A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 22 April 2016

មេធាវី​ដាក់​ពាក្យ​ស្នើ​សុំ​ធានា​​លោក អ៊ុំ សំអាន នៅ​ក្រៅ​ឃុំ

មេធាវី​ដាក់​ពាក្យ​ស្នើ​សុំ​ធានា​​លោក អ៊ុំ សំអាន នៅ​ក្រៅ​ឃុំ
ដោយ ម៉ម មុនីរតន៍
2016-04-21

អ៊ុំ សំអាន ២០១៦ ៨៥៥
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន (អាវ​ស) ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ពី​ក្រសួង​មហាផ្ទៃ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦។ Photo courtesy of VOD
 Photo courtesy of VOD


មេធាវី​ការពារ​ក្ដី​របស់​លោក អ៊ុំ សំអាន គឺ​លោក ជូង ជូងី អះអាង​ថា លោក​បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ រួច​ហើយ ដើម្បី​សុំ​ដោះលែង​កូន​ក្ដី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ អង្គការ​ផ្នែក​សិទ្ធិមនុស្ស​យល់​ឃើញ​ថា ប្រសិន​បើ​សំណុំរឿង​នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ លោក អ៊ុំ សំអាន នឹង​អាច​​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ ដូច​ការ​ស្នើ​សុំ​របស់​មេធាវី។

គិត​មក​​ដល់​​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​នៅ​ឡើយ​ពី​តុលាការ​ក្រុង​ភ្នំពេញ ជុំវិញ​ការ​ស្នើ​សុំ​នេះ ក៏ប៉ុន្តែ​បើ​ទោះ​ជា​​បែប​ណា​មេធាវី​ការពារ​ក្ដី​ឲ្យ​តំណាងរាស្ត្រ​លោក អ៊ុំ សំអាន យល់​ឃើញ​ថា បើ​ពិនិត្យ​ទៅ​លើ​អង្គហេតុ​នៅ​ក្នុង​សំណុំរឿង​នេះ កូន​ក្ដី​របស់​ខ្លួន​ពុំ​មាន​បទល្មើស​ដែល​អាច​ត្រូវ​ឃុំ​​ខ្លួន​បែប​នេះ​ឡើយ។



លោក ជូង ជូងី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ថា លិខិត​ស្នើ​សុំ​ឲ្យ​តុលាការ​ដោះលែង​កូន​ក្តី​របស់​លោក គឺ​បាន​​ប្រគល់​ដល់​ដៃ​​តុលាការ​​រួច​ហើយ គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍។ លោក ជូង ជូងី មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​លទ្ធភាព​នៃ​សេចក្ដី​សម្រេច​របស់​តុលាការ​ទេ ក៏ប៉ុន្តែ​លោក​យល់​ឃើញ​ថា សំណុំ​រឿង​លោក អ៊ុំ សំអាន ពុំ​មាន​អង្គហេតុ​នៃ​បទល្មើស​ដែល​​ស៊ីចង្វាក់​ទៅ​នឹង​បទ​ចោទ​របស់​ព្រះរាជអាជ្ញា​នោះ​ឡើយ។

លោក​បន្ត​ថា៖ «ខ្ញុំ​ដាក់​មុន​ហ្នឹង​បន្តិច​ដើម្បី​សុំ​ដោះលែង អ៊ុំ សំអាន បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។ ក្នុង​នីតិវិធី​របស់​ខ្ញុំ ខ្ញុំ​មិន​ពិចារណា​ពី​លទ្ធផល​យ៉ាង​ណា​នោះ​ទេ គឺ​ខ្ញុំ​ពិចារណា​ទៅ​លើ​អ្វី​ដែល​ខ្ញុំ​គួរ​ធ្វើ។ ខ្ញុំ​ធ្វើ​ឲ្យ​​អស់​ពី​បច្ចេកទេស​របស់​ខ្ញុំ»។

តំណាងរាស្ត្រ​ដែល​សកម្ម​ក្នុង​រឿង​ព្រំដែន គឺ​លោក អ៊ុំ សំអាន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ហើយ​ឃុំ​បណ្ដោះអាសន្ន​នៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា។ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក តុប ឈុនហេង ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​គុក​ព្រៃស ភ្លាម​ដែរ។

ការ​ឃុំ​ខ្លួន​ដែល​ស្ថិត​ក្រោម​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ លោក អ៊ុំ សំអាន ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​នៃ​​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពីរ​បទល្មើស​គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាអាទិ៍​នៃ​ក្រម​ព្រហ្មទណ្ឌ។

ដំណាល​គ្នា​នឹង​ការ​សួរ​ដេញ​របស់​ចៅក្រម​នៃ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ បន្ទាប់​ពី​ចាប់​ខ្លួន​រួច ទាំង​លោក ហ៊ុន សែន និង​រដ្ឋ​សភា ក៏​បាន​អនុម័ត​សម្រេច​ឲ្យ​សមត្ថកិច្ច​បន្ត​នីតិវិធី​ចាប់ និង​ឃុំ​ខ្លួន​លោក អ៊ុំ សំអាន ដែរ។ លោក អ៊ុំ សំអាន បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​មុន​ការ​​ចាប់​ខ្លួន​ប្រមាណ​ជាង ៦​ម៉ោង​ថា លោក​ពុំ​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​រក​ឃើញ​របស់​រដ្ឋាភិបាល​ឡើយ។ ម្យ៉ាង​វិញ​ទៀត អ្វី​ដែល​លោក​បាន​ធ្វើ​នោះ គឺ​ក្នុង​បុព្វហេតុ​ជាតិ និង​ទឹកដី​ប៉ុណ្ណោះ។

មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល មើល​ឃើញ​ថា ប្រសិន​បើ​រឿង​នេះ ពុំ​មាន​ការ​លូកដៃ​ពី​អ្នក​នយោបាយ​ទេ ប្រហែល​តុលាការ​អាច​ពិចារណា​ទៅ​លើ​ការ​ស្នើ​សុំ​របស់​មេធាវី ហើយ​ឈាន​ទៅ​ដល់​ការ​ដោះលែង​បាន។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) យល់​ឃើញ​ថា មេធាវី​​ការពារ​ក្ដី​មាន​សិទ្ធិ​គ្រប់​ដំណាក់កាល​នៃ​នីតិវិធី ក្នុង​ការ​ស្នើសុំ​ឲ្យ​មាន​ការ​ដោះលែង​កូន​ក្ដី​របស់​ខ្លួន។ លោក​បន្ថែម​ថា ប្រសិន​បើ​សំណុំរឿង​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ លោក​មាន​ជំនឿ​ថា តំណាងរាស្ត្រ​លោក អ៊ុំ សំអាន អាច​រួច​ខ្លួន៖ «រឿង​ខ្លះ​ទៀត​យើង​ឃើញ​ថា មាន​បទល្មើស​នៅ​តែ​ចោទ​ប្រកាន់ ប៉ុន្តែ​មាន​ការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន​ដែរ ហើយ​រឿង​នេះ វា​ជា​បទល្មើស​មជ្ឈិម​ទេ អ៊ីចឹង​បើ​យើង​មើល​ទៅ​លើ​លក្ខខណ្ឌ​វា​គួរ​តែ​តុលាការ​ពិចារណា​ក្នុង​ការ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​លោក អ៊ុំ សំអាន»។

ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន បន្ថែម​ទៀត​នៅ​ពេល​នេះ បាន​ធ្វើ​ឲ្យ​ចំនួន​​មន្ត្រី និង​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ​បាន​កើន​ឡើង​រហូត​ដល់ ១៦​នាក់​ហើយ។ មេធាវី​ការពារ​ក្ដី​គឺ​លោក ជូង ជូងី បញ្ជាក់​ថា ការ​ចាប់​ខ្លួន​កន្លង​ទៅ​នេះ ទាំង​លោក ហុង សុខហួរ និង​ចុង​ក្រោយ​គឺ​លោក អ៊ុំ សំអាន គឺ​សមត្ថកិច្ច និង​តុលាការ​ធ្វើ​ឡើង​ទាំង​បំពាន​ច្បាប់។ ម្យ៉ាង​ការ​ចាប់​ខ្លួន​នេះ​ទៀត​សោត គឺ​អ្នក​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​នៅ​មាន​អភ័យឯកសិទ្ធិ​សភា​​នៅ​ឡើយ​ថែម​ទៀង​ផង៕

No comments: