A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 23 April 2016

លោក ហ៊ុន សែន៖ ​លោក អ៊ុំ សំអាន ​ឆ្កឹះ​កកាយ​រឿង​ព្រំដែន​បំណង​​ញុះញង់​និង​ទម្លាក់​នាយករដ្ឋមន្ត្រី


ដោយ ខែ សុណង
2016-04-22

ហ៊ុន សែន អ៊ុំ សំអាន ៦២០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន។
Photo: RFA


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន គឺ​ត្រឹមត្រូវ​តាម​ច្បាប់ ព្រោះ​ជំរុញ​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង ក្នុង​ការ​ផ្សព្វផ្សាយ​ផែនទី និង​ប្រើ​ពាក្យ​សម្ដី​ក្នុង​ទិសដៅ​ញុះញង់ បំផុស​បំផុល​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង និង​មាន​ទិសដៅ​ទម្លាក់​នាយករដ្ឋមន្ត្រី។ ការ​ថ្លែង​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២២ ខែ​មេសា។ មន្រ្តី​គណបក្ស​សង្រ្គោះជាតិ នៅ​តែ​ចាត់​ទុក​លោក អ៊ុំ សំអាន ថា​ជា​អ្នក​រងគ្រោះ​ដោយសារ​ឈឺ​ឆ្អាល និង​គិតគូរ​ពី​បញ្ហា​ប្រទេស​ជាតិ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ករណី​ចាប់​ខ្លួន​តំណាងរាស្ត្រ​ដែល​សកម្ម​ក្នុង​រឿង​ព្រំដែន គឺ​លោក អ៊ុំ សំអាន តាម​ផ្លូវ​នយោបាយ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា លោក អ៊ុំ សំអាន គឺ​ជា​ជនរងគ្រោះ​ដោយសារ​តែ​គាត់​ឈឺ​ឆ្អាល និង​មាន​ស្មារតី​គិតគូរ​ពី​ប្រទេស​ជាតិ មាន​ទឹក​ចិត្ត​ស្នេហា​ជាតិ។ លោក​ថា បញ្ហា​នេះ​ម្ចាស់​ឆ្នោត​ជា​អ្នក​វិនិច្ឆ័យ៖ «យើង​ដឹង​ហើយ​ថា រឿង​នេះ​ជា​រឿង​នយោបាយ វា​ត្រូវ​តែ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ ហើយ​ការ​ដោះស្រាយ​ចេញ​មិន​ចេញ គឺ​យើង​ចាំ​មើល​លទ្ធផល​ទៅ​មុខ​ទៀត។ ក៏​ប៉ុន្តែ​អ្នក​ដែល​ស្រលាញ់​យុត្តិធម៌​អាច​នឹង​ជួយ​បាន គឺ​ប្រជាពលរដ្ឋ​គាត់​ត្រូវ​ត្រិះរិះ​ពិចារណា ហើយ​ថា ជម្រើស​របស់​គាត់​សម្រាប់​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ ថា​តើ​គាត់​ចង់​បាន​សង្គម​មួយ​ដែល​មាន​អំពើ​អយុត្តិធម៌​បែប​ហ្នឹង ឬ​មួយ​ក៏​គាត់​ចង់​បាន​សង្គម​មួយ​ដែល​យុត្តិធម៌?»។



អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​បែប​នេះ​ឆ្លើយ​តប​ទៅ​នឹង​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើក​ឡើង​ជុំវិញ​ករណី​ចាប់​ខ្លួន​លោក អ៊ុំ សំអាន នៅ​ក្នុង​កិច្ច​ប្រជុំ​នា​វិមាន​សន្តិភាព​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន គឺ​ត្រឹមត្រូវ​តាម​ច្បាប់ ព្រោះ​ជា​បទល្មើស​ជាក់ស្ដែង ដែល​ជំរុញ​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ជិត​ខាង។

លោក​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ផែនទី និង​ប្រើ​ពាក្យ​សម្ដី​ក្នុង​ទិសដៅ​ញុះញង់ និង​បំផុស​បំផុល​ឲ្យ​មាន​ជម្លោះ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជិត​ខាង និង​មាន​ទិសដៅ​ទម្លាក់​នាយក​រដ្ឋមន្ត្រី៖ «ដូច្នេះ​ការ​បន្ត​លើក​ឡើង​របស់​អ្នក​តំណាងរាស្ត្រ​រូប​នេះ មិន​មាន​ទិសដៅ​ដោះស្រាយ​ពិនិត្យ​មើល និង​ដោះស្រាយ​បញ្ហា​ព្រំដែន និង​ការ​ប្រើប្រាស់​ផែនទី​ទេ គឺ​មាន​ទិសដៅ​ផ្សេង គឺ​ញុះញង់ និង​បំផុស​បំផុល​ឲ្យ​រឿង​ជាមួយ​ប្រទេស​ជិត​ខាង និង​ទិសដៅ​ទម្លាក់​នាយករដ្ឋមន្ត្រី»។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា អ្នក​តំណាងរាស្ត្រ អ៊ុំ សំអាន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ហើយ​ឃុំ​បណ្ដោះអាសន្ន​នៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ។ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​គុក​ព្រៃស ដោយ​ចោទ​ប្រកាន់​ពីរ​បទល្មើស គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាអាទិ៍ នៃ​ក្រម​ព្រហ្មទណ្ឌ។

ចំណែក​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) មាន​ប្រសាសន៍​ថា ការ​បង្ហោះ​ឯកសារ​នៅ​លើ​ហ្វេសប៊ុក (Facebook) វា​មិនមែន​ជា​បទឧក្រិដ្ឋ​ទេ ប៉ុន្តែ​គឺ​ជា​ការ​សម្ដែង​ទស្សនៈ​របស់​មនុស្ស​គ្រប់​រូប ហើយ​ការ​ជឿ ឬ​មិន​ជឿ​លើ​ព័ត៌មាន​នោះ អាស្រ័យ​លើ​ការ​យល់​ឃើញ​របស់​មហាជន។ លោក​ថា នាយករដ្ឋមន្ត្រី​កម្ពុជា ទៅ​វិញ​ទេ ដែល​មិន​យល់​អំពី​ពាក្យ​ថា “បទល្មើស​ជាក់ស្ដែង"។

លោក ប៊្រែដ អាដាម៖ «ជាក់ស្ដែង​ណាស់ លោក ហ៊ុន សែន និង​មន្ត្រី​ផ្នែក​ច្បាប់​របស់​លោក មិន​យល់​ពី​អ្វី​ដែល​រដ្ឋធម្មនុញ្ញ​បាន​ចែង​នោះ​ឡើយ ឬ​ក៏​មិន​យល់​ពី​អ្វី​ទៅ​ជា​បទល្មើស​ជាក់ស្ដែង​នោះ​ទេ។ បទល្មើស​ជាក់ស្ដែង​មាន​ន័យ​ថា អ្នក​ប្រព្រឹត្ត​បទល្មើស​ត្រូវ​គេ​ចាប់​បាន​ក្នុង​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​តែម្ដង។ មូលហេតុ​ដែល​រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏​ដូចជា​រដ្ឋធម្មនុញ្ញ​ដទៃ​ទៀត​នៅ​លើ​ពិភពលោក អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​ខ្លួន​មន្ត្រី​រាជការ​ដែល​មាន​អភ័យ​ឯកសិទ្ធិ​ក្នុង​ករណី​បទល្មើស​ជាក់ស្ដែង​នោះ គឺ​ដោយសារ​ថា បើ​មិន​ចែង​ដូច្នេះ​ទេ សមត្ថកិច្ច​មិន​អាច​ចាប់​ខ្លួន​បុគ្គល​នោះ​បាន​ទេ ក្នុង​ករណី​បុគ្គល​ដែល​មាន​អភ័យ​ឯកសិទ្ធិ​ទៅ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ណា​មួយ។ គ្មាន​ប្រទេស​ណា​មួយ​អនុញ្ញាត​ឲ្យ​មាន​រឿង​អ៊ីចឹង​កើត​ឡើង​ទេ។ បទល្មើស​ជាក់ស្ដែង គឺ​សំដៅ​ករណី​ដែល​បុគ្គល​ណា​មួយ​កំពុង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ហិង្សា ឬ​មួយ​ក៏​ចោរកម្ម បទល្មើស​ទាំង​ឡាយ​ដែល​កំពុង​កើត​ឡើង ហើយ​ក្នុង​ករណី​នោះ សមត្ថកិច្ច​អាច​ធ្វើ​សកម្មភាព​បាន ពួកគេ​មិន​ចាំបាច់​ត្រូវ​រង់ចាំ​ស្នើ​សុំ​ទៅ​រដ្ឋ​សភា​ឲ្យ​ដក​អភ័យ​ឯកសិទ្ធិ​របស់​បុគ្គល​នោះ​ទេ។ ប៉ុន្តែ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​នោះ​មក បើ​សមត្ថកិច្ច​ចង់​បន្ត​នីតិវិធី​ចោទ​ប្រកាន់ សមត្ថកិច្ច​ត្រូវ​ស្នើ​សុំ​ទៅ​រដ្ឋសភា​ឲ្យ​ដក​អភ័យឯកសិទ្ធិ​របស់​បុគ្គល​នោះ។ វា​មិន​ត្រូវ​បាន​គេ​យក​មក​អនុវត្ត​ក្នុង​ករណី​បទ​ចោទ​ណា ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ក្នុង​ពេល​អតីតកាល​នោះ​ទេ ដូចជា​លើស​ពី ២ ម៉ោង ៥​ម៉ោង ២​ថ្ងៃ ៥​ថ្ងៃ ៦​ខែ ឬ ១​ឆ្នាំ​មុន​នោះ​ឡើយ»។

នៅ​ក្នុង​កិច្ច​ប្រជុំ​នា​វិមាន​សន្តិភាព​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ក្រៅ​អំពី​ការ​លើក​ពី​ករណី​លោក អ៊ុំ សំអាន កិច្ច​ពិភាក្សា​នេះ​បាន​លើ​របៀបវារៈ​សំខាន់ៗ រួម​មាន​មក​ពិភាក្សា​គឺ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន សេចក្ដី​ព្រាង​ផែនការ​មេ ឆ្ពោះ​ទៅ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (២០១៦-២០២៣)។ ចុង​ក្រោយ​ពិភាក្សា​ពី​បញ្ហា​ផ្សេងៗ​ លើ​សំណើ​យល់​ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ "កិច្ច​ព្រមព្រៀង​ រវាង​រាជរដ្ឋាភិបាល​នៃ​កម្ពុជា និង​រដ្ឋាភិបាល​ហុងគ្រី ស្ដីពី​ការ​ជំរុញ​ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ"៕

3 comments:

Anonymous said...

When the PM betrays the people whom he is supposed to serve and protect, then this PM shall be dethroned.

Anonymous said...

Dear All,

Had Dictator & Traitor Hun Sen solved the border problems with Yuon, neither Senator Oum Sam An nor Mr. Sam Rainsy are being imposed with artificial hardship and unjust punishment.

Change must and will be made.

Anonymous said...


Hun Sen,

If Um Sam An disseminated the wrong information about the border issues with your master Yuon, can you correct him?

Will it make you die if you simply correct Um Sam An's statements and also appreciate him for his unrelenting efforts to protect Cambodia territorial integrity?

Your unjust actions to imprison Um Sam An and Hong Sok Huor have spontaneously revived the notion that you are still a Yuon's puppet.
It is clear that parliamentary immunity does not mean anything with your jungle law.

You must stop punishing Khmer people to please Yuon. Otherwise, people will call you Ah Kwack Hun Sen Chor Kbot Cheat again.

Bun Thoeun