ដោយ ហង្ស សាវយុត
2016-04-06

បឹងស្នោដែលនៅកណ្ដាលទីរួមខេត្តឧត្តរមានជ័យ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦។ Photo Provided
Photo Provided
មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ កំពុងប្រឹងប្រែងកាយប្រឡាយបង្ហូរទឹកដែលនៅសេសសល់ពីកន្លែងផ្សេងៗឲ្យចូលទៅទីក្រុង ដើម្បីជួយផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកនៅក្នុងទីរួមខេត្ត បានប្រើប្រាស់ ក្នុងពេលដែលប្រជាពលរដ្ឋជាច្រើនតំបន់កាន់តែខ្វះទឹកប្រើប្រាស់ជាបន្តបន្ទាប់។
ការដែលមន្ទីរធនធានទឹក កាយប្រឡាយយកទឹកពីតំបន់ផ្សេង ទៅចែកចាយឲ្យអ្នកទីក្រុងបានប្រើប្រាស់នេះ បណ្ដាលឲ្យប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្បែរទំនប់ទឹក ប្រមូលផ្ដុំគ្នាតវ៉ាជំទាស់ ហើយពួកគេព្រួយបារម្ភខ្លាចខ្វះទឹកប្រើប្រាស់ដែរ។
ប្រជាពលរដ្ឋប្រមាណ ៤០នាក់នៅភូមិចំនួន៤ នៃសង្កាត់កូនក្រៀល ក្រុងសំរោង បានប្រមូលផ្ដុំគ្នាទៅហាមឃាត់មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ មិនឲ្យយកគ្រឿងចក្រទៅជីកកាយទំនប់ទឹកនៅជិតតំបន់ពួកគេរស់នៅ ហើយបង្ហូរទឹកយកទៅចែកជូនប្រជាពលរដ្ឋនៅតំបន់ផ្សេងដែលកំពុងខ្វះទឹកប្រើប្រាស់។
ប្រជាពលរដ្ឋទាំងនោះមកពីភូមិតាម៉ាន ភូមិខ្ទុំ ភូមិតាទ្រូង ភូមិគោលថ្មី និងភូមិត្រពាំងវែង ជាដើម។
បុរសអ្នកភូមិតាម៉ាន ម្នាក់ក្នុងចំណោមអ្នកភូមិជាច្រើននាក់ទៀតដែលលើកគ្នាទៅតវ៉ាមិនឲ្យគ្រឿងចក្រជីកទំនប់បង្ហូរទឹក គឺលោក លឿយ លន់។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃអង្គារ ទី៥ ខែមេសា ថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានយកគ្រឿងចក្រទៅកាយទំនប់ទឹកនៅជិតតំបន់ពួកគាត់រស់នៅអស់ជាច្រើនកន្លែង។ បុរសដដែលបញ្ជាក់ថា រូបគាត់ក៏ដូចជាអ្នកភូមិជាច្រើនទៀត មិនសប្បាយចិត្តនឹងការជីកកកាយនេះទេ ពីព្រោះទំនប់ទឹកទាំងនេះ គឺប្រជាពលរដ្ឋនាំគ្នាធ្វើដោយដៃផ្ទាល់។ ចំណែកឯការបង្ហូរទឹកចេញទៀតសោត ក៏មន្ទីរធនធានទឹក ធ្វើឡើងដោយមិនសុំការអនុញ្ញាតពីប្រជាពលរដ្ឋជាមុនទេ៖ «ផលប៉ះពាល់របស់យើងទី១ អត់មានទឹកប្រើប្រាស់សម្រាប់សត្វគោក្របី ហើយប្រជាពលរដ្ឋដែលដើរព្រៃ ក៏មិនមានទឹកផឹកទេ»។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ លោក ឃិន ញាណ បានទទួលស្គាល់ថា មន្ទីរធនធានទឹក ពិតជាបានយកគ្រឿងចក្រទៅជីកទំនប់នៅប៉ែកខាងលើ ហើយបង្ហូរទឹកទាំងនោះមកចែកជូនតំបន់ដែលកំពុងខ្វះទឹក ព្រមទាំងបង្ហូរចូលមកក្នុងទីក្រុង ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់បន្ទាប់បន្សំបន្ថែមលើទឹកដែលមាននៅក្នុងត្រពាំងស្នោ ដែលសេសសល់បន្តិចបន្តួចនោះផង។
លោក ឃិន ញាណ បញ្ជាក់ទៀតថា ទោះបីជាយ៉ាងណា ការបង្ហូរទឹកទំនប់ខាងលើនោះ គឺមន្ទីរធនធានទឹក បានលៃលកទុកឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរទំនប់នោះ អាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងរយៈពេលពីរខែទៅមុខទៀត និងត្រូវបែងចែកទឹកឲ្យតំបន់ដែលរាំងស្ងួតបានប្រើផង៖ «យើងមិនមែនបង្ហូរឲ្យអស់ទេ គឺគណនាទុកសម្រាប់រយៈពេល ២ខែ។ អ៊ីចឹងបើទឹកសល់ពីការប្រើប្រាស់រយៈពេល ២ខែហ្នឹង គឺយើងបង្ហូរយកមកចែកចាយអ្នកនៅខាងក្រោមខ្លះ»។
អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន គាំទ្រមន្ទីរធនធានទឹក ដែលយកចិត្តទុកដាក់ចំពោះការស្វែងរកប្រភពទឹកសម្រាប់ចែកជូនប្រជាពលរដ្ឋ នៅក្នុងពេលដែលខេត្តនេះកាន់តែប្រឈមនឹងបញ្ហាខ្វះទឹកប្រើប្រាស់ ក៏ប៉ុន្តែមិនត្រូវធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរទំនប់ទឹក ខ្វះទឹកប្រើប្រាស់ឡើយ។
មន្ត្រីមន្ទីរធនធានទឹក ឲ្យដឹងថា បច្ចុប្បន្ន នៅតំបន់ជាច្រើន រួមទាំងទីក្រុងផង គឺកំពុងប្រឈមមុខនឹងការខ្វះទឹកប្រើប្រាស់ ហើយប្រសិនបើឆ្នាំនេះទឹកភ្លៀងធ្លាក់យឺត ដោយអូសបន្លាយទៅដល់ខែកក្កដា ខាងមុខ គឺទីក្រុងទាំងមូល នឹងជួបវិបត្តិធ្ងន់ធ្ងរដោយសារគ្មានទឹកប្រើប្រាស់។
បច្ចុប្បន្ន ខេត្តឧត្តរមានជ័យ ក្រៅតែពីទីពឹងលើទឹកភ្លៀង និងទំនប់ទឹកដែលនៅសេសសល់ គឺពុំមានប្រភពទឹកអ្វីធំដុំដែលអាចឲ្យដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់បានឡើយ៕
No comments:
Post a Comment