A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 26 April 2016

គណបក្ស​កាន់​អំណាច​គ្រោង​ប្តឹង​អ្នកណា​ដែល​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន


25 មេសា 2016
នៅ វណ្ណារិន

លោក​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (ឆ្វេង) និង​លោកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក ហ៊ុន សែន បាន​ចូលរួម​ទិវា​ខួប​៣៧ឆ្នាំ​នៃ​ការ​ដួលរលំ​នៃ​របប​ខ្មែរ​ក្រហម នៅ​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជានៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​មករា ឆ្នាំ​២០១៦។ (AP/ហេង ស៊ីនិត)
លោក​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (ឆ្វេង) និង​លោកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក ហ៊ុន សែន បាន​ចូលរួម​ទិវា​ខួប​៣៧ឆ្នាំ​នៃ​ការ​ដួលរលំ​នៃ​របប​ខ្មែរ​ក្រហម នៅ​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជានៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​មករា ឆ្នាំ​២០១៦។ (AP/ហេង ស៊ីនិត)


​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ថ្លែង​ថា​ ​ការ​ប្តឹង​ផ្តល់​នេះ​អាច​មាន​លើស​ពី​អ្នក​វិភាគ​​មួយ​រូប គឺ​លោក អ៊ូ វីរៈ នោះ​ទៀត។​​


ភ្នំពេញ — voa


គណបក្ស​ប្រជាជន​កម្ពុជា​ដាក់​ពាក្យ​ប្តឹង​លោក ​អ៊ូ វីរៈ​ អ្នក​វិភាគ​នយោបាយ​ បន្ទាប់​ពី​លោក​បានធ្វើ​ការ​រិះគន់​លើ​គណបក្ស​ ​ខ្លួន​ទាក់​ទិន​នឹង​នាង​ ខុម ចាន់ដារ៉ាទី។​ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ថ្លែង​ថា​ ​ការ​ប្តឹង​ផ្តល់​នេះ​អាច​មាន​លើស​ពី​អ្នក​វិភាគ​មួយ​រូប។

​គណបក្ស​ប្រជាជន​កម្ពុជា​ ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ គ្រោង​នឹង​ដាក់ ​«ពាក្យ​បណ្តឹងបរិហារ​កេរ្តិ៍​ ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ»​ ចំពោះ​អ្នក​វិភាគ​និង​ជន​ណា​ដែល គណបក្ស​កាន់​អំណាច​នេះ​យល់ថា​ ​បាន​ធ្វើ​ការ​បញ្ចេញ​មតិ​ មួល​បង្កាច់​កិត្តិយស​របស់​គណបក្ស​ខ្លួន។​ ​នេះ​បើ​តាម​ការ​ឲ្យដឹង​របស់​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច។​

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​ ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​ប្រាប់ ​VOA​ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​ថា​គណ​បក្ស​របស់​លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​ ​បរិហារ​កេរ្តិ៍​ ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ «នា​ពេល​ឆាប់ៗ​ខាង​មុខ»​ ​ហើយ​ពាក្យ​បណ្តឹង​នោះ​គឺ​អាច​ប្តឹង​លើ​អ្នក​វិភាគ​លើស​ពី​មួយ​រូប​ ​ដែល​គណបក្ស​លោក​ ​យល់​ថា​ បាន​ថ្លែង​បង្កាច់​កិតិ្តយស​របស់​ខ្លួន​នា​ពេល​ថ្មីៗនេះ។​

ដោយ​មិន​ចង់​បញ្ចេញ​ឈ្មោះ​អ្នក​វិភាគ​នយោបាយ​ណា​នោះ​ ​លោក​ សុខ ឥសាន​ ថ្លែង​ប្រាប់​ VOA ​ថា៖​ ​«ហ្អេ​អត់​ដឹង​ដែរ​ស្រេច​តែ​អ្នកវិភាគទៅ​ ​ខ្ញុំ​អត់​ទាន់​ដឹង​ទេ​ ​ពីព្រោះ​ថា​គណបក្ស​មិន​ទាន់​យក​ពាក្យ​បណ្តឹង​ទៅ​ដល់​តុលាការ​ ឲ្យ​គេ​វាយ​ត្រា​ចូល​ទេ យើង​អត់​ទាន់​បាន​កំណត់​បាន​ទេ។ ​មិន​ទាន់​កំណត់​បាន​ថា​មុខ​សញ្ញា​ណា​មួយ​ទេ។​ ហើយ​ថ្ងៃ​មិញ​មាន​ទៀត​ណា​ ​ម៉ោងមួយ​នៅ​ ​Radio France Inter ហ្នឹង​និយាយ​វែង​ជាង​លោក​ អ៊ូ វីរៈ​ ទៀត។ ហ្នឹង​ឲ្យ​គាត់​វិភាគ​ ឲ្យ​គាត់​មាន​ព្រំដែន ​ឲ្យ​គាត់​មាន​កំណត់​កម្រិត​ច្បាស់លាស់​ ​ហ្នាហ្នឹង​ ​បាន​គេ​ហៅ​ថា​គោរព​ច្បាប់​ ​មាន​ព្រំដែន។​ ​មិន​មែន​សេរីភាព​របស់​យើង​និយាយ​ទៅ​ ​គង​លើ​គេ​លើ​ឯង​ ​ហើយ​អត់មាន​ការ​ទទួល​ខុស​ត្រូវ​ម៉េច​បាន»។​

ឯកសារ៖ លោក អ៊ូ វីរៈ អ្នក​វិភាគ​និង​ជា​ប្រធានអង្គការវេទិកា​អនាគត
ឯកសារ៖ លោក អ៊ូ វីរៈ អ្នក​វិភាគ​និង​ជា​ប្រធានអង្គការវេទិកា​អនាគត




​លោក​ សុខ ឥសាន​ បាន​បញ្ញាក់​ថា​ការ​ប្តឹង​នេះ​គឺ​ទាក់ទិន​នឹង​រឿង​ចុះ​ផ្សាយ​តាម​ព័ត៌មាន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។​

​«ប្តឹង​ប៉ុន្មាន​ថ្ងៃ​នេះ​ អាស៊ីសេរី​ចាក់​ផ្សាយ​ថ្ងៃទី​២៤-២៥​នេះ​ ថ្មីៗ​ក្តៅៗ។ គុយទាវ​ថ្មីៗ​បាន​ឆ្ងាញ់​ ទៅ​យក​គុយទាវ​ផ្អូម​មក​ធ្វើអី​!​ ​ខ្ញុំ​ថា​អា​រឿង​បច្ចុប្បន្នភាព​ ក្តៅៗ​នេះ។​ ​ប្រៀប​ដូច​ហូប​គុយទាវអញ្ចឹង​ ​ហូប​គុយទាវ​ ហ៊ុយៗ​ក្តៅៗ​បាន​ឆ្ងាញ់»។​

​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ប្រជាជន​កម្ពុជា​ ​គឺ​មិន​ប៉ុន្មាន​ម៉ោង​ ​ក្រោយ​ពី​លោក​ហ៊ុន សែន​ ​ដ៏​មាន​ឥទ្ធិពល​ ​បាន​ប្រកាស​និង​បញ្ជា​ឲ្យ​មន្ត្រី​គណបក្ស​របស់​ខ្លួន​ត្រៀម​ពាក្យ​បណ្តឹង​ ​និង​មេធាវី​ដើម្បី​ប្តឹង​ ​«ជន​ណា​ក៏​ដោយ»​ ​ដែល​ធ្វើ​ការ​មួល​បង្កាច់​នឹង​លាប​ពណ៌​ក្លែង​បន្លំ​ ​ដល់​គណ​បក្ស​កាន់​អំណាច​នោះ។​ ​ក្នុង​អត្ថបទ​មួយ​ដែល​ ​ផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នា​ថ្ងៃ​ច័ន្ទ​នេះ​ ​លោក​ហ៊ុន សែន​ក៏​បាន​ឲ្យដឹង​ថា​ លោក​និង​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន ​អត់ធ្មត់​និង​លើកលែង​ ​ដល់​ការ​រិះ​គន់​ ដែល​ «មាន​ចរិត​មួល​បង្កាច់»​នេះ​ជា​ច្រើន​លើក​ ច្រើន​សារ​មក​ហើយ​នា​ពេល​កន្លង​មក។​

​ដោយ​មិន​បញ្ចេញ​ឈ្មោះ​អ្នកវិភាគ​ ​លោក​ ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ ​របស់​លោក​ ​ក្នុង​ន័យ​ដើម​ថា៖​ «​សូម​អំពាវ​នាវ​ចំពោះ​អ្នកវិភាគ​ ​អ្នក​អត្ថាធិប្បាយ​ ​កុំ​ព្យាយាម​ក្លែង​បន្លំ ​ពណ៌​ក្រហម​ ​និង​ពណ៌​ផ្កា​ឈូក​ ​ថា​វា​ដូច​គ្នា​។​ ​អស់​លោក​មាន​សិទ្ធិ​ ​សូម​កុំ​ភ្លេច​ថា​ ​យើង​ ខ្ញុំ​ក៏​មាន​សិទ្ធិ​ដូច​អស់​លោក​ដែរ​»។

នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន ​ក៏​បាន​សរសេរ​បន្ថែម​ផង​ដែរ​ថា៖​ ​«ការ​អត់​ឱន​ពិត​ជា​មាន​ព្រំដែន​ ​ដែល​បង្ខំ​អោយ​យើង​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ផ្លូវ​ច្បាប់​ប្រឆាំង​ជន​ទាំង​ឡាយ​ណា​ដែល​នៅ​តែ​បន្ត​ការ​មួល​បង្កាច់​បង្ខូច​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​គណបក្ស​ប្រជាជន​កម្ពុជា​យើង។

​យ៉ាង​ណា​ក៏​ដោយ​ ​អ្នកវិភាគ​និង​មន្ត្រី​គណបក្ស​ជំទាស់​យល់​ថា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​គណ​បក្ស​កម្ពុជា​ គួរ​តែ​បញ្ជាក់​ ពី​ករណី​ ​មួល​បង្កាច់​មក​លើ​ខ្លួន​និង​ជន​ដែល​គណ​បក្ស​លោក​ចង់​ប្តឹងឲ្យ​បាន​ច្បាស់​ផង​ដែរ។

​លោក​ យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​នៃ​គណ​បក្ស​ជំទាស់​គឺ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​បាន​ថ្លែង​ថា៖​ «ខ្ញុំ​មិន​ដឹង​ថា​តើ​ ​គណ​បក្ស​ប្រជាជន​គាត់​សំដៅ​ទៅ​លើ​អីទេ! ​សំដៅ​ទៅ​លើ​អ្នក​ណា​ ​ហើយ​សំដៅ​ទៅ​លើ​ខ្លឹមសារ​ ​ដែល​គាត់​យល់​ឃើញ​ថា​បាន​ប៉ះពាល់​ទៅ​លើ​កិត្តិយស​ ឬ​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​ណា​នោះ​គឺ​ខ្ញុំ​មិន​ដឹង​ថា​ គាត់​ចង់​មាន​ន័យ​ថា​ម៉េច»។

​ជា​មួយ​គ្នា​នោះ​ដែរ​ ​លោក​ កែម ឡី​ អ្នក​ស្រាវ​ជ្រាវ​សង្គម​និង​អ្នក​វិភាគ​នយោបាយ​ថ្លែង​ថា៖​ «ចំណុច​ទី​មួយ​ខ្ញុំ​ឃើញ​គឺ​ថា​នៅ​ស្រុក​ខ្មែរ​យើង​ត្រូវ​ឲ្យ​មាន​និយមន័យ ឬ​ដែន​កំណត់​នៃ​ពាក្យ​ថា​បញ្ចេញ​មតិ មួល​បង្កាច់ បង្ខូច​កេរ្តិ៍​ឈ្មោះ ។ បើ​មិន​ដូច្នេះ​ទេ​អាច​មាន​ការ​ខុស​ឆ្គង​ក្នុង​ការ​ប្រើ​ប្រាស់​អំណាច​រដ្ឋ»។​

​អ្នក​វិភាគ​ដដែល​ថ្លែង​ថា​វា​ជា​ការ​ខាត​បង់​មួយ​ដែល​ គណបក្ស​កាន់​អំណាច​ ព្យាយាម​ដាក់​កំហិត​ទៅ​លើ​មតិ​រិះ​គន់​ ​និង​មិនព្រម​ទទួល​យក​ព័ត៌មាន​ ​បែប​រិះគន់​ ​ដែល​អាច​ជួយ​ឲ្យ​រដ្ឋាភិបាល​ទទួល​បាន​ព័ត៌មាន​ពី​គ្រប់​ជ្រុងជ្រោយ​នោះ។​ ​យ៉ាង​ណា​ក៏​ដោយ​ ​លោក ​កែម ឡី​ អះអាង​ថា​ ​វា​ជា​ពិបាក​ក្នុង​ការ​បំបិទ​ ​មិន​ឲ្យ​មាន​ការ​បញ្ចេញ​មតិរិះគន់​ក្នុង​ប្រទេស​កម្ពុជា​ ​ខណៈ​ពេល​ដែល​បច្ចេកវិទ្យា​នឹង​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ ​ហ្វេសប៊ុក​ដ៏​មាន​ឥទ្ធិពល​ កំពុង​ទទួល​ការ​ពេញ​នោះ។​

​ការ​គំរាម​ប្តឹង​ផ្តល់របស់​គណ​បក្ស​កាន់​អំណាច​ និង​ លោក​ហ៊ុន សែន ​គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ការ​រិះគន់​ជា​ច្រើន​ពី​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ​ទាក់ទិន​នឹង​ ​ការ​ចាប់​ខ្លួន​មន្ត្រី​គណ​បក្ស​ជំទាស់​ ​នឹង​បណ្តឹង​ដ៏​មាន​ភាព​សំាញ៉ាំ​ ​ក្នុងករណី​ទំនាក់​ទំនង​ស្នេហារបស់​នាង​ ខុម ចាន់ដារ៉ាទី​ ឬ​ស្រីមុំ។​ ​ក្រោយ​ពី​មាន​ការ​លេច​ធ្លាយ​នៃ​ ​ខ្សែអាត់​សំឡេង​សារ​សង​ស្នេហា​ ​ដែល​គេ​ថា​ជា​សំឡេង​របស់​នាង​ ខុម ចាន់ដារ៉ាទី​ និង​លោក​ ​កឹម សុខា​ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។ នាង​ ចាន់ដារ៉ាទី​ ​បាន​ឆ្លើយ​សារភាព​ ​នឹង​ទាក់​កំហុស​ទាំង​ស្រុង​លើ​លោក​ ​កឹម សុខា​និង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​ ​ដែល​ជួយ​ផ្តល់​មេធាវី​ដល់​ខ្លួន​។​ នាង​ចោទ​ថា​ ​អង្គការ​សិទ្ធិ​មនុស្ស​ Adhoc​ បាន​ជំរុញ​ឲ្យ​នាង​ផ្តល់​ចម្លើយ​ក្លែង​ក្លាយ​នា​ពេល​កន្លង។​

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ធ្វើ​ការ​នាំ​ខ្លួន​មេឃុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​ ស៊ាង​ ចែត​ ពី​ខេត្ត​កំពង់ចាម​ ​ទាក់នឹង​រឿង​ស្រីមុំ។

​នា​ថ្ងៃ​ច័ន្ទ​នេះ​ ​អង្គភាព​ប្រឆំាង​អំពើ​ពុក​រលួយ​បាន​ចេញ​លិខិត​កោះ​ហៅមន្ត្រី​និង​មេធាវី​នៃ​អង្គ​ការ​សិទ្ធិ​មនុស្ស​អាដហុក​ ​ចំនួន​៥រូប​ ​នឹង​អ្នក​ការពារ​សិទ្ធិ​ស្ត្រី​មួយ​ចំនួន៣​រូប​ផ្សេង​ទៀត​ ឲ្យ​ចូល​បំភ្លឺ​នា​ថ្ងៃ​ពុធ​ខាង​មុខ​ ​ទាក់ទិន​និង​រឿង​នាង​ ខុម ចាន់ដារ៉ាទី៕

No comments: