តុលាការសម្រេចចោទប្រកាន់មេឃុំលោក ស៊ាង ចែត ពីបទសូកប៉ាន់សាក្សី
ដោយ ម៉ម មុនីរតន៍
2016-04-27

សាលាដំបូងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth
សាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនលោកមេឃុំ ស៊ាង ចែត ទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងបទចោទ សូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បញ្ជាក់ក្រោយតំណាងអយ្យការបញ្ចប់ការសួរចម្លើយលោក ស៊ាង ចែត នៅរសៀលថ្ងៃទី២៧ មេសា ថា លោក ស៊ាង ចែត រងការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។
មាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ បញ្ជាក់ថា បុគ្គលណាដែលប្រគល់ឲ្យសាក្សីដោយផ្ទាល់ ឬប្រយោល នូវអំណោយ ជំនូន ការសន្យា ឬអត្ថប្រយោជន៍អ្វីមួយ ដើម្បីមិនធ្វើជាសាក្សី ឬផ្ដល់សក្ខីកម្មភូតកុហក នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ ដល់១០ឆ្នាំ។
នៅព្រឹកថ្ងៃទី២៧ មេសា អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក ស៊ាង ចែត មកកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអង្គភាពនេះឃាត់ខ្លួន លោក ស៊ាង ចែត កាលពីយប់ថ្ងៃទី២៤ មេសា។
ចំពោះករណីនេះអង្គភាពប្រឆាំងអំពើពុករលួយអះអាងថា បានរកឃើញធាតុផ្សំបទល្មើសគ្រប់គ្រាន់ ទាក់ទងនឹងរឿងលុយ ៥០០ដុល្លារ ដែលអ្នកនាង ស្រីមុំ ឆ្លើយដាក់ថា លោក ស៊ាង ចែត យកទៅឲ្យម្ដាយរបស់អ្នកនាង ដើម្បីកុំឲ្យនិយាយការពិតអំពីរឿងស្នេហារវាងអ្នកនាង និងលោក កឹម សុខា។
No comments:
Post a Comment