![]() |
| ជនក្រីក្រកម្ពុជាពេលកំពុងសម្រាន្តលក់ក្រោយរថយន្តទំនើប,បើជួយគាត់តើល្អដែរទេ? ហុង មិនា |
អភ័ព្វខ្លាំងម្ល៉េះខ្មែរខ្ញុំអើយ!
ppp Wed, 16 March 2016
លោក អាល់ប៊ើត អាញស្ដាញ បានពោលថា «មានតែជីវិតដែលរស់ដើម្បីអ្នកដទៃប៉ុណ្ណោះទើបជាជីវិតមានតម្លៃ» មានន័យថារស់ដើម្បីធ្វើកិច្ចការបម្រើឧត្ដមគតិទើបជីវិតមានតម្លៃ។ ការងារឧត្ដមគតិគ្មានឡើយដើម្បីប្រយោជន៍បុគ្គលតែគឺដើម្បីមនុស្សជុំវិញបានសុខចម្រើនប៉ុន្ដែបុគ្គលខ្លះថាត្រូវគិតពីខ្លួនគេសិនទើបគិតប្រយោជន៍រួមជាក្រោយ។ គេថាការគិតប្រយោជន៍បុគ្គលម្នាក់ៗគឺគេគិតជាតិ។
ការរួមផ្សំនៃជនអាត្មានិយមដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួននៅតែជាការផ្គុំនៃជនអាត្មានិយមមិនអាចក្លាយជាប្រយោជន៍រួមឡើយ។ ប្រយោជន៍ជាតិជាប្រយោជន៍គោលដែលផ្ដល់ប្រយោជន៍ដល់បុគ្គលម្នាក់ៗដែលជាប្រយោជន៍អាស្រ័យ។ បើគ្មានប្រយោជន៍គោលទេប្រយោជន៍អាស្រ័យក៏មិនអាចកើតមានដែរ។
កាលណាជាតិមួយអន់ថយមិនថ្លៃថ្នូរនោះពលរដ្ឋនៃជាតិនោះក៏មិនដឹងថ្លៃថ្នូរដាច់តែឯងម្ដេចកើតដែរ។ អ្នកដែលធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍នៅបរទេសពិតជាដឹងច្បាស់នូវអារម្មណ៍ខ្មាសអៀនដែលគេមើលមកខ្មែរថាជាជាតិសាសន៍មិនថ្លៃ (លើកលែងតែអ្នកមិនខ្វល់)។
រូបសង្គមកើតឡើងក្នុងទម្រង់បែបណាវាឆ្លុះបញ្ចាំងពីធាតុនីមួយៗនៃសង្គមនោះ។ បើពលរដ្ឋក្នុងសង្គមភាគច្រើនជាពលរដ្ឋថ្លៃមានទាំងជំនាញបច្ចេកទេសទាំងជំនាញគិតបែបហេតុផល និងប្រកបដោយសីលធម៌នៃការទទួលខុសត្រូវសង្គមបែបនោះជាសង្គមជឿនលឿនដែលមានទាំងលោកសម្ភារ និងការរស់នៅដោយសុខដុមរមនា។
ប្រសិនបើពលរដ្ឋក្នុងសង្គមមានអត្រាអ្នកចេះអក្សរតិចគ្មានសីលធម៌មិនស្គាល់ការទទួលខុសត្រូវ និងរស់នៅដោយគ្មានគោលដៅជីវិតសង្គមនោះជាសង្គមមិនថ្លៃថ្នូរដែលពលរដ្ឋដណ្តើមគ្នាស៊ីដើម្បីរស់។ ដោយសារបញ្ហាក្រពះទើបអំពើចោរកម្មប្លន់រំលោភសម្លាប់កើតមានច្រើន។ ប៉ុន្តែមានអសីលធម៌មួយប្រភេទទៀតទើបពិតជាកំពូលអសីលធម៌គឺវាត្រូវបានធ្វើឡើងដោយជនដែលមិនខ្វះអីស៊ីហើយមានចំណេះគឺ «ជួញ (បោកប្រាស់) ក្រោមរូបភាពនៃការជួយ» គឺគេបោកកេងយកប្រយោជន៍ផ្ទាល់ខ្លួនក្រោមស្លាកជួយ។
ស្ថានភាពចិត្ដរបស់អ្នកមានដែលកេងប្រវ័ញ្ចពីអ្នកក្រវាសាហាវជាងបើធៀបនឹងស្ថានភាពចិត្ដរបស់អ្នកក្រីក្រប្រព្រឹត្ដបទល្មើសដើម្បីក្រពះគឺវាដូចការកៀបក្ដាមយកឈាម តើក្ដាមមានឈាមឯណាឲ្យ? មានការងារបីប្រភេទមិនមែនជាការងារដើម្បីប្រាក់ចំណូលតែជាការងាររបស់សប្បុរសជនគឺ ៖
ការងាររបស់អង្គការសង្គមស៊ីវិលៈ ចាប់តាំងពីមនុស្សចាប់ផ្តើមរស់រួមគ្នាជាសហគមន៍អង្គការសង្គមស៊ីវិលនានាបង្កើតឡើងក្នុងវត្ថុបំណងជួយសង្គ្រោះមនុស្សពិសេសក្នុងប្រទេសដែលរដ្ឋាភិបាលទន់ខ្សោយ។ នេះជាការងាររបស់ជនសប្បុរសដែលឈឺឆ្អាលចង់ជួយមនុស្សក្នុងសហគមន៍ឲ្យអាចរស់ក្នុងស្ថានភាពប្រសើរ។ ដោយសារជនសប្បុរសដែលមានចិត្ដចង់សង្គ្រោះមានចំនួនតិចចំណែកឯជនរងគ្រោះមានចំនួនច្រើនទើបជនសប្បុរសទាំងនោះដែលភាគច្រើនជាអ្នកមានទ្រព្យសម្បត្តិ និងនិវត្តជនបានបបួលមនុស្សដែលមានចិត្តប្រហែលគ្នាមកចូលរួមគ្នា។ ការជួយមនុស្សក្នុងទម្រង់បែបនោះមិនជំរុញដោយលាភសក្ការៈទេផ្ទុយទៅវិញមានតែត្រេកអរដែលអាចជួយគេ។
បន្ដិចម្ដងៗទំហំការងារកាន់តែធំដូច្នេះជាចាំបាច់ពួកគេត្រូវការមានរចនាសម័្ពន្ធក្រុមត្រឹមត្រូវ និងមានការទទួលស្គាល់ជាផ្លូវការពីភាពស្របច្បាប់របស់ពួកគេដែលធ្វើសកម្មភាពក្នុងសង្គម។ ប៉ុន្តែឥឡូវនេះការងាររបស់អង្គការសង្គមស៊ីវិលមួយចំនួនបានក្លាយជាកន្លែងធ្វើការងារដែលមានប្រាក់ខែច្រើនទៅវិញមិនមែនផ្តើមចេញដោយចេតនាចង់ទៅជួយសហគមន៍ក្រីក្រទេ។ ការធ្វើការងារសង្គមដើម្បីជួយកាត់បន្ថយភាពក្រីក្រមិនសម្រេចឡើយព្រោះគេបានប្រែក្លាយសារជាតិការងារជាអ្នកជួយមកជាការងារដើម្បីប្រាក់។ តាមន័យដើមការងារសប្បុរសរបស់សង្គមស៊ីវិលដែលធ្វើដើម្បីជួយមនុស្សមានតម្លៃមិនអាចកាត់ថ្លៃបានប៉ុន្ដែសព្វថ្ងៃបើគ្មានថ្លៃឈ្នួលគេក៏មិនធ្វើដែរ។ តើអ្នកចង់ជួយគេទាល់តែគេជួលថ្លៃទើបទៅជួយឬ? តើនេះឬចិត្ដអ្នកជួយ?
កិច្ចការសាសនា : នេះក៏ ជាកិច្ចការរបស់សប្បុរសជនដែរ។ អ្នកបួសជាអ្នកពាល់ត្រូវថាជីវិតជាទុក្ខនឿយណាយនឹងជីវិតទើបចេញចាកផ្ទះទៅបួសរស់ក្នុងភាពស្ងប់ស្ងាត់។ អ្នកបួសត្រូវបដិបត្ដិវិបស្សនាសម្អាតចិត្ដបន្ទាប់មកត្រូវយកមេរៀនរបស់ព្រះពុទ្ធមកផ្សព្វផ្សាយក្នុងចំណោមពលរដ្ឋឲ្យរៀនរស់ចាកកិលេសតណ្ហា និងការលោភលន់ចេះជួយគ្នាចែករំលែកមិនបៀតបៀនគ្នា។ នេះជាការងារត្រួសៗក្នុងនាមមនុស្សដែលមើលឃើញជីវិតជាទុក្ខហើយយល់ថាមានតែការធ្វើការងារដែលមានគុណធម៌ជួយអ្នកដទៃទេទើបជីវិតមានតម្លៃ។ ប៉ុន្ដែការយកព្រះធម៌មកធ្វើជាពិធីកម្មក្រោមរូបភាពសាសនាបំផ្លាញខ្មែរ។
ខ្មែរចំណាយច្រើនណាស់ដើម្បីប្ដូរនឹងឋានសួគ៌ជាតិក្រោយ។ តើវាចំណេញជាងទេបើបង្វែរទ្រព្យធនទាំងនោះទៅជួយកិច្ចការសង្គមដូចជាធ្វើផ្លូវ កសាងមន្ទីរពេទ្យ សាលារៀនជាដើម? មិនមែនជាការចង់រំលាយសាសនាឡើយប៉ុន្ដែក្នុងស្ថានភាពមួយដែលស្រុកយើងកំពុងក្រយ៉ាងនេះការចំណាយទៅលើរឿងដែលសំអាងថាជាប្រពៃណីជាការខ្ជះខ្ជាយទ្រព្យធនជាតិខ្លាំងណាស់។ ទ្រព្យដែលពលរដ្ឋម្នាក់ៗចំណាយលើពិធីបូកចូលគ្នាគឺទ្រព្យជាតិ។ ទឹកស្អាត បង្គន់អនាម័យជាដើមខ្មែរមិនទាន់មានគ្រប់ភូមិនៅឡើយទេ។ តើរឿងនេះអ្នកសាសនាធ្លាប់បានគិតថាជារឿងសំខាន់ដែរទេ? បើអ្នកគោរពព្រះពុទ្ធសាសនាពិតមែនសូមអ្នកយកពុទ្ធឱវាទមកពិចារណាផង។ ក្នុងកាលាមសូត្រព្រះពុទ្ធត្រាស់ថាកុំជឿព្រោះរឿងនោះមានសរសេរក្នុងគម្ពីរសាសនារបស់អ្នក។ កុំជឿព្រោះអ្នកនិយាយនោះជាគ្រូរបស់អ្នក។ កុំជឿព្រោះតែមនុស្សផងគ្នាគេជឿថាបែបនោះជាដើមតែចាំកាលណាអ្នកបានពិចារណាល្អិតល្អន់ឃើញថាទង្វើនោះមិនបង្កឲ្យនរណាម្នាក់ឈឺចាប់មិនតែប៉ុណ្ណោះមានតែនាំសុខចម្រើនដល់មនុស្សទូទៅសូមអ្នកធ្វើវាចុះ។
តើអ្នកសាសនាដែលគិតពីប្រយោជន៍មនុស្សដែរទេ?
ផ្ទះអ្នកស្រុកលេចមុខលេចក្រោយក្មេងៗស្គមស្គាំងខ្វះអាហារូបត្ថម្ភ បោះបង់សាលាមកជួយធ្វើការឪពុកម្ដាយ តើចិត្ដអ្នកសាសនាសាងពីអ្វីដែលធ្វើតែរឿងណាដែលត្រូវបានគេប្រាប់ថាធ្វើហើយបានបុណ្យទៅឋានសួគ៌ខ្លួនឯង? ម្ដេចមិនសាងសួគ៌លោកិយរស់ស្រួលទាំងអស់គ្នា? មិនមែនមិនឲ្យធ្វើពិធីបុណ្យទេជាតិសាសន៍ណាក៏ត្រូវតែមានបុណ្យប្រពៃណីទំនៀមទម្លាប់ជាវប្បធម៌ប្រចាំជាតិខ្លួនដែរ តែគួរតែធ្វើតាមការគួរសមកាលវេលាជាក់ស្ដែងផង។ ការបោះចោលទំនៀមទម្លាប់ដែលមិននាំឲ្យចម្រើនគ្មានអ្វីខុសឡើយ។
បើកាលណាអ្នកបានជួយឲ្យពលរដ្ឋទូទៅរស់សមរម្យថ្លៃថ្នូរកូនយើងកូនគេចេះអក្សរ និងចម្រើនធំធាត់ប្រកបដោយសុខភាពកាយចិត្ដល្អប្រទេសសុខចម្រើន តើនោះមិនមែនជាការធ្វើបុណ្យទេឬ? តើអាចហៅបានទេថាជា «ការធ្វើបុណ្យជួយជាតិ»? តើនោះមិនមែនជាការធ្វើបុណ្យទីភ្លឺដែលពិចារណាឃើញថាបានប្រយោជន៍ដល់ពលរដ្ឋទេឬ? ជនជាតិណាក៏មានពិធីបុណ្យដែរតែសូមពិចារណាពីរឿងប្រយោជន៍ពីការធ្វើរបស់អ្នកឲ្យសមខ្លួនជាពុទ្ធបរិស័ទផង។
ព្រះពុទ្ធមិនបានបង្រៀនបរិស័ទឲ្យឆោតល្ងង់លឹបលិចលង់លក់ក្នុងជំនឿងងឹតងងល់ឡើយផ្ទុយទៅវិញទ្រង់ត្រាស់ថាភ្លឺពីឥឡូវភ្លឺទៅមុខ។ ផលវិបាកមួយទៀតនៃជំនឿដោយមិនប្រើការពិចារណាគឺបណ្ដាលឲ្យពលរដ្ឋក្លាយជាមនុស្សអាត្មានិយមគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ដើម្បីបានទៅឋានសួគ៌ខ្លួនឯងឃើញអ្នកជំងឺនៅនឹងមុខមិនជួយឡើយបែរជារត់ទៅតែវត្ដ។ បើសិនជាអ្នកឃើញព្រះសង្ឃខ្វះខាតសូមអ្នកទៅជួយលោកចុះតែមិនមែនទៅព្រោះដើម្បីបានបុណ្យនោះទេ។ ជួយចង់បានបុណ្យគឺជួញបុណ្យនោះជាចិត្ដទុច្ចរិត។ ចិត្ដបុណ្យគឺចិត្ដចង់ជួយគេដោយមិនរំពៃផលតបស្នងមកវិញ។
ការជួយបុគ្គលដែលគួរជួយទើបជាមង្គលដ៏ឧត្ដម។ បើព្រះសង្ឃជាបុគ្គលប្រពៃបួសរៀនព្រះធម៌ហាត់ពត់លត់ដំចិត្ដជួយបង្រៀនអ្នកស្រុកបុគ្គលថ្លៃថ្លាបែបនោះរឿងអីយើងមិនបូជាតែរឿងនៅត្រង់អ្នកសាសនាយល់ថាបូជាបុគ្គលមានសីលទើបបានបុណ្យច្រើន។ ការជួយអ្នកស្រុកផងគ្នាត្រូវបានគេរាប់ថាជាការជួយអ្នកគ្មានសីលមិនបានបុណ្យច្រើនទេ។ ទ្រឹស្ដីសាសនាទូទៅបង្រៀនមនុស្សឲ្យចេះជួយចេះចែករំលែក។
រឿងនេះនាំឲ្យចម្រើនសង្គមប៉ុន្តែបើកាលណាមានភ្ជាប់នឹងរឿង «ចូលបុណ្យតិចបានតិចចូលបុណ្យច្រើនបានច្រើន» នោះរឿងចង្រៃក៏កើតឡើងភ្លាម។
មហាត្មះគន្ធី បានពោលថា៖ «សាសនាគ្មានការលះបង់គឺជាបាបកម្មរបស់ជាតិ» គឺសាសនាគួរតែដើរតួនាទីផ្នែកខាងជួយសង្គ្រោះមិនមែនដើម្បីទម្ងន់សង្គមទេ។ កាលពីដើមមនុស្សចេះជួយគ្នាដោយគ្មានភ្ជាប់នឹងរឿងចង់បានបុណ្យអ្វីទេជាហេតុធ្វើឲ្យមានចំណងសាមគ្គីភាពមិនកេងប្រវ័ញ្ចពីគ្នា។ ចុះបើមាត់ថាជួយឯក្នុងចិត្ដប៉ងឋានសួគ៌តើនោះជាការជួយ ឬមួយជួញ? បើមនុស្សជួញបុណ្យក្រោមរូបភាពជួយ តើនេះជាបាបសង្គមដែរទេ?
កិច្ចការនយោបាយៈ ក្រុមសង្គមស៊ីវិល និងអ្នកសាសនាមួយចំនួនអាចបន្ដប្រវ័ញ្ចលាភសក្ការៈដោយសារតែបរិយាកាសនយោបាយអំណោយផល។ អ្នកនយោបាយទុច្ចរិតគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនជាដើមចមឲ្យសង្គមស៊ីវិល និងអ្នកសាសនាមួយចំនួនរួមទាំងពលរដ្ឋទូទៅគិតតែប្រយោជន៍ផ្ទាល់ខ្លួនតាមដែរ។ អ្នកនយោបាយជាទូទៅក្រាញននៀលក្នុងជីវិតនយោបាយរត់ពីគណបក្សមួយទៅគណបក្សមួយទៀតតើដើម្បីជាតិមែនទេ? គឺដើម្បីតែបន្ដជីវិតនយោបាយរបស់គេប៉ុណ្ណោះគ្មានដើម្បីជាតិជៅអីទេ។ រស់ក្នុងប្រទេសមួយដែលពលរដ្ឋមានប្រាក់ចំណូលមធ្យមតែមួយពាន់ដុល្លារជាងក្នុងមួយឆ្នាំផ្ទុយទៅវិញអ្នកនយោបាយបែរជារស់ក្នុងជីវភាពហ៊ឺហាហួសពីពលរដ្ឋដែលខ្លួនត្រូវបម្រើហៅមិនឮ។ គេឈ្លោះដណ្តើមអំណាចគ្នាមិនឈប់ឈរហើយស្រែកថាឡើងកម្តៅនយោបាយរួចគេថាចរចាគ្នាជាលទ្ធផលគេបានរថយន្ដម្នាក់មួយហើយក៏ថាកម្ដៅថយចុះតែគ្មានឃើញបានអ្វីមកជាប្រយោជន៍ដល់ពលរដ្ឋសោះ។ តើនេះជាជំនួញដែរទេ? វាជាជំនួញដែលឥតដើម។
ក្នុងន័យត្រឹមត្រូវនយោបាយមិនមែនជាមុខជំនួញរកមានរកបានឡើយទោះជាជំនួញត្រឹមត្រូវក៏មិនបានដែរតែទីនោះជាកិច្ចការរបស់ជនសប្បុរសធ្វើដើម្បីប្រយោជន៍ជាតិដើម្បីបម្រើមនោសញ្ចេតនា និងឧត្តមគតិ។ បើពិតជាមានសមានចិត្ដធ្វើអ្វីៗដើម្បីប្រយោជន៍ជាតិមែននោះអ្នកនយោបាយមុខជាសប្បាយចិត្តផ្ទេរកិច្ចការជួយជាតិដែលជាអម្រែកសុទ្ធសាធឲ្យទៅអ្នកនយោបាយផ្សេងភ្លាមពេលដែលគេឃើញមានអ្នកនយោបាយផ្សេងមានសមត្ថភាពអាចធ្វើការដើម្បីប្រយោជន៍ពលរដ្ឋច្រើនជាងខ្លួន។ ផ្ទុយទៅវិញអ្នកនយោបាយទុច្ចរិតតែងឈ្លោះប្រកែកគ្នាដណ្តើមតែអំណាចដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ទីណាមានមនុស្សល្ងង់ទីនោះប្រាកដជាមានការបោកប្រាស់។ យើងមិនអាចហាមមនុស្សលោភឲ្យឈប់បោកបានទេតែយើងអាចជួយពង្រឹងសមត្ថភាពពលរដ្ឋកុំឲ្យងាយចាញ់បោកគេ។ បើជនបីក្រុមខាងលើប្រែជាទុច្ចរិតនោះរាប់បានថាជាអភ័ព្វជាតិ។ ប៉ុន្ដែលើសពីអភ័ព្វទៅទៀតគឺត្រង់ពលរដ្ឋលើសពីហាសិបភាគរយបូកមួយព្រមឲ្យគេបោកប្រាស់បាន។ បើពលរដ្ឋនៅតែមិនស្អប់ខ្ពើមអំពើកេងប្រវ័ញ្ចដែលជួញក្រោមរូបភាពជួយទេនោះជនឆ្លៀតឱកាសនៅតែបន្ដសកម្មភាពបោកមិនខាន។
មនុស្សជាច្រើនដែលគាំទ្រការលើកឡើងរបស់ ម៉ាក្យាវែលលី ថា«ឲ្យតែពូកែបោកនោះមិនខ្វះទេមនុស្សឲ្យបោក»។ គេមិនមែនយកការលើកឡើងនេះដើម្បីជាគ្រឿងជួយដាស់តឿនគ្នាកុំឲ្យចាញ់បោកគេទេផ្ទុយទៅវិញគេចាត់ទុកថានេះជាគតិល្អហើយនាំគ្នាអនុវត្ដដើម្បីបន្តបោកពលរដ្ឋ។
អភ័ព្វដោយត្រូវបានគេបោកណាក៏មិនអភ័ព្វស្មើនឹងសាមីខ្លួនអ្នកដែលត្រូវបានគេបោកព្រមឲ្យគេបោកដែរគឺខ្មែរចូលចិត្ដច្រៀងចម្រៀងថាដឹងថាបងបោកតែពេញចិត្ដឲ្យបងបោក។
ការនៅស្ងៀមមិនប្រតិកម្មចំពោះទង្វើទុច្ចរិតហៅថាព្រមឲ្យគេបោក។ ដើម្បីបញ្ចប់ការរស់នៅក្រោមការបោកប្រាស់ពីសំណាក់មនុស្សទាំងបីក្រុមខាងលើច្រកចេញគឺនៅលើពលរដ្ឋ។ ពលរដ្ឋត្រូវតែរៀនតាមដានស្វែងយល់រាល់ទង្វើរបស់មនុស្សមានឈ្មោះល្បីក្នុងសង្គម។ តាមដានហើយគិតវិភាគបើឃើញខុសចង្អុលថាខុសឃើញត្រូវចូលរួមសាទរ។
បើឃើញខូចហើយនៅតែថាមិនអីទេខូចខិលប៉ុណ្ណឹងនោះជាលទ្ធផលខ្មែរនឹងនៅតែងើបមុខមិនរួច។ នរណាមកបោកខ្មែរជារឿងមួយតែការដែលខ្មែរនៅស្ងៀមដោយព្រមប្រគល់ខ្លួនឲ្យគេបោកទើបជារឿងដែលខ្មែរគួរចាប់ផ្ដើមនាំគ្នាពិចារណាទាំងអស់គ្នា៕
ប៉ាង វ៉ាន់ថោន
អ៊ីមែលៈ vanthownpang@yahoo.com

1 comment:
Do not depend on any divine powers to help you, YOU make your own divine powers !
Post a Comment