ដោយ ជី វិតា
2016-03-24

សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានសភាក្រុមជាតិ អេ.ភី.អេ (APA) លោក ឈាង វុន ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥។
RFA/Brach Chev
តាមច្បាប់ជាធរមាន តំណាងរាស្ត្រ ឬមន្ត្រីរដ្ឋាភិបាលណាដែលប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងនាមជាមន្ត្រីសាធារណៈ ដើម្បីផលប្រយោជន៍ឯកជនរបស់ខ្លួន បណ្ដាលឲ្យមានការយល់ច្រឡំក្នុងការបំពេញកិច្ចការរដ្ឋបាលសាធារណៈនោះ គឺជាអំពើរំលោភច្បាប់។
ថ្មីៗនេះ មានការលេចធ្លាយនូវការប្រើប្រាស់ក្បាលលិខិតរបស់រដ្ឋសភា ដោយតំណាងរាស្ត្រ ឈាង វុន និងត្រារដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ដោយអភិបាលខេត្ត លោក ឈួរ ច័ន្ទឌឿន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអ្នកច្បាប់យល់ថាជារឿងមិនត្រឹមត្រូវ។
លោកមេធាវី នូ ទេពីរិទ្ធ មានប្រសាសន៍ថា មន្ត្រីសាធារណៈត្រូវបែងចែកឲ្យច្បាស់រវាងកិច្ចការសាធារណៈដែលជាការងារប្រយោជន៍រដ្ឋ និងកិច្ចការឯកជន។ លោកថា ការយកមធ្យោបាយរបស់រដ្ឋមកប្រើប្រាស់ជាឈ្នាន់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មិនត្រឹមតែបំពានកិច្ចការរដ្ឋបាលសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឲ្យប៉ះពាល់ភាពថ្លៃថ្នូរដល់ស្ថាប័នទៀតផង។
លោកមេធាវី នូ ទេពីរិទ្ធ ថ្លែងថា «គេមិនអាចយកលិខិតរដ្ឋបាលទៅប្រើប្រាស់សម្រាប់កិច្ចការឯកជនទេ ពីព្រោះលិខិតរដ្ឋបាលតែងមានឡូកូ (Logo) សម្រាប់បង្ហាញអំពីអត្តសញ្ញាណតម្លៃនៃស្ថាប័នរបស់ខ្លួនឯងហ្នឹង។ អ្នកប្រើប្រាស់លិខិតរដ្ឋបាល មិនត្រូវប្រើប្រាស់កិច្ចការឯកជនច្របូកច្របល់ជាមួយកិច្ចការស្ថាប័នរបស់ខ្លួនឯងទេ ធ្វើឲ្យស្ថាប័នខ្លួនឯងត្រូវគេប្រមាថ និងមើលមិនដឹងថា កិច្ចការណាជាកិច្ចការរដ្ឋបាល និងកិច្ចការណាជាកិច្ចការឯកជន»។
ថ្មីៗនេះ មានការលេចធ្លាយនូវព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដែលអ្នកច្បាប់បញ្ជាក់ថា ជាការរំលោភច្បាប់ និងអំណាចផងពីសំណាក់អ្នកតំណាងរាស្ត្រ ឈាង វុន និងអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ទៅលើកិច្ចការរដ្ឋបាលសាធារណៈ។
លោក ឈាង វុន បានប្រើប្រាស់ក្បាលលិខិតផ្លូវការរបស់រដ្ឋសភា ផ្ញើជូនរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ប្រាក់ សុខុន ចុះកាលបរិច្ឆេទថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ស្នើសុំកិច្ចអន្តរាគមន៍ក្នុងរឿងឯកជនរបស់លោក។ លោក ឈាង វុន បានផ្ញើលិខិតនោះទៅ លោក ប្រាក់ សុខុន ឲ្យជួយសម្រួលដោះស្រាយបង្គោលភ្លើងបីបង្គោល ដែលមានបញ្ហានៅខាងមុខភោជនីយដ្ឋានរបស់លោក និងកូនប្រុសលោក នៅខណ្ឌចំការមន ក្រុងភ្នំពេញ។
មេធាវីចាស់វស្សាមួយរូបដែលសុំមិនបញ្ចេញឈ្មោះ និងសំឡេងពន្យល់ថា អំពើប្រព្រឹត្តរបស់អ្នកតំណាងរាស្ត្រ ឈាង វុន គឺបានរំលោភអំណាចរបស់អង្គនីតិប្រតិបត្តិ ដោយការចេញលិខិតមិនបានឆ្លងកាត់ថ្នាក់ដឹកនាំរដ្ឋសភា។ តាមផ្លូវច្បាប់ នៅពេលតំណាងរាស្ត្រណាមួយដែលត្រូវការទាក់ទងជាមួយរដ្ឋាភិបាល គឺត្រូវឆ្លងកាត់ប្រធានរដ្ឋសភា ហើយកិច្ចការនោះត្រូវតែជាប្រយោជន៍សាធារណៈ។ ប៉ុន្តែលិខិតរបស់ លោក ឈាង វុន ដែលប្រើប្រាស់ក្បាលលិខិតរបស់រដ្ឋសភានោះ ជាកិច្ចការផ្ទាល់ខ្លួន និងមិនបានឆ្លងកាត់ប្រធានរដ្ឋសភាទៀតផង។
ទង្វើរបស់ លោក ឈាង វុន ក៏អាចបង្កឲ្យមានការយល់ច្រឡំក្នុងការបំពេញមុខងារសាធារណៈផងដែរ។ ក្នុងន័យនេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អាចមានការយល់ច្រឡំថា លិខិតរបស់តំណាងរាស្ត្រ ឈាង វុន ជាលិខិតផ្លូវការរបស់រដ្ឋសភា។ អំពើដែលនាំឲ្យមានការភ័ន្តច្រឡំក្នុងការបំពេញមុខងារសាធារណៈ អាចបំពានច្បាប់ព្រហ្មទណ្ឌ។
មាត្រា៦១០ នៃក្រមព្រហ្មទណ្ឌចែងថា បទធ្វើសកម្មភាពបង្កើតឲ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ ២លានរៀល បុគ្គលដែលធ្វើសកម្មភាពនៅក្នុងលក្ខខណ្ឌដែលអាចនាំឲ្យសាធារណជនយល់ច្រឡំថាជាការបំពេញមុខងារសាធារណៈ។
លោក ឈាង វុន បានប្រាប់កាសែតក្នុងស្រុកថា លោកមិនបានធ្វើខុសច្បាប់ទេ។
ចំណែកអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ដែលបានប្រើប្រាស់លិខិតរដ្ឋបាល និងត្រាសាលាខេត្ត ដើម្បីអញ្ជើញព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត គឺលោក យូ ទិត្យវឌ្ឍនៈ ឲ្យទៅចូលរួមក្នុងពិធីលើកជំនូនការកូនឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំងវិញនោះ មានប្រសាសន៍ប្រាប់កាសែតក្នុងស្រុកថា លោកមានកំហុសដោយចុះហត្ថលេខាទាំងប្រញាប់ប្រញាល់ មិនបានមើលក្បាលលិខិត។
មាត្រា៦១១ នៃក្រមព្រហ្មទណ្ឌចែងថា បទប្រើប្រាស់លិខិត ឬឯកសារដែលបង្កើតឲ្យមានការភ័ន្តច្រឡំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ ២លានរៀល អំពើប្រើប្រាស់ដោយគ្មានសិទ្ធិនូវលិខិត ឬឯកសារដែលមានភាពប្រហាក់ប្រហែលគ្នានឹងលិខិតរដ្ឋបាលសាធារណៈ ឬតុលាការ ដែលអាចបង្កើតឲ្យមានការភ័ន្តច្រឡំនៅក្នុងស្មារតីនៃសាធារណជន៕
3 comments:
ហេតុអីបានជាគ្មានយុវជនណាចេញមុខប្តឹង នឹងរករឿងអញ្ចឹង? កុំជោ យុវជនកុំថាប្តឹង សូមតែនិយាយក៍មិនហ៊ានផង
វាមិនមែនជមនុស្សទេ វាគឺសត្វឆ្ក១ក្បាលរបស់យួន ឈាង វុន
chheang vun is a monkey in the national assembly
Post a Comment