ដោយ អ៊ុង សេរីវុទ្ធ
2016-03-23

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នាកោះពេជ្រ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។
RFA/Brach Chev
ប្រទេសចិនសន្យាតម្កល់មូលនិធិមួយចំនួនធំ ដើម្បីជួយអភិវឌ្ឍដល់ប្រទេសតាមដងទន្លេមេគង្គទាំង៥ ដែលមានសន្ទុះអភិវឌ្ឍយឺត ឲ្យដំណើរការលឿនទៅមុខព្រមគ្នា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលពេលនេះកំពុងចូលរួមកិច្ចប្រជុំកំពូលឡានឆាង-មេគង្គ (Lancang-Mekong) ក្នុងប្រទេសចិន។ លោកសរសេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៣ មីនា ឲ្យដឹងថា ការសម្រេចតម្កល់មូលនិធិមួយចំនួនធំរបស់ចិន ធ្វើឡើងបន្ទាប់ពីប្រទេសទាំង៦ រួមមានកម្ពុជា ចិន វៀតណាម ថៃ មីយ៉ានម៉ា និងឡាវ ប្ដេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកិច្ចអភិវឌ្ឍ ដែលមានឥទ្ធិពលលើកកម្ពស់ជីវភាពរបស់ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ។
លោកថា ក្នុងកិច្ចប្រជុំនេះ មេដឹកនាំទាំង៦ បានយកចិត្តទុកដាក់គាំទ្រគោលការណ៍៤ចំណុចសំខាន់ គឺការថែរក្សាសន្តិភាព ការបើកចំហឲ្យមានការចូលរួមទូលំទូលាយ ការអភិវឌ្ឍជាក់ស្ដែងសម្រាប់ផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់ភាពបើកចំហ និងស្វាគមន៍ការចូលរួមពីបណ្ដាប្រទេសក្នុងតំបន់។
ក្នុងកិច្ចប្រជុំនេះដែរ លោក ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រទេសចិនដែលយកចិត្តទុក ដាក់គាំទ្ររហូតមានកិច្ចប្រជុំកំពូលនេះឡើង ព្រមទាំងសន្យាផ្ដល់មូលនិធិអភិវឌ្ឍន៍ រាប់រយលានដុល្លារទៀត និងបានបើកទំនប់ទឹកចូលទៅទន្លេមេគង្គក្រោម។ លោក ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រទេសនៅផ្នែកខាងលើនៃទន្លេមេគង្គ គឺប្រទេសថៃ មីយ៉ានម៉ា និងឡាវ កុំបិទបង្ខាំងទឹក ព្រោះលោកថាការបើកបង្ហូរទឹកពីរលើកកន្លងមករបស់ចិន កម្ពុជា និងវៀតណាម ពុំបានទទួលទឹកប្រើប្រាស់នៅឡើយទេ៕
1 comment:
Just look at the picture, half of Hun Sen’s clowns are bored and snooze off.
Post a Comment