A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 28 April 2016

មេធាវី​ជាតិ​និង​អន្តរជាតិ​បង្ហាញ​ពី​ទិដ្ឋភាព​ច្បាប់​ជុំវិញ​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ អ៊ុំ សំអាន


ដោយ ជី វិតា
2016-04-27  rfa

អ៊ុំ សំអាន ២០១៦ ៨៥៥
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន (អាវ​ស) ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ពី​ក្រសួង​មហាផ្ទៃ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦។ Photo courtesy of VOD


ការ​ចាប់​ឃុំ​ខ្លួន​លោក អ៊ុំ សំអាន ទាំង​កំពុង​នៅ​មាន​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​កាល​ពី​ថ្ងៃ​ទី​១១ មេសា ពី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង កំពុង​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ ក្នុង​ការ​ជជែក​វែក​ញែក​គ្នា​រវាង​អ្នក​គាំទ្រ​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ អ៊ុំ សំអាន និង​អ្នក​មិន​គាំទ្រ​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ។

តើ​មេធាវី​ជាតិ និង​អន្តរជាតិ​វិញ យល់​យ៉ាង​ណា​ចំពោះ​សំណុំ​រឿង​នេះ?

ការ​បញ្ចេញ​មតិ​របស់​សមាជិក​រដ្ឋសភា មិន​ត្រឹម​តែ​មិន​មែន​ជា​បទល្មើស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ភារកិច្ច និង​កាតព្វកិច្ច​របស់​អ្នក​តំណាង​រាស្ត្រ​ថែម​ទៀត​ផង នេះ​បើ​តាម​ការ​បកស្រាយ​របស់​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ។

មេធាវី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក គង់ ពិសី មាន​ប្រសាសន៍​ថា ការ​បង្ហោះ​ឯកសារ​ផែនទី​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​តំណាង​រាស្ត្រ មិន​មែន​ជា​បទល្មើស​ជាក់ស្តែង​អី​ទេ។ លោក​ថា បើ​រដ្ឋាភិបាល​ពិនិត្យ​ឃើញ​ថា វា​ជា​ផែនទី​មិន​ត្រឹមត្រូវ រដ្ឋាភិបាល​អាច​ប្រកាស​ថា ឯកសារ​នោះ​ជា​ឯកសារ​មិន​ត្រឹមត្រូវ​ទៅ វា​ជា​ការ​ស្រេច​ទៅ​ហើយ៖ «គ្រាន់​តែ​ឃើញ​ជាក់ស្តែង​នៅ​លើ​ហ្វេសប៊ុក​អ៊ីចឹង​ទៅ ប៉ុន្តែ​ការ​ដែល​ប្រព្រឹត្ត​ហ្នឹង​វា​កន្លង​ហួស​ទៅ​យូរ​ហើយ។ យើង​ច្រឡំ​គ្នា​អា​រឿង​ជាក់ស្តែង ស្ដែង​ឃើញ​នឹង​ភ្នែក ប៉ុន្តែ​ឃើញ​ហើយ​រត់​បាត់​អ៊ីចឹង​ទៅ ដេញ​តាម​អត់​ទាន់។ ដេញប្រផាប់ចាប់ប្រភីង​អ៊ីចឹង​ទៅ។ ដេញ​ទាន់​ទៅ​បាន តែ​បើ​ដេញ​មិន​បាន​ទេ ត្រូវ​ត្រឡប់​មក​វិញ​សុំ​ដីកា​ពី​តុលាការ។ ការ​បង្ហោះ​ហ្នឹង​ជា​ការ​សម្ដែង​មតិ​របស់​គាត់។ ដូច្នេះ​ការ​សម្ដែង​មតិ​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ អ៊ីចឹង​អ្នក​ណា​សម្ដែង​មតិ គេ​មិន​ដែល​ដាក់​ទោស​អ្នក​សម្ដែង​មតិ​ទេ»។


នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។




ស្រដៀង​គ្នា​នេះ​ដែរ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) បញ្ជាក់​ថា ការ​បង្ហោះ​ឯកសារ​នៅ​លើ​ហ្វេសប៊ុក គឺ​ជា​ការ​សម្ដែង​ទស្សនៈ​របស់​មនុស្ស ហើយ​ការ​ជឿ ឬ​មិន​ជឿ​ទៅ​លើ​ព័ត៌មាន​ដែល​បង្ហោះ​នោះ វា​ស្ថិត​នៅ​លើ​ការ​យល់​ឃើញ​របស់​មហា​ជន៖ «គួរ​ឲ្យ​អស់​សំណើច​ណាស់។ ទោះ​បី​ជា​ផែនទី​នោះ​ពិត​ក៏ដោយ មិន​ពិត​ក៏ដោយ ការ​បង្ហោះ​ផែនទី​នៅ​លើ​ហ្វេសប៊ុក មិន​មែន​ជា​បទឧក្រិដ្ឋ​ទេ។ វា​ជា​ការ​បញ្ចេញ​មតិ​ផ្នែក​នយោបាយ។ វា​ជា​សិទ្ធិ​របស់​លោក អ៊ុំ សំអាន ក្នុង​ការ​បង្ហោះ​ផែនទី​នោះ​លើ​ហ្វេសប៊ុក ហើយ​វា​ជា​សិទ្ធិ​របស់​លោក ហ៊ុន សែន ក្នុង​ការ​និយាយ​ថា ផែនទី​នោះ​មិន​ត្រឹមត្រូវ​ទេ​ដែរ។ ខ្ញុំ​មិន​មាន​ជំហរ​គាំទ្រ​ផែនទី​របស់​អ្នក​ណា​ម្នាក់​នោះ​ទេ ឬ​ក៏​ផែនទី​ណា​មួយ​រវាង​កម្ពុជា-វៀតណាម នោះ ក៏​ទេ​ដែរ។ ប៉ុន្តែ​អ្នក​ណា​ក៏ដោយ ក៏​អាច​គូរ​ផែនទី​បាន​ដែរ វា​មិន​មែន​ជា​បទឧក្រិដ្ឋ​ទេ។ វា​មិន​មែន​ជា​បទឧក្រិដ្ឋ​ទេ​បើ​លោក ហ៊ុន សែន គូរ​ផែនទី​រំកិល​ព្រំដែន​នោះ។ វា​មិន​មែន​ជា​បទឧក្រិដ្ឋ​ទេ បើ​សិន​លោក ហ៊ុន សែន គូរ​ផែនទី​ប្រទេស​សហរដ្ឋ​អាមេរិក របស់​ខ្ញុំ​កាត់ផ្ដាច់​ជា​ពីរ ដោយ​សរសេរ​ថា ពាក់​កណ្ដាល​ផ្នែក​ខាង​លិច​ជា​ប្រទេស​ម៉ិចស៊ិក។ ការ​ពិត វា​ជា​របស់​ប្រទេស​ម៉ិចស៊ិក កាល​ពី​មុន។ ប្រសិន​បើ​គាត់​និយាយ​ថា រដ្ឋ​តិចសាស់ និង​រដ្ឋ​កាលីហ្វ័រញ៉ា គួរ​តែ​ជា​របស់​ប្រទេស​ម៉ិចស៊ិក ហើយ​គូរ​ផែនទី​តាម​នោះ វា​ជា​ការ​ជ្រើសរើស​របស់​គាត់។ វា​មិន​មែន​ជា​បទឧក្រិដ្ឋ​ទេ។ ការ​និយាយ​ឲ្យ​មនុស្ស​យល់​ច្រឡំ វា​មិន​មែន​ជា​បទឧក្រិដ្ឋ​ទេ។ មនុស្ស​អាច​និយាយ​តាម​ចិត្ត​របស់​ខ្លួន ហើយ​ការ​ជឿ ឬ​មិន​ជឿ​នោះ វា​អាស្រ័យ​លើ​អ្នក​ស្តាប់​ទេ​តើ»។

មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ អ៊ុំ សំអាន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង ពីព្រោះ​កំពុង​បង្ហោះ​ផែនទី​កម្ពុជា-វៀតណាម ក្លែងក្លាយ៖ «ពេល​ចូល​ទៅ​សភា​អត់​មាន​និយាយ​ពី​ដក​អភ័យ​ឯកសិទ្ធិ ឬ​អត់​ដក​អភ័យ​ឯកសិទ្ធិ​ទេ ព្រោះ​ចាប់​ក្នុង​បទល្មើស​ជាក់ស្តែង គឺ​មាន​តែ​សួរ​សភា​ថា ដំណើរ​ការ​ក្តី​នេះ​ទៅ​មុខ​ទៀត​ឬ​អត់? ទៅ​មុខ​ឬ​ថយ​ក្រោយ? បើ​ចង់​ឲ្យ​ថយ​ក្រោយ ត្រូវ​មាន​សំឡេង​បី​ភាគ​បួន ដើម្បី​ទាញ​ក្តី​នេះ​ឲ្យ​ថយ​ក្រោយ បើ​អ្នក​ឯង​រក​បី​ភាគ​បួន​មិន​បាន​ទេ ក្តី​នេះ​ទៅ​មុខ ក្តី​នេះ​ទៅ​មុខ»។

ក្តី​នេះ​ត្រូវ​ទៅ​មុខ​ដូច​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​លោក​បាន​ច្បិច​យក​កថាខណ្ឌ​ចុង​ក្រោយ​នៃ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ មក​សំអាង ដែល​ចែង​ថា «ក្នុង​ករណី​ទាំងអស់​ខាង​លើ​នេះ ការ​ឃុំ​ខ្លួន ការ​ចោទ​ប្រកាន់​តំណាង​រាស្ត្រ​ណា​មួយ ត្រូវ​ផ្អាក ប្រសិន​បើ​រដ្ឋសភា​បាន​បញ្ចេញ​មតិ​ឲ្យ​ផ្អាក​តាម​មតិ​ភាគ​ច្រើន បី​ភាគ​បួន នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល»។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី មិន​បាន​លើក​យក​មាត្រា​ទាំង​មូល​មក​បកស្រាយ​ទេ។ មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ចែង​ពី​សិទ្ធិ​ពិសេស​របស់​តំណាង​រាស្ត្រ ដែល​មិន​អាច​ចាប់​ខ្លួន​បាន​តាម​អំពើ​ចិត្ត​ដូច​មនុស្ស​ដទៃ​បាន​ទេ។ មាត្រា​នេះ​ចែង​យ៉ាង​ដូច្នេះ «តំណាង​រាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​សភា។ តំណាង​រាស្ត្រ​ណា​ក៏ដោយ មិន​អាច​ត្រូវ​បាន​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​ដោយ​ហេតុ​ពី​បាន​សម្ដែង​យោបល់ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​សោះ​ឡើយ។ ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​នៃ​រដ្ឋសភា នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រា​តែ​មាន​ការ​យល់ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា លើក​លែង​តែ​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង។ ក្នុង​ខាង​ក្រោយ​នេះ ក្រសួង​មាន​សមត្ថកិច្ច​ត្រូវ​ធ្វើ​សេចក្តី​រាយការណ៍​ជូន​រដ្ឋសភា ឬ​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ជា​បន្ទាន់ ដើម្បី​សម្រេច។ សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ត្រូវ​ដាក់​ជូន​សម័យ​ប្រជុំ​រដ្ឋសភា ដើម្បី​អនុម័ត​តាម​មតិ​ភាគ​ច្រើន​ពីរ​ភាគ​បី​នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល។ ក្នុង​ករណី​ទាំងអស់​ខាង​លើ​នេះ ការ​ឃុំ​ខ្លួន ការ​ចោទ​ប្រកាន់​តំណាង​រាស្ត្រ​ណា​មួយ​ត្រូវ​ផ្អាក ប្រសិន​បើ​រដ្ឋសភា​បាន​បញ្ចេញ​មតិ​ឲ្យ​ផ្អាក​តាម​មតិ​ភាគ​ច្រើន​បី​ភាគ​បួន នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល»។

ផែនទី​កម្ពុជា មួយ​ចំនួន​ដែល​តំណាង​រាស្ត្រ អ៊ុំ សំអាន ដាក់​បង្ហាញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ចុះ​កាលបរិច្ឆេទ​នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៥ និង​ខែ​មករា ឆ្នាំ​២០១៦ គឺ​មាន​រយៈពេល​ពី ៤​ខែ​ទៅ ៦​ខែ​មុន គឺ​មុន​ពេល​លោក​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក។

លោក ប្រ៊ែដ អាដាម ដែល​ជា​មេធាវី​អាមេរិកាំង និង​ជា​អតីត​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​អ្នក​ច្បាប់​របស់​លោក មិន​យល់​អ្វី​ទៅ​ដែល​ហៅ​ថា បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​នៅ​ឡើយ​ទេ៖ «ជាក់ស្តែង​ណាស់ លោក ហ៊ុន សែន និង​មន្ត្រី​ផ្នែក​ច្បាប់​របស់​គាត់ មិន​យល់​ពី​អ្វី​ដែល​រដ្ឋធម្មនុញ្ញ​បាន​ចែង​នោះ​ឡើយ ឬ​ក៏​មិន​យល់​ពី​អ្វី​ទៅ​ជា​បទល្មើស​ជាក់ស្ដែង​នោះ​ទេ។ បទល្មើស​ជាក់ស្ដែង​មាន​ន័យ​ថា អ្នក​ប្រព្រឹត្តិ​បទល្មើស ត្រូវ​គេ​ចាប់​បាន​ក្នុង​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ណា​មួយ។ ហើយ​មូលហេតុ​ដែល​រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏ដូចជា​រដ្ឋធម្មនុញ្ញ​ដទៃ​ទៀត​នៅ​លើ​ពិភពលោក អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​ខ្លួន​មន្ត្រី​ដែល​មាន​អភ័យ​ឯកសិទ្ធិ បាន​តែ​ក្នុង​ករណី​បទល្មើស​ជាក់ស្ដែង​នោះ គឺ​ដោយសារ​ថា បើ​មិន​ចែង​ដូច្នេះ​ទេ សមត្ថកិច្ច​មិន​អាច​ចាប់​ខ្លួន​បុគ្គល​នោះ​បាន​ទេ ក្នុង​ករណី​បុគ្គល​ដែល​មាន​អភ័យ​ឯកសិទ្ធិ​នោះ ទៅ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ណា​មួយ។ បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង គឺ​សំដៅ​ដល់​ករណី​ដែល​បុគ្គល​ណា​មួយ​កំពុង​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ហិង្សា​ចោរកម្ម គឺ​ជា​បទល្មើស​ដែល​កំពុង​កើត​ឡើង។ ហើយ​ក្នុង​ករណី​នោះ សមត្ថកិច្ច​អាច​ធ្វើ​សកម្មភាព​បាន ដោយ​មិន​ចាំបាច់​ត្រូវ​រង់ចាំ​ស្នើសុំ​ទៅ​រដ្ឋសភា​ឲ្យ​ដក​អភ័យ​ឯកសិទ្ធិ​របស់​បុគ្គល​នោះ​ទេ។ ប៉ុន្តែ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​នោះ​មក បើ​សមត្ថកិច្ច​ចង់​បន្ត​នីតិវិធី​ចោទ​ប្រកាន់ សមត្ថកិច្ច​ត្រូវ​ស្នើសុំ​ទៅ​រដ្ឋសភា​ឲ្យ​ដក​អភ័យ​ឯកសិទ្ធិ​របស់​បុគ្គល​នោះ។ បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង មិន​ត្រូវ​គេ​យក​មក​ប្រើប្រាស់​ក្នុង​ករណី​បទ​ចោទ​ណា​មួយ ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ក្នុង​អតីត​កាល​នោះ​ទេ ដូចជា​លើស​ពី ២​ម៉ោង ៥​ម៉ោង ២​ថ្ងៃ ៥​ថ្ងៃ ៦​ខែ ឬ ១​ឆ្នាំ​មុន​នោះ​ឡើយ»។

គង់ ពិសី ៣០៥
មេធាវី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក គង់ ពិសី ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី យប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៤។


ចំណែក​លោក​មេធាវី គង់ ពិសី បញ្ជាក់​បន្ថែម​ថា សកម្មភាព​របស់​លោក អ៊ុំ សំអាន គឺ​ជា​ការ​បំពេញ​ភារកិច្ច​ជា​តំណាង​រាស្ត្រ ហើយ​សកម្មភាព​របស់​គាត់​ក៏​មិន​បាន​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ អសន្តិសុខ​សង្គម ដូច​ការ​ចោទ​ប្រកាន់​របស់​ព្រះរាជអាជ្ញា​នោះ​ដែរ៖ «ពីព្រោះ​កន្លង​មក​មិន​ឃើញ​មាន​ចលាចល​អី​ទេ បើ​យើង​ពិនិត្យ​មើល​ទៅ»។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម រំឭក​ថា អ្នក​ដែល​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា ចលាចល​សង្គម​ច្រើន​រាប់​មិន​អស់​នោះ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លួន​ឯង​តែ​ម្តង។ លោក​ថា លោក ហ៊ុន សែន ធ្លាប់​ញុះញង់​សម្លុត​គំរាម​លើ​មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​បក្ស​ប្រឆាំង រហូត​ដល់​គំរាម​រំលាយ​របប​រាជា​និយម​ថែម​ទៀត​ផង។

ករណី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​ត្រូវ​ហ្វូង​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ព្រួត​គ្នា​វាយ​ស្ទើរ​ស្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ក្បែរ​រដ្ឋសភា ជា​ឧទាហរណ៍។ ហេតុការណ៍​នោះ កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក ហ៊ុន សែន បញ្ជា​ពី​ប្រទេស​បារាំង ឲ្យ​មាន​បាតុកម្ម​ទាមទារ​ទម្លាក់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​តំណែង​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា។

គល់ បញ្ញា ៦២០
លោក គល់ បញ្ញា ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​សណ្ឋាគារ​អ៊ីមភើរៀល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២០ មករា ២០១៥។ RFA/Morm Moniroth


ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា យល់​ថា សកម្មភាព​បង្ហោះ​ឯកសារ​ផែនទី​របស់​លោក អ៊ុំ សំអាន គឺ​ជា​ការ​បំពេញ​ភារកិច្ច​ក្នុង​នាម​ជា​តំណាង​រាស្ត្រ​មួយ​រូប៖ «ខ្ញុំ​ឃើញ​ថា គាត់​ខិតខំ​រក​ភស្តុតាង​នានា​ដើម្បី​ឲ្យ​មាន​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់។ នេះ​ជា​ចំណុច​ខ្លាំង​របស់​តំណាង​រាស្ត្រ។ អ្នក​តំណាង​រាស្ត្រ​ណា​ដែល​បាន​ខិតខំ​រក​ភស្តុតាង​ដើម្បី​ហេតុផល អា​ហ្នឹង​អ្នក​តំណាង​រាស្ត្រ​បំពេញ​តួនាទី​កាន់​តែ​ប្រសើរ​ឡើង​ទេ គួរ​តែ​យើង​ឲ្យ​តម្លៃ​ពី​ការ​ដែល​លើក​ហេតុផល​ឲ្យ​មាន​ការ​ស្រាវជ្រាវ​មួយ​ដែល​ច្បាស់លាស់​អ៊ីចឹង»។

លោក គល់ បញ្ញា ដែល​ឃ្លាំ​មើល​ការងារ​របស់​របស់​តំណាង​រាស្ត្រ បញ្ជាក់​ថា គ្មាន​ហេតុផល​ដែល​រដ្ឋាភិបាល​ត្រូវ​ចាប់​លោក អ៊ុំ សំអាន ដាក់​គុក​ទាល់​តែ​សោះ។

តើ​ការ​ចាប់​តំណាង​រាស្ត្រ អ៊ុំ សំអាន ដាក់​ពន្ធនាគារ​ពិត​ជា​ចាំបាច់​ឬ​ទេ?

ទាំង​ទិដ្ឋភាព​ច្បាប់ និង​គោលការណ៍​សិទ្ធិ​មនុស្ស​សកល ការ​ឃុំ​ខ្លួន​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​សេរីភាព​ដើរ​ហើរ លុះត្រា​តែ​មាន​ភាព​ចាំបាច់​បំផុត។ ភាព​ចាំបាច់​ទាំង​នោះ​រួម​មាន ខ្លាច​ក្រែង​ជន​សង្ស័យ ឬ​ជន​ត្រូវ​ចោទ​រត់​គេច​ខ្លួន ខណៈ​តុលាការ​កំពុង​ដំណើរ​ការ​នីតិវិធី​ចោទ​ប្រកាន់។ ខ្លាច​ជន​សង្ស័យ​គំរាម ឬ​សម្លាប់​សាក្សី ឬ​បំផ្លាញ​ភស្តុតាង ប្រសិន​បើ​ទុក​ឲ្យ​ជន​សង្ស័យ​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង។ ចំពោះ​លោក អ៊ុំ សំអាន វិញ តើ​មាន​ភស្តុតាង​អ្វី​បញ្ជាក់​ថា តំណាង​រាស្ត្រ​រូប​នេះ​អាច​នឹង​គេច​ខ្លួន គំរាម​សាក្សី ឬ​មាន​បំណង​បំផ្លាញ​ភស្តុតាង​ឬ​ទេ?

បន្ទាប់​ពី​ស្នាក់នៅ​សហរដ្ឋ​អាមេរិក ប្រមាណ​កន្លះ​ឆ្នាំ ជា​ប្រទេស​ដែល​លោក​មាន​សញ្ជាតិ​អាមេរិក និង​មាន​កូន​ប្រពន្ធ​នៅ​ទីនោះ​ផង តំណាង​រាស្ត្រ អ៊ុំ សំអាន បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​ចូល​មក​មាតុភូមិ​កម្ពុជា វិញ​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៦ បើ​ទោះ​បី​ជា​ដឹង​ខ្លួន​ជា​មុន​ថា រូប​លោក​អាច​នឹង​ត្រូវ​ចាប់​ខ្លួន​ក៏ដោយ​ចុះ។ បើ​តាម​អ្នក​សង្កេតការណ៍ ភាព​ក្លាហាន​នេះ​បញ្ជាក់​ថា លោក​គ្មាន​បំណង​រត់​គេច​ទៅ​ណា​ទេ។ ដូច្នេះ ការ​ចាប់​ឃុំ​ខ្លួន​ប្រហែល​ជា​គ្មាន​ការ​ចាំបាច់​នោះ​ឡើយ។

លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប ដែល​តែង​រិះគន់​រដ្ឋាភិបាល​កម្ពុជា ថា​មាន​ភាព​កម្សោយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម ត្រូវ​បាន​សមត្ថកិច្ច​សម្ងាត់​ចាប់​ខ្លួន នៅ​ពេល​លោក​ទៅ​ដក​ប្រាក់​នៅ​ធនាគារ​កាណាឌីយ៉ា ក្នុង​ទីក្រុង​សៀមរាប។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក។ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន ព្រះរាជអាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ថា លោក អ៊ុំ សំអាន បាន​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ យល់​ថា ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ អ៊ុំ សំអាន គឺ​ជា​ការ​រំលោភ​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​ដែល​ធានា​ដោយ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា។

លោក អ៊ុំ សំអាន មិន​មែន​ជា​មនុស្ស​ទី​មួយ​ទេ​ដែល​ជាប់​ពន្ធនាគារ​ដោយសារ​ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​អំពី​បញ្ហា​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម។ កាល​ពី​ខែ​តុលា ឆ្នាំ​២០០៥ លោក ម៉ម សូណង់ដូ នាយក​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ និង​លោក រ៉ុង ឈុន មន្ត្រី​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ក៏​បាន​ជាប់​ពន្ធនាគារ​ដោយសារ​ការ​ផ្សាយ និង​សម្ដែង​មតិ​រិះគន់​រដ្ឋាភិបាល​ពី​រឿង​ព្រំដែន​កម្ពុជា-វៀតណាម នេះ​ដែរ៕

No comments: