A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 12 April 2016

ការសម្តែងមតិ អំពី បញ្ហាព្រំដែន




Sam Rainsy

១២ មេសា ២០១៦ / 12 April 2016 – Expressing one’s opinion on the border issue (*)

ការសម្តែងមតិ អំពី បញ្ហាព្រំដែន

ការចាប់ខ្លួន និងការឃុំខ្លួនអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ គឺលោក អ៊ុំ សំអាន តាំងពីថ្ងៃ ១១ មេសា ២០១៦ នេះមក បញ្ជាក់ឲ្យឃើញជាថ្មីម្តងទៀតថា បញ្ហាបូរណភាពទឹកដីប្រទេសកម្ពុជា នៅតែចោទដដែល។ បើបញ្ហានេះ ត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវហើយ គួរឲ្យទុកចិត្តហើយ មិនចាំបាច់ព្រួយបារម្ភឡើយមែននោះ រដ្ឋាភិបាលមិនចាំបាច់បំពានច្បាប់ រហូតដល់បំពានរដ្ឋធម្មនុញ្ញ ទាក់ទងទៅនឹងអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ មិនចាំបាច់បំបិទសិទ្ធិសម្តែងមតិរបស់ប្រជាពលរដ្ឋ ហើយមិនចាំបាច់ចាត់វិធានការចាប់ចងគេឯងដាក់គុក ដូចបានធ្វើក្នុងពេលថ្មីៗនេះទេ។

ផ្ទុយទៅវិញ ដោយសារតែរដ្ឋាភិបាល មិនបានដោះស្រាយបញ្ហាបូរណភាពទឹកដី ប្រទេសកម្ពុជា ឲ្យបានត្រឹមត្រូវ ហើយដោយសារតែមានអាថ៌កំបាំងជាច្រើនពាក់ព័ន្ធទៅនឹងបញ្ហានេះ ទើបពួកអ្នកកាន់អំណាចសព្វថ្ងៃ មិនចង់ឲ្យប្រជាពលរដ្ឋដឹងឮ ពីរឿងនេះ ហើយយករឿងនេះមកជជែកពិភាក្សាជាសាធារណៈទេ។



បញ្ហាពិតប្រាកដ ដែលជាអាយុជីវិតប្រទេសជាតិនោះ មិនមែនបញ្ហាផែនទីលើក្រដាសនោះទេ។ ផែនទីត្រឹមត្រូវ ដូចតែគ្នាទាំងអស់ ដែលទាំងអស់គ្នាអាចយកមកមើលហើយលាតត្រដាង ពីព្រោះផែនទីទាំងអស់នោះ វាមានប្រភពដើមរបស់វាតែមួយគត់ គឺវិទ្យាស្ថានជាតិភូមិសាស្ត្រ (Institut Géographique National) នៃប្រទេសបារាំង។ វិទ្យាស្ថាននេះ ចែកចាយជូនសាធារណជន នូវផែនទីទាំងអស់នោះ ជាពិសេសផែនទីព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម ដោយគ្មានរើសអើង ហើយដោយតម្រូវឲ្យបង់តម្លៃថតចម្លងតែបន្តិចបន្តួចប៉ុណ្ណោះ។ ដូច្នេះ វាគ្មានបញ្ហាអាថ៌កំបាំង ឬខុសត្រូវ លើផែនទីជាក្រដាសនោះទេ។ បញ្ហាអាថ៌កំបាំងនិងខុសត្រូវ គឺនៅលើផែនដី នៅលើទឹកដីជាក់ស្តែង នៅតាមដងព្រំប្រទល់ដែនពិតប្រាកដ រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ឯនោះទេ។ បើរដ្ឋាភិបាលគ្រាន់បើមែន បើគ្មានអ្វីលាក់បាំង ហើយចង់ឲ្យគេទទួលស្គាល់ថាខ្លួនបានធ្វើអ្វីៗត្រឹមត្រូវពិតមែន ក្នុងការកំណត់បន្ទាត់ព្រំដែននោះ គួរតែមានតម្លាភាព ក្នុងការធ្វើសេចក្តីសម្រេច និងក្នុងការទំនាក់ទំនងជាមួយសាធារណជន។ គួរណាស់អនុញ្ញាតិឲ្យអ្នកតំណាងរាស្ត្រ ប្រជាពលរដ្ឋជាទូទៅ អ្នកសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល ក្រុមយុវជន និងសកម្មជនគ្រប់គណបក្សនយោបាយ ទៅពិនិត្យស្ថានភាពនៅតាមដងព្រំប្រទល់ដែនដោយសេរី មិនត្រូវបិទបាំង និងរារាំង អ្នកដែលគ្រាន់តែចង់ទៅពិនិត្យស្ថានការណ៍នោះទេ។

ក្នុងស្ថានការណ៍បែបនេះ តើយើងត្រូវជឿនរណា?
- ជឿរដ្ឋាភិបាល ដែលថាប្រទេសកម្ពុជាអត់មានបាត់បង់ទឹកដី នៅកន្លែងណាទេ?
- ឬក៏ ជឿប្រជាពលរដ្ឋ កសិករខ្មែរ ដែលរស់នៅតាមដងព្រំប្រទល់ដែន?
ចំពោះខ្ញុំ ខ្ញុំជឿប្រជាពលរដ្ឋ កសិករខ្មែរ ដែលរស់នៅតាមដងព្រំប្រទល់ដែន ពីព្រោះពួកគាត់ជាជនរងគ្រោះមុនគេបង្អស់ ពីការវាទទីបង្ខិតបង្គោលព្រំដែន ចូលមកក្នុងទឹកដីប្រទេសកម្ពុជា ពីសំណាក់ប្រទេសជិតខាង។ ពួកគាត់ជាជនរងគ្រោះផង ជាសាក្សីរស់ផង ដែលអាចបញ្ជាក់ពីការបាត់បង់ទឹកដី ក្នុងពេលថ្មីៗនេះ។ ប្រជាកសិករខ្មែរជាជនរងគ្រោះទាំងនោះ បានត្អូញត្អែរ និងយំស្រែក នៅច្រើនទីកន្លែងរាប់មិនអស់ ថាពួកគាត់បានបាត់បង់ដីស្រែ-ដីចំការរបស់ពួកគាត់ ដោយសារតែការបង្ខិតបង្គោលព្រំដែនដោយខុសច្បាប់ និងដោយអយុត្តិធម៌។ ដីស្រែ-ដីចំការរបស់ពួកគាត់ទាំងនោះ ដែលពួកគាត់បានកាន់កាប់តាំងពីដូនតាយូរអង្វែងមកហើយ ហើយដែលពួកគាត់ទើបតែបាត់បង់នោះ គឺជាទឹកដីនៃប្រទេសកម្ពុជារបស់យើងទាំងអស់គ្នា។

ខាងក្រោមនេះ ជារូបភាពតំបន់ព្រំដែន ថតកាលពីឆ្នាំ ២០០៨ នៅខេត្តស្វាយរៀង ពេលដែលខ្ញុំរៀបចំដកបង្គោលឈើ ដែលយួនឈ្លានពាន បានយកមកបោះលើដីស្រែកសិករខ្មែរ គឺក្នុងទឹកដីប្រទេសកម្ពុជា។ ដោយសារតែកាយវិការរបស់ខ្ញុំនេះ គេបានកាត់ទោសឲ្យខ្ញុំជាប់គុក សរុប ១២ ឆ្នាំ។ តែដីនៅតំបន់នោះ សព្វថ្ងៃនេះ (ឆ្នាំ ២០១៦) នៅតែជាដីខ្មែរដដែល។ បើខ្ញំុមិនបានជួយប្រជារាស្ត្រតវ៉ាទេ ដីនោះយូនច្បាស់ជាយកបាត់ទៅហើយ៕

No comments: