A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 12 May 2016

សង្គម​ស៊ីវិល​ទទូច​ឲ្យ ACU ស៊ើប​អង្កេត​បន្ទាប់​ពី​ឯកសារ​ប៉ាណាម៉ា​បញ្ចេញ​ឈ្មោះ​បន្ថែម​ទៀត


សង្គម​ស៊ីវិល​ទទូច​ឲ្យ ACU ស៊ើប​អង្កេត​បន្ទាប់​ពី​ឯកសារ​ប៉ាណាម៉ា​បញ្ចេញ​ឈ្មោះ​បន្ថែម​ទៀត
ដោយ សាន សែល
2016-05-11


ក្រុមហ៊ុន​ច្បាប់​ម៉ូសាក់ ហ្វុនសេកា (MOSSACK FONOSECA)។ Photo AFP
Photo AFP


សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​តម្លាភាព និង​គណនេយ្យ​ភាព​នៅ​ប្រទេស​កម្ពុជា ទទូច​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បើក​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​ពី​ព័ត៌មាន​ស្ដីពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត។

ការ​ស្នើសុំ​របស់​សង្គម​ស៊ីវិល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមាគម​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​អន្តរជាតិ (International Consortium of Investigative Journalists) បាន​ផ្សព្វផ្សាយ​ឈ្មោះ​ក្រុមហ៊ុន និង​ជន​ដែល​ពាក់ព័ន្ធ​នៅ​ពី​ក្រោយ​ការ​បង្កើត​ក្រុមហ៊ុន​នៅ​បរទេស ដើម្បី​បំភាន់​ភ្នែក​សាធារណជន ដែល​ត្រូវ​បាន​ទម្លាយ​ក្នុង «ឯកសារ​ប៉ាណាម៉ា (Panama Papers)»។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ បាន​ហៅ​ការ​បង្ហាញ​ទិន្នន័យ​លម្អិត​បន្ថែម​ក្នុង «ឯកសារ​ប៉ាណាម៉ា (Panama Papers)» នេះ​ថា​ជា​តម្រុយ​បន្ថែម​សម្រាប់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បង្កើត​ការ​ស៊ើប​អង្កេត​លើ​ជន​ដែល​ជាប់​ពាក់ព័ន្ធ។ លោក សន ជ័យ ហៅ​ការ​បើក​ការ​ស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​ផ្ដល់​ភាព​យុត្តិធម៌​ដល់​សង្គម និង​ជន​ដែល​ត្រូវ​គេ​ចោទ​ផ្ទាល់៖ «»។



សមាគម​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​អន្តរជាតិ ដែល​ជា​ស្ថាប័ន​រៀបចំ «ឯកសារ​ប៉ាណាម៉ា (Panama Papers)» បាន​បោះ​ផ្សាយ​ប្រព័ន្ធ​ទិន្នន័យ​ពី​ឈ្មោះ​បណ្ដា​ក្រុមហ៊ុន និង​បុគ្គល​នានា​ដែល​ជាប់​ទាក់ទង​នឹង​រឿង​អាស្រូវ​លាង​លុយ​កខ្វក់ និង​គេច​មិន​បង់​ពន្ធ​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ ទិន្នន័យ​នេះ អាច​ស្វែងរក​បាន​នៅ​លើ​អ៊ីនធឺណិត​តាម​អាសយដ្ឋាន https://offshoreleaks.icij.org។

ទិន្នន័យ​បង្ហាញ​ថា ក្រៅ​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា គឺ​នៅ​មាន​ជនជាតិ​កម្ពុជា បី​នាក់ ដែល​ពីរ​នាក់​ធ្លាប់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​ឯកសារ ដែល​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន RCD International Ltd។ ក្រុមហ៊ុន​នេះ បាន​ប្រើ​សេវា​របស់​ក្រុមហ៊ុន​ច្បាប់​ម៉ូសាក់ ហ្វុនសេកា (MOSSACK FONOSECA) ដើម្បី​បង្កើត​ក្រុមហ៊ុន ដោយ​បាន​ចុះ​បញ្ជី​នៅ British Virgin Islands ជា​ទី​ដែល Panama Papers អះអាង​ថា ជា​ប្រទេស​ដែល​ក្រុមហ៊ុន ម៉ូសាក់ ហ្វុនសេកា បង្កើត​ក្រុមហ៊ុន​បរទេស​ឲ្យ​ឥស្សរជន​នយោបាយ ជន​ទុច្ចរិត ឬ​តារា​ល្បីៗ ដើម្បី​ព្យាយាម​បំបាំង​ប្រភព​ប្រាក់​ដែល​រក​បាន និង​គេច​មិន​បង់​ពន្ធ​ជូន​រដ្ឋ។

ឈ្មោះ ដាំ ច្ឆ័ត្ររីយ៍ (Ray Chhat Dam) សួស សារឿន (Soush Saroeun) និង ល័ក្ខ បុប្ជា សុទ្ធសឹងតែ​ជា​ឈ្មោះ​ដែល Panama Papers ទម្លាយ​ឲ្យ​ដឹង​ថា បាន​ចូល​ហ៊ុន​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជន​បរទេស​ម្នាក់​ទៀត​ឈ្មោះ Arthur Chan Wai Kong ដើម្បី​បង្កើត​ក្រុមហ៊ុន RCD International Ltd។

ឈ្មោះ ដាំ ច្ឆ័ត្ររីយ៍ (Ray Chhat Dam) និង សួស សារឿន (Soush Saroeun) ធ្លាប់​ត្រូវ​ក្រសួង​មហាផ្ទៃ ចាប់​ខ្លួន​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១០ ពី​បទ​ក្លែង​ឯកសារ​ឆបោក​ប្រាក់ ៥០០​លាន​ដុល្លារ។ ចំណែក​ឈ្មោះ ល័ក្ខ បុប្ជា ជា​ទីប្រឹក្សា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ក៏​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បើក​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះ​ផង​ដែរ។ លោក​បន្ត​ថា នៅ​ប្រទេស​កម្ពុជា ព័ត៌មាន​ស្ដីពី​ការ​វិនិយោគ នៅ​មិន​ទាន់​មាន​តម្លាភាព​គ្រប់គ្រាន់ ហើយ​នេះ​វា​អាច​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ម្ចាស់​ក្រុមហ៊ុន​គេច​មិន​បង់ ឬ​យក​ប្រាក់​ដែល​បាន​ដោយ​ទុច្ចរិត មក​លាង​លុយ​នៅ​កម្ពុជា៖ «»។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាល​ពី​ដើម​ខែ​មេសា បាន​ប្រកាស​ថា នឹង​ផ្ទៀងផ្ទាត់​ព័ត៌មាន​របស់ Panama Papers ស្ដីពី​ការ​ពាក់ព័ន្ធ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ក៏ប៉ុន្តែ​មក​ទល់​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦ មិន​ទាន់​មាន​ព័ត៌មាន​ណា​មួយ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បង្ហាញ​ឲ្យ​ដឹង​ពី​ដំណើរ​ការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​នេះ។

ភ្លាមៗ​បន្ទាប់​ពី Panama Papers បាន​ចេញ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៦ លោក អង្គវង្ស វឌ្ឍានា បាន​បដិសេធ​ថា មិន​បាន​ជាប់​ពាក់ព័ន្ធ​ដូច​ដែល​ឯកសារ​នេះ​បាន​រក​ឃើញ​នោះ​ទេ។

ទាក់ទង​នឹង​រឿង​នេះ​ដែរ ប្រធាន​ធនាគារ​ពិភពលោក (World Bank) លោក ជីម យ៉ុង គឹម (Jim Yong Kim) បាន​ថ្លែង​នៅ​សហរដ្ឋ​អាមេរិក ក្នុង​កិច្ច​ប្រជុំ​រវាង​ធនាគារ​ពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បន្ទាប់​ពី Panama Papers ត្រូវ​ផ្សព្វផ្សាយ​ថា តម្លាភាព គឺ​នឹង​មិន​ត្រូវ​ដាំ​ក្បាល​ចុះ​ក្រោម​នោះ​ទេ ហើយ​អ្នក​ដែល​ព្យាយាម​គេច​មិន​បង់​ពន្ធ ឬ​លួច​លុយ​ពី​ទ្រព្យ​សម្បត្តិ​សាធារណៈ គឺ​នៅ​ទីបំផុត​ទៅ នឹង​ត្រូវ​គេ​ចាប់​បាន។

Panama Papers ជា​ទិន្នន័យ​ដែល​លេច​ធ្លាយ​ទំហំ​ជាង ៧​តេរាប៉ៃ (7,2 Terabytes) ឬ​ទម្ងន់ ៣​ពាន់ ២០០​តោន​នៃ​ក្រដាស​ព្រីន បង្ហាញ​ឯកសារ​របស់​ក្រុមហ៊ុន​ច្បាប់​របស់​ប្រទេស​ប៉ាណាម៉ា ឈ្មោះ ម៉ូសាក់ ហ្វុនសេកា (Mossack Fonseca) រយៈពេល​ជិត ៤០​ឆ្នាំ តាំង​ពី​ឆ្នាំ​១៩៧៧ ដល់​ចុង​ឆ្នាំ​២០១៥។

ក្រោយ​ពេល Panama Papers ទម្លាយ​ចេញ​ជា​សាធារណៈ ប្រជាពលរដ្ឋ​នៃ​ប្រទេស​ដែល​មាន​ក្នុង​បញ្ជី​របស់ Panama Papers បាន​ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ ទាមទារ​ឲ្យ​ប្រមុខ​ដឹក​នាំ ឬ​ឥស្សរជន​ដែល​ត្រូវ​បាន Panama Papers ស៊ើប​អង្កេត​ឃើញ​ថា បាន​គេច​មិន​បង់ ឬ​លួច​ទ្រព្យ​សាធារណៈ ចេញ​មុខ​បកស្រាយ និង​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ។ ជា​លទ្ធផល នាយក​រដ្ឋមន្ត្រី​នៃ​អ៊ីស្លង់ (Iceland) ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាន់​កាប់​ក្រុមហ៊ុន​នៅ Bristish Virgin Islands បាន​ចុះ​ចេញ​ពី​តំណែង។ នៅ​ប្រទេស​អេស្ប៉ាញ (Spain) រដ្ឋមន្ត្រី​ម្នាក់ ត្រូវ​អាជ្ញាធរ​រក​ឃើញ​ថា បាន​កុហក​ពី​ការ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ក្រៅ​ស្រុក (offshore company)។ ចំណែក​ឯ​ប៉ូលិស​នៃ​ប្រទេស​អ៊ុយរ៉ាហ្គាយ (Uruguay) បាន​ចាប់​បុគ្គល​ប្រាំ​រូប​ដែល​ជាប់​សង្ស័យ​ថា បាន​លាង​លុយ​កខ្វក់​ឲ្យ​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់៕

No comments: