ដោយ ម៉ម មុនីរតន៍
2016-03-06 rfa

ក្រុមយុវជនដែលមានគោលបំណងចង់ជួប លោក កឹម សុខា នៅក្នុងវេទិកានាសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦។ RFA/Den Ayuthyea
RFA/Den Ayuthyea
ប្រធានគណបក្សប្រឆាំង បានរិះគន់សកម្មភាពរំខាននានា និងការអុកឡុកគណបក្សសង្គ្រោះជាតិ ដែលនាំឲ្យបរិយាកាសនយោបាយកាន់តែអាប់អួទៅៗ ថាជាល្បិចនយោបាយដ៏ស្មោកគ្រោក។ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបវិញថា ពុំមានបក្សនយោបាយណាមួយសាងឡើង ក្រៅពីខ្លួនឯងនោះទេ។ ដូច្នេះ អ្នកដែលដឹងច្បាស់ជាងគេ គឺសាមីខ្លួននេះហើយ។
ថ្វីបើ លោក សម រង្ស៊ី មិនសំដៅចំឈ្មោះពីគណបក្សនយោបាយ ដែលលោកអះអាងថា ជាបក្សនយោបាយដែលនៅពីក្រោយខ្នងនៃចលនានយោបាយ នាំឲ្យមានសភាពការណ៍កាន់តែតានតឹងឡើងៗ នៅក្នុងដំណាក់កាលចុងក្រោយនេះ ត្រូវគេដឹងជាទូទៅហើយថា ទំនងជាប្រធានគណបក្សប្រឆាំង សំដៅគណបក្សដែលកាន់អំណាច។
ថ្លែងតាមវីដេអូខនហ្វើរ៉ែន (Video Conference) ពីទីដែលលោកកំពុងនិរទេសខ្លួនពីការតាមចាប់ដោយអំណាចដីកាតុលាការក្រុងភ្នំពេញ លោក សម រង្ស៊ី បានហៅការយាយីដែលជំរុញឲ្យបរិយាកាសនយោបាយមានភាពស្មុគស្មាញនៅពេលនេះ ថាជាការខ្វះសេចក្ដីថ្លៃថ្នូរ និងជាការគំរាមកំហែងផ្នែកនយោបាយ។ ម្យ៉ាងវិញទៀត គណបក្សប្រឆាំងនៅតែខ្លាំង បើទោះមានការរំខានពីគណបក្សនយោបាយតាមរយៈរូបភាពផ្សេងៗ ដូចនៅពេលនេះក៏ដោយចុះ។ លោក សម រង្ស៊ី បន្ថែមថា ការធ្វើដូចនេះ រឹតតែបង្ហាញឲ្យឃើញថា នេះគឺការភ័យស្លន់ស្លោ និងព្រួយបារម្ភពីការចាញ់ឆ្នោតនៅពេលខាងមុខទៀតនេះ។ លោកបន្តថា «ម្ខាងទៀតគេស្លន់ស្លោ គេភ័យគេប្ដឹង គេមិនដឹងធ្វើម៉េចមានតែប្រើល្បិចថោកទាប ដើម្បីមួលបង្កាច់យើង។ ដូច្នេះ សូមប្អូនអ្នកស្រឡាញ់ជាតិ អ្នកស្រឡាញ់យុត្តិធម៌ អ្នកប្រជាធិបតេយ្យទាំងអស់កុំខ្វល់ កុំរវីរវល់ ធ្វើការបន្តទៀត»។
ឆ្លើយតបរឿងនេះ លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា ពុំមានបក្សនយោបាយណាមួយដែលតាមយាយី ដូចអ្វីដែលគណបក្សប្រឆាំងចោទប្រកាន់ឡើយ។ លើសពីនេះទៀត លោក សុខ ឥសាន យល់ឃើញថា ដើម្បីបញ្ចប់បញ្ហា គួរតែ លោក កឹម សុខា ហ៊ានចេញមុខបកស្រាយពីភាពស្អាតស្អំរបស់ខ្លួនទៅ គឺចប់ទៅហើយ។ ម្យ៉ាងវិញទៀត ក្រុមយុវជនដែលតែងទាមទារឲ្យមានការឆ្លើយបំភ្លឺម្ដងជាពីរដងនេះ ពុំមានបក្សនយោបាយណាមួយនៅពីក្រោយឡើយ ពោល នេះគឺជាឆន្ទៈក្នុងនាមយុវជនប៉ុណ្ណោះ។ លោកបន្តថា «បើឯកឧត្ដម សម រង្ស៊ី គាត់យល់ឃើញថាជាល្បិចកលរបស់អ្នកណាមួយ អាហ្នឹងឲ្យគាត់ប្ដឹងគេទៅ។ គាត់មានភស្តុតាងច្បាស់លាស់ ប្ដឹងគេទៅ អាហ្នឹងសិទ្ធិរបស់គាត់តើ។ បើគេបង្ខូចគាត់ ឲ្យគាត់មានសិទ្ធិទៅធ្វើតាមផ្លូវច្បាប់ទៅ ប៉ុន្តែខ្ញុំយល់ថា មហាជនភាគច្រើនគេជឿជាក់ហើយលើសម្ដីរបស់សាមីជនផ្ទាល់តែម្ដង វាគ្មានពីណាប្រឌិតទេ»។
ក្រោយពីខ្សែអាត់សំឡេងអំពីរឿងសម្ព័ន្ធភាពស្នេហាបានផ្ទុះឡើង ដែលគេសន្និដ្ឋានថា ខ្សែអាត់សំឡេងឆ្លងឆ្លើយគ្នាតាមទូរស័ព្ទនោះ អាចជាសំឡេង លោក កឹម សុខា ជាមួយនារីឈ្មោះ ស្រីមុំ ហើយត្រូវបានកាសែតក្នុងស្រុកចុះផ្សាយជាហូរហែនៅតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
ជុំវិញរឿងនេះ គេសង្កេតឃើញយុវជនមួយក្រុមក៏បានលេចមុខឡើងរាល់មានវេទិកាបក្សប្រឆាំង។ នៅព្រឹកថ្ងៃទី៦ មីនា នៅពេលគណបក្សប្រឆាំងរៀបចំវេទិកាថ្នាក់មូលដ្ឋានក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ យុវជនដដែលដែលអះអាងថា គឺជានិស្សិត បានលេចមុខជាថ្មីទៀតចង់ជួប លោក កឹម សុខា ដោយផ្ទាល់។ នេះគឺជាការប៉ុនប៉ងលើកទីពីរហើយ បន្ទាប់ពីការព្យាយាមជួប លោក កឹម សុខា កាលពីថ្ងៃទី៥ មីនា ក្នុងខេត្តព្រះសីហនុ ត្រូវបរាជ័យម្ដងរួចមក ក៏ប៉ុន្តែការព្យាយាមជាថ្មីម្ដងទៀតនេះ ពុំបណ្ដាលឲ្យមានអំពើហិង្សាកើតឡើងទេ ក្រៅពីរុញច្រានគ្នាទៅវិញទៅមក និងប៉ះដោយពាក្យសម្ដី។
មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) លោក អំ សំអាត ដែលអង្កេតព្រឹត្តិការណ៍នេះយល់ឃើញថា មានជម្រើសច្រើនណាស់ក្នុងការជួបជជែកដេញដោលអំពីរឿងអាស្រូវស្នេហានេះ ប៉ុន្តែសំខាន់ ការជ្រើសរើសនៅពេលនេះ លោក អំ សំអាត ចាត់ទុកថា ជាការប្រើប្រាស់ពេលវេលាមិនចំទិសដៅ ដែលគួរណាត់ជួបឡើយ។ លោកបន្តថា «ការជួបក៏វាមានកាលៈទេសៈរបស់គេដែរ បើសិនជាចង់ជួបអ្នកដែលកំពុងជាប់រវល់ អាហ្នឹងវាគួរតែមានការរង់ចាំ ពីព្រោះគាត់ជាប់រវល់ក្នុងកម្មវិធីអ្វីផ្សេង។ ខ្ញុំគិតថាសិទ្ធិសេរីភាពក្នុងការសម្ដែងមតិ បញ្ចេញមតិវាជាសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់រូប ហើយបើគាត់ចង់សម្ដែងមតិ អាហ្នឹងគាត់ត្រូវធ្វើចុះ ប៉ុន្តែកុំឲ្យរំខានដល់កម្មវិធីរបស់គេ»។
លោក កឹម សុខា ប្រធានស្ដីទីគណបក្សប្រឆាំង ត្រូវគេមើលឃើញថា ជីវិតនយោបាយរបស់លោកឆ្លងកាត់ភាពជូរចត់ និងផ្សងគ្រោះថ្នាក់ជាច្រើនលើកច្រើនសា។ កាលពីដើមឆ្នាំ២០១៤ ក្រោយពីការបោះឆ្នោត ក្នុងខេត្តកំពង់ចាម លោក កឹម សុខា អវត្តមាននៅក្នុងវេទិកាជួបអ្នកគាំទ្រខ្លួន ដោយសារតែពលរដ្ឋមួយក្រុមឡោមព័ទ្ធ និងមានរថយន្តបើកដេញតាមពីក្រោយ ខណៈបក្សប្រឆាំងមិនព្រមចូលប្រជុំសភា។ ចុងឆ្នាំ២០១៥ លោក កឹម សុខា ត្រូវបានមនុស្សមួយក្រុមធ្វើបាតុកម្មទម្លាក់ពីអនុប្រធានរដ្ឋសភា។ ការវិវឌ្ឍន៍ចុងក្រោយនេះទៀត លោកត្រូវជួបរឿងអាស្រូវស្នេហាដ៏ចម្រូងចម្រាស ដែលក្រុមយុវជនមួយក្រុមបង្ខំឲ្យ លោក កឹម សុខា ឆ្លើយបំភ្លឺជាសាធារណៈអំពីរឿងអាស្រូវស្នេហ៍ ដែលយុវជនមួយក្រុមនេះអះអាងថា ជាក្រុមនិស្សិតទាមទារភាពស្អាតស្អំ៕
1 comment:
Are we an education man. Do we believed anything based on analysis. ?
If so. The man who committed wrong things must responsible for his foult. ...it's not a dirty tricks at all it really is a flip flops leader.
You can't lead anything if you don't have integrity. Kem has to clear all the mess if he is honost
Post a Comment