ដោយ ខែ សុណង
2016-04-02

តំបន់ព្រៃឡង់ឋិតនៅភូមិស្រែចង់ ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥។ RFA/Saut Sokprathna
RFA/Saut Sokprathna
ក្រសួងបរិស្ថាន បានដាក់តំបន់ព្រៃផ្ដល់ផលចំនួន ៥កន្លែង ជាតំបន់ការពារ និងអភិរក្សព្រៃឈើ។ តំបន់ទាំងនោះរួមមានព្រៃឡង់ ព្រៃច្រករបៀងក្រវាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងលិច និងព្រៃវ៉ឺនសៃ ដែលមានផ្ទៃដីសរុបជាង ៩,៥ម៉ឺនហិកតារ។ លិខិតស្ដីពីការដាក់ព្រៃមួយចំនួនជាតំបន់ការពារនេះ បានចេញផ្សាយមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចដាក់ព្រៃឡង់ និងព្រៃនៅតំបន់ភ្នំក្រវាញ ជាព្រៃការពារ។
សង្គមស៊ីវិលនិងតំណាងសហគមន៍ការពារព្រៃឡង់ សាទរចំពោះការសម្រេចរបស់រដ្ឋាភិបាលដាក់តំបន់ព្រៃមួយចំនួនជាតំបន់ការពារ និងអភិរក្ស ប៉ុន្តែចាត់ទុកថា ជារឿងនយោបាយកៀកការបោះឆ្នោតជិតមកដល់។
ប្រធានបណ្ដាញស្រាវជ្រាវបទល្មើសធនធានធម្មជាតិ លោក ឈឹម សាវុធ មានប្រសាសន៍នៅថ្ងៃទី២ ខែមេសា ថា បើរដ្ឋាភិបាលមានចេតនា និងឆន្ទៈក្នុងការការពារពិតប្រាកដមែន ក៏វាអាចបន្តការពារព្រៃ ដែលនៅសេសសល់ និងព្រៃឈើដែលដុះថ្មីបន្តទៀត សម្រាប់កូនចៅពលរដ្ឋខ្មែរជំនាន់ក្រោយ។
លោកបន្តថា សំខាន់នោះគឺសំណួរថា តើការអនុវត្តមានប្រសិទ្ធភាពដែរឬទេ៖ «កន្លងមកខ្ញុំធ្លាប់ដាក់របាយការណ៍គ្រប់កន្លែង ទាំងក្រសួងបរិស្ថាន គេដឹងលឺអស់គ្រប់គ្នាហើយថា កន្លែងណាព្រៃឈើច្រើន កន្លែងណាគេកាប់បំផ្លាញច្រើន ប៉ុន្តែគ្មានចម្លើយឆ្លើយតបទេ ទាល់តែពេលស្ថានភាពនយោបាយកំពុងតែតឹងតែង ហើយវាកៀកនឹងការបោះឆ្នោតទៀត ស្រាប់តែចេញមកប្រការទុកតំបន់នេះជាព្រៃការពារ។ ការដែលវាហិនហោចកន្លងមកនេះ យើងគិតថា វាទៅហើយ ប៉ុន្តែឥឡូវនេះ អ្វីដែលគាត់និយាយអ្វីដែលក្រសួងបរិស្ថាន ដែលកំពុងរៀបចំធ្វើវាមានប្រសិទ្ធភាពដែរ ឬអត់? បញ្ហានៅចំពោះមុខ ព្រោះយើងមើលឃើញ ហើយការបង្ក្រាបព្រៃឈើនៅភូមិភាគឦសានឥឡូវនេះ មិនទាន់បានស្ងប់ស្រួលផង ចាប់ផ្ដើមកក្រើកវិញបន្តទៀតទៅហើយ»។
ពាក់ព័ន្ធរឿងនេះ តំណាងបណ្ដាញការពារព្រៃឡង់ ទាមទារអោយរដ្ឋាភិបាលដាក់បញ្ចូលតួនាទីរបស់សហគមន៍ទៅក្នុងគម្រោងដាក់ព្រៃឡង់ ជាព្រៃអភិរក្សនោះផង ដោយពួកគេអះអាងថា ការចូលរួមរបស់សហគមន៍ជាមធ្យោបាយមួយមានប្រសិទ្ធភាពក្នុងការចូលរួមការពារព្រៃឡង់។
អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញសហគមន៍ការពារព្រៃឡង់ លោក ខេង សុខហេង មានប្រសាសន៍ថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយរបស់រដ្ឋាភិបាល ទោះបីជាយឺតពេលបន្តិចក៏ដោយ ក៏យន្តការនេះ ទាំងសង្គមស៊ីវិល និងសហគមន៍នៅមូលដ្ឋានចង់ឃើញរដ្ឋាភិបាលយកតំបន់ព្រៃ ដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា ដាក់ក្រោមកិច្ចការពារដោយច្បាប់មួយ។
លោកថា ដើម្បីឲ្យច្បាប់ ឬអនុក្រឹត្យនេះមានប្រសិទ្ធភាព លោកចង់ឲ្យរដ្ឋាភិបាលដាក់តួនាទីសិទ្ធិអំណាចរបស់សហគមន៍ចូលទៅក្នុងច្បាប់ ឬអនុក្រឹត្យដែលគ្រោងយកតំបន់ព្រៃទាំង ៥កន្លែងចូលទៅក្នុងតំបន់ព្រៃការពារនោះ៖ «ប្រកាសរបស់ក្រសួងបរិស្ថាន រួមទាំងឆន្ទៈរបស់រដ្ឋាភិបាលនោះ គ្រាន់តែធ្វើល្អមើលទៅតាមអ្វីដែលអាចទាក់ទាញប្រជាប្រិយភាពនោះ យើងគិតថា អត់មានប្រសិទ្ធភាពអីទេ។ យើងបាត់បង់ព្រៃឈើនេះមិនមែនទើប ១ឆ្នាំ ២ឆ្នាំនេះទេ គឺដប់ ម្ភៃឆ្នាំហើយក្នុងប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋដែលគាត់រងផលប៉ះពាល់ពីការបំផ្លិចបំផ្លាញព្រៃឈើតាមរយៈការផ្ដល់សម្បទានព្រៃ ការផ្ដល់ដីសម្បទាន និងរូបភាពផ្សេងៗទៀត តែងតែលើកឡើងប្ដឹងទាមទារទៅដល់រដ្ឋាភិបាលហាក់ដូចជាមិនបានយកចិត្តទុកដាក់អីទេ មានតែគោលការណ៍ ក៏ប៉ុន្តែការអនុវត្តនោះអត់មានប្រសិទ្ធភាព យើងចង់ឲ្យគាត់គឺធ្វើឲ្យបានទូលំទូលាយឲ្យបានតែកាន់តែច្រើនកាលណា គឺល្អកាលហ្នុង...»។
ក្រសួងបរិស្ថាន កាលពីថ្ងៃទី១ ខែមេសា បានចេញសេចក្ដីប្រកាសព័ត៌មានមួយថា បានទទួលការឯកភាពជាគោលការណ៍ពីរដ្ឋាភិបាលក្នុងការរៀបចំដាក់តំបន់ព្រៃផ្ដល់ផលចំនួន ៥កន្លែង ទៅជាតំបន់ការពារ និងអភិរក្សព្រៃឈើ ដោយផ្អែកទៅលើសក្ដានុពល និងគុណតម្លៃនៃប្រព័ន្ធអេកូឡូស៊ី សម្រាប់ផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។ តំបន់ទាំង ៥ មានព្រៃឡង់ ព្រៃច្រករបៀងក្រវាញខាងត្បូង ជាប់ព្រំប្រទល់ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តកំពង់ស្ពឺ ព្រៃព្រះរកា ស្ថិតនៅព្រំប្រទល់ស្រុកឆែប ស្រុកជាំក្សាន្ត និងស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ ព្រៃសៀមប៉ាងលិច ក្នុងខេត្តស្ទឹងត្រែង និងព្រៃវ៉ឺនសៃ ជាប់ព្រំប្រទល់តំបន់វីរជ័យកន្ទុយនាគ ដែលមានព្រំប្រទល់ទន្លេសេកុង ឡើងទៅប្រទេសឡាវ។
ទាក់ទងនឹងការដាក់តំបន់ព្រៃមួយចំនួនជាតំបន់ព្រៃអភិរក្សនេះដែរ កាលពីថ្ងៃទី៣១ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជន និងកីឡាថា បន្ទាប់ពីមានសំណើពីរដ្ឋមន្ត្រីក្រសួងកសិកម្ម និងក្រសួងបរិស្ថាន លោកសម្រេចដាក់ព្រៃឡង់ និងព្រៃនៅតំបន់ភ្នំក្រវាញ ជាព្រៃការពារ៖ «យើងដាក់ព្រៃមួយចំនួនទៅជាព្រៃការពារតែម្ដង។ ដូចព្រៃឡង់ ទុកវាធ្វើអី? ត្រូវដាក់ជាព្រៃការពារតែម្ដង។ អ្នកណាទៅបំបួសអី ទាំងសង្គមស៊ីវិលអី ឲ្យចូលរួមការពារព្រៃឈើតែម្ដង។ តំបន់ភ្នំក្រវាញ ក៏ដូចគ្នា ឲ្យវាទៅជាតំបន់ព្រៃការពារ»។
ស្របគ្នានេះ លោក ហ៊ុន សែន បានបញ្ជាឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដកហូតយកព្រៃសម្បទានទាំងឡាយយកមកគ្រប់គ្រងវិញ។
សេចក្ដីប្រកាសព័ត៌មានដដែលរបស់ក្រសួងបរិស្ថាន ឲ្យដឹងទៀតថា ក្រសួងគ្រោងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីផ្ដល់ឱកាសឲ្យអ្នកពាក់ព័ន្ធបានចូលរួមពិនិត្យ និងផ្ដល់មតិយោបល់លើឯកសារព្រាងនានា ដោយទូលំទូលាយដើម្បីកែសម្រួលឯកសារដាក់ជូនរដ្ឋាភិបាលពិនិត្យ និងអនុម័តដាក់តំបន់ព្រៃផ្ដល់ផលទាំង ៥កន្លែងនោះជាតំបន់ការពារ និងអភិរក្សព្រៃឈើជាផ្លូវការ៕
No comments:
Post a Comment