A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 22 April 2016

អាជ្ញាធរ​បើក​ការ​ឈូស​ឆាយ​ដី​ពលរដ្ឋ​នៅ​ខណ្ឌ​ជ្រោយចង្វារ


ដោយ ប្រាជ្ញ ចេវ
2016-04-21

ជម្លោះ​ដី ជ្រោយចង្វារ ៨៥៥ ២០១៦
សកម្មភាព​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ឈូស​ឆាយ​ដី​ពលរដ្ឋ​​នៅ​ភូមិ​គៀនឃ្លាំង ក្នុង​សង្កាត់​ព្រែកលៀប ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៦។
 RFA/Brach Chev


កងកម្លាំង​របស់​សាលា​ខណ្ឌ​ជ្រោយចង្វារ បាន​យក​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ដី​ពលរដ្ឋ​នៅភូមិ​គៀនឃ្លាំង ​សង្កាត់ព្រែកលៀប ទាំង​ម្ចាស់​ដី​មិន​ទាន់​យល់​ព្រម​ទទួល​សំណង។ ពលរដ្ឋ​ម្ចាស់​ដី​ទាមទារ​ឲ្យ​មាន​ដោះស្រាយ​ជា​មុន​សិន មុន​នឹង​អាជ្ញាធរ​ឈូស​ឆាយ​លើ​ដី​របស់​ពួកគេ។

​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ចោទ​ប្រកាន់​ថា ការ​ពង្រីក​ផ្លូវ​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ គាបសង្កត់​តែ​ពលរដ្ឋ​តូច​តាច គ្មាន​តួនាទី​នៅ​ក្នុង​ស្ថាប័ន ប៉ុន្តែ​បើ​ដី​មន្ត្រី​ធំ មាន​តួនាទី​ជា​យោធា ពួកគេ​មិន​ឈូស​ឆាយ​ទេ។

​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់ លោកស្រី ហុល សាវឿន ឲ្យ​ដឹង​ថា ការ​ឈូស​ឆាយ​ពេល​នេះ ប៉ះពាល់​ដី​លោកស្រី​ជាង ២.០០០​ម៉ែត្រការ៉េ។ ​លោកស្រី​បន្ត​ថា អាជ្ញាធរ​បាន​ជូនដំណឹង​មក​លោកស្រី​ពីរ​ថ្ងៃ​មុន​ការ​ឈូស​ឆាយ​នេះ ប៉ុន្តែ​លោកស្រី​មិន​យល់​ព្រម​ឲ្យ​ឈូស​ឆាយ​ទេ ព្រោះ​ការ​ផ្ដល់​សំណង​របស់​ក្រុង​ត្រឹម​ដី ១​ម៉ែត្រ​ការ៉េ​តម្លៃ ១៥​ដុល្លារ គឺ​លោកស្រី​មិន​អាច​ទទួល​បាន​ទេ៖ «ពួក​ខ្ញុំ​មិន​ទាមទារ​អី​ទេ បើ​ឈូស​ឆាយ​ដី​ធ្វើ​ផ្លូវ ធ្វើ​ប្រព័ន្ធ​លូ សុំ​ឲ្យ​មាន​ដំណោះស្រាយ​សិន ឈូស​ឆាយ​កាយ​ដី កាយ​របង​របស់​ខ្ញុំ​អស់​ហើយ»។



​ការ​ឈូស​ឆាយ​នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ប៉ះពាល់​ពលរដ្ឋ​ចំនួន​ពីរ​គ្រួសារ បន្ទាប់​អាជ្ញាធរ​ធ្វើ​សកម្មភាព​មាន​សង្គម​ស៊ីវិល​ចុះ​ទៅ​សង្កេត និង​ក្រុម​អ្នក​សារព័ត៌មាន​ថត​ផ្ដិត​សកម្មភាព​នោះ កងកម្លាំង​ក៏​ដក​ថយ​ចេញ​វិញ។

​ផ្លូវ​នេះ​ពលរដ្ឋ​ថា​មាន​ប្រវែង​ប្រមាណ ៦.០០០​ម៉ែត្រ ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦​អា នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ និង​សង្កាត់​ព្រែកលៀប។

​នៅ​ក្បែរ​កន្លែង​ឈូស​ឆាយ​ចម្ងាយ​ប្រមាណ ៧០​ម៉ែត្រ ក៏​មាន​ផ្លូវ​មួយ​ដែរ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC)។

​អាជ្ញាធរ​តែងតែ​យក​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ដី​ពលរដ្ឋ​ភូមិ​គៀនឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ។ ប៉ុន្តែ នៅ​ពេល​ក្រុម​អ្នក​សារព័ត៌មាន និង​សង្គម​ស៊ីវិល​ចុះ​ទៅ​កន្លែង​ឈូស​ឆាយ អាជ្ញាធរ​ផ្អាក​សកម្មភាព​របស់​ខ្លួន ហើយ​នៅ​ពេល​ស្ថានការណ៍​ស្ងប់ស្ងាត់ ពួកគេ​ចាប់​ផ្ដើម​ឈូស​ឆាយ​ទៀត។

​មន្ត្រី​សាលាក្រុង​ពន្យល់​ថា អាជ្ញាធរ​នៅ​តែ​បន្ត​ឈូស​ឆាយ​ដើម្បី​ធ្វើ​ផ្លូវ​ថ្មី​មួយ​ខ្សែ​ស្រប​តាម​ផ្លូវ​លេខ​៦​អា នៅ​ពេល​នេះ ​បើ​ទោះបី​ពលរដ្ឋ​រង​ផល​ប៉ះពាល់​មិន​យល់​ស្រប ពោល​គឺ​សាលាក្រុង​ឈូស​ឆាយ​បណ្ដើរ និង​ចរចា​ផ្ដល់​ដំណោះស្រាយ​បណ្ដើរ។

​នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ឲ្យ​ដឹង​ថា ការ​ឈូស​ឆាយ​នេះ គឺ​ពលរដ្ឋ​ភាគ​ច្រើន​បាន​យល់​ស្រប ដូច្នេះ​សាលាក្រុង​នឹង​បន្ត​ការងារ​របស់​ខ្លួន៖ «យើង​គិត​ថា ផែនការ​ធ្វើ​ផ្លូវ​នេះ​ត្រូវ​តែ​បន្ត​ទៅ​មុខ​ទៀត ប៉ុន្តែ​ដូច​ជម្រាប​ជូន គឺ​យើង​ធ្វើ​ផង សម្របសម្រួល​ផ្ដល់​ដំណោះស្រាយ​ផង»។

​ផ្លូវ​ថ្មី​នេះ​ធ្វើ​នៅ​ប៉ែក​ខាង​លិច​នៃ​ផ្លូវ​ជាតិ​លេខ​៦​អា មាន​ចម្ងាយ ១០០​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ។ អាជ្ញាធរ​អះអាង​ថា វត្តមាន​ផ្លូវ​នេះ ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ​ទូទៅ និង​អាច​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍។

​លិខិត​របស់​អភិបាល​ខណ្ឌ​ជ្រោយចង្វារ លោក ឃ្លាំង ហួត ផ្ញើ​ទៅ​ពលរដ្ឋ​មុន​ការ​ឈូស​ឆាយ​ថា នឹង​ស្ថាបនា​ផ្លូវ និង​ប្រព័ន្ធ​លូ ដើម្បី​សម្រួលការ​បង្ហូរ​ទឹក​ភ្លៀង​នា​រដូវ​វស្សា​ខាង​មុខ​នេះ។

​ពលរដ្ឋ​ស្នើ​ឲ្យ​ពង្រីក​ផ្លូវ​ថ្មី​នេះ ចម្ងាយ ១៥០​ម៉ែត្រ ពី​អ័ក្ស​ផ្លូវ​លេខ​៦​អា និង​ផ្ដល់​សំណង​ថ្លៃ​ដី​ស្មើ​នឹង​តម្លៃ​ទីផ្សារ​៕

No comments: