ដោយ សាន សែល
2016-03-23

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ (អាវស) និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ទៅជួបអ្នកជាប់ឃុំនៅគុកព្រៃស កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth
ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ទើបត្រូវបានបង្កើតឡើងជាផ្លូវការ។ ក្រុមនេះ បានរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី២២ មីនា។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ដែលត្រូវបានគេតែងតាំងជាអភិបាលនៃក្រុមនេះ បញ្ជាក់ថា ការប្រជុំជាផ្លូវការលើកដំបូងនេះ ក៏បង្កើតជាវិធានការផ្ទៃក្នុងរបស់ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ។
លោក សុន ឆ័យ ឲ្យដឹងថា វិធានការផ្ទៃក្នុងនេះនឹងពង្រឹងសិទ្ធិអំណាចរបស់សមាជិកសភាគណបក្សសង្គ្រោះជាតិ ថែមទៀត ហើយក៏នឹងពង្រឹងប្រសិទ្ធភាពការងាររបស់សមាជិកសភាគណបក្សសង្គ្រោះជាតិ ព្រមទាំងពង្រឹងការរួបរួមឯកភាពក្នុងចំណោមសមាជិកសភាគណបក្សសង្គ្រោះជាតិ។
លោក សុន ឆ័យ អះអាងថា ក្រុមការងារនេះនឹងបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជា៖ «ទាំងអស់នេះ គឺជាការងារមួយដែលយើងនឹងបង្ហាញសមាសភាព នៅក្នុងការងារដែលបង្កើតឲ្យមានការងារជាក្រុមគណៈកម្មការជំនាញចំនួន១០។ ក្រុមនេះមានសមត្ថភាពស្រាវជ្រាវ ក្នុងការយល់ដឹងពីបញ្ហានៅក្នុងក្រសួងសាមីដែលមានសព្វថ្ងៃ។ គាត់មានសមត្ថភាពស្រាវជ្រាវគោលនយោបាយផង ហើយក៏ជាអ្នកនាំពាក្យរបស់គណបក្សផងលើវិស័យទាំងនោះ»។
លោក សុន ឆ័យ ដែលត្រូវបានគេតែងតាំងជាអភិបាលនៃក្រុមនេះ អះអាងថា ក្រុមរបស់លោកនឹងបំពេញការងារទៅតាមជំនាញឲ្យកាន់តែមានប្រសិទ្ធភាព ខណៈក្រុមនេះបង្កើតជាគណៈកម្មការចំនួន១០ ស្រដៀងទៅនឹងគណៈកម្មការជំនាញរបស់រដ្ឋសភាដែរ៕
No comments:
Post a Comment