A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 25 March 2016

អ្នក​វិភាគ​ថា​ការ​ផ្សាយ​ខ្សែ​អាត់​រឿង​ស្នេហា​លោក កឹម សុខា ជា​ការ​រៀបចំ​ជា​ប្រព័ន្ធ​និង​ស៊ី​សង្វាក់


ដោយ ទីន ហ្សាការីយ៉ា
2016-03-24

កឹម សុខា ខុម ចាន់ដារាទី ២០១៦ ៨៥៥
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​កញ្ញា ខុម ចាន់ដារាទី ហៅ ស្រី​មុំ។

Photo: RFA


រឿង​អាស្រូវ​ស្នេហា​របស់ លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​តាម​បណ្ដាញ​សារព័ត៌មាន​ផ្សេងៗ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។ លើស​ពី​នេះ​ទៀត ស្ថាប័ន​រដ្ឋ​ពីរ​សំខាន់ៗ ក៏​គ្រោង​នឹង​ចាត់​ការ​លើ​បុគ្គល លោក កឹម សុខា ដែរ គឺ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ និង​ស្ថាប័ន​រដ្ឋសភា។

ករណី​រឿង​អាស្រូវ​របស់ លោក កឹម សុខា ដែល​គេ​បញ្ចេញ​ជា​សាធារណៈ​នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា គឺ​ជា​ចេតនា​របស់​រដ្ឋាភិបាល​បង្កើត​បញ្ហា​ដើម្បី​ដោះស្រាយ​បញ្ហា​ទៅ​វិញ​ទេ ពោល​គឺ​បញ្ហា​ជាច្រើន​ដែល​កើត​មាន​នៅ​ក្នុង​សង្គម ដែល​រដ្ឋាភិបាល​ដោះស្រាយ​មិន​បាន បែរ​ជា​បង្វែរ​សាច់​រឿង លោក កឹម សុខា ឲ្យ​មហាជន​ចាប់​អារម្មណ៍​ទៅ​វិញ។

រឿង​អាស្រូវ​ស្នេហា​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ រដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ចាត់​ការ លោក កឹម សុខា តាម​ផ្លូវ​ច្បាប់ ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត​ទល់ ឬ​មិន​ឆ្លើយ មិន​ឆ្លង និង​មិន​ឈ្លោះ​ក្ដី។

មក​ទល់​ពេល​នេះ ស្ថាប័ន​ជាតិ​សំខាន់ៗ​ចំនួន​ពីរ កំពុង​តែ​ចាត់​ការ​ករណី​រឿង​អាស្រូវ​ស្នេហា​មេ​ដឹក​នាំ​កំពូល​គណបក្ស​ប្រឆាំង គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ស្ថាប័ន​សភា​ជាតិ ទៅ​តាម​បណ្ដឹង​របស់​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា​ខ្លួន​ជា​និស្សិត​នោះ ទោះ​បី​ជា​ចំណាត់​ការ​នេះ​ទទួល​រង​ការ​រិះគន់​ជាច្រើន​ពី​សាធារណជន​ក្ដី។



ផ្ទុយ​ទៅ​វិញ អ្នក​វិភាគ​មើល​ឃើញ​ថា ការ​បញ្ចេញ​រឿង​អាស្រូវ​ស្នេហា លោក កឹម សុខា នេះ គឺ​ជា​ការ​រៀបចំ​ជា​ប្រព័ន្ធ និង​ស៊ី​សង្វាក់​របស់​រដ្ឋាភិបាល ដើម្បី​វាយ​បំបាក់​ដៃគូ​ប្រកួត​ប្រជែង​នៅ​មុន​ពេល​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ លើស​ពី​នេះ​ទៀត អ្វី​ដែល​ជា​កត្តា​សំខាន់​នោះ គឺ​រដ្ឋាភិបាល​បង្កើត​បញ្ហា ដើម្បី​ដោះស្រាយ​បញ្ហា។ ប្រការ​នេះ​មាន​ន័យ​ថា បញ្ហា​អយុត្តិធម៌​សង្គម​ជាច្រើន​បាន​កើត​មាន តែ​រដ្ឋាភិបាល​ហាក់​មិន​ដោះស្រាយ​នោះ​ទេ តែ​បែរ​ជា​បង្វែរ​សាច់​រឿង​បុគ្គល លោក កឹម សុខា ឲ្យ​សាធារណជន​ចាប់​អារម្មណ៍​ទៅ​វិញ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា បញ្ហា​ជាច្រើន​បាន​កើត​ឡើង ដោយ​លោក​ប្រៀប​ប្រដូច​ជា​សម្បុក​ពីងពាង ដែល​រដ្ឋាភិបាល​មិន​មាន​ការ​ដោះស្រាយ ដូចជា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ជម្លោះ​ដីធ្លី​បាន​កើត​មាន​ជា​បន្តបន្ទាប់ អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម ដូចជា​អំពើ​ពុក​រលួយ​លើ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ អំពើ​ពុក​រលួយ​លើ​ថ្លៃ​សេវាកម្ម​ផ្សេងៗ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ និង​ករណី​ផ្សេងៗ​ទៀត៖ «ជំងឺ​មួយ​ដែល​យើង​មើល​ឃើញ​មាន​ដំបៅ ជំងឺ​មហា​រីក ហើយ​មិន​ដោះស្រាយ ទៅ​បង្កើត​របួស​ផ្សេង​ទៀត ហើយ​ទៅ​ព្យាបាល​របួស​តិចតួច​នោះ ជំងឺ​មហា​រីក​នោះ​នឹង​ផ្ទុះ ព្រោះ​ជា​បទពិសោធន៍​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​មាន​ការ​បះបោរ»។

រដ្ឋសភា បាន​ដាក់​លិខិត​ឲ្យ លោក កឹម សុខា មក​ឆ្លើយ​បំភ្លឺ​រឿង​អាស្រូវ​ស្នេហា​នៅ​រដ្ឋសភា តាម​បណ្ដឹង​របស់​ក្រុម​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា​ជា​ក្រុម​និស្សិត​នោះ។

ឱម យ៉ិនទៀង ២០១៦ ៨៥៥
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ដេញដោល​ទាក់ទង​នឹង​ខ្សែ​អាត់​សំឡេង​ដែល​គេ​ថា​ជា​សំឡេង លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Cheu Sideth
ការ​ស្នើ​ឲ្យ លោក កឹម សុខា ឆ្លើយ​បំភ្លឺ​នេះ អគ្គលេខាធិការ​នៃ​រដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់​ថា រដ្ឋសភា​ធ្វើ​បែប​នេះ គឺ​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​មាត្រា​៣៥ ដែល​បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ម៉ត់ចត់​ពី​អង្គការ​រដ្ឋ។

រីឯ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វិញ លោក ឱម យ៉ិនទៀង បាន​កោះ​ហៅ​ក្រុម​យុវជន​ទៅ​ស្ដាប់​ការ​ដេញដោល​របស់​ក្រុម​ការងារ​លោក អំពី​បណ្ដឹង​ប្រឆាំង លោក កឹម សុខា អំពី​បណ្ដឹង​របស់​ក្រុម​យុវជន​កាល​ពី​ថ្ងៃ​ទី​២២ មីនា។ លោក​បញ្ជាក់​ថា បើ​សិន​ជា​អង្គភាព​លោក ស្រាវជ្រាវ​រក​ឃើញ​បទល្មើស​មាន​អំពើ​ពុក​រលួយ លោក កឹម សុខា ទិញ​ដី​ទិញ​ផ្ទះ​ឲ្យ​ស្រី​កំណាន់​នោះ មិន​អាច​យក​លេស​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ មក​រារាំង​ដំណើរ​ការ​នីតិវិធី​របស់​អង្គភាព​បាន​ឡើយ៖ «ខ្លួន​បាន​លុយ​មក ខ្លួន​ទិញ​ផ្ទះ​ភ្លាម កំណើន​ផ្ទះ​មួយ​ទៀត ពន្យល់​យើង​សិន ថា​បាន​មក​ពីណា​ទិញ​ហ្នឹង ពន្យល់​មិន​ត្រូវ ពន្យល់​មិន​សមស្រប រឹប​អូស​យក​ផ្ទះ​មួយ​សិន ទើប​បើក​ការ​ស៊ើប​អង្កេត​មួយ​ទៀត​ថា លុយ​ហ្នឹង​មាន​ពាក់ព័ន្ធ​ពុក​រលួយ​ទេ? បើ​ពុក​រលួយ រុញ​ទៅ​កាត់​ទោស​ពុក​រលួយ។ ចឹង​ពាក់ព័ន្ធ​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ​ទេ? សូម​ពិចារណា​មើល​កន្លែង​ហ្នឹង ព្រោះ​អត់​មាន​ពាក់ព័ន្ធ​រឿង​ឃុំ​ខ្លួន​គាត់ អត់​មាន​ទេ។ សួរ​ថា ច្បាប់​នេះ​គ្រប​ដណ្ដប់​លើ​តំណាង​រាស្ត្រ ឬ​អត់? វា​គ្រប​មន្ត្រី​រាជការ​សាធារណៈ។ ទី​២ មន្ត្រី​ដែល​មាន​អាណត្តិ​ដល់​ការ​បោះឆ្នោត។ ពីរ​ហ្នឹង​ហើយ​ធ្ងន់​ហើយ បទល្មើស​ជាក់ស្ដែង គេ​វាយ​ខ្នោះ​ភ្លាម»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា កន្លង​មក គេ​កម្រ​ឃើញ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ស្ថាប័ន​សភា ចាត់​ការ​បណ្ដឹង​ពលរដ្ឋ​ឆាប់​រហ័ស​ដូច​ដែល​ស្ថាប័ន​ទាំង​ពីរ​កំពុង​តែ​អនុវត្ត​នីតិវិធី​របស់​ខ្លួន ចាត់​ការ​បណ្ដឹង​របស់​ក្រុម​យុវជន​នេះ​ណាស់។ បញ្ហា​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា ស្ថាប័ន​ជាតិ​ទាំង​ពីរ​នេះ អនុវត្ត​ការងារ​គ្មាន​តម្លាភាព និង​ឯករាជ្យ​របស់​ខ្លួន។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ស្ថាប័ន​សភា និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​តែ​ធ្វើ​ការងារ​ឲ្យ​មាន​តម្លាភាព មិន​ត្រូវ​ធ្វើ​ការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​ណា​មួយ​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ទន់​ខ្សោយ​របស់​ស្ថាប័ន​ជាតិ ក្នុង​ការ​រក្សា​ឯករាជ​ភាព​របស់​ខ្លួន៖ «ឧទាហរណ៍​ដូចជា​លិខិត​គណបក្ស​ប្រឆាំង​ស្នើសុំ​ឲ្យ​មន្ត្រី​មក​ឆ្លើយ​បំភ្លឺ​នៅ​សភា បញ្ហា​អធិបតេយ្យភាព​ឲ្យ​រដ្ឋសភា​កោះ​ហៅ​តាម​ការ​ស្នើសុំ អា​ហ្នឹង​ទើប​តម្លាភាព​ដែល​ជៀស​ផុត​ពី​ការ​តិះដៀល​ពី​សាធារណជន»។

រស់ រ៉ាវុធ ២០១៦ ៨៥៥
សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ ក្នុង​កិច្ច​ពិភាក្សា​បន្ថែម​របស់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៦។
ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​វាយ​បំបាក់​ដៃគូ​ប្រកួត​របស់​រដ្ឋាភិបាល​នេះ តាម​មើល​ទៅ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ យុទ្ធសាស្ត្រ​មិន​ចុះ​សម្រុង​គ្នា​រវាង​អ្នក​នយោបាយ និង​ការ​យក​ឈ្នះ​ចាញ់​គ្នា​របស់​អ្នក​នយោបាយ បាន​កើត​មាន​ជា​ហូរហែ​នៅ​ក្នុង​សង្គម​នយោបាយ​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត នរណា​ក៏​ដឹង​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បាន​ចាត់​ការ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយ​ជំរុញ​ឲ្យ​សភា​បង្កើត​ច្បាប់​ឯក​ពន្ធភាព ដែល​គេ​ដឹង​ថា ច្បាប់​នេះ​សម្រាប់​ចាត់​ការ​ព្រះអង្គ។

ករណី លោក កឹម សុខា មក​ទល់​ពេល​នេះ គណបក្ស​ប្រឆាំង​មិន​ឆ្លើយ​តប​ចំពោះ​ការ​ផ្សព្វផ្សាយ​ខ្សែ​អាត់​សំឡេង​នេះ​ទេ។ បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាប់​អារម្មណ៍​រឿង​នេះ​ទេ។ លោក​ថា បញ្ហា​ចំពោះ​មុខ​ដែល​គណបក្ស​ប្រឆាំង​គិតគូរ គឺ​រឿង​ប្រទេស​ជាតិ៖ «ជាពិសេស​ស្ថានការណ៍​នៅ​លើ​ពិភពលោក​វិវឌ្ឍន៍​ទៅ​រក​ភាព​វិជ្ជមាន​ទាំងអស់ រឿង​អី​សម្រាប់​កម្ពុជា នៅ​ទ្រឹង​ក្នុង​ល្បែង​នយោបាយ​គាប​សង្កត់​អ្នក​ប្រជាធិបតេយ្យ​អ្នក​ស្នេហា​ជាតិ? ដូច្នេះ​មិន​អាច​ទៅ​រួច​ទេ ខ្ញុំ​ជឿ​ថា ប្រជាពលរដ្ឋ​នឹង​សម្រេច​ដ៏​ត្រឹមត្រូវ​នៅ​ពេល​ខាង​មុខ»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ថ្វីត្បិតតែ​គណបក្ស​សង្គ្រោះ​ជាតិ ប្រើ​យុទ្ធសាស្ត្រ​មិន​ឆ្លង មិន​ឆ្លើយ និង​មិន​ឈ្លោះ​ក្ដី ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ថា ការ​ប្រើ ម​៣ នេះ គឺ​ហួស​សម័យ​កាល​ទៅ​ហើយ។ លោក ហ៊ុន សែន ថែម​ទាំង​ព្រមាន​ថា ករណី លោក កឹម សុខា នេះ​កុំ​ចោទ​ថា​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល។ លោក​ថែម​ទាំង​ព្រមាន​បញ្ចេញ​រូបថត លោក កឹម សុខា នៅ​ព្រលាន​យន្តហោះ​ទៀត​ផង។

ទោះ​បី​ជា​រដ្ឋាភិបាល​ព្យាយាម​បដិសេធ និង​គេចវេះ​ពី​ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​នៅ​ពី​ក្រោយ​ខ្នង​ករណី​បញ្ចេញ​រឿង​អាស្រូវ​ស្នេហា លោក កឹម សុខា នេះ​ក៏ដោយ ក៏ប៉ុន្តែ​អ្នក​វិភាគ​លើក​ឡើង​ថា បើ​សិន​ជា​ខ្សែ​អាត់​សំឡេង​គ្មាន​អ្នក​ណា​រៀបចំ​ទេ​នោះ ប្រហែល​ជា​រដ្ឋាភិបាល​ចាត់​ការ​ទៅ​លើ​អ្នក​ចាត់​ការ​អ្នក​បញ្ចេញ​សំឡេង​នោះ​បាត់​ទៅ​ហើយ។ ម្យ៉ាង​វិញ​ទៀត មន្ត្រី​រដ្ឋាភិបាល​ក៏​មាន​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​នេះ​ដែរ ក្នុង​នោះ​មាន​ករណី​ខ្លះ​មាន​ការ​បាញ់​សម្លាប់​ដែរ ដូចជា​ករណី អ្នកស្រី ពិសិដ្ឋ ពីលីកា ជាដើម។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា តាម​ការ​វិភាគ​របស់​លោក ការ​បញ្ចេញ​សំឡេង​ខ្សែ​អាត់​រឿង​អាស្រូវ​នេះ អាច​ជា​ការ​ដាក់​សម្ពាធ​ទៅ​លើ​គណបក្ស​ប្រឆាំង គឺ​ទី​១ ជា​ការ​បង្ខំ​ឲ្យ​គណបក្ស​ប្រឆាំង​បញ្ជូន​មនុស្ស​ទៅ​ជំនួស​កៅអី​អនុប្រធាន​សភា​របស់ លោក កឹម សុខា ដែល​កំពុង​នៅ​ទំនេរ។ ទី​២ អាច​ជា​ការ​ដាក់​សម្ពាធ លោក កឹម សុខា ក្នុង​ការ​ទទួល​យក​តួនាទី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចាត់​ការ លោក សម រង្ស៊ី កំពុង​តែ​និរទេស​ខ្លួន​នោះ៖ «ជា​ការ​បំបែក​បំបាក់​ផង ហើយ​ធ្វើ​ឲ្យ​ក្បាល​ម៉ាស៊ីន​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​ពេល​ចុះ​ទៅ​ឃោសនា​អី​ទេ មាន​តែ​ព្រួយ​បារម្ភ​ពី​បញ្ហា​ផ្ទាល់​ខ្លួន និង​ដោះស្រាយ និង​គ្មាន​ពេល​ដោះស្រាយ​រឿង​ផ្សេង​ទេ។ ម្យ៉ាង​បើ​សិន​ជា​គណបក្ស​កាន់​អំណាច​ជួប​ប្រទះ​រឿង​អាស្រូវ​ដូច​គ្នា​នេះ គណបក្ស​ប្រឆាំង​គ្មាន​អំណាច​អី​ទៅ​វាយ​បក​វិញ​ទេ»។

អ្នក​វិភាគ​លើក​ឡើង​ថា ការ​ហែកហួរ​គ្នា​របស់​អ្នក​នយោបាយ​ឥត​ឈប់​ឈរ​នេះ គឺ​ជា​នយោបាយ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ខាតបង់ ព្រោះ​ថា អ្នក​នយោបាយ​មិន​បាន​លើក​គោល​នយោបាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​យក​មក​ដោះស្រាយ​នោះ​ទេ ដូចជា​បញ្ហា​អន្តោប្រវេសន៍ បញ្ហា​ព្រំដែន ការ​លុប​បំបាត់​អំពើ​ពុក​រលួយ ការ​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​រក​ទីផ្សារ និង​ដោះស្រាយ​បញ្ហា​វិស័យ​កសិកម្ម​កំពុង​តែ​ជួប​ប្រទះ ជាដើម។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​ហាក់​កំពុង​ប្រើប្រាស់​បញ្ហា​បុគ្គល ដើម្បី​បិទ​បាំង​បញ្ហា​សង្គម​កំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន​ទៅ​វិញ៕

4 comments:

Anonymous said...

ចង់ដោះស្រាយរបៀបណាក៍ដោះទៅ តែគេដាក់អន្ទាក់ជាប់ហើយ ម្តងនេះមិនចូល គេថាខុសច្បាប់ បើចូលក៍គេបង្កើតថាខុសច្បាប់ ដូច្នេះច្បាស់ជាជាប់គុក ហើយបក្សសង្រ្គោះជាតិ ហ៊ុន សែន លប់ឈ្មោះបោះឆ្នោតបាន ឃើញទេចាញមុនបោះឆ្នោតទៅទៀត​ ហ៊ុន ចង់ឲ្យខ្មោចរាំលេងរបៀបណាក៍បានដែរ ចង់ខ្មែរមួយស្រុកស្អប់ ហ៊ុន សែនក៍វាមិនខ្វល់ដែរ ឲ្យតែយួនពេញចិត្ត គ្មានអ្នកណាធ្វើអីវាបានទេ មិនពិតឬ? ដាំចេក មើលទៅណា

Anonymous said...

Hun Sen sagas and deceits never end, until and unless the Viet colonization of Cambodia is stopped and stopped soon.

Anonymous said...

Hun Sen sagas and deceits never end, until and unless the Viet colonization of Cambodia is stopped and stopped soon.

Anonymous said...

I know that Ah Kwack Hun Sen and his clans are animal.

But Kem Sokha must not make some stupid mistake by fucking around. Are you out of your mind ?? If you like to fuck so much, get out of the CNRP. Don't stain the CNRP's reputation.