Manekseka Sangkum: We deny, deny, deny.... therefore we are?
....
មន្ត្រីក្រសួងមហាផ្ទៃបដិសេធការរៀបចំកម្លាំងនគរបាលចុះមូលដ្ឋានដើម្បីពង្រឹងបក្ស
ដោយ ម៉ម មុនីរតន៍
2016-04-17

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបពីការអនុវត្តច្បាប់ចរាចរណ៍ដើមឆ្នាំ២០១៦ នាក្រសួងមហាផ្ទៃ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។
RFA/Brach Chev
មន្ត្រីនគរបាលក្រសួងមហាផ្ទៃ ត្អូញត្អែរចំពោះផែនការរបស់ក្រសួង ដែលតម្រូវឲ្យចុះមូលដ្ឋាន ហើយចំណាយលុយផ្ទាល់ខ្លួន ដែលចុះទៅដើម្បីពង្រឹងគណបក្សប្រជាជនកម្ពុជា ក្រោមហេតុផលចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ចំណែកគណបក្សប្រឆាំងវិញអះអាងថា បើខ្លួនឈ្នះឆ្នោត នឹងធ្វើច្បាប់ដាក់ឲ្យមន្ត្រីរាជការ និងកម្លាំងនគរបាល ស្ថិតនៅដោយឯករាជ្យ មិនចំណុះឲ្យបក្សនយោបាយណាមួយឡើយ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទទួលស្គាល់ថា កម្លាំងនគរបាលពិតជាបានចុះមូលដ្ឋាន ក៏ប៉ុន្តែការចុះនេះ មិនមែនស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីនគរបាល ជានាយនគរបាល ពលនគរបាល ឬថ្នាក់ឧត្ដមសេនីយ៍ ទៅចុះមូលដ្ឋានឡើយ។ ផ្ទុយទៅវិញ អ្នកដែលត្រូវចុះមូលដ្ឋាននោះ គឺជាអ្នកដែលពុំមានបណ្ដាស័ក្ដិអ្វីទាំងអស់។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងនៅថ្ងៃទី១៧ មេសា ថា ក្រសួងពុំបានដាក់បទបញ្ជាឲ្យកងកម្លាំងទាំងអស់ ត្រូវតែចុះមូលដ្ឋាន ដើម្បីគាំទ្រគណបក្សកាន់អំណាចឡើយ។ មិនតែប៉ុណ្ណោះ ការចុះមូលដ្ឋាននេះ គឺតែងធ្វើក្នុងថ្ងៃឈប់សម្រាករបស់កម្លាំងនគរបាល ដែលមិនប៉ះពាល់ដល់ម៉ោងរដ្ឋបាល ហើយក៏មិនបានប្រើប្រាស់ថវិការដ្ឋ និងមធ្យោបាយរបស់រដ្ឋផងដែរ។ លោកបន្តថា «មិនថាកម្លាំងនគរបាល និងមន្ត្រីរាជការ ឬពលរដ្ឋទេ តែងមានកាតព្វកិច្ច និងចូលរួមក្នុងជីវិតនយោបាយដូចៗគ្នា និងស្មើភាពគ្នា។ ហេតុនេះ ការគាំទ្របក្សនយោបាយណាមួយនោះ មិនស្ថិតក្រោមបញ្ញត្តិនៃច្បាប់ឡើយ»។ លោកបន្តថា «នាយនគរបាល ឬពលនគរបាល មានសិទ្ធិធ្វើនយោបាយដូចពលរដ្ឋអ៊ីចឹង។ ទីមួយ យើងមិនប្រើប្រាស់នគរបាលទេ ហើយការចុះមូលដ្ឋានទៀតសោត ក្រសួងបានហាមមិនឲ្យប្រើប្រាស់ឡានរបស់រដ្ឋ សាំងរបស់រដ្ឋ និយាយរួមសម្ភារៈផ្ទាល់ខ្លួនជាបុគ្គល មិនយកពេលម៉ោង និងសម្ភារៈរបស់រដ្ឋទៅប្រើប្រាស់ទេ»។
កាលពីខែមីនា វិទ្យុអាស៊ីសេរី បានទទួលលិខិតចុះមូលដ្ឋានចំនួន ២ច្បាប់ ដែលមានបញ្ជីឈ្មោះ និងតួនាទីនៃការទទួលខុសត្រូវតាមភូមិ-ឃុំពីមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃ។ ក្នុងលិខិតនោះ បានសរសេរថា គណបក្សប្រជាជនកម្ពុជា នៃក្រុមការងារគណៈកម្មាធិការកណ្ដាល និងសមាសភាពសម្រាប់ចុះជួយមូលដ្ឋាន ហើយបានបែងចែកជាក្រុមៗ ក្នុងនោះសម្រាប់មួយក្រុមមានអ្នកទទួលខុសត្រូវប្រមាណ ៣នាក់ក្នុងភូមិនីមួយៗ។
យ៉ាងនេះក្តី លោក ខៀវ សុភ័គ អះអាងថា អ្នកដែលទម្លាយឯកសារនេះចេញដល់ដៃអ្នកកាសែត គឺជាមនុស្សបក្សផ្សេង ហើយធ្វើឡើងក្នុងរូបភាពមិនល្អថែមទៀតផង។ ដោយឡែកសម្រាប់អ្នកដែលគាំទ្របក្សកាន់អំណាច នឹងមិនធ្វើដូចនេះឡើយ។ លោកបន្តថា «អ្នកដែលបានទម្លាយរឿងហ្នឹងឲ្យអ្នកកាសែត ឬវីអូឌី ដឹង អ្នកហ្នឹងគឺបន្លំខ្លួនធ្វើជាសមាជិកបក្សប្រជាជន ទេ។ បន្លំខ្លួនអ៊ីចឹងទៅដើម្បីផ្សព្វផ្សាយឲ្យគេដឹង។ តាមពិត បើគេជាសមាជិកបក្សប្រជាជន ពិតប្រាកដ មិនដែលមាត់ក មិនដែលមានអីទេ»។
បើទោះបីជាបែបណា មន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃ ថ្លែងសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ចាប់ពីពេលនេះរហូតដល់បោះឆ្នោត កម្លាំងនគរបាលនៃក្រសួងមហាផ្ទៃ អាចច្រើនជាង ៣០នាយកដ្ឋាន ហើយមានកម្លាំងនគរបាលរាប់ពាន់នាក់ ត្រូវបានគេបញ្ជូនចុះតាមភូមិ-ឃុំនៅទូទាំងប្រទេសកម្ពុជា។ មន្ត្រីនគរបាលរូបនេះបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យមន្ត្រីនៅថ្នាក់ក្រោមមិនសប្បាយចិត្ត គឺក្រៅពីត្រូវចុះមូលដ្ឋានរៀងរាល់ថ្ងៃអាទិត្យជាប្រចាំហើយ ថែមទាំងត្រូវចំណាយលុយស្នាក់នៅ ហូបប្រចាំថ្ងៃ និងថ្លៃធ្វើដំណើរដោយខ្លួនឯងថែមទៀតផង។
ក្រៅពីនេះវិញ រាល់ពេលមានបុណ្យសព ឬមានពិធីរៀបការ ក្នុងមួយគ្រួសារនឹងទទួលបានលុយ ១០ម៉ឺនរៀល។ លុយទាំងនេះ ជាថវិកាដែលត្រូវគេរៀបចំបម្រុងទុក។ ដោយឡែកអ្នកដែលត្រូវចូលរួមក្នុងពិធីប្រជុំម្តងៗវិញ នឹងទទួលបានលុយ ២ម៉ឺនរៀល។ ដោយឡែកមន្ត្រីណាមួយដែលត្រូវគេរកឃើញថា មិនមានសកម្មភាព នឹងត្រូវបញ្ឈប់ពីតួនាទី ឬមិនដំឡើងបុណ្យស័ក្តិក៏មានដែរ។
ចំណែក លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា នេះដោយសារច្បាប់មិនបានធានា និងកំណត់និយមន័យឲ្យបានច្បាស់លាស់ ចំពោះតួនាទី និងភារកិច្ចកម្លាំងប្រដាប់អាវុធ។ ហេតុនេះ បណ្ដាលឲ្យមានភាពច្របូកច្របល់យ៉ាងនេះ។ លោកបន្តថា ក្នុងពេលបក្សប្រឆាំងដឹកនាំប្រទេស នឹងតាក់តែងច្បាប់ឲ្យកម្លាំងនគរបាល និងមន្ត្រីរាជការ ត្រូវមានភាពឯករាជ្យ។ លោកបន្តថា «ច្បាស់ណាស់គណបក្សណាគេធ្វើម៉េចជារឿងរបស់គេ ប៉ុន្តែបើគណបក្សសង្គ្រោះជាតិ នឹងរៀបចំធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ ឬមួយក៏ធ្វើច្បាប់បន្ថែមដើម្បីធានាថា មន្ត្រីរាជការ ប៉ូលិស ទាហានទាំងអស់ ត្រូវតែឈរនៅអព្យាក្រឹត្យ មិនមានជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយទេ»។
បើទោះបីជាបែបណា មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវិតនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ ថ្វីបើមានការធានាដោយច្បាប់កំពូលរបស់ប្រទេសដូចនេះក៏ដោយចុះ លោក យឹម សុវណ្ណ យល់ឃើញថា ដោយសារការផ្ដល់និយមន័យមិនច្បាស់លាស់ និងនៅមានការរំលោភអំណាចដ៏លើសលប់នៅឡើយ។ លោកបញ្ជាក់ថា ដើម្បីឲ្យកម្លាំងនគរបាល ទាហាន និងមន្ត្រីរាជការស្ថិតនៅដោយឯករាជ្យ គឺចាំបាច់ត្រូវតាក់តែងច្បាប់មួយដាច់ដោយឡែក ហើយដាក់ឲ្យអនុវត្តដោយមានប្រសិទ្ធភាពថែមទៀតផង៕
No comments:
Post a Comment