A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 16 April 2016

ខ្មែរ​ក្រោម​រៀបចំ​បោះពុម្ព​ឯកសារ​ប្រវត្តិសាស្ត្រ​សម្រាប់​ចែកចាយ​ក្នុង​ថ្ងៃ​ខួប​​បាត់បង់​ទឹកដី


ដោយ យាង សុជាមេត្តា
2016-04-16

បាតុកម្ម ខ្មែរ​ក្រោម ៦២០
ក្រុម​បាតុករ​នាំ​គ្នា​ដុត​ទង់ជាតិ​វៀតណាម និង​ខ្លះ​យក​ជើង​ជាន់​ពី​លើ ក្នុង​ពេល​តវ៉ា​រឿង​ខ្មែរ​ក្រោម​នៅ​ក្បែរ​ស្ថានទូត​វៀតណាម រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ តុលា ២០១៤។
RFA/Leng Maly


សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម កំពុង​រៀបចំ​បោះពុម្ព​ឯកសារ​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ដើម្បី​ចែកចាយ​ទៅ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឲ្យ​ទាន់​ថ្ងៃ​ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។ ឯកសារ​ប្រវត្តិសាស្ត្រ​ទាំង​នេះ ត្រូវ​បាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ទៅ​ស្រាវជ្រាវ​យក​មក​ពី​ប្រទេស​បារាំង ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​សិក្សា ក្រោយពី​វៀតណាម អះអាង​ថា ដែនដី​កម្ពុជា​ក្រោម គឺ​ជា​ទឹកដី​របស់​គេ​តាំងពី​យូរយារ​ណាស់​មក​ហើយ។

ព្រោះតែ​មិន​ចង់​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​វង្វេង​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ដូច​ការ​ថ្លែង​បំភ្លៃ​របស់​រដ្ឋាភិបាល​វៀតណាម សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ បាន​ខិតខំ​ទៅ​ស្វែងរក​ឯកសារ​នៅ​ប្រទេស​បារាំង មាន​ចំនួន​រហូតដល់​ជិត ៥​ពាន់​ទំព័រ ដើម្បី​យក​មក​បកប្រែ និង​បោះពុម្ព​ទុកជា​ឯកសារ​ឲ្យ​កូន​ខ្មែរ​សិក្សា។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង ចំនួន ២​លើក​រួច​ហើយ​ដើម្បី​បំពេញ​បេសកកម្ម​ស្វែង​រក​ឯកសារ​នេះ លោក​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​​១៦ មេសា ថា ក្រុម​ការងារ​លោក​កំពុង​ត្រៀម​បោះពុម្ព​ឯកសារ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ដំណាក់កាល​ទី​១ ក្នុង​ពេល​ឆាប់ៗ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ទាន់​សម្រាប់​ចែកចាយ​ទៅ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ថ្ងៃ​រម្លឹក​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម។



លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា ដោយសារ​ឯកសារ​មាន​ចំនួន​ច្រើន ដូច្នេះ​ក្រុម​ការងារ​លោក​មិន​មាន​លទ្ធភាព​បោះពុម្ព​ម្ដង​ទាំង​អស់​នោះ​ទេ គឺ​ត្រូវ​បោះពុម្ព​ជា​ដំណាក់កាល​ទៅ​តាម​ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរសជន ដែល​លោក​ថា ត្រូវ​ចំណាយ​លើ​ថ្លៃ​សេវា​បកប្រែ​ផង និង​បោះពុម្ព​ផង៖ «ខ្ញុំ​មើល​ទៅ​ឃើញ​ថា ឯកសារ​ទាំង​អស់​នេះ​មាន​សារសំខាន់​ណាស់ ព្រោះ​សុទ្ធ​តែ​ជា​ឯកសារ​ដែល​យើង​មិន​ដែល​បាន​ឃើញ មាន​និយាយ​ពី​កិច្ច​ព្រមព្រៀង សន្និសីទ​ពី​ការ​កាត់ទឹក ដី​របៀប​ណា ការ​ចរចា​កំណត់ហេតុ​របស់​សភា ការ​តវ៉ា ខ្ញុំ​ថា​ជា​ប្រយោជន៍​មួយ​ដ៏​សំខាន់ សម្រាប់​សាធារណជន និង​សិស្ស-​និស្សិត​ដែល​មាន​បំណង​ចង់​ស្រាវជ្រាវ»។

បើ​ទោះ​ជា​ប្រឈម​នឹង​បញ្ហា​ថវិកា​ក្នុង​ការ​បក​ប្រែ និង​បោះពុម្ព​ក្ដី លោក ថាច់ សេដ្ឋា ថ្លែង​ថា ឯកសារ​ទាំង​អស់​នេះ នឹង​ចែកចាយ​ទៅ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដោយ​មិន​គិត​ថ្លៃ​ឡើយ។ លើស​ពី​នេះ លោក​ថា នឹង​ប្រគល់​ឯកសារ​បោះ​ពុម្ព​រួច​ទៅ​ឲ្យ​ក្រសួង​អប់រំ​ពិចារណា​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​របស់​រដ្ឋ និង​ទៅ​ឲ្យ​រាជបណ្ឌិត្យសភា​កម្ពុជា សម្រាប់​ទុក​ធ្វើជា​ឯកសារ​ស្រាវជ្រាវ។

កាលពី​ខែ​មិថុនា ឆ្នាំ​២០១៤ អ្នក​នាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា កម្ពុជា​ក្រោម​គឺជា​ទឹកដី​របស់​ប្រទេស​វៀតណាម តាំង​ពី​យូរ​ណាស់​មក​ហើយ។ ខ្មែរ​ក្រោម​ចាត់​ទុក​ការ​ថ្លែង​នេះ​ថា ជា​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​របស់​រដ្ឋាភិបាល​វៀតណាម ហើយ​បាន​ចេញ​មក​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទទួល​ស្គាល់​ការ​ពិត​នូវ​ប្រវត្តិសាស្ត្រ និង​សុំទោស​ចំពោះ​ប្រជា​ជាតិខ្មែរ។ ការ​តវ៉ា​ពេល​នោះ បាន​ឈាន​ដល់​ការ​ដុត​កម្ទេច និង​ជាន់​ឈ្លី​ទង់ជាតិ​វៀតណាម ទៀត​ផង។

ចំពោះ​ការ​បោះ​ពុម្ព​ឯកសារ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ដោយ​ក្រុមការងារ​របស់​លោក ថាច់ សេដ្ឋា ពេល​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដើម្បី​ប្រឆាំង​នឹង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​របស់​រដ្ឋាភិបាល​វៀតណាម ផង​ដែរ។

អនុប្រធាន​រាជ្យ​បណ្ឌិតសភា្យ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា លោក​បណ្ឌិត សុខ ទូច កោត​សរសើរ​ចំពោះ​ការ​ខិតខំ​ស្រាវជ្រាវ​រក​ឯកសារ​របស់​ខ្មែរ​ក្រោម។

លោក​ចាត់​ទុក​ថា នេះ​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​សិក្សា​ខ្មែរ។ លោក​បណ្ឌិត សុខ ទូច សន្យា​ថា នឹង​យក​ឯកសារ​ប្រវត្តិសាស្ត្រ​ទាំង​អស់​នេះ​មក​ប្រើប្រាស់​ជា​ឯកសារ​សម្រាប់​ធ្វើ​ការស្រាវជ្រាវ​ក្នុង​ពេល​ខាង​មុខ៖ «ឯកសារ​ទាំង​អស់​នេះ បើសិនជា​លោក​មាន​ជា​ភាសា​ខ្មែរ​ក៏ដោយ ភាសា​បារាំង​ក៏ដោយ លោក​យក​មក​ឲ្យ​សាលា​ទៅ ហើយ​សាលា​នឹង​ចាប់​ផ្ដើម​ដាក់​ប្រធានបទ ហើយ​ឲ្យ​និស្សិត​ស្រាវជ្រាវ  ធ្វើ​ជា​ឯកសារយោង​ដើម្បី​ស្រាវជ្រាវ»។

​ដែនដី​កម្ពុជា​ក្រោម ដែល​មាន​ផ្ទៃដី​ជិត ៧​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ ត្រូវ​បាន​ជនជាតិ​វៀតណាម លេប​ត្របាក់​យក​ពី​កម្ពុជា បន្តិចៗ​ម្ដង​តាំង​ពី​ដើម​សតវត្ស​ទី​១៧។ រហូត​មក​ដល់​ឆ្នាំ​១៩៤៩ ក្រោម​ការ​គ្រប់គ្រង​របស់​អាណានិគម​និយម​បារាំង បារាំង​បាន​កាត់​ទឹកដី​នេះ​ទៅ​ឲ្យ​ស្តេត​អណ្ណាម បាវ ដាយ (Bao Dai) គ្រប់គ្រង​បន្ត ជា​ថ្នូរ​នឹង​ការ​ខ្ចី​ដៃ​កម្លាំង​ស្ដេច បាវ ដាវ ដើម្បី​ទប់ទល់​នឹង​កម្លាំង​ទ័ព​កុម្មុយនិស្ត​របស់ ហូ ជី មិញ (Ho Chi Minh)។ ទោះជា​បែប​នេះ​ក្ដី រដ្ឋាភិបាល​វៀតណាម តែង​ព្យាយាម​និយាយ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ដែល​ថា ទឹកដី​នេះ ជា​ទឹកដី​របស់​ពួកគេ​តាំង​ពី​ដើម​មក​ទៅ​វិញ៕

1 comment:

Kim Ea said...

Bravo ! bravo ! Khmer Krom .You are real nationalists and patriotic . All Khmer,young or old will remember you ever since and continues for ever .