើ​ឯកសារ និង​សំណាក​ស្លាក​ស្នាម​ផ្សេងៗ​ដែល​ទទួល​បាន​ពី​កន្លែង​កើត​ហេតុ​នោះ គឺ​លទ្ធផល​បង្ហាញ​ថា ករណី​ស្លាប់​អ្នកស្រី ហួត សារ៉ាវឌី គ្មាន​ហេតុផល​ណា​ផ្សេង​ក្រៅ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ៖ «រឿង​ចរាចរណ៍ ព្រោះ​ឯកសារ​ពិនិត្យ​ចេញ​មក គឺ​រឿង​ចរាចរណ៍។ វា​មាន​ហេតុផល​ច្រើន​ណាស់​ដែល​ភស្តុតាង​ធ្វើ​ទៅ​ជា​ចរាចរណ៍»។



អ្នកស្រី ហួត សារ៉ាវឌី និង​ស្វាមី​ក្រោយ​ស្លាប់​នៅ​ក្បែរ​ដង​ផ្លូវ​ជាតិ​លេខ​១ ស្ថិត​ក្នុង​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក កាល​ពី​យប់​ថ្ងៃ​ទី​១៤ ខែ​មេសា ខណៈ​ដែល​ពួក​គាត់​ជិះ​ម៉ូតូ​ទៅ​លេង​ស្រុក​កំណើត​ស្ថិត​នៅ​ឃុំ​អន្សោង ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី មក​ទល់​ពេល​នេះ​មាន​រយៈពេល ២​ខែ​ហើយ។ ករណី​ស្លាប់​នេះ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ បាន​បើក​ការ​ស៊ើប​អង្កេត​ឡើង ក្រោយ​ពី​គ្រួសារ​ជន​រងគ្រោះ​មិន​ទទួល​យក​ការ​សន្និដ្ឋាន​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​ថា​ជា​គ្រោះថ្នាក់​ចរាចរណ៍។

កូន​ច្បង​របស់​អ្នកស្រី ហួត សារ៉ាវឌី គឺ​កញ្ញា ជុង សារ៉ាច័ន្ទ សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ក្រសួង​មហាផ្ទៃ ជា​ថ្មី​ម្ដង​ទៀត ដែល​មិន​ផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​ពួក​គាត់។ កញ្ញា​បន្ត​ថា លទ្ធផល​ស្រាវជ្រាវ​របស់​ក្រសួង​មហាផ្ទៃ នេះ គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ៖ «ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​គាត់​ជួយ​ស្រាវជ្រាវ​រឿង​ហ្នឹង​ទៀត មិន​អាច​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ណា​អត់​មាន​ខោ ហើយ​កុំ​ចេះ​តែ​និយាយ​ដើម្បី​បំបិទ​ព័ត៌មាន​អ៊ីចឹង អត់​កើត​ទេ។ អ្នក​ដែល​គាត់​គិត​ថា​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ប្រហែល​ជា​គាត់​ចង់​បិទ​ព័ត៌មាន​នេះ ខ្ជិល​ស៊ើប​អង្កេត​ឲ្យ​យើង ព្រោះ​យើង​គ្មាន​អី​សូក និង​គ្មាន​អី​រុញ​សាច់​រឿង​នេះ​ឲ្យ​ទៅ​លើ»។

ជុំវិញ​ករណី​នេះ អ្នក​សម្របសម្រួល​នៃ​អង្គការ​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រៃវែង អ្នកស្រី អ៊ាង គឹមលី សម្ដែង​ការ​សោកស្ដាយ​ដោយសារ​ភស្តុតាង​ជាច្រើន​ត្រូវ​បាន​បាត់បង់ ហើយ​កាល​ណោះ អាជ្ញាធរ​ហាក់​ពុំ​បាន​ពិនិត្យ​លើ​ស្លាក​ស្នាម​សាកសព​ជន​រងគ្រោះ​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​បូជា។ អ្នកស្រី អ៊ាង គឹមលី ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ករណី​នេះ គឺ​ជា​ករណី​ប្លន់​រំលោភ​សម្លាប់​មែន​នោះ វា​នឹង​ធ្វើ​ឲ្យ​គ្រួសារ​ជន​រងគ្រោះ​ទទួល​បាន​នូវ​ភាព​អយុត្តិធម៌ ជាពិសេស​ជន​ល្មើស​នៅ​តែ​រួច​ខ្លួន ហើយ​អាច​ប្រព្រឹត្ត​បទល្មើស​ម្តង​ហើយ​ម្តង​ទៀត។ ជា​ឧទាហរណ៍ ករណី​ជន​ល្មើស​ម្នាក់​ឈ្មោះ ជុំ វីរៈ ដែល​បាន​វាយ​សម្លាប់​ប្អូន​ស្រី​ជីដូន​មួយ​ជា​សិស្ស​វិទ្យាល័យ​ពង​ទឹក កាល​ពី​ថ្ងៃ​ទី​១០ ឧសភា នៅ​ក្នុង​សំណង់​ផ្ទះ​ល្វែង​មួយ​ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ នោះ ក៏​បាន​សារភាព​រឿង​ឃាតកម្ម​ថ្មី​មួយ​ទៀត​ថា រូប​គេ​ក៏​ធ្លាប់​បាន​ច្រាន​បុរស​ម្នាក់​ទៀត​ដែល​ជា​មិត្តភ័ក្ដិ ទម្លាក់​ចូល​ក្នុង​រណ្ដៅ​ដី​ដ៏​ជ្រៅ​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ព្រៃទីទុយ សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ កាល​ពី​យប់​ថ្ងៃ​ទី​១៦ មេសា កន្លង​ទៅ​នេះ ក្នុង​រឿង​ទំនាស់​ផឹក​ស៊ី។

កាសែត​ក្នុង​ស្រុក​ផ្សាយ​ថា សំណុំ​រឿង​រុញ​ទម្លាក់​រណ្ដៅ​បាក់​ក​ស្លាប់​នេះ កន្លង​មក អាជ្ញាធរ​រក​មិន​ឃើញ​ជន​ល្មើស​ទេ ដោយ​អ្នក​ខ្លះ​សង្ស័យ​ថា​គ្រោះថ្នាក់​ចរាចរណ៍​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ធ្លាក់​រណ្ដៅ​ដី និង​ខ្លះ​ទៀត​ក៏​សង្ស័យ​ថា ករណី​អំពើ​ឃាតកម្ម​ដែរ។

អ្នកស្រី អ៊ាង គឹមលី លើក​ឡើង​ថា រឿង​នេះ​ប្រសិន​បើ​កាល​ណោះ​អាជ្ញាធរ​ចាត់​វិធានការ​តឹងរ៉ឹង​ស្វែងរក​ជន​ល្មើស​នោះ ប្រហែល​ជា​ជន​ល្មើស​គ្មាន​ឱកាស​សម្លាប់​ប្អូន​ស្រី​ជីដូន​មួយ​ទៀត​នោះ​ទេ។

ការ​បណ្តោយ​ឲ្យ​អ្នក​ប្រព្រឹត្តិ​បទល្មើស​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ និង​បញ្ហា​អំពើ​ពុក​រលួយ គឺ​ជា​ការ​បង្កើត​អំពើ​អយុត្តិធម៌​ក្នុង​អំពើ​អយុត្តិធម៌​មួយ​ទៀត ដែល​នឹង​បង្កើត​ឲ្យ​សង្គម​មួយ​មាន​អំពើ​អយុត្តិធម៌​ទ្វេ​ដង ហើយ​អំពើ​អនាធិបតេយ្យ អំពើ​ហិង្សា រំលោភ​សម្លាប់ និង​ចោរកម្ម នឹង​កើន​ឡើង​បន្ថែម​ទៀត ជាពិសេស​នឹង​ធ្វើ​ឲ្យ​បរាជ័យ​លើ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ដែល​ជា​គោល​នយោបាយ​មួយ​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។

ចំពោះ​ករណី​ស្លាប់​អតីត​តារា​ចម្រៀង អ្នកស្រី ហួត សារ៉ាវឌី វិញ កូន​ស្រី​របស់​សព គឺ​កញ្ញា ជុង សារ៉ាច័ន្ទ អះអាង​ថា នាង​មិន​ទាន់​ទទួល​បាន​របាយការណ៍​ស៊ើប​អង្កេត​ពី​ក្រសួង​មហាផ្ទៃ នៅ​ឡើយ តែ​នាង​ប្ដេជ្ញា​ថា កញ្ញា​នឹង​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​បន្ត​ទៀត ដើម្បី​ស្វែងរក​ការ​ពិត​នៅ​ក្រោយ​ខ្នង​នៃ​ការ​ស្លាប់​របស់​ម្ដាយ​នាង៕

No comments: