ដោយ ឡេង ម៉ាលី
2016-03-06 rfa

លោក ម៉ម សូណង់ដូ (រូបកណ្ដាល) ជាប្រធានបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលត្រូវជ្រើសរើសថ្មីនៅក្នុងសមាជបក្សលើកទី១ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥។
RFA/Tha Kitya
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ អះអាងថា លោកមិនបារម្ភចំពោះសមាជិកបក្សលោកចាកចេញពីគណបក្សជាបន្តបន្ទាប់នោះទេ។ លោកចាត់ទុកការចាកចេញនោះថា ជាសេរីភាពសម្រាប់អ្នកទាំងអស់គ្នា។
ប៉ុន្តែសមាជិកដែលចាកចេញជាបន្តបន្ទាប់ រួមទាំងមន្ត្រីជាន់ខ្ពស់ផងនោះ ឲ្យដឹងថា ការចាកចេញពីបក្សនេះ ដោយសារមិនពេញចិត្តនឹងការដឹកនាំរបស់ លោក ម៉ម សូណង់ដូ។
លោក ម៉ម សូណង់ដូ មានប្រសាសន៍នៅរសៀលថ្ងៃទី៦ មីនា ថា ការចាកចេញរបស់អតីតអគ្គលេខាធិការគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក អ៊ុក ស៊ុយ និងអគ្គលេខាធិការរងចំនួន ៥រូបទៀត គឺជារឿងធម្មតារបស់អ្នកនយោបាយ។
លោកបន្តថា ការចាកចេញរបស់មន្ត្រីទាំងនោះ គឺជាការធ្វើឲ្យលោក និងមន្ត្រីទាំងនោះបានធូរស្បើយទាំងអស់គ្នា៖ «សុំបញ្ជាក់ថា អ្នកដែលចេញហ្នឹងក៏ធូរទ្រូង ជាពិសេសខ្ញុំធូរទ្រូងជាងអ្នកចេញហ្នឹងទៀត ពីព្រោះផ្ទះខ្ញុំ ខ្ញុំចង់ធ្វើយ៉ាងម៉េចឲ្យមានភាពបរិសុទ្ធ ដើម្បីដំណើរការឲ្យបានរីកចម្រើន។ ការប៉ែងជើងគ្នាវាពិបាកណាស់ ហើយការមិនទុកចិត្តគ្នាក៏ពិបាកដែរ។ ហេតុដូច្នេះ ដំណោះស្រាយមួយដែលថាចាកចេញដោយសន្តិភាព ហើយមិត្តភាពហ្នឹង ជាដំណោះស្រាយមួយល្អ។ ខ្ញុំបញ្ជាក់ថា ការចេញហ្នឹងធូរទ្រូងទាំងសងខាង»។
ទាំង លោក ម៉ម សូណង់ដូ និងលោក អ៊ុក ស៊ុយ មិនបានបញ្ជាក់ថាមានបញ្ហាអ្វីមួយច្បាស់លាស់ទេ ដែលនាំឲ្យមានការលាលែងរបស់មន្ត្រីជាន់ខ្ពស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ហើយចាកចេញនោះទេ ក៏ប៉ុន្តែភាគីទាំងពីរអះអាងដូចគ្នាថា ការចេញនេះដោយសន្តិភាព និងមិត្តភាព។
ទោះបីជាយ៉ាងនេះក្ដី លោក ម៉ម សូណង់ដូ ថ្លែងថា លុះត្រាតែមានបញ្ហាអ្វីមួយ ទើបមន្ត្រីទាំងនោះចាកចេញពីបក្សដូច្នេះ ហើយលោកចោលពាក្យថា ការចាកចេញរបស់មន្ត្រីទាំងនោះ នឹងធ្វើឲ្យការងារគណបក្សលោកមានដំណើរការចម្រើនជាងនៅជាមួយគ្នា៖ «កាលណាយើងធ្វើការធ្វើគណបក្សជាមួយគ្នា បើយើងចូលតែដៃហើយនិងជើង ហើយចិត្តមិនដូចគ្នា ឆន្ទៈមិនដូចគ្នា ក៏យើងអត់អាចនៅជាមួយគ្នាបានដែរ។ ដូច្នេះ ខ្ញុំចូលចិត្តតែអ្នកស្មោះស្ម័គ្រធ្វើការជាមួយគ្នា ជាជាងមួយរយនាក់ប៉ែងជើងគ្នា ក៏ប៉ុន្តែការលាលែងដោយសន្តិភាព និងមិត្តភាព ជាគំរូមួយដ៏ល្អ ហើយការចាកចេញហ្នឹង គឺដំណើរការហ្នឹងធ្វើឲ្យសភាពស្មោះសរ ហើយនិងការងាររបស់ខ្ញុំវាមានការរីកចម្រើនជាងនៅជាមួយគ្នា ចិត្តមិនស្មោះសរជាមួយគ្នា»។
លោក ម៉ម សូណង់ដូ បញ្ជាក់ថា រហូតមកដល់ពេលនេះ មានមន្ត្រីជាន់ខ្ពស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចំនួន ៦នាក់ដែលបានដាក់ពាក្យលាលែងចេញពីបក្ស ក្នុងនោះមាន លោក អ៊ុក ស៊ុយ ជាអតីតអគ្គលេខាធិការរបស់គណបក្សមួយរូបផង។
លោក អ៊ុក ស៊ុយ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅល្ងាចថ្ងៃទី៦ មីនា ថា លោកនឹងចុះឈ្មោះនៅក្រសួងមហាផ្ទៃ នៅថ្ងៃច័ន្ទ ទី៧ មីនា ដើម្បីបង្កើតគណបក្សថ្មីមួយ ដែលលោកមិនទាន់អាចប្រាប់ឈ្មោះបាន។ លោកអះអាងថា ក្រៅពីអគ្គលេខាធិការរង ៥រូប នៅមានគណៈកម្មការប្រតិបត្តិចំនួន ២១ខេត្តទៀតមកចូលរួមជាមួយលោក ហើយក៏មានសមាជិករបស់គណបក្សមកចូលរួមផង៖ «មកដល់ម៉ោងនេះ មានការចេញជាបន្តបន្ទាប់ទៀត មិនមែនតែគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទេ គឺគណបក្សដទៃឯទៀតៗ ក្នុងនោះមានសមាជិកសមាជិកាគណបក្សសង្គ្រោះជាតិ ដែលធ្លាប់រួមប្រាស្រ័យសកម្មភាពជាមួយគ្នា ក៏មានការចូលរួមដែរ គណបក្សហ៊្វុនស៊ិនប៉ិច ក៏ចូលរួមដែរ និងគណបក្សដទៃឯទៀតៗ ក៏បានទាក់ទងរួចជាស្រេចហើយ ក្នុងនោះក៏មានព័ត៌មានមួយទៀត ក្នុងរាជវង្សានុវង្សក៏បានធ្វើការទំនាក់ទំនងមកខ្ញុំបាទផងដែរ»។
ការចាកចេញរបស់មន្ត្រីជាន់ខ្ពស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទៅបង្កើតបក្សថ្មីនេះ គឺជាលើកទីពីរហើយ។ លើកទីមួយនៅចុងឆ្នាំ២០១៥ អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ហ៊ាង ឫទ្ធី បានចាកចេញពីបក្សទៅបង្កើតគណបក្សថ្មីមួយឈ្មោះ យុត្តិធម៌ជាតិខ្មែរ។ មុននឹងចាកចេញ លោកបានប្ដឹងទៅតុលាការឲ្យរំលាយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចោល។ លោកបានចោទ លោក ម៉ម សូណង់ដូ ប្រធានបក្សថា ប្រព្រឹត្តអំពើពុករលួយ ប្រើអំណាចផ្ដាច់ការ និងចាយវាយថវិកាបក្សគ្មានតម្លាភាព និងគ្មានលិខិតស្នាមត្រឹមត្រូវ ប៉ុន្តែសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធសំណើរបស់ លោក ហ៊ាង ឫទ្ធី៕
2 comments:
Presently, the Sambok Ping Peang party of Mam Sonando benefits only Hun Sen and the CPP.
It will be good for Cambodia if later this year or next year Mam Sonando joins the CNRP, giving the CNRP a better chance to win this next election.
Sanado is old man and old idea and a little education if he can do only a little sambok kmum and can create a little group of bees never be able to expand a big one so don't try of what you want,the better way you can go to retire and don't try to cheat your own people,thank
Post a Comment