ដោយ ម៉ម មុនីរតន៍
2016-04-03

ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ថ្លែងក្នុងសមាជគណបក្សនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចាត់ទុកអ្នកនយោបាយបក្សប្រឆាំង អ្នកសារព័ត៌មាន និងអង្គការមិនមែនរដ្ឋាភិបាលខ្លះ ថាគឺជាក្រុមដែលតែងព្យាយាមបំផ្លាញចលនាបដិវត្តរបស់ខ្លួន។ លោក ខឹម វាសនា នៅតែអះអាងថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅតែដើរទៅមុខ ហើយរឹតតែខ្លាំងជាងមុនថែមទៀតផង។ អ្នកវិភាគនយោបាយ យល់ឃើញថា ប្រជាពលរដ្ឋតែងជាជនរងគ្រោះរបស់អ្នកនយោបាយជានិច្ច។
លោក ខឹម វាសនា ត្រូវបានសមាជិកបក្សបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ឲ្យក្លាយជាប្រធានគណបក្សជាលើកទី២ សម្រាប់អាណត្តិថ្មីទៀត ខណៈគណបក្សនេះត្រូវបាន លោក ខឹម វាសនា ចាត់ទុកថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវរងការគំរាមសម្រាប់ជីវិតនយោបាយជាបន្តបន្ទាប់ពីបណ្ដាភាគីមួយចំនួន ដូចជាបក្សនយោបាយ អ្នកសារព័ត៌មាន និងក្រុមអង្គការមិនមែនរដ្ឋាភិបាលខ្លះផង។
ថ្លែងទៅកាន់អ្នកគាំទ្រប្រមាណ ៥ពាន់នាក់នៅកោះពេជ្រ លោក ខឹម វាសនា ឲ្យដឹងថា មានស្ថាប័នមួយចំនួនដែលមានចិត្តមិនស្មោះត្រង់ តែងព្យាយាមចង់បំផ្លាញចលនានៃបដិវត្តរបស់ក្រុមសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឲ្យរលាយ។ សារនយោបាយរបស់ លោក ខឹម វាសនា ដែលពុំសូវបង្ហាញពីកម្មវិធីនយោបាយ ផ្ទុយពីនេះគេសង្កេតឃើញថា សារដែលបានដាក់ចេញសម្រាប់សមាជលើកទីពីរនេះ ហាក់បង្កប់ន័យតាមបែបសាសនា ឬបែបមនោគមវិជ្ជាច្រើនជាងវិញនោះ លោក ខឹម វាសនា អះអាងថា បដិវត្តនៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅតែខ្លាំង បើទោះជារងការគំរាមកំហែងដូចនេះក្ដី។ លោកបន្តថា «ការលាបពណ៌ដើម្បីកម្ទេចចលនាបដិវត្តរបស់ពួកយើង។ ការប្រមូលកម្លាំងនៃពួកសាសនាដើម្បីកម្ចាត់ពួកយើង។ ការចូលដៃគ្នានៃការសង្គមខ្លះ អ្នកសារព័ត៌មានខ្លះជាមួយនឹងក្រុមដែលមានឈ្មោះថា គឺក្រុមប្រឆាំងធំជាងគេ ក្នុងប្រទេសកម្ពុជា យើង ដើម្បីបន្ទច់បង្អាក់ និងបំផ្លាញចលនារបស់យើង»។

សមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចូលរួមសមាជគណបក្សនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦។ RFA/Morm Moniroth
យ៉ាងនេះក្ដី លោក ខឹម វាសនា ពុំបានបញ្ជាក់ឲ្យបានលម្អិតថា ចលនានៃបដិវត្តរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺផ្ដោតទៅលើអ្វីឲ្យប្រាកដទេ។ ចំណែកមន្ត្រីមួយចំនួនរបស់គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ បញ្ជាក់ថា ពុំអនុញ្ញាតឲ្យសួរនាំអ្វីឡើយ ដោយអះអាងថា ត្រូវរង់ចាំក្រោយបញ្ចប់សមាជរួច។
នៅនាទីចុងក្រោយនៃសមាជនោះ បើទោះបីជា លោក ខឹម វាសនា ពុំបានដាក់ចេញនូវយុទ្ធសាស្ត្រអ្វី ក៏សារនយោបាយរបស់លោកបានអន្ទងចិត្តអ្នកចូលរួម ដែលភាគច្រើនលើសលប់ជាយុវជន សម្រក់ទឹកភ្នែកទាំងមិនដឹងខ្លួនដែរ។ រហូតមានអ្នកខ្លះក្រោយបញ្ចប់សន្ទរកថា រត់ឱប លោក ខឹម វាសនា យំសោកក៏មានដែរ។
នេះជាការរឹតបន្តឹងសន្តិសុខទីពីរហើយ មិនចាញ់រដ្ឋាភិបាលប៉ុន្មានឡើយ។ ថ្វីបើគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នេះ ពុំមែនជាបក្សគ្រប់គ្រងអំណាច ប៉ុន្តែប្រព័ន្ធនៃការគ្រប់គ្រងសន្តិសុខ ដូចជាប្រព័ន្ធត្រួតពិនិត្យដែលមានប្រភេទម៉ាស៊ីនស្កេន និងការពារសុវត្ថិភាព គឺមានលក្ខណៈទំនើបដូចរដ្ឋាភិបាលតែងអនុវត្តយ៉ាងដូច្នោះដែរ។
វិទ្យុអាស៊ីសេរី ពុំអាចសុំការបំភ្លឺពីមន្ត្រីគណបក្សប្រឆាំងបានទេ នៅថ្ងៃទី៣ ខែមេសា។
អ្នកវិភាគនយោបាយយល់ឃើញថា ការរិះគន់ភាគច្រើន គឺចង់បានចំណេញផលប្រយោជន៍រៀងៗខ្លួន។ លើសពីនេះទៀត បើទោះបីជាដឹងថា ការរិះគន់នោះនាំឲ្យខាតប្រយោជន៍សាធារណៈ តែបើដឹងថា វានាំឲ្យចំណេញដល់បក្ស គឺជាញឹកញាប់ អ្នកនយោបាយពុំសូវខ្វល់ឡើយ។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ យល់ឃើញថា ជាញឹកញាប់ ពលរដ្ឋតែងក្លាយជាជនរងគ្រោះពីការប្រកួតប្រជែងផ្នែកនយោបាយនេះទៅវិញ។ ម្យ៉ាងទៀត អ្នកនយោបាយពីមួយជំនាន់ទៅមួយជំនាន់ តែងប្រើប្រាស់ពលរដ្ឋជាឧបករណ៍សម្រាប់នយោបាយជានិច្ច។ ក្រៅពីនេះ លោក រស់ រ៉ាវុធ ឲ្យដឹងថា ទាំងអ្នកសារព័ត៌មាន និងក្រុមសង្គមស៊ីវិល តែងធ្វើកិច្ចការរាល់ភាពចន្លោះរបស់អ្នកនយោបាយ ហើយពុំមានឥទ្ធិពលណាមួយដែលរុញច្រានបក្សនយោបាយ ឲ្យធ្លាក់ទឹកនោះទេ។ ផ្ទុយទៅវិញ អ្នកកាសែតក៏ជាផ្នែកមួយ ដែលអាចធ្វើឲ្យសង្គមមានការផ្លាស់ប្ដូរបានដែរ ប៉ុន្តែពុំមែនជាការប្រកួតប្រជែងដើម្បីឥទ្ធិពលសម្រាប់វិស័យសារព័ត៌មានឡើយ។ លោកបន្តថា «ច្រើនតែចង់បានកេងចំណេញនូវប្រជាប្រិយភាពរបស់ខ្លួន ជាពិសេសកេងចំណេញទៅលើរបស់គណបក្សនីមួយៗហ្នឹង គឺគ្មានអ្វីក្រៅពីវាយប្រហារគ្នារវាងអ្នកនយោបាយ និងអ្នកនយោបាយ»។
ក្នុងពេលថ្លែងសារនយោបាយ លោក ខឹម វាសនា ហាក់បានបង្ហាញពីភាពមិនមានអំនួតរបស់ខ្លួន ហើយសារនយោបាយរបស់លោកស្ទើរគ្រប់ម៉ាត់ គឺនិយាយពីមហាគ្រួសារ និងលើកទឹកចិត្តឲ្យយុវជន ត្រូវជ្រោងទង់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឲ្យងើបឡើងជានិច្ច។ ជាងនេះទៀត លោក ខឹម វាសនា ជំរុញឲ្យអ្នកគាំទ្ររបស់លោក បន្តបេសកកម្មនៃចលនាបដិវត្តនេះបន្ត នៅពេលពុំមានវត្តមានលោកតទៅទៀត៕
2 comments:
Khem Veasna,
You have been a good tool for Hun Sen and his master Yuon to use to destroy Cambodia.
How many percent of your supporters are Yuon who were born in Cambodia after 1979?
Khen veasna ,a hun sen's dog waiting for a political reward from CPP monkeys.
Post a Comment