A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 22 April 2016

ក្រុម​អ្នក​ច្បាប់​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា​តុលាការ​ជា​ឧបករណ៍​នយោបាយ


ដោយ ទីន ហ្សាការីយ៉ា
2016-04-21

តុលាការ ភ្នំពេញ ៨៥៥
ប៉ូលិស​ឈរ​ការពារ​នៅ​ខាង​មុខ​ច្រក​ចូល​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

Photo: RFA


ករណី​រឿង​អាស្រូវ​ស្នេហា​របស់​លោក កឹម សុខា គឺ​ជា​រឿង​ដែល​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់ ជាពិសេស​តុលាការ​បាន​ចាត់ការ​សំណុំ​រឿង​កញ្ញា ស្រី​មុំ យ៉ាង​ឆាប់​រហ័ស ក៏ប៉ុន្តែ​ករណី​នេះ ត្រូវ​បាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា តុលាការ​កម្ពុជា ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ​ទៅ​វិញ។

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស អ្នក​ច្បាប់ លើក​ឡើង​ថា មាន​សំណុំ​រឿង​ជាច្រើន​ដែល​អ្នក​រងគ្រោះ​បាន​ប្ដឹង​ទៅ​តុលាការ តែ​តុលាការ​ហាក់​ដូចជា​ព្រងើយ​កន្តើយ ដូចជា​ករណី លោក ឈុត វុទ្ធី លោក ជា វិជ្ជា ជាដើម។

ក្រុម​អ្នក​ច្បាប់ អ្នក​ការពារ​សិទ្ធិ​មនុស្ស លើក​ឡើង​ថា ករណី​រឿង​អាស្រូវ​ស្នេហា​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថាប័ន​តុលាការ រដ្ឋសភា និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កំពុង​ឈ្មុសឈ្មុល​រក​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក​នោះ គឺ​ជា​ហេតុផល​នយោបាយ​សុទ្ធសាធ។


អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ពេល​ចុះ​សង្កេត​ដោយ​ផ្ទាល់​នៅ​តំបន់​ព្រំដែន​ទីតាំង​តំបន់​ថ្ម​៣​ដុំ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Morm Moniroth




អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​ពន្យល់​ថា ការ​បង្កើត​ព្រឹត្តិការណ៍​រឿង​អាស្រូវ​ស្នេហា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នេះ ដើម្បី​បង្វែរ​ស្ថានការណ៍​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា ទៅ​វិញ​ទេ ដូចជា​អំពើ​និទ្ទណ្ឌភាព ការ​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​នានា​នៅ​ក្នុង​សង្គម ជាដើម។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ដោយសារ​តែ​មហិច្ឆតា​នយោបាយ អ្នក​នយោបាយ​សុខ​ចិត្ត​យក​ស្ត្រី​មួយ​រូប គឺ​កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ មក​ធ្វើ​ជា​សេណារីយូ​នយោបាយ​ដោយ​គ្មាន​គិត​ពី​តម្លៃ​ស្ត្រី និង​កិត្តិយស​របស់​នាង៖ «ចំណេញ​នៅ​ពេល​យើង​រវល់​វីវក់ សារព័ត៌មាន សាធារណជន​ចាប់​អារម្មណ៍។ ដូច្នេះ​គេ​មាន​ឱកាស​លក់​អគារ​រដ្ឋ​ថែម​ទៀត មិន​បាច់​ដេញ​ថ្លៃ ឬ​ដេញ​ថ្លៃ​មិន​ត្រឹមត្រូវ គេ​មាន​ឱកាស​កាប់​ព្រៃ​ឡង់​ថែម​ទៀត។ គេ​មាន​ឱកាស​ជីក​រ៉ែ បើ​សិន​ជា​ច្របូកច្របល់​អ៊ីចឹង។ គេ​មាន​ឱកាស​ពង្រឹង​កង​កម្លាំង មាន​ឱកាស​ទិញ​អាវុធ ទិញ​អាវុធ​ដើម្បី​ពង្រឹង​អំណាច»។

លោក កែម ឡី បន្ថែម​ទៀត​ថា ការ​យក​រឿង​បុគ្គល​មក​លាត​ត្រដាង​ជា​សាធារណៈ​បែប​នេះ មិន​មែន​ជា​រឿង​ដើម្បី​ស្វែងរក​យុត្តិធម៌​អ្វី​ទេ គឺ​ជា​ហេតុផល​នយោបាយ​សុទ្ធសាធ ដែល​គណបក្ស​កាន់​អំណាច​មាន​ឥទ្ធិពល​លើ​ស្ថាប័ន​រដ្ឋ​សំខាន់ៗ ដូចជា​តុលាការ ជាដើម ដើម្បី​ចាត់ការ​ទៅ​លើ​ដៃគូ​ប្រកួត គឺ​គណបក្ស​ប្រឆាំង។ លោក​បញ្ជាក់​ថា អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ គឺ​គ្រាន់​តែ​ចង់​បិទ​បាំង​ពី​បញ្ហា​ដើម្បី​យក​ឈ្នះ​ចាញ់​ផ្នែក​នយោបាយ​ទៅ​វិញ​ទេ៖ «ខ្ញុំ​មើល​រឿង​ហុងកុង ដែរ​តើ! មេ​ចោរ​ដែល​មាន​ហើយ ហេតុ​អី​បាន​ជា​មិន​ឈប់​ធ្វើ​ជា​មនុស្ស​ត្រឹមត្រូវ? គេ​និយាយ​ថា អា​ហ្នឹង​ជា​ទម្លាប់​ទៅ​ហើយ បើ​មិន​បាន​ធ្វើ​ជា​មេ​ចោរ​ទេ មិន​បាន​វាយ​គេ មិន​ឈ្លោះ គេ​មិន​បាន​បង្កើត​ឲ្យ​មាន​ចលាចល​អ៊ីចឹង គឺ​មិន​ចំណេញ។ ចឹង​ហើយ​ខ្ញុំ​គិត​ថា ពេល​នេះ​សាធារណជន​ឆ្លុះ​បញ្ចាំង​ច្បាស់​ហើយ គាត់​ស្ដាប់​ព័ត៌មាន។ គាត់​ក្លាយ​ជា​មនុស្ស​ថ្មី ហើយ​ជីវិត​នយោបាយ​របស់​អ្នក​នយោបាយ​កាន់​តែ​ខ្លី​ទៅ​ហើយ ហើយ​បើ​សិន​ជា​លេង​នយោបាយ​បែប​នេះ»។

ដ្បិតតែ​តុលាការ​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ​ដែល​នៅ​ដាច់​ដោយឡែក​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ស្ថាប័ន​នីតិប្រតិបត្តិ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ក៏ដោយ ប៉ុន្តែ​ស្ថាប័ន​តុលាការ​នេះ នរណា​ក៏​ដឹង​ដែរ​ថា ជា​ស្ថាប័ន​មិន​ឯករាជ្យ និង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គណបក្ស​នយោបាយ។

បន្ថែម​ពី​នេះ​ទៀត រដ្ឋធម្មនុញ្ញ​មាត្រា ១២៨​ថ្មី ចែង​ថា អំណាច​តុលាការ​ជា​អំណាច​ឯករាជ្យ ធានា​រក្សា​អនាគតិ និង​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ អំណាច​តុលាការ​គ្រប​ដណ្ដប់​លើ​រឿង​ក្ដី​ទាំងអស់ រួម​ទាំង​រឿង​ក្ដី​រដ្ឋបាល​ផង។

ក៏ប៉ុន្តែ​មាន​ករណី​ជាច្រើន​ដែល​គេ​មើល​ឃើញ​ថា តុលាការ​មិន​បាន​សើរើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​ចំនួន ដែល​កប់​ចោល​ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​ជន​ល្មើស​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ ដូចជា​ឃាតកម្ម​លើ​ប្រធាន​សហជីព​ដ៏​ល្បី​ឈ្មោះ គឺ​លោក ជា វិជ្ជា និង​ឃាតកម្ម​លើ​សកម្មជន​ការពារ​បរិស្ថាន លោក ឈុត វុទ្ធី ជាដើម គិត​ដល់​ថ្ងៃ​ទី​២៦ ខែ​មេសា គឺ​ជា​ខួប ៤​ឆ្នាំ​ហើយ។


នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៦។


នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព សម្ដែង​ការ​សោកស្ដាយ​ដែល​តុលាការ មិន​បាន​សើរើ​យក​ករណី​ធំៗ​ដែល​ជាប់​ពាក់ព័ន្ធ​រឿង​ស្នេហា​ដូច​គ្នា​ដែរ យក​មក​ជំនុំ​ជម្រះ​ក្ដី​ដោយ​យុត្តិធម៌ ដូចជា​ករណី​អ្នកស្រី ពិសិដ្ឋ ពិលិការ ករណី​ជះ​ទឹក​អាស៊ីត​លើ​អ្នកស្រី តាត ម៉ារីណា មក​ចាត់ការ​បន្ទាន់​ដូចជា​ករណី​សំណុំ​រឿង កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ យោង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សក្ខីកម្ម​ក្លែង និង​អំពើ​ពេស្យាចារ៖ «តួ​អង្គ​សំខាន់​ដែល​គួរ​តែ​ប្ដឹងផ្ដល់​ហ្នឹង អត់​ប្ដឹង​ផង តែ​តុលាការ​ចាត់​ការ? ហើយ​យើង​មើល​ករណី​ផ្សេង​ទៀត ករណី​អ្នកស្រី ពិសិដ្ឋ ពិលិការ ករណី​អ្នកស្រី តាត ម៉ារីណា តែ​តុលាការ​មិន​ចាត់​ការ​ករណី​ពួក​គាត់​ទេ»។

ករណី​ឃាតកម្ម​លើ​សិល្បករ​ល្បី​ឈ្មោះ អ្នកស្រី ពិសិដ្ឋ ពិលិការ និង​ករណី​ជះ​ទឹក​អាស៊ីត​លើ​អ្នកស្រី តាត ម៉ារីណា ដែល​កន្លង​មក អ្នកស្រី​បាន​រៀបរាប់​អំពី​សកម្មភាព​ភរិយា​របស់​លោក ស្វាយ ស៊ីថា ជា​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ធ្វើ​សកម្មភាព​ទារុណ​ជះ​ទឹក​អាស៊ីត​លើ​អ្នកស្រី​នោះ តុលាការ​មិន​បាន​ផ្ដល់​យុត្តិធម៌​ជូន​អ្នកស្រី​ឡើយ។

ករណី​នេះ លោក​មេធាវី គង់ សំអុន ពន្យល់​ថា តាម​ច្បាប់ បើ​សិន​ជា​ភរិយា​របស់​លោក ស្វាយ ស៊ីថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ជះ​ទឹក​អាស៊ីត​លើ​អ្នកស្រី តាត ម៉ារីណា មែន​នោះ សមត្ថកិច្ច ឬ​តុលាការ មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​នាំ​ខ្លួន​ជន​ល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ «បើ​សិន​ជា​ឧទាហរណ៍ អ្នក​ប្រព្រឹត្តិ​បទល្មើស​នោះ​ជា​ភរិយា​ឯកឧត្តម ស្វាយ ស៊ីថា នោះ អា​ហ្នឹង​តុលាការ​ត្រូវ​តែ​ចាប់​ហើយ តែ​បើ​មិន​ចាប់ ឬ​កាត់​សេចក្ដី​ទេ អា​ហ្នឹង​តុលាការ​មិន​ឯករាជ្យ មិន​យុត្តិធម៌​ហើយ»។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែង​ថា ប្រទេស​កម្ពុជា ទទួល​ស្គាល់ និង​គោរព​សិទ្ធិ​មនុស្ស​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​លិខិតុបករណ៍​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​ទាំងអស់។ សិទ្ធិ​ទាំង​នេះ​រួម​បញ្ចូល​ទាំង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ដែល​កំណត់​យ៉ាង​ច្បាស់​នៅ​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ ក៏ប៉ុន្តែ​នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង តុលាការ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មិន​ឯករាជ្យ លម្អៀង និង​គ្មាន​សមត្ថកិច្ច​គ្រប់គ្រាន់។ លើស​ពី​នេះ​ទៀត តុលាការ​ត្រូវ​បាន​ចាត់​ទុក​ថា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្នែក​នយោបាយ ដោយ​អំណាច​នីតិប្រតិបត្តិ​គ្រប់គ្រង​លើ​អំណាច​នីតិប្បញ្ញត្តិ និង​ស្ថាប័ន​តុលាការ ដោយ​គ្មាន​ការ​បែង​ចែក​អំណាច​ពិត​ប្រាកដ។ល។


លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ធ្វើ​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Morm Moniroth


ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិន​សម្ដែង​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ទេ។ លោក​បញ្ជាក់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល តែង​តែ​រិះគន់​តុលាការ​ជា​រឿយៗ តែ​លោក​អះអាង​ថា ការ​ចោទ​ប្រកាន់​នេះ​គ្មាន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ទេ។ លោក​សង្កត់​ធ្ងន់​ថា ក្រសួង​យុត្តិធម៌ បាន​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ ហើយ​មាន​ការ​ធ្វើ​អធិការកិច្ច​ចៅក្រម​ថែម​ទៀត​ផង៖ «ករណី​ណា​មួយ​ដែល​អ្នក​ទាំងអស់​គ្នា​យល់​ថា មិន​ឆ្លើយ​តប​នឹង​នីតិវិធី មិន​ឆ្លើយ​តប​នឹង​អង្គ​ហេតុ និង​អង្គ​ច្បាប់ យើង​អាច​ប្ដឹង​ទៅ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម»។

ទោះ​បី​ជា​បែប​នេះ​ក្ដី នៅ​មាន​សំណុំ​រឿង​ច្រើន​ទៀត​ដែល​គេ​មើល​ឃើញ​ថា ជន​រងគ្រោះ​មិន​ទាន់​មាន​យុត្តិធម៌​នៅ​ឡើយ​មក​ទល់​ពេល​នេះ ដូចជា​ការ​ធ្វើ​គុត​ព្រះតេជព្រះគុណ សំ ប៊ុនធឿន អតីត​ប្រធាន​ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ភ្នំ​ឧត្តុង្គ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០០៣ ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្បែរ​តូប​កាសែត​កណ្ដាល​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ការ​បាញ់​សម្លាប់​នាដការី ពិសិដ្ឋ ពិលិការ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៩ ការ​ធ្វើ​ទារុណកម្ម​ដោយ​ជះ​ទឹក​អាស៊ីត​លើ​អតីត​តារា​សម្ដែង តាត ម៉ារីណា កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ ការ​បាញ់​ប្រហារ​ទៅ​លើ​កញ្ញា ទូច ស៊ុននិច កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០០៣ ការ​បាញ់​ប្រហារ​លើ​តារា​ចម្រៀង​កញ្ញា ពៅ បញ្ញាពេជ្រ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០០៧ ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ ជាដើម ហើយ​រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​ជំនាញ​នៅ​ពុំ​ទាន់​បាន​ចាប់​ឃាតក​ទាំង​នោះ​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ។

ដោយឡែក​ចំពោះ​សំណុំ​រឿង​កញ្ញា ស្រី​មុំ ដែល​គេ​ចោទ​ថា​មាន​រឿង​អាស្រូវ​ជាមួយ​លោក កឹម សុខា វិញ ត្រូវ​បាន​តុលាការ​ចាត់ការ​សំណុំ​រឿង​នេះ​យ៉ាង​ប្រញាប់ប្រញាល់ ក្រោយ​ពី​ទទួល​របាយការណ៍​ពី​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។

លោក​មេធាវី គង់ សំអុន គាំទ្រ​ចំពោះ​ចំណាត់​ការ​ឆាប់​រហ័ស​របស់​តុលាការ ក្នុង​ការ​អនុវត្តិ​នីតិវិធី​របស់​ខ្លួន​លឿន​បែប​នេះ តែ​លោក​សុំ​ឲ្យ​តុលាការ ចាត់ការ​គ្រប់​សំណុំ​រឿង​ទាំងអស់​ដោយ​ស្មើ​ភាព​គ្នា​ដូច​ករណី​នេះ៖ «ជា​សំណូមពរ​របស់​ខ្ញុំ គឺ​លឿន​ទៅ​តាម​ច្បាប់ (ចាត់​ការ​គ្រប់​សំណុំ​រឿង​ក្ដី) មិន​មែន​ចេះ​តែ​លឿន​នោះ»។

ទោះ​បី​ជា​បែប​ណា​ក៏ដោយ ការ​ចាត់ការ​សំណុំ​រឿង​កញ្ញា ស្រី​មុំ របស់​ស្ថាប័ន​តុលាការ រដ្ឋសភា និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អ្នក​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា រដ្ឋាភិបាល​មិន​ខ្វល់​អំពី​សិទ្ធិ​បុគ្គល និង​កិត្តិយស​របស់​នាង​នេះ គឺ​ក្នុង​ហេតុផល​នយោបាយ ដែល​ផែនការ​បន្ទាប់ រដ្ឋាភិបាល​ចង់​ចាត់ការ​លោក កឹម សុខា ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ខែល។ អ្នក​វិភាគ​មើល​ឃើញ​ថា មិន​យូរ​ទេ តុលាការ​នឹង​ចេញ​ដីកា​កោះ​ហៅ​លោក កឹម សុខា ឬ​អាច​ឈាន​ដល់​ការ​ចាប់​ខ្លួន​ទៀត​ផង៕

1 comment:

Kim Ea said...

Like i said many times in the past, when you turned a libido affairs to be a country political affairs are a real disgraceful facts in front of Khmer societies .