A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 28 May 2016

សហជីព​សេរី​កម្មករ​អំពាវនាវ​ឲ្យ​កម្មករ​កូដកម្ម​មិន​ចូល​ធ្វើការ​បើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា


ដោយ ខែ សុណង
2016-05-27

ជា មុន្នី ២០១៦ ៨៥៥
លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​១២​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
 RFA/Brach Chev


សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពាវនាវ​ឲ្យ​កម្មករ​កម្មការិនី​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ធ្វើ​កូដកម្ម មិន​ចូល​ធ្វើការ​ក្នុង​ករណី​ចាប់​ឬ​ឃាត់​ខ្លួន លោក កឹម សុខា អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​សភា។ ប៉ុន្តែ​ការ​អំពាវនាវ​ធ្វើ​កូដកម្ម​នេះ ត្រូវ​បាន​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ព្រមាន​ចាត់វិធានការ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ ព្រមាន​ចាត់វិធានការ​ដល់​ក្រុម​សហជីព​កម្មករ ប្រសិន​បើ​មាន​ការ​ធ្វើ​កូដកម្ម​ណា​មួយ​ដែល​ផ្ទុយ​ពី​ច្បាប់។

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ បាន​ឆ្លើយតប​ថា លោក​គាំទ្រ​ចំពោះ​ការ​ជួបជុំ​របស់​កម្មករ​ធ្វើ​កូដកម្ម ប៉ុន្តែ​ស្នើ​ឲ្យ​គោរព​ទៅ​តាម​ច្បាប់​សហជីព ពុំ​នោះ​ទេ​សមត្ថកិច្ច​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់៖ «ធ្វើ​អ្វី​ក៏​ដោយ​អោយ​តែ​ឋិត​នៅ​ក្របខ័ណ្ឌ​ច្បាប់។ ច្បាប់​សហជីព​មាន​ហើយ។ អ្វី​ក៏​ដោយ​យើង​ទៅ​តាម​ផ្លូវ​ច្បាប់​ទៅ​មុន​ធ្វើ​កូដកម្ម​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច? ក្នុង​ករណី​ដែល​មិន​គោរព​តាម​ច្បាប់​ទេ​គឺ​សមត្ថកិច្ច​នឹង​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់»។



សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​២៧ ឧសភា អំពាវនាវ​ឲ្យ​កម្មករ​ត្រៀម​ខ្លួន​ប្រើ​សិទ្ធិ​របស់​ខ្លួន​ធ្វើ​កូដកម្ម ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អភ័យ​ឯកសិទ្ធិ​សភា​តំណាងរាស្ត្រ។

ប្រធាន​សហជីព​សេរី​កម្មករ លោក ជា មុនី មាន​ប្រសាសន៍​ថា លោក​ប្រកាស​ឲ្យ​កម្មករ​ធ្វើ​ដូច្នេះ ព្រោះ​មាន​សំណួរ​ជា​ច្រើន​ពី​ពួកគេ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​តុលាការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន លោក កឹម សុខា៖ «បច្ចុប្បន្ន​យើង​មាន​ច្បាប់​មាន​ព្រះមហាក្សត្រ​ដូច្នេះ​យើង​ចង់​ធ្វើ​អ្វី​មួយ​ឲ្យ​វា​ត្រូវ​តាម​ច្បាប់​ឧទាហរណ៍​ថា​បើ​យើង​ចង់​ចាប់​អ្នក​តំណាងរាស្ត្រ​ណា​មួយ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​ដែល​មាន​ចែង​យើង​អាច​ចាប់​គាត់​ភ្លាមៗ​បាន ប៉ុន្តែ​បើ​បទល្មើស​នោះ​មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ដោះ​អភ័យ​ឯកសិទ្ធិ​ គាត់​ឲ្យ​អស់​ទៅ។ ហើយ​ចាប់​គាត់​ទៅ​តាម​សម្រួល​ទៅ​អា​ហ្នឹង​វា​អត់​មាន​ការ​ឈឺចាប់​ដល់​ប្រជាពលរដ្ឋ​ឬ​កម្មករ​កម្មការិនី​ដែល​គាំទ្រ»។

ការ​ព្រមាន​ធ្វើ​កូដកម្ម​នេះ បន្ទាប់​ពី​តុលាការ​កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា បង្គាប់​ឲ្យ​ចាប់​ខ្លួន លោក កឹម សុខា ដោយ​ចោទ​ប្រកាន់​ពី​បទល្មើស​ជាក់ស្ដែង នៃ​ការ​មិន​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​ក្នុង​នាម​ជា​សាក្សី ក្នុង​រឿង​សញ្ចារ​កម្ម ពាក់ព័ន្ធ​នឹង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

កាល​យប់​ថ្ងៃ​ទី​២៦ ឧសភា អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ និង​បង្គាប់​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌ ស្វែងរក​ចាប់​ខ្លួន​លោក កឹម សុខា មក​ចំពោះ​មុខ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ស៊ើប​អង្កេត​បទល្មើស​ជាក់ស្ដែង ស្រប​តាម​ខ្លឹមសារ​មាត្រា​៨៦ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​ចែង​អំពី​និយមន័យ​បទឧក្រិដ្ឋ ឬ​មជ្ឈិម​ជាក់ស្ដែង។

ការ​ចេញ​សេចក្ដី​ប្រកាស​របស់​សាលា​ដំបូង គឺ​បន្ទាប់​ពី​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ប្រមាណ​២០នាក់ បាន​សម្រុក​ចូល​ទីស្នាក់ការ​កណ្ដាល​បក្ស​សង្គ្រោះជាតិ ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ។ ប៉ុន្តែ​ភ្លាមៗ​ក្រុម​សមត្ថកិច្ច​ប្រដាប់​អាវុធ​នេះ បាន​ត្រឡប់​ចេញ​វិញ ក្រោយ​មាន​ការ​សួរ​នាំ​រក​ដីកា។ មុន​ហេតុការណ៍​នោះ រថយន្ត​របស់​លោក កឹម សុខា ដែល​ប្រពន្ធ​របស់​លោក​កំពុង​ធ្វើ​ដំណើរ​ពី​គណបក្ស​ត្រឡប់​ទៅ​ផ្ទះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​មួយ​ក្រុម​ស្ទាក់​ឃាត់​តាម​ផ្លូវ​នរោត្តម ក្បែរ​សាលា​ពញាហុក តែ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ ក្រោយ​ពិនិត្យ​មើល​ក្នុង​រថយន្ត​មិន​ឃើញ​លោក កឹម សុខា។

ថ្វី​បើ​មាន​ការ​ព្រមាន​ធ្វើ​កូដកម្ម​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក កឹម សុខ នៅ​ថ្ងៃ​ដដែល​នេះ កញ្ញា ធី សុវណ្ណថា ម្ចាស់​គណនេយ្យ​ហ្វេសប៊ុក ល្បី​ឈ្មោះ​ម្នាក់ បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា បើ​មាន​បាតុកម្ម​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក កឹម សុខា នាង​នឹង​ដឹកនាំ​បាតុកម្ម​គាំទ្រ​ចំណាត់​ការ​របស់​តុលាការ​វិញ។

ច្បាប់​ស្ដីពី សហជីព ទើប​បង្កើត​ត្រង់​មាត្រា​១៣ ដែល​ចែង​អំពី​លក្ខខណ្ឌ​តម្រូវ​សម្រាប់​លក្ខន្តិកៈ ចំណុច​ទី​៥ ចែង​ថា លក្ខខណ្ឌ​តម្រូវ​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​សម្ងាត់​ដោយ​សំឡេង​យ៉ាង​តិច ៥០% បូក​១ នៃ​សមាជិក​ដែល​ចូលរួម​កិច្ច​ប្រជុំ​សម្រេច​ធ្វើ​កូដកម្ម។ ចំណែក​មាត្រា​៨៩ អំពើ​បង្ខិតបង្ខំ​ឲ្យ​ចូលរួម​ធ្វើ​កូដកម្ម ចែង​ថា ត្រូវ​ព្រមាន​ជា​លាយលក្ខ​អក្សរ​ចំពោះ​បុគ្គល​ដែរ​តាម​គ្រប់​មធ្យោបាយ​បង្ខិតបង្ខំ​ឲ្យ​កម្មករ​និយោជិក​ឲ្យ​ចូលរួម​ធ្វើ​កូដកម្ម ឬ​រារាំង​កម្មករ និយោជិក​ដែល​មិនមែន​ជា​កូដករ​មិន​ឲ្យ​ធ្វើ​ការងារ​របស់​ខ្លួន​ត្រូវ​ពិន័យ​ប្រាក់​មិន​លើស​ពី ៥​លាន​រៀល៕

No comments: