A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 April 2016

សកម្មជន​បរិស្ថាន​លោក​អាឡិច​ ស្នើ​ឲ្យ​អឺរ៉ុប​និង​អ.ស.ប.​ធ្វើ​អន្តរាគមន៍​ដោះលែង​សហការី​ដែល​ជាប់​ពន្ធនាគារ


ស្ថាបនិក​ និង​ជា​នាយក​អង្គការ​«មាតា​ធម្មជាតិ‍»​ លោកAlejandro Gonzalez-Davdisonបាន​ស្នើ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​នៃ​អង្គការ​សហប្រជាជាតិ​ ដើម្បី​បញ្ឈប់​ការ​ធ្វើ​បាប​ដោយ​អំណាច​តុលាការ​មក​លើ​សកម្មជន​ការពារ​សម្បត្តិ​ធម្មជាតិ​ក្នុង​ខេត្ត​កោះកុង។

រូបឯកសារ៖ រូបសញ្ញានៃអង្គការសហប្រជាជាតិនៅទីស្នាក់ការ​អ.ស.ប​នៅ​ទីក្រុងញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣។
រូបឯកសារ៖ រូបសញ្ញានៃអង្គការសហប្រជាជាតិនៅទីស្នាក់ការ​អ.ស.ប​នៅ​ទីក្រុងញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣។


ហ៊ុល រស្មី
14 មេសា 2016

ភ្នំពេញ—
ស្ថាបនិក​ និង​ជា​នាយក​អង្គការ​«មាតា​ធម្មជាតិ‍»​ លោកAlejandro Gonzalez-Davdisonបាន​ស្នើ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​នៃ​អង្គការ​សហប្រជាជាតិ​ ដើម្បី​បញ្ឈប់​ការ​ធ្វើ​បាប​ដោយ​អំណាច​តុលាការ​មក​លើ​សកម្មជន​ការពារ​សម្បត្តិ​ធម្មជាតិ​ក្នុង​ខេត្ត​កោះកុង។​

សកម្មជន​ការពារ​បរិស្ថាន​ និង​ជា​អ្នក​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​រូប​នេះ​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​លោក​ Michel Forst ​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដើម្បី​ស្នើ​សុំ​ការ​ធ្វើ​ការ​អន្តរាគមន៍​របស់​លោក​ បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ជំទាស់​នឹង​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ និង​ជីក​រ៉ែ​នៅ​ក្នុង​ខេត្ត​កោះកុង​នៃ​ប្រទេស​កម្ពុជា។​ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​បណ្តាញ​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ជនជាតិ​ដើម​ភាគ​តិច ​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។​

លោក​ Alejandro Gonzalez-Davdison និង​លោក​ស្រី​ Joan Carling​ គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ដាក់​ពាក្យ​បណ្តឹង​នេះ។​ បណ្តឹង​នេះ​ក៏​ត្រូវ​បាន​ដាក់​ជូន​ផង​ដែរ​ ទៅ​កាន់​គណៈប្រតិភូ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា។

រូបឯកសារ៖ លោក អាឡិច ហ្កោនសាឡេស ដាវីតសុន Alex (Alejandro) Gonzalez Davidson សហស្ថាបនិក​នៃ​អង្គការ​ការពារ​បរិស្ថាន «មាតា​ធម្មជាតិ‍» ចូល​រួម​ជា​ភ្ញៀវ​ពិភាក្សា​អំពី​ប្រធានបទ​«ការ​តស៊ូ​មតិ​នៅ​ឆាក​អន្តរជាតិ​ដើម្បី​ការពារ​តំបន់​អារ៉ែង‍‍» ជាមួយ​លោក ម៉ែន គឹមសេង ក្នុង​កម្មវិធី Hello VOA ពិសេស​មួយ​កាល​ពី​ថ្ងៃ​ពុធ ទី​២២ ខែ​មេសា ឆ្នាំ​២០១៥។ (សឹង សុផាត/VOA)
រូបឯកសារ៖ លោក អាឡិច ហ្កោនសាឡេស ដាវីតសុន Alex (Alejandro) Gonzalez Davidson សហស្ថាបនិក​នៃ​អង្គការ​ការពារ​បរិស្ថាន «មាតា​ធម្មជាតិ‍» ចូល​រួម​ជា​ភ្ញៀវ​ពិភាក្សា​អំពី​ប្រធានបទ​«ការ​តស៊ូ​មតិ​នៅ​ឆាក​អន្តរជាតិ​ដើម្បី​ការពារ​តំបន់​អារ៉ែង‍‍» ជាមួយ​លោក ម៉ែន គឹមសេង ក្នុង​កម្មវិធី Hello VOA ពិសេស​មួយ​កាល​ពី​ថ្ងៃ​ពុធ ទី​២២ ខែ​មេសា ឆ្នាំ​២០១៥។ (សឹង សុផាត/VOA)


នៅ​ក្នុង​ពាក្យ​បណ្តឹង​នោះ​ សកម្មជន​ការពារ​បរិស្ថាន​បួន​រូប​ ត្រូវ​បាន​អ្នក​ប្តឹង​ទាំង​ពីរ​រៀបរាប់​ថា​ កំពុង​សិ្ថត​ក្រោម​ការ​គាប​សង្កត់​ខាង​ផ្លូវ​ច្បាប់​ ដោយ​អំណាច​តុលាការ​របស់​ប្រទេស​កម្ពុជា។​ អ្នក​ទាំង​បួន​នោះ​ រួមមាន​ លោក ​វ៉ែន វ៉ន​ ជា​ជនជាតិ​ភាគតិច​ជង​ និង​ជា​សកម្មជន​ការពារ​សម្បត្តិ​ធម្មជាតិ​ក្នុង​តំបន់​អារ៉ែង​ ដែល​ទើប​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ពី​បទល្មើស​ព្រៃឈើ​ និង​លោក សាន់​ ម៉ាឡា​ ទ្រី សុវិគា​ និង​លោក​ ស៊ីម សំណាង​ ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង។​

ពាក្យ​បណ្តឹង​នោះ​បាន​បញ្ជាក់​ពី​ការ​រំខាន​ខាង​ផ្លូវ​ច្បាប់​ថា៖​ «ការ​យាយី​ទៅ​លើ​សិទ្ធិ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​បី​ គឺ​មាន​បំណង​យ៉ាង​ជាក់​ច្បាស់​ ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​សកម្មភាព​សិទ្ធិ​មនុស្ស​ស្រប​ច្បាប់​របស់​ពួកគេ»។

​ក្រុម​គ្រួសារ​របស់​សកម្មជន​បរិស្ថាន​ទាំង​បី​រូប​ដែល​កំពុង​ជាប់​ឃុំ​ កាល​ពី​ដំណាច់​ខែ​មីនា​ ក៏​បាន​ព្យាយាម​ស្វែងរក​ជំនួយ​ពី​លោក​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​ ដោយ​ការ​ដើរ​ដោយ​ថ្មើរ​ជើង​ពី​តំបន់​វត្តភ្នំ​ដូនពេញ​ មក​ផ្ទះ​របស់​នាយករដ្ឋមន្ត្រី​ នៅ​ក្បែរ​វិមាន​ឯករាជ្យ។​



ការ​ដើរ​ដោយ​ថ្មើរ​ជើង​ដែល​មាន​គ្នា​ប្រមាណ​តែ​ពីរ​ទៅ​បី​នាក់​ មិន​ត្រូវ​បាន​ស្វាគមន៍​ដោយ​អាជ្ញាធរ​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​ និង​មន្ត្រី​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នោះ​ទេ។​ ផ្ទុយ​ទៅ​វិញ​ ក្រុម​គ្រួសារ​របស់​សកម្មជន​បរិស្ថាន​ទាំង​បី​នាក់​នោះ​ បាន​រង​ការ​ស្តី​បន្ទោស​ធ្ងន់​ ពី​លោក ​គង់​ ចំរើន មន្ត្រី​ទទួល​ពាក្យ​បណ្តឹង​របស់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី។ មន្ត្រី​រូប​នេះ​ បាន​ប្រាប់​ក្រុម​គ្រួសារ​សកម្មជន​បរិស្ថាន​ថា​ លោក​ ហ៊ុន សែន​ ពុំ​មាន​សិទ្ធិ​ជ្រៀតជ្រែក​ស្ថាប័ន​តុលាការ​ ឬ​ស្ថាប័ន​សភា​នោះ​ទេ​ និង​បន្ទោស​ក្រុម​គ្រួសារ​ទាំងនោះ​ថា​ បាន​ធ្វើ​ខូច​ដល់​សណ្តាប់ធ្នាប់​សាធារណៈ។

រូបឯកសារ៖ អ្នក​ស្រី ​សំ​ សំណាង​ វ័យ​ ៥៤ឆ្នាំ​ ម្តាយ​របស់​លោក​ ទ្រី សុវិគា​ សុំ​មន្ត្រី​ប៉ូលីស​បើកផ្លូវ​ឲ្យ​អ្នកស្រី​និង​អ្នក​តវ៉ា​ផ្សេង​ទៀត​ ទៅ​ជួប​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣១​ ខែ​មីនា​ ឆ្នាំ​ ២០១៦។​ (ហ៊ុល​ រស្មី/VOA)
រូបឯកសារ៖ អ្នក​ស្រី ​សំ​ សំណាង​ វ័យ​ ៥៤ឆ្នាំ​ ម្តាយ​របស់​លោក​ ទ្រី សុវិគា​ សុំ​មន្ត្រី​ប៉ូលីស​បើកផ្លូវ​ឲ្យ​អ្នកស្រី​និង​អ្នក​តវ៉ា​ផ្សេង​ទៀត​ ទៅ​ជួប​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣១​ ខែ​មីនា​ ឆ្នាំ​ ២០១៦។​ (ហ៊ុល​ រស្មី/VOA)


អ្នកស្រី​ ថា​ សុភា​ ភរិយា​របស់​លោក ​ស៊ីម​ សំណាង​ បាន​ប្រាប់​ VOA​ ថា អ្នក​ស្រី​ពុំ​ទាន់​បាន​ទទួល​ដំណឹង​ទាក់​ទិន​ពាក្យ​បណ្តឹង​របស់​លោក​ អាឡិច​ នោះ​ទេ​ តែ​អ្នកស្រី​ថា​ យុត្តិធម៌​ត្រូវ​តែ​ផ្តល់​ជូន​ស្វាមី​អ្នក​ស្រី​ តាម​ការ​ជួយ​ពី​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ។​

អ្នកស្រី ថា​ សុភា ថ្លែង​ប្រាប់ VOA ថា៖​«ខ្ញុំ​សង្ឃឹមថា​ អង្គការ​សហប្រជាជាតិ​នឹង​មាន​ប្រសិទ្ធភាព​ ដែល​អាច​ជួយ​ប្តី​ខ្ញុំ​បាន​ ដោយសារ​គាត់​សង្កេត​លើ​រឿង​ហ្នឹង​ដែរ​ណ៎ា​ គាត់​តាមដាន​មើល​រឿង​សកម្មជន​បី​នាក់​ហ្នឹង​ដែរ។​ អញ្ចឹង​ ខ្ញុំ​ក៏​បាន​ទៅ​សុំ​គាត់​ឲ្យ​ជួយ​អន្តរាគមន៍​បាន​ពីរ​ដង​ ជួប​ផ្ទាល់​ដោយ​អ្នក​ស្រី​ Rhona Smith»។

សកម្មជន​ទាំង​បី​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​ព្រះរាជអាជ្ញា​តុលាការ​ដំបូង​ខេត្ត​កោះកុង​ ចោទ​ប្រកាន់​ពី​បទ​គំរាមកំហែង​ មាន​ចេតនា​បង្ក​ការ​ខូចខាត​ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ទប់​ស្កាត់​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ​និង​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​សីហា​ ឆ្នាំ​២០១៥។ រហូត​មក​ទល់​នឹង​ពេល​នេះ​ ពួកគេ​បាន​ស្ថិត​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង​អស់​រយៈពេល​ជាង​៧ខែ​មក​ហើយ។​

លោក ​អ៊ិន គង់ជិត​ មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង​ ថ្លែង​ថា ការ​សើ្ន​ឲ្យ​មាន​ការ​ទម្លាក់​ចោល​វិធានការ​ច្បាប់​ប្រឆាំង​នឹង​សកម្មជន​ការពារ​បរិស្ថាន​ នឹង​បើក​ផ្លូវ​ឲ្យ​សកម្មជន​ទាំងនោះ​ មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន។​ លោក​ថា​ ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​ទាំង​បី​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ​ បាន​ធ្វើ​ឲ្យ​ពួកគេ​ឃ្លាតឆ្ងាយ​ពី​ការងារ​ដែល​គេ​បាន​ធ្វើ​ សម្រាប់​ការពារ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​កោះកុង។​ លោក​បន្ថែម​ថា​ តុលាការ​ត្រូវ​រួសរាន់​ បើក​សវនាការ​ជម្រះ​ក្តី​នេះ ព្រោះ​វា​បាន​អូស​បន្លាយ​ពេល​ជិត​៨​ខែ​មក​ហើយ។​

លោក អ៊ិន គង់ជិត ថ្លែង​ថា៖​«ការ​ឃុំ​ខ្លួន​ហ្នឹង​ វា​ជិត​ចូល​ដល់​ខែ​ទី​ប្រាំបី​ហើយ​ អញ្ចឹង​យើង​ឃើញ​ថា​ ដូច​ជា​លើស​នីតិវិធី​ហើយ​ ហើយ​យើង​ឃើញ​ថា​ មក​ដល់​ពេល​នេះ​ សំណុំរឿង​បាន​បញ្ជូន​ទៅ​ចៅក្រម​ជម្រះ​ ហើយ​លោក​ចៅក្រម​ជម្រះ​ និង​លោក​ព្រះ​រាជអាជ្ញា​ គាត់​អត់​ទាន់​បាន​កំណត់​ពេល​សវនាការ​នៅ​ឡើយ​ អញ្ចឹង​ធ្វើ​ឲ្យ​ពួក​គាត់​ មិន​ទាន់​ទទួល​បាន​នូវ​ភាព​យុត្តិធម៌​ នៅ​ក្នុង​រឿង​ក្តី​របស់​គាត់‍»។​

លោក ​ប៊ូ ប៊ុនហាំង​ ព្រះ​រាជអាជ្ញា​នៃ​តុលាការ​ខេត្ត​កោះកុង មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ តុលាការ​ខេត្ត​កោះ​កុង​ នឹង​បើក​អង្គ​សវនាការ​នៅ​ពេល​ណា​នោះ​ទេ​ ខណៈ​ដែល​ពេលនេះ​ ជា​ពេល​ដែលប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។​

ទិដ្ឋភាព​សាឡង់​បូម​ខ្សាច់​ចំនួន៥​នៅ​លើ​ព្រែក​អណ្តូង​ទឹក ខេត្ត​កោះកុង។ (រូប​ថត​ផ្តល់​ឲ្យ​អង្គការ​ចលនា​មាតា​ធម្មជាតិ)
ទិដ្ឋភាព​សាឡង់​បូម​ខ្សាច់​ចំនួន៥​នៅ​លើ​ព្រែក​អណ្តូង​ទឹក ខេត្ត​កោះកុង។ (រូប​ថត​ផ្តល់​ឲ្យ​អង្គការ​ចលនា​មាតា​ធម្មជាតិ)



ចលនា​មាតា​ធម្មជាតិ​ បាន​ធ្វើ​ការ​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ចការ​ការពារ​បរិស្ថាន​នៅ​ក្នុង​ខេត្ត​កោះកុង។​ ក្រៅ​ពី​ការ​តវ៉ា​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ដ៏​មហន្តរាយ​ដល់​បរិស្ថាន​នេះ​ ក្រុម​ការពារ​បរិស្ថាន​នេះ​ ក៏​បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​វិនិយោគ​ទំនប់​វារីអគ្គិសនី​លើ​ស្ទឹង​អារ៉ែង​នៃ​ជួរ​ភ្នំ​ក្រវ៉ាញ ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ Sinohydro​ ផង​ដែរ។​ សកម្មភាព​របស់​ពួកគេ ​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត។

ពាក្យ​បណ្តឹង​របស់​លោក អាឡិច​ ដដែល​នោះ​ ក៏បាន​លើកឡើង​ពី​ចំណាត់​ការ​ខុសផ្លូវ​ច្បាប់​រំលោភ​សិទ្ធិ​របស់​លោក​ និង​ស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ​ពីរ​រូប​ផ្សេង​ទៀត​ដែល​ជា​ព្រះ​សង្ឈ។​

បណ្តឹង​នោះ​បាន​ឲ្យ​ដឹង​ផង​ដែរ​ អំពី​វិធានការណ៍​អាជ្ញាធរ​កម្ពុជា​ ដែល​បាន​បណ្តេញ​រូប​លោក​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​បង្ខំ​ និង​ការ​ច្រាន​ចោល​ទិដ្ឋាការ​របស់​លោក​សម្រាប់​ការ​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ។​ ការ​បដិសេធ​ទិដ្ឋាការ​នេះ​ បាន​ធ្វើ​ឲ្យ​លោក​ខកខាន​មិន​បាន​ចូល​មក​បំភ្លឺ​ក្នុង​តុលាការខេត្ត​កោះកុង​ ដើម្បី​ចូល​រួម​សវនាការ​ជំនុំជម្រះ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ទប់​ស្កាត់​ការ​បូម​ខ្សាច់​របស់​សកម្មជន​ទាំង​បី​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ។ អង្គ​សវនាការ​នេះ​ត្រូវ​បាន​គ្រោង​រៀបចំ​ឡើង កាល​ពី​ថ្ងៃ​ទី៥​ ខែមេសា​កន្លង​ទៅ​នេះ៕

No comments: