A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 30 April 2016

ACU មិន​ទាន់​បញ្ជាក់​អំពី​បទ​ចោទ​លើ​មន្ត្រី​អាដហុក​និង​មន្ត្រី​គ.ជ.ប


ដោយ ថា កិត្យា និង សេក បណ្ឌិត
2016-04-29

ឱម យ៉ិនទៀង ៨៥៥ ២០១៦
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ឃាត់​ខ្លួន​មន្ត្រី​​មន្ត្រី គ.ជ.ប និង​មន្ត្រី​សិទ្ធិ​មនុស្ស ៥​នាក់ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦។
 RFA/Cheu Sideth


អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហៅ​កាត់​ថា (ACU) បញ្ជាក់​ថា ការ​ឃាត់​ខ្លួន​មន្ត្រី​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ.ជ.ប មួយ​រូប គិត​ចាប់​ពី​ម៉ោង ៨​យប់ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា គឺ​ពាក់ព័ន្ធ​ជាមួយ​នឹង​អំពើ​ពុករលួយ តែ​ពុំ​បាន​បញ្ជាក់​ពី​បទ​ចោទ​អ្វី​នោះ​ទេ។ អ្នក​ច្បាប់​យល់​ថា នីតិវិធី​ឃាត់​ខ្លួន​របស់ ACU នេះ ពុំ​ត្រឹមត្រូវ​ឡើយ។

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​ជំនួប​ជាមួយ លោក ធន សារាយ ប្រធាន​សមាគម​អាដហុក ថា ACU នឹង​បញ្ជូន​មន្ត្រី​សិទ្ធិមនុស្ស ៤​រូប​របស់​សមាគម​អាដហុក និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក នី ចរិយា ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល ៤៨​ម៉ោង​បន្ទាប់​ពី​ការ​ឃាត់​ខ្លួន​ រាប់​ពី​​ម៉ោង ៨​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​មេសា ពាក់ព័ន្ធ​នឹង​ពី​អំពើ​ពុករលួយ។

​ទោះ​ជា​យ៉ាង​ណា លោក ឱម យ៉ិនទៀង ពុំ​បាន​បញ្ជាក់​ពី​បទ​ចោទ​អ្វី​​ជាក់លាក់​នោះ​ទេ តែ​លោក​អះអាង​ថា ចម្លើយ​របស់​អ្នក​ទាំង ៥​នាក់ គឺ​ស៊ីចង្វាក់​ជាមួយ​ភស្តុតាង និង​ចម្លើយ​សារភាព​របស់​អ្នក​ផ្សេង​ទៀត៖ «ជាប់​ក្នុង​មាត្រា​ណា​មួយ​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។ ខ្ញុំ​និយាយ​មិន​បាន​នៅ​មុន​ម៉ោង ប្រសិនបើ​តុលាការ​គេ​ទទួល​ចោទ​ប្រកាន់ ខ្ញុំ​ធ្វើ​សន្និសីទ​សរសេរ​លាយលក្ខណ៍អក្សរ​អោយ​មើល​ទៀត»។



ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា តាម​ច្បាប់ គឺ​ការ​ឃាត់​ខ្លួន​បុគ្គល​ណា​មួយ​នោះ លុះត្រា​តែ​មាន​បទល្មើស​ជាក់ស្ដែង ឬ​មាន​ដីកា​ពី​តុលាការ។ លោក​បន្ថែម​ថា ការ​ឃាត់​ខ្លួន​ទៀតសោត ក៏​ត្រូវតែ​បញ្ជាក់​អំពី​បទ​ចោទ៖ «ត្រូវ​ប្រាប់​ជន​ជាប់​ចោទ​ថា អ្នក​ឯង​ចាប់​ឃាត់​ខ្លួន​ពី​រឿង​អី បើ​អ៊ីចឹង​មាន​ន័យ​ថា ឃាត់​ខ្លួន​អត់​មាន​មូលហេតុ។ បើ​យើង​អត់​ប្រាប់​ថា ចោទ​ពី​បទ​អី អ៊ីចឹង​មាន​ន័យ​ថា ឃាត់​ខ្លួន​គេ​ដើម្បី​សួរ​រក​ខុស​មិន​ខុស»។

ចំពោះ​ករណី​មន្ត្រី​នៃ​ការិយាល័យ​ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា គឺ​លោក សឺន សាលី ដែល​មិន​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​លើក​ទី​១​នោះ លោក ឱម យ៉ិនទៀង ថា អង្គភាព​នឹង​ចេញ​លិខិត​នាំ​ខ្លួន​តែម្ដង តែ​មិន​បញ្ជាក់​ពី​ពេល​វេលា​ជាក់លាក់៖ «ច្បាប់ ​គឺ​ថា នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​លិខិត​កោះ​ម្ដង​មិន​ចូល លើក​ទី​ពីរ​នាំ​ខ្លួន។ ខ្ញុំ​និយាយ​ថា ច្បាប់ បើ​ខ្ញុំ​មិន​គោរព​ច្បាប់ ខ្ញុំ​គោរព​អ្នក​ណា? និយាយ​អាច​ម៉េច? ត្រូវ​តែ​នាំ​ខ្លួន»។


មន្ត្រី​អាដហុក ៤​នាក់ នី ចរិយា ៦២០
ពី​ឆ្វេង៖ អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។ RFA


​ក្នុង​ចំណោម​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក ទាំង ៤​នាក់ មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី និង​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះ​ហៅ​មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ តាំង​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ហើយ​បាន​សាកសួរ​ទាំង​យប់​ថ្ងៃ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មេសា។

ទោះ​យ៉ាង​ណា ACU នៅ​មិន​ទាន់​អនុញ្ញាត​ឲ្យ​មេធាវី និង​គ្រួសារ​ចូល​ជួប​អ្នក​ទាំង ៥​នាក់​នោះ​ទេ នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​ត្រូវ​ចាំ​ផុត ២៤​ម៉ោង​ក្រោយ​ឃាត់​ខ្លួន ព្រោះ​ថា ការ​ឃាត់​ខ្លួន​នេះ មិន​បាន​គិត​ចាប់​តាំង​ពី​ការ​ចូល​បំភ្លឺ​នោះ​ទេ។

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ការ​ឃាត់​ខ្លួន​នេះ គួរ​តែ​គិត​ចាប់​តាំង​ពី​ម៉ោង​ចូល​បំភ្លឺ៖ «លើស​ម៉ោង​ រដ្ឋបាល​គេ​ឃាត់​ខ្លួន ហើយ​កាលណា​ឃាត់​ខ្លួន​រាប់​ចាប់​តាំង​ពី​ម៉ោង​ចូល។ ចាប់​គេ​តាំង​ពី​អើយ​មក ហើយ​អត់​អោយ​គេ​ទៅ​ផ្ទះ​ផង បាត់បង់​សិទ្ធិ​សេរីភាព»។

​ក្នុង​ចំណោម​គ្រួសារ​អ្នក​ទាំង ៥ នោះ កូនស្រី​អ្នកស្រី លឹម មុន្នី រៀប​រាប់​ទាំង​ទឹកភ្នែក​ថា ម្ដាយ​របស់​នាង​មាន​ជំងឺ​លើសឈាម និង​មាន​វ័យ​ចំណាស់​ផង ហើយ​ពួកគាត់​ជា​មន្ត្រី​សិទ្ធិមនុស្ស​បាន​ចំណាយ​ពេល​រាប់​សិប​ឆ្នាំ​ក្នុង​បុព្វហេតុ​ការងារ​ការពារ និង​លើក​ស្ទួយ​សិទ្ធិមនុស្ស ពោល​គឺ​បាន​ជួយ​ជន​រង​គ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិ​ជា​ច្រើន ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​ដោះលែង​គាត់​វិញ៖ «គាត់​អត់​បាន​ធ្វើ​ខុស​សោះ តាំង​ពី​ខ្ញុំ​នៅ​តូច​រហូត​ដល់​ធំ គឺ​គាត់​ធ្វើ​ការ​ជួយ​អ្នក​ដទៃ​រហូត។ ពេល​ខ្លះ​សូម្បី​តែ​សៅរ៍ អាទិត្យ គាត់​អត់​មាន​ពេល​នៅ​ផ្ទះ គាត់​រវល់​ជាមួយ​ជនរងគ្រោះ​រហូត​អាច​និយាយ​បាន​ថា គាត់​ធ្វើ​ការ​សកម្ម​ជាង​រដ្ឋាភិបាល»។

ក្នុង​ចំណោម​អ្នក​ដែល​ចូល​បំភ្លឺ​ទាក់ទិន​នឹង​លិខិត​ចំហ​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ដែល​សរសេរ​ថា មន្ត្រី​សិទ្ធិមនុស្ស​បង្ខំ​ឲ្យ​ផ្ដល់​ចម្លើយ​ក្លែងក្លាយ​នោះ មាន​តែ​ប្រធាន​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ និង​អ្នកស្រី​មេធាវី ទ្រី ឈូន ដែល​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក ឱម យ៉ិនទៀង អះអាង​ថា អ្នក​ទាំង​ពីរ​ផ្ដល់​ចម្លើយ​ត្រឹមត្រូវ និង​ធ្វើការ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ច្បាប់​របស់​អង្គការ។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ធន សារាយ អះអាង​ថា អ្វី​ដែល​សមាគម​អាដហុក ធ្វើ​កន្លង​មក​ពាក់ព័ន្ធ​នឹង​សំណុំរឿង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ នោះ គឺ​ស្រប​តាម​គោលការណ៍​ស្ថាប័ន និង​ច្បាប់​កម្ពុជា និង​ពុំ​មាន​អំពើ​ពុករលួយ​ឡើយ។ លោក ធន សារាយ បញ្ជាក់​ថា សមាគម​អាដហុក បាន​ចំណាយ​លុយ ២០៤​ដុល្លារ ឲ្យ​ទៅ​ស្រីមុំ តាម​ការ​ស្នើ​សុំ​ជា​លាយលក្ខណ៍អក្សរ​ដើម្បី​ចំណាយ​លើ​ការ​ហូប​ចុក ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់នៅ ពេល​ចូល​បំភ្លឺ​តុលាការ និង​មក​កាន់​ទីស្នាក់ការ​អាដហុក នៅ​ភ្នំពេញ។ ការ​ចំណាយ​នេះ គឺ​ធ្វើ​ឡើង​ដូច​អ្វី​ដែល​អាដហុក ធ្លាប់​ធ្វើ​កន្លង​មក​លើ​ជនរងគ្រោះ​ទៅ​តាម​គោលការណ៍​របស់​សមាគម​អាដហុក។

បញ្ជូន​ទៅ​តុលាការ

មន្ត្រី​សិទ្ធិមនុស្ស​អះអាង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ គ្រោង​នឹង​បញ្ជូន​មន្ត្រី​សិទ្ធិមនុស្ស ៤​នាក់ និង​អគ្គលេខាធិការ​រង​របស់ គ.ជ.ប ម្នាក់ ទៅ​តុលាការ នៅ​ថ្ងៃ​សៅរ៍ ទី​៣០ មេសា។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​មេសា បាន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​របស់​មន្ត្រី​សិទ្ធិមនុស្ស ៤​រូប និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (ជ.គ.ប) មួយ​រូប ចូល​ជួប​ក្នុង​ពេល​កំពុង​ជាប់​ឃុំ​ខ្លួន​​បណ្ដោះអាសន្ន​ក្នុង​ស្ថាប័ន​នេះ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ដែល​កំពុង​តាម​ដាន​រឿង​នេះ បាន​ឲ្យ​ដឹង​ថា ACU អនុញ្ញាត​ឲ្យ​ចូល​ជួប​នេះ​នៅ​ម៉ោង​ប្រមាណ​ជិត ​​៩​កន្លះ កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​២៩ ខែ​មេសា ដោយសារ​ការ​ទទូច​សុំ​ជា​ច្រើន​លើក​ពី​ក្រុម​គ្រួសារ​អ្នក​ទាំង ៥​នាក់​នោះ ដែល​បារម្ភ​ពី​បញ្ហា​សុខភាព​របស់​ពួក​គាត់។

ចំណែក​ក្រុម​មេធាវី​ដែល​ត្រៀម​ការពារ​ក្ដី​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ​នោះ ត្រូវ ACU បដិសេធ​មិន​ឲ្យ​ចូល​ជួប​ឡើយ​កាល​ពី​យប់​ថ្ងៃ​ដដែល​នេះ។

មេធាវី​របស់​អង្គការ​អាដហុក អ្នកស្រី គា សុផល មាន​ប្រសាសន៍​ថា ការ​បដិសេធ​របស់ ACUនោះ ដោយ​សំអាង​ថា ហួស​ម៉ោង​រដ្ឋបាល និង​ឲ្យ​រង់​ចាំ​ស្នើ​សុំ​ជួប​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​សៅរ៍ នេះ។

អ្នកស្រី​បន្ត​ថា អង្គការ​អាដហុក បាន​ដាក់​មេធាវី ៦​នាក់ ដើម្បី​ការពារ​កូន​ក្តី​ជា​មន្ត្រី​សិទ្ធិ​មនុស្ស ៤​រូប។

មន្ត្រី​សិទ្ធិមនុស្ស​អាដហុក ទាំង ៤​នាក់ មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី។

ចំណែក​លោក នី ចរិយា ជា​អគ្គលេខាធិការ​រង​របស់ គ.ជ.ប បាន​ពឹង​មេធាវី សំ សុគង់ ជា​អ្នក​ការពារ​ក្តី​ឲ្យ​លោក៕

No comments: