A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 28 April 2016

NGO រិះគន់​ការ​តែងតាំង​កូន​លោក ឱម យ៉ិនទៀង ក្នុង​កន្លែង​តែ​មួយ



លោក ឱម យ៉ិនទៀង ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កន្លង​មក​នេះ។ ស្រេង ម៉េងស្រ៊ុន

NGO រិះគន់​ការ​តែងតាំង​កូន​លោក ឱម យ៉ិនទៀង ក្នុង​កន្លែង​តែ​មួយ
Wed, 27 April 2016 ppp
ម៉ិច ដារ៉ា and ប៉ិច សុធារី


ភ្នំពេញៈ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​សម្ដែង​ការ​យល់​ឃើញ​របស់​ខ្លួន​ថា​ការ​តែងតាំង​កូន​ប្រុស​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ពីរ​រូប​ឲ្យ​ធ្វើ​ជា​មន្ត្រី​ជាន់​ខ្ពស់​ស្ថាប័ន​តែ​មួយ​នេះ​អាច​​នឹង​កើត​មាន​ទំនាស់​ផលប្រយោជន៍​បក្ខ​ពួកនិយម​ និង​ធ្វើឲ្យ​បាត់បង់​តម្លាភាព​របស់​ស្ថាប័ន​មួយ​នេះ​ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​អង្គភាព​នេះ​ថា​ការ​តែងតាំង​នោះ​គឺ​ដោយសារ​ពួកគាត់​ទាំង​ពីរ​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​មុខ​តំណែង​នេះ។

ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​ក្រោយពី​ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃ​ទី​ ២៣ ខែ​មេសា​ត្រាស់​បង្គាប់​តែងតាំង​ និង​ផ្តល់​ឋានៈ​ដល់​មន្ត្រី​ឧបការី​ចំនួន​​ ១៨ រូប​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក​ក្នុង​នោះ​ក៏​មាន​កូន​ប្រុស លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ​ពីរ​នាក់​​ផង​ដែរ​គឺ​លោក យ៉ិនទៀង ពុទ្ធីរិទ្ធ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​លោក យ៉ិនទៀង ពុទ្ធិរ៉ា មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ។



នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA​) និង​ជា​អ្នក​វិភាគ​បញ្ហា​សង្គម​លោក សន ជ័យ បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា​កន្លង​មក​ប្រធាន​ ACU ធ្លាប់​បាន​លើក​ឡើង​ពី​តម្លាភាព និង រិះគន់​ដល់​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​ដែល​ដាក់​សាច់​ញាតិ​របស់​ខ្លួន​ធ្វើការ​នៅ​ស្ថាប័ន​តែ​មួយ​ប៉ុន្តែ​ពេល​នេះ​បែរ​ជា​អង្គភាព​មួយ​នេះ​តែងតាំង​កូន​របស់​ខ្លួន​ឲ្យ​កាន់​តួនាទី​ក្នុង​អង្គភាព​តែ​មួយ​ទៅ​វិញ។

លោក​យល់​ថា​ ការ​តែងតាំង​នេះ​អាច​នឹង​កើត​មាន​ទំនាស់​ផលប្រយោជន៍ បក្ខពួក​និយម និង​ធ្វើ​ឲ្យ​អង្គភាព​បាត់បង់​នូវ​តម្លាភាព។

លោក​បាន​ថ្លែង​ថា «វា​ជា​រូបភាព​មួយ​មិន​ល្អ​ទេ​ហើយ​នឹង​ប៉ះពាល់​ដល់​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​ហើយ​ខ្ញុំ​មើល​ឃើញ​ថា​ការ​តែងតាំង​នេះ​ជា​ការ​ត្រៀម​បម្រុង​ទាយាទ​សម្រាប់​ស្នង​តំណែង​ ACU ទៅ​ថ្ងៃ​​ក្រោយ​អាហ្នឹង​គឺជា​រឿង​មួយ​​ដែល​គិត​ថា​ចៀស​មិន​រួច​ទេ»។

នាយិកា​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​​អំពើ​ពុករលួយ​លោកស្រី ម៉ម ស៊ីថា យល់​ថា​ការ​ផ្តល់​តំណែង​តួនាទី​ដល់​សម្រាប់​​សែស្រឡាយ​របស់​ប្រធាន​អង្គភាព​ ACU ដោយ​ពុំ​មាន​ការ​ប្រឡង​ប្រកួត​ប្រជែង​បែប​នេះ​អាច​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​មន្ត្រី​ក្រោម​​ឱវាទ និង​ជា​រឿង​គ្រួសារ​និយម​ និង​អាច​បង្ក​ឲ្យ​មាន​ទំនាស់​ផលប្រយោជន៍​។

លោកស្រី​ថា «អង្គភាព​តែងតែ​មាន​ពាក្យ​ស្លោក​ដែល​ថា​ការ​ប្រឆាំង​អំពើ​ពុករលួយ​គឺ​ចាប់ផ្តើម​ពី​ខ្លួនឯង​តែ​បើ​អង្គភាព​ហ្នឹង​ខ្លួន​ឯង​អត់​ចាប់ផ្តើម​ពី​ខ្លួន​ឯង​ផង​អ៊ីចឹង​វា​អាច​នឹង​ឲ្យ​អស់​ជំនឿ​ដល់​អ្នក​ដែល​ឃ្លាំ​មើល​ ឬ​អ្នក​ចូលរួម​ប្រឆាំង​​អំពើ​ពុករលួយ​ដែរ​ដូច្នេះ​អង្គភាព​នេះ​គួរ​តែ​មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​បណ្តុះ​បណ្តាល​ជំនាញ​​ និង​​គួរ​មាន​តម្លាភាព​ក្នុង​ការ​ជ្រើសរើស​តែងតាំង​មុខ​តំណែង»។

ទោះ​យ៉ាង​ណា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក នួន បូផល បាន​ច្រាន​ចោល​ការ​រិះគន់​របស់​សង្គម​ស៊ីវិល​ទាំងនោះ​ដោយ​ថា​ការ​តែងតាំង​កូន​ប្រុស​លោក​ ឱម យ៉ិនទៀង នេះ​គឺ​ដោយសារ​មន្ត្រី​ទាំង​ពីរ​រូប​នេះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​កាន់​តួនាទី​ខណៈ​ដែល​មន្ត្រី​ទាំង​ពីរ​រូប​នេះ​មាន​ជំនាញ​ផ្នែក​ស៊ើប​អង្កេត និង​បាន​ធ្វើការ​នៅ​អង្គភាព​នេះ​យូរ​ឆ្នាំ​មក​ហើយ​។

លោក​ថា៖ «ខ្ញុំ​មិន​យល់​ទេ​កូន​អ្នក​ធំ​មិន​អ្នក​ធំ​សំខាន់​គេ​មាន​សមត្ថភាព​គេ​ចេះ​ធ្វើការ​ហើយ​ខ្ញុំ​ដូច​មិន​ដែល​ឮ​ក្មួយៗ​ទាំង​ហ្នឹង​គាត់​មាន​បាតុភាព​អី​ផង​មិន​ដែល​ឮ​សូរ​រឿង​អី​ដែល​អសកម្ម​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សង្គម​ដល់​ប្រទេស​ជាតិ​ផង អ៊ីចឹង​រឿង​អី​ដែល​ថា​មិន​អាច​ឲ្យ​គាត់​ទទួល​កិត្តិយស​ទាំង​នេះ​បាន»។

កន្លង​មក​មន្ត្រី​សង្គម​ស៊ីវិល​ក៏​ធ្លាប់​បាន​រិះគន់​ទៅ​លើ​ក្រសួង​ និង​ស្ថាប័ន​មួយ​ចំនួន​ដែល​បាន​តែងតាំង​សែស្រឡាយ​របស់​ខ្លួន​ឲ្យ​កាន់​តួនាទី ឬ​មុខ​តំណែង​ក្នុង​ក្រសួង​ និង​ស្ថាប័ន​តែ​មួយ​ផង​ដែរ​ហើយ​កាល​ពី​ខែ​មីនា ឆ្នាំ​ ២០១៥ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ក៏​ធ្លាប់​បាន​បញ្ចេញ​ឯកសារ​រាយ​នាម​បញ្ហា​ក្រុម​គ្រួសារ​និយម​របស់​លោក មិត្ត ការ៉េន អគ្គលេខាធិការរង​នៃ​រដ្ឋសភា​ដែល​កំពុង​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​មួយ​ចំនួន​នៃ​រដ្ឋសភា​ដែល​ក្នុង​នោះ​មាន​កូន​បង្កើត កូន​ប្រសា​ ប្អូន​ប្រុស-ស្រី ប្អូន​ថ្លៃ និង​ក្មួយ​ជាដើម៕

No comments: