ដោយ អ៊ុំ រង្សី
2016-04-01

ជ័រកៅស៊ូដែលបង្ហូរចេញពីដើមកៅស៊ូរបស់ពលរដ្ឋនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រូបថតកាលពីខែមេសា ឆ្នាំ២០១៥
RFA/Saut Sokprathna
សហគមន៍កៅស៊ូអន្តរជាតិ (IRCO) ព្រួយបារម្ភពីនិរន្តរភាពនៃផលិតកម្មកៅស៊ូធម្មជាតិនៅពេលអនាគត។ ទន្ទឹមគ្នានេះ សហគមន៍កៅស៊ូអន្តរជាតិ ដែលមានប្រទេសថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម ប្ដេជ្ញាខិតខំធ្វើយ៉ាងណាអនុវត្តវិធានការកាត់បន្ថយតម្លៃកៅស៊ូដែលបានប្រែប្រួលឆាប់រហ័សក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
សេចក្ដីថ្លែងការណ៍របស់សហគមន៍នេះ បញ្ជាក់ដែរថា ដើម្បីដោះស្រាយវិបត្តិធ្លាក់ថ្លៃកៅស៊ូនេះ រដ្ឋាភិបាលប្រទេសថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម ក្រៅពីប្រឹក្សាជាថ្នាក់តំបន់ ហើយបានព្រមព្រៀងគ្នាអនុវត្តគម្រោងបរិមាណនាំចេញដោយចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែមីនា រហូតដល់ខែសីហា ឆ្នាំ២០១៦។ សហគមន៍កៅស៊ូអន្តរជាតិ ក៏បានព្រមព្រៀងគ្នាបង្កើតទីផ្សារកៅស៊ូថ្នាក់តំបន់ដើម្បីធ្វើពាណិជ្ជកម្មកៅស៊ូធម្មជាតិ ក្នុងគោលបំណងផ្ដល់នូវយន្តការរកឃើញតម្លៃគួរឲ្យទុកចិត្តបាន និងធានានិរន្តរភាពនៃឧស្សាហកម្មកៅស៊ូក្នុងតំបន់។
ការប្ដេជ្ញាអនុវត្តវិធានការកាត់បន្ថយតម្លៃប្រែប្រួលកៅស៊ូរបស់សហគមន៍កៅស៊ូអន្តរជាតិ នៅពេលនេះ ធ្វើឡើងបន្ទាប់ពីមើលឃើញថា កៅស៊ូពិភពលោកបន្តធ្លាក់ថ្លៃ ៣ឆ្នាំជាប់គ្នា ចាប់ពី ៦.០០០ដុល្លារក្នុងមួយតោន មកត្រឹម ៨០០ ទៅ ១.០០០ដុល្លារក្នុងមួយតោន។
បញ្ហានេះ បណ្ដាលឲ្យវិនិយោគិនដំណាំកៅស៊ូនៅកម្ពុជា កំពុងអស់សង្ឃឹម និងជំរុញឲ្យពួកគេប្រឈមចំពោះការជំពាក់បំណុលធនាគារ មិនតែប៉ុណ្ណោះបណ្ដាលឲ្យចម្ការកៅស៊ូជាលក្ខណៈគ្រួសារត្រូវតែបោះបង់អាជីវកម្មរបស់ខ្លួន៕
No comments:
Post a Comment