A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 28 April 2016

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដែល​រង​ការ​វាយ​ដំ​ស្នើ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ជន​ល្មើស​បន្ថែម​ទៀត


ដោយ ប្រាជ្ញ ចេវ
2016-04-27  rfa

បាតុករ​ធាក់​តំណាង​រាស្ត្រ ២០១៥ ៨៥៥
ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាត់​ធាក់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន នៅ​មុខ​បរិវេណ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។

Photo: RFA


តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ពីរ​រូប​ដែល​រង​ការ​វាយ​ប្រហារ​ពី​ក្រុម​បាតុករ​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៥ ស្នើ​ទៅ​សមត្ថកិច្ច​ឲ្យ​ស្វែងរក​ជន​ដៃ​ដល់​បន្ថែម ខណៈ​សំណុំ​រឿង​ពួក​គេ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​ក្រុង​ភ្នំពេញ។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ថា​ប្រសិន​បើ​តុលាការ​រក​ឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​មាន​ច្រើន​ជាង​នេះ​ទៀត សមត្ថកិច្ច​នឹង​ស្វែងរក​ជន​ប្រព្រឹត្តិ​បន្ថែម​ទៀត​តាម​សំណើ​របស់​តុលាការ។

តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ក្រុម​បាតុករ​វាយ​ឲ្យ​រង​របួស សម្រេច​មិន​ចូល​បំភ្លឺ​នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ខាង​មុខ​នេះ​ទេ។ ការ​សម្រេច​បែប​នេះ ព្រោះ​ពួក​គេ​មិន​ជឿជាក់​ថា តុលាការ​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​ខ្លួន​បាន។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ថា លោក​មិន​ទុក​ចិត្ត​ថា តុលាការ​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​លោក​បាន​នោះ​ទេ។ លោក​យល់​ថា ដំណើរ​ការ​ក្តី​នេះ តុលាការ​គ្រាន់​តែ​ធ្វើ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ៖ «»។

ញ៉យ ចំរើន គង់ សភា ៦២០
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម លោក ញ៉យ ចំរើន (ឆ្វេង) និង​លោក គង់ សភា (កណ្ដាល) ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ទីស្នាក់ការ​គណបក្ស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៥។ RFA/Brach Chev




តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាតុករ​វាយ​ឲ្យ​រង​របួស​នៅ​មុខ​រដ្ឋសភា ចូលរួម​បំភ្លឺ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មេសា។

មេធាវី​ការពារ​ក្តី​ឲ្យ​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប គឺ​លោក ជូង ជូងី និយាយ​ថា កូន​ក្តី​របស់​លោក​ក្រៅ​ពី​ប្ដឹង​ជន​សង្ស័យ​ទាំង​បី​រូប​ដែល​បាន​សារភាព ក៏​មាន​ប្ដឹង​ជន​ដទៃ​ទៀត​ដែរ ប៉ុន្តែ​មិន​ទាន់​ឃើញ​តុលាការ​មាន​ចំណាត់​ការ​នៅ​ឡើយ​ទេ។ លោក​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ដំណាក់​កាល​ក្នុង​សវនាការ​ជំនុំ​ជម្រះ គឺ​ជា​ការ​ដេញដោល​រក​កំហុស​តាម​ការ​ចោទ​ប្រកាន់​របស់​ព្រះរាជអាជ្ញា ទៅ​លើ​ជន​ត្រូវ​ចោទ៖ «»។

ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​ទម្លាក់​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា បាតុករ​បាន​វាយ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​ឲ្យ​រង​របួស​ខ្លាំង គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា។ អ្នក​ទាំង​ពីរ ត្រូវ​បាតុករ​ព្រួត​គ្នា​វ៉ៃ​ដោយ​ទាញ​ចេញ​ពី​ក្នុង​រថយន្ត រួច​ហើយ​ទាត់​ធាក់​តាម​ចិត្ត​ចង់ គ្មាន​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​សន្តិសុខ​របស់​រដ្ឋសភា​អន្តរាគមន៍​ឡើយ៖ «»។

ទាក់ទង​ការ​ធ្វើ​បាតុកម្ម​នេះ​ដែរ ប្រភព​រួម​មាន ម្ចាស់​ឡាន​ឈ្នួល​ដឹក​បាតុករ និង​ប្រពន្ធ​របស់​ម្ចាស់​ឡាន​ឈ្នួល ឲ្យ​ដឹង​ថា មាន​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន ជិត ២០០​នាក់ ចេញ​ពី​បន្ទាយ​នៅ​ក្រុង​តាខ្មៅ ដើម្បី​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា។

ម្ចាស់​ឡាន​ឈ្នួល​ទាំង​នោះ​លើក​ឡើង​ថា កង​អង្គរក្ស​របស់​លោក ហ៊ុន សែន ទាំង​នោះ ស្លៀកពាក់​ស៊ីវិល​បន្លំ​ខ្លួន​ជា​ប្រជាពលរដ្ឋ​ធម្មតា ដែល​ពួក​គាត់​ដឹក​ចេញ​ពី​បន្ទាយ​ឈ្មោះ​ថា "បញ្ជាការដ្ឋាន​កង​អង្គរក្ស​សម្ដេច ហ៊ុន សែន" ឬ​ហៅ​ថា "បន្ទាយ​ពោង​លឿង" ស្ថិត​ក្នុង​ភូមិ​ព្រែកសំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ មក​ធ្វើ​បាតុកម្ម​ជាមួយ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា រាប់​ពាន់​នាក់​ទៀត​នៅ​មុខ​រដ្ឋសភា។

ចំណែក​បាតុករ​ម្នាក់​ដែល​ចូលរួម​ធ្វើ​បាតុកម្ម​ទម្លាក់​លោក កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋសភា ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ថា លោក និង​បាតុករ​ផ្សេង​ទៀត ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​មក​ប្រជុំ​នៅ​បន្ទាយ​ទួល​ក្រសាំង មុន​នឹង​ទៅ​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​ការ​វាយ​ដំ រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​ជាសះស្បើយ​នៅ​ឡើយ។ អ្នក​ទាំង​ពីរ សម្រេច​ចុះ​មូលដ្ឋាន​ជួប​ពលរដ្ឋ ជា​ជាង​យក​ពេល​មក​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ ប៉ុន្តែ​ពួក​គេ​ផ្តល់​សិទ្ធិ​ឲ្យ​មេធាវី​របស់​ខ្លួន​ចូល​ឆ្លើយ​បំភ្លឺ​ជំនួស។

មាន​មាឌ​តូច​ល្អិត សក់​ត្រង់ យុវជន​មាន​អាយុ​ជាង ២០​ឆ្នាំ​ដែល​អះអាង​ថា ជា​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ក្រោយ​ចូលរួម​ធ្វើ​បាតុកម្ម​ទម្លាក់​លោក កឹម សុខា ចេញ​ពី​ក្បាល​ម៉ាស៊ីន​រដ្ឋសភា​កាល​ពី​ចុង​ឆ្នាំ​២០១៥ ថា ក្នុង​អំឡុង​ធ្វើ​បាតុកម្ម អ្នក​រៀបចំ ឲ្យ​លោក​គ្រាន់​តែ​ឈរ​កាន់​បដា និង​ស្រែក​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះ​ចេញ​ពី​តំណែង។ ប៉ុន្តែ​លោក​ថា ដំណាល​គ្នា​នោះ​ក៏​មាន​បាតុករ​ផ្សេង​ទៀត​មាន​ពាក់​មួក​សុវត្ថិភាព និង​ក្រុម​អ្នក​ចង​ក្រមា​ដើរ​ចុះ​ដើរ​ឡើង៖ «»។

យុវជន​ដដែល​បន្ត​ថា នៅ​ក្រោយ​ហេតុការណ៍​វាយ​តំណាង​រាស្ត្រ ក្រុម​បាតុករ​ទាំងអស់​នាំ​គ្នា​រត់​ឡើង​ឡាន ហើយ​ពេល​នោះ​មាន​អ្នក​ខ្លះ​ប្ដូរ​អាវ​របស់​ខ្លួន​ចេញ មុន​នឹង​ឡើង​ឡាន​ចេញ​ពី​មុខ​រដ្ឋសភា។

ចំណែក​ស្ត្រី​ម្ចាស់​ឡាន​ឈ្នួល​ម្នាក់​រស់នៅ​ខេត្ត​កណ្ដាល ឲ្យ​ដឹង​ថា មុន​ការ​ធ្វើ​បាតុកម្ម​មួយ​ថ្ងៃ មាន​បុរស​ម្នាក់​ទូរស័ព្ទ​ទៅ​លោកស្រី ឲ្យ​ដឹក​មនុស្ស​ទៅ​ប្រជុំ​នៅ​ភ្នំពេញ ប៉ុន្តែ​ជាក់ស្តែង​មិន​ដូច្នោះ​ទេ គឺ​ត្រូវ​ដឹក​បាតុករ​ទៅ​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា។ លោកស្រី​បញ្ជាក់​ថា បាតុករ​ជិះ​ឡាន​មាន​មនុស្ស​ចំនួន ១៨​នាក់ ដែល​ភាគច្រើន​មាន​ក្រមា​ម្នាក់​មួយ៖ «»។

អ្នក​រត់​ឡាន​ឈ្នួល​ម្នាក់​ទៀត​ប្រាប់​ថា គេ​ជួល​ឡាន​លោក​ក្នុង​តម្លៃ ៤០​ដុល្លារ ដើម្បី​ដឹក​បាតុករ​ទៅ​ធ្វើ​បាតុកម្ម ប៉ុន្តែ​អ្នក​ទូរស័ព្ទ​មក​នោះ មុន​ដំបូង​ប្រាប់​ថា​ជួល​ដឹក​មនុស្ស​ទៅ​ប្រជុំ​ទេ។ លោក​បន្ត​ថា ពេល​ឡាន​ទៅ​ដល់​មុខ​រដ្ឋសភា គេ​ប្រាប់​ឲ្យ​យក​ឡាន​ចេញ​ពី​មុខ​រដ្ឋសភា ដោយ​រង់ចាំ​គេ​ហៅ​ទូរស័ព្ទ​មក​ដឹក​ត្រឡប់​ទៅ​វិញ៖ «»។

អ្នក​ដឹង​ហេតុការណ៍​មួយ​រូប​ទៀត​ជា​អ្នក​បើក​ឡាន​ឈ្នួល​ដែរ​នោះ​ប្រាប់​ថា លោក​ត្រូវ​ទៅ​ដឹក​មនុស្ស​នៅ​បន្ទាយ​ពោង​លឿង ហើយ​ក្រៅ​ពី​ឡាន​របស់​លោក ក៏​មាន​ឡាន​ចំនួន ១០​គ្រឿង​ផ្សេង​ទៀត​ដែល​ឡាន​មួយ​គ្រឿង​ដឹក​មនុស្ស​ចំនួន ១៨​នាក់។ លោក​បន្ត​ថា អ្នក​ទាំង​នោះ​ជា​ក្រុម​អង្គរក្ស ហើយ​អ្នក​ខ្លះ​មាន​ដំបង អ្នក​ខ្លះ​មាន​ដុំ​ថ្ម និង​អ្នក​ខ្លះ​ទៀត​មាន​បដា៖ «»។

សព្វថ្ងៃ​មាន​ជន​ប្រព្រឹត្តិ ៣​រូប បាន​ស្ម័គ្រ​ចិត្ត​ចេញ​មក​សារភាព ថា​ពួក​គេ​ជា​អ្នក​វាយ​តំណាង​រាស្ត្រ។ ក្រុម​ទាំង​នោះ​រួម​មាន លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និង​លោក សុត វណ្ណនី ប៉ុន្តែ​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​ដែល​រង​របួស ថា​ជន​ប្រព្រឹត្តិ​មាន​ច្រើន​ជាង​នេះ។

ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ៦២០
ជន​ជាប់​ចោទ​​​វាយតំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​ចេញ​​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ (ពី​ឆ្វេង៖ ម៉ៅ ហឿន សុត វណ្ណនី និង ចាយ សារិទ្ធ)។ RFA/Brach Chev


ថ្លែង​បន្ទាប់​ពី​ទទួល​ដំណើរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បដិសេធ​ថា កងទ័ព​គ្មាន​សិទ្ធិ​ចូលរួម​ធ្វើ​បាតុកម្ម​ទេ។ លោក​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​នេះ​ជា​ការ​ស្រមើស្រមៃ៖ «»។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រូប​ទៀត​ដែល​រង​ការ​វាយ​ធ្វើ​បាប​ពី​ក្រុម​បាតុករ គឺ​លោក ញ៉យ ចំរើន និយាយ​ថា អ្នក​វាយ​លោក​មិន​មែន​ត្រឹម​តែ​បុរស​បី​នាក់​ចេញ​មុខ​សារភាព​នោះ​ទេ គឺ​ច្រើន​ជាង​នេះ។ លោក​ថា ប្រសិន​បើ​សមត្ថកិច្ច​ចង់​ស៊ើប​អង្កេត​រក​ការ​ពិត​លើ​រឿង​នេះ អាច​ពិនិត្យ​មើល​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​របស់​ស្ថានទូត​ប្រទេស​អូស្ត្រាលី៖ «»។

ឆ្លើយ​តប​ការ​លើក​ឡើង​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​រង់ចាំ​សំណើ​របស់​តុលាការ ថា​ចង់​បាន​អ្វី​បន្ថែម​ទៀត ទើប​សមត្ថកិច្ច​ធ្វើ​ការ​បន្ថែម​ទៀត៖ «»។

តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​សមត្ថកិច្ច និង​តុលាការ ថា​អនុវត្ត​ការងារ​មាន​ស្តង់ដារ​ពីរ ដោយ​ពួក​គេ​លើក​ឡើង​ថា ប្រសិន​បើ​ជន​រងគ្រោះ​ជា​មន្ត្រី​រដ្ឋាភិបាល ឬ​មន្ត្រី​បក្ស​កាន់​អំណាច សមត្ថកិច្ច ឬ​តុលាការ​នឹង​អន្តរាគមន៍​បាន​លឿន ប៉ុន្តែ​បើ​ជន​រងគ្រោះ​ជា​មន្ត្រី​គណបក្ស​ប្រឆាំង ឬ​សង្គម​ស៊ីវិល​ដែល​រិះគន់​រដ្ឋាភិបាល មិន​ងាយ​ទទួល​បាន​យុត្តិធម៌​ទេ៕

No comments: