A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 16 April 2016

មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​​ការ​និយម​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ

មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​​ការ​និយម​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ
ដោយ ម៉ម មុនីរតន៍

ទាញព្រ័ត្រ ៨៥៥ ២០១៦
យុវជន​នាំ​គ្នា​លេង​ល្បែង​ទាញព្រ័ត្រ​នៅ​ក្នុង​ពិធី​បុណ្យ​ភូមិ ស្ថិត​ក្នុង​វត្ត​ជ្រោយអំពិល កាល​ពី​ថ្ងៃ​ទី​៩ មេសា ឆ្នាំ​២០១៦។
 RFA/Phann Yasy


ល្បែង​ប្រជាប្រិយ​ប្រពៃណី​ជាតិ​មួយ​ចំនួន ដូចជា​ល្បែង​ប្រជាប្រិយ​ដូច​ជា​ទាញព្រ័ត្រ ចោល​ឈូង និង បោះ​អង្គញ់ ​ជាដើម ដែល​ពលរដ្ឋ​ខ្មែរ​តែង​និយម​លេង​ក្នុង​រដូវ​ចូលឆ្នាំ​នោះ អ្នក​អភិរក្ស​វប្បធម៌​ខ្មែរ​យល់​ឃើញ​ថា សព្វ​ថ្ងៃ​នេះ បាន​សាបរលាប​បណ្ដើរៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ។ ចំណែក​មន្ត្រី​នៃ​ក្រសួង​វប្បធម៌ បដិសេធ​ក្នុង​ការ​បំភ្លឺ​ជុំវិញ​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​នេះ។

ក្រុម​អ្នក​អភិរក្ស​វប្បធម៌​យល់​ឃើញ​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ និង​ទម្រង់​សិល្បៈ​ផ្សេងៗ ក្នុង​ឆ្នាំ​នេះ មិន​ខុស​ពី​ឆ្នាំ​មុនៗ​ឡើយ ហាក់​កប់​បាត់​ស្រមោល​ម្ដង​បន្តិចៗ ក្នុង​រួម​មាន​ល្ខោន​យីកេ ល្ខោន​បាសាក់ និង​ទម្រង់​ដទៃ​ទៀត​នៃ​វប្បធម៌​​ខ្មែរ ដែល​មាន​អាយុកាល​ដ៏​ចំណាស់​មួយ​នេះ។

ប្រធាន​មជ្ឈមណ្ឌល​ជាតិ និង សីលធម៌​សង្គម លោក ប៉ូ សំណាង ថ្លែង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ត្រូវ​ធ្លាក់​ចុះ ក្រៅ​មាន​កត្តា​មួយ​ចំនួន​រួម​ផ្សំ​ហើយ ក្នុង​នោះ​លោក​អះអាង​ថា ​ការ​ទទួល​ខុសត្រូវ​របស់​ក្រសួង​សាមី​របស់​រដ្ឋ គឺ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប ក៏​ជា​ផ្នែក​មួយ​ដ៏​ចម្បង​ដែរ ដែល​នាំ​ឲ្យ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ត្រូវ​ចុះ​អន់​ថយ​ទៅៗ។

លោក ប៉ូ សំណាង មើល​ឃើញ​ថា ក្រសួង​វប្បធម៌​ហាក់​មិន​ដែល​ខ្វាយខ្វល់ ឬ​យក​ចិត្ត​ទុក​ដាក់ និង​បំផុស​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ចាប់​អារម្មណ៍​ឡើយ៖ «ប្រធាន​ភូមិ អនុ​ប្រធាន​ភូមិ ឬ​ក៏​ខាង​មន្ទីរ​វប្បធម៌​រាជធានី​ភ្នំពេញ យើង លោក​មិន​បាន​ចេញ​មុខ​លេង។ រយៈពេល​កន្លង​មក​កាល​ពី ១០ ទៅ ២០ឆ្នាំ​មុន​យើង​សង្កេត​ឃើញ​ថា មុន​បុណ្យ​ចូល​ឆ្នាំ​រយៈពេល ៣ ទៅ ៤ខែ​អ៊ីចឹង​បញ្ហា​លេង​ដោយ​សារ​​ថា​យើង​នាំ​គ្នា​លើក​ស្ទួយ​វប្បធម៌​យើង»។



មិន​ថា​តែ​នៅ​តាម​ទីប្រជុំ ឬ​និគម​ជនបទ​ទេ ប្រជាពលរដ្ឋ​ខ្មែរ​សព្វ​ថ្ងៃ ស្ទើរ​តែ​បាន​បោះបង់​ចោល​​រួច​ទៅ​ហើយ នូវ​ល្បែង​​ប្រជាប្រិយ​ខ្មែរ​ដែល​ជា​អត្តសញ្ញាណ​នៃ​ជាតិខ្មែរ។ ថ្វី​បើ​កាល​ពី​អំឡុង​អតីតកាល ល្បែង​ប្រជាប្រិយ ដូច​ជា ចោល​ឈូង ទាញព្រ័ត្រ និង បោះបង់​អង្គញ់ ជាដើម ត្រូវ​គេ​ចាត់​ទុក​ថា ហាក់​ដូច​ជា​ទ្រព្យ​កេរ្តិ៍មរតក​សម្រាប់​កម្សាន្ត​មួយ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ពី​ដូនតា​ក្ដី ក៏​បច្ចុប្បន្ន​នេះ មាន​ទីកន្លែង​តិចតួច​ប៉ុណ្ណោះ បាន​យក​វា​មក​លេង​នៅ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ប្រចាំ​ឆ្នាំ ដ៏​ធំ​មួយ​នេះ។

ក្រុម​អភិរក្ស​វប្បធម៌​កត់​សំគាល់​ថា មាន​ហេតុផល​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ល្បែង​ប្រជាប្រិយ​ខ្មែរ ដែល​តែង​​លេង​សប្បាយ​ក្នុង​ប្រពៃណី​ដ៏​ចំណាស់​មួយ​នេះ ត្រូវ​គេ​បោះបង់​ចោល គួបផ្សំ​នឹង​យន្តការ​លើក​ស្ទួយ​របស់​រដ្ឋហាក់​ពុំ​សូវ​មាន​ប្រសិទ្ធិភាព​ផង​នោះ អាច​ធ្វើ​អោយ​ប្រជាជាតិ​ខ្មែរ​បាត់បង់​មរតក​បូរាណ​ដោយ​មិន​ដឹង​ខ្លួន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ បន្តិច​ម្ដងៗ។

គង់​នៅ​ទីក្រុង​ភ្នំពេញ ព្រះតេជព្រះគុណ ហួន ឧត្ដម ព្រះ​អង្គ​មាន​ថេរដីកា​ថា បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ល្បែង​ប្រជាប្រិយ​ខ្មែរ បាន​ធ្លាក់​ចុះ​ដែល​ស្ទើរ​មិន​អាច​នឹក​ស្មាន​បាន​ទាល់​តែ​សោះ។

ព្រះ​អង្គ​បន្ត​ថា ស្ទើរ​នៅ​គ្រប់​តំបន់ ដែល​ធ្លាប់​តែង​មាន​ពលរដ្ឋ​តែង​និយម​លេង​នោះ ក៏ប៉ុន្តែ​ឥឡូវ​នេះ​វិញ គឺ​ហាក់​ស្ងាត់​ជ្រងំ​តែម្ដង៖ «អាត្មា​សង្កេត​មើល​តាម​កន្លែង​ខ្លះ ឥឡូវ​មាន​ការ​បាត់​ចោល​ឈូង និង​លេង​បោះ​អង្គញ់។ ប៉ុន្តែ​ពី​ដើម​ កាល​ពី​អាត្មា​នៅ​តូចៗ មិន​ទាន់​បួស​អាត្មា​សង្កេត​ឃើញ​មាន​បងៗ​ជំនាន់​មុន​គាត់​លេង​ច្រើន។ អាត្មា​សង្កេត​ឃើញ​ថា មាន​ការ​ថយ​ចុះ​ជា​ច្រើន ព្រោះ​អាត្មា​ដើរ​រៀន​តាម​វត្ត​ច្រើន ហើយ​មាន​ការ​បាត់បង់​ខ្មែរ​ខ្លះ​សឹង​មិន​ដឹង​ថា ខ្មែរ​យើង​មាន​ល្បែង​អ្វី​ផង»។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ជាង ៣០​ឆ្នាំ​កន្លង​ទៅ នៅ​ទូទាំង​ប្រទេស​កម្ពុជា មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​មក​ដល់ ចន្លោះ​ពេល​ពី​កន្លះ​ខែ ទៅ​មួយ​ខែ ក្មេង​ចាស់​ប្រុស​ស្រី ជា​ពិសេស មនុស្ស​វ័យ​ជំទង់ៗ ចូល​ដល់​វ័យ​ពេញ​កំលោះ​ពេញ​ក្រមុំ ពួក​គេ​បាន​ណាត់​គ្នា​ទៅ​វត្ត ដើម្បី​​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ មាន​ពេល​ខ្លះ​ស្ទើរ​ភ្លេច​បាយ​ភ្លេច​ទឹក​ក៏​មាន​ដែរ ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្នុង​អំឡុង​ពេល​នោះ សម្រែក​ហោ​កញ្ជ្រៀវ​បាន​លាន់​ឮ​យ៉ាង​កង​រំពង​ចេញ​ពី​ទី​អារាម​នានា លាយ​ឡំ​ដោយ​សូរស័ព្ទ​ស្គរដៃ និង​អម​ដោយ​ចម្រៀង​ប្រពៃណី​ផង។

មន្ត្រី​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប បាន​បដិសេធ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​លម្អិត​ជុំវិញ​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​នៃ​ល្បែង​ប្រជាប្រិយ​នេះ។

បើ​ទោះ​ជា​ពុំ​មាន​ការ​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពី​ហេតុផល​ដែល​នាំ​ឲ្យ​ត្រូវ​ចុះ​​អន់ថយ​គ្រប់​ទម្រង់​នៃ​ល្បែង​ប្រជាប្រិយ​នេះ​ក្ដី ក៏​មាន​ហេតុផល​មួយ​ចំនួន​ក្នុង​ចំណោម​ហេតុផល​ដែល​នាំ​ឲ្យ​ធ្លាក់​ចុះ​នៃ​ល្បែង​ប្រជាប្រិយ​នេះ ក្នុង​នោះ​ត្រូវ​គេ​រក​ឃើញ​ថា អាច​បណ្ដាល​មក​ពី វប្បធម៌​បរទេស​ហូរ​ចូល ការ​វិវត្ត​របស់​សង្គម សម្ភារៈ​ទំនើប និង​ពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង​ផ្ទាល់​ងាយ​ទទួល​យក​វប្បធម៌​ពី​ខាង​ក្រៅ ហើយ​ឆាប់​បំភ្លេច​របស់​ខ្លួន​ដែល​​មាន​ស្រាប់។

ការ​ចុះ​អន់​ថយ​មួយ​ទៀត នៃ​ល្បែង​ប្រជាប្រិយ​ខ្មែរ​នេះ អាច​បណ្ដាល​មក​ពី​កត្តា​ជីវភាព​របស់​​ប្រជាជន។ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ខ្វះខាត មនុស្ស​ភាគ​​ច្រើន​ណាស់ សម្រុក​រក​លុយ​ដោយ​ស្ទើរ​តែ​ភ្លេច​អស់​ពី​ទំនៀមទម្លាប់ និង​ប្រពៃណី​ដ៏​រុងរឿង​ក្នុង​អតីតកាល។ មាន​កត្តា​​មួយ​មួយ​ទៀត ដែល​​ជំរុញ​ឲ្យ​មនុស្ស​សម័យ​ថ្មី មិន​សូវ​ចាប់អារម្មណ៍​នឹង​ល្បែង​​ប្រជាប្រិយ​នេះ​ដែរ គឺ​និយម​ធ្វើ​ដំណើរ​កម្សាន្ត​វិញ។

ព្រះតេជព្រះគុណ ហួន ឧត្ដម ព្រះ​មាន​ថេរដីកា​ថា ការ​នាំ​គ្នា​បោះបង់​ចូល​នៃ​ល្បែង​ប្រជាប្រិយ​របស់​ខ្លួន​ដ៏​មាន​តម្លៃ​ក្នុង​អតីតកាល គឺ​ពិធី​បុណ្យ​ចូល​ឆ្នាំ ហាក់​គ្មាន​ន័យ​ឡើយ។ម្យ៉ាង​វិញ​ទៀត ព្រះអង្គ​អំពាវនាវ​សូម​ឲ្យ​ប្រជាជន និង​ស្ថាប័ន​រដ្ឋ​ចាប់ផ្ដើម​បំផុស​ល្បែង​ប្រជាប្រិយ​នេះ​ឲ្យ​មាន​សកម្មភាព​ឡើង​វិញ ដូច​ក្នុង​អតីតកាល​យ៉ាង​ដូច្នោះ​ដែរ។

ព្រះអង្គ​បន្ត​ថា៖ «អាត្មា​ចង់​ឲ្យ​មាន​ល្បែង​ឡើង​វិញ និង​មិន​ចង់​ឲ្យ​បាត់​នូវ​ទំនៀមទម្លាប់ ឬ​គេ​ហៅ​ថា ជា​វប្បធម៌​មួយ។ បើ​សិន​កាល​ណា​យើង​បាត់​នូវ​វប្បធម៌​ហ្នឹង​ចូល​ឆ្នាំ​ដូច​មិន​សំខាន់​អី​វិញ​ញោម»។

លុះ​ដល់​ចំណេរ​ក្រោយៗ​មក​ទៀត ល្បែង​ប្រជាប្រិយ​មាន​ចោល​ឈូង បោះ​អង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ស្ដេច​ចង់ និង​ទំនៀមទម្លាប់​ដ៏​ធំ​របស់​ជាតិ​មួយ​ចំនួន​ទៀត បាន​ថយ​ចុះ​បន្តិច​ម្ដងៗ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ កាល​ពី​អំឡុង​ពេល​ជាង ៣០​ឆ្នាំ​មុន នៅ​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​​មក​ដល់ មនុស្ស​សម័យ​នោះ គេ​ពុំ​សូវ​ខ្វាយខ្វល់​អ្វី​ច្រើន​ឡើយ បាន​សេចក្ដី​ថា គឺ​គេ​បាន​ត្រៀម​ខ្លួន​រួច​ស្រេច​ហើយ សម្រាប់​​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​ប្រចាំ​ឆ្នាំ​មួយ​នេះ។

មាន​គ្រួសារ​ខ្លះ បាន​ត្រៀម​ទឹក រក​អុស និង​សន្សំ​ថវិកា​តាំង​ពី​ជាង​មួយ​ខែ​មុន​ម្ល៉េះ​ក៏​មាន​ដែរ។ ការ​រៀបចំ​របស់​អ្នក​ស្រុក​សម័យ​នោះ គឺ​ដើម្បី​កុំ​ឲ្យ​រវល់​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ។ ម្យ៉ាង ពួក​គេ​ធ្វើ​ដូច​នេះ គឺ​ដើម្បី​ទុក​ពេល​​សប្បាយ​ក្នុង​បុណ្យ​ចូល​ឆ្នាំ។

ជាង​នេះ​ទៅ​ទៀត​នោះ មនុស្ស​សម័យ​ដើម ប្រកាន់​ប្រពៃណី​នេះ ដ៏​តឹងរ៉ឹង​ណាស់ រហូត​មាន​តំណម​មិន​អាច​ឲ្យ​កូនចៅ​ទៅ​រក​អុស ចូល​ព្រៃ ឬ​ជំនួញ​ជួញប្រែ​ឆ្ងាយៗ​ពី​ស្រុក​​ភូមិ ក្នុង​រយៈពេល​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​ថែម​ទៀត​ផង។

បើ​ទោះ​ជា​បែប​ណា យោង​ឯកសារ​និយាយ​ពី​ល្បែង​ប្រជាប្រិយ​ខ្មែរ ដែល​និពន្ធ​ដោយ​លោក ចាប ពិន អធិបតី​ក្រុម​ជំនុំ​នៃ​ទំនៀមទម្លាប់​ខ្មែរ ហើយ​ត្រូវ​បាន​បោះពុម្ព និង​ចេញ​ផ្សាយ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ កាល​ពី​ឆ្នាំ​១៩៦៤ គឺ​ល្បែង​ប្រជាប្រិយ​ខ្មែរ​មាន​រហូត​ដល់ ២២​ទម្រង់ ជាអាទិ៍ ល្បែង​ចោល​ឈូង ចាប់​កូន​ខ្លែង ស្ដេច​ចង់ លោត​អន្ទាក់ លាក់​កន្សែង អោប​ត្រឡាច ឬ បេះ​ឪឡឹក ប្រជល់​មាន់ គ្រប់​មាន់ បិទពួន បោះ​អង្គញ់ គោះ​ពព្លាក់ ឬ ទះ​ពព្លាក់ គោះ​ត្រឡោក ល្បែង​សី ទាញព្រ័ត្រ ១៥​ល្បែង កូន​គោល ល្បែង​រាវ​បង្កង ល្បែង​ចោះ​ប្រមាត់ ល្បែង​បាយខុំ និង​ល្បែង​លាក់​កូន​កាស ជាដើម។

មាន​ល្បែង​ជា​ច្រើន​ប្រភេទ ដែល​ហូរ​ចូល​មក​កម្ពុជា ដោយ​ពុំ​មាន​ប្រភព និង និយមន័យ​ពិត​ប្រាកដ នោះ​ទេ។ ប៉ុន្តែ​ថា ល្បែង​ខ្លះ ហាក់​ពេញ​និយម​លេង​ណាស់ ក្នុង​ស្រទាប់​យុវវ័យ ដូច​ជា ការ​ជះ​ទឹក​ដាក់​គ្នា​និង ប៉ាត់​ម្សៅ ជា​ដើម។

យោង​ឯកសារ​ដែល​ចេញ​ផ្សាយ ដោយ​ពុទ្ធសាសនបណ្ឌិត្យ និពន្ធ​ដោយ​លោក ចាប ពិន បរិយាយ​ថា ល្បែង​ប្រជាប្រិយ​គ្រប់​ទម្រង់​ទាំង​អស់ គឺ​ចាត់​ចូល​កីឡា​ហាត់ប្រាណ​ឲ្យ​សប្បាយ​ផង និង​មាន​សុខភាព មាន​កម្លាំង​កាយ​រឹង ហាត់​ភ្នែក​ឲ្យ​វៃ​រហ័ស ហាត់​ស្មារតី​ឲ្យ​ចេះ​ប្រុងប្រយ័ត្ន និង​ចេះ​ប្រើ​គំនិត​ឲ្យ​វាងវៃ ដើម្បី​កុំ​ឲ្យ​គេ​បំភ័ន្ត​បាន។ លើស​ពី​នេះ​ទៀត ប្រភេទ​ល្បែង​ប្រជាប្រិយ​ខ្មែរ ក៏​ជួយ​បង្កើន​សាមគ្គីភាព និង​ឲ្យ​ចេះ​ធ្វើ​ការ​ជា​ក្រុម​ថែម​ទៀត​ផង៕

No comments: