A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 27 March 2016

អភ័ព្វ​ខ្លាំង​ម្ល៉េះ​ខ្មែរ​ខ្ញុំ​អើយ!


ជន​ក្រីក្រ​កម្ពុជា​ពេល​កំពុង​សម្រាន្ត​លក់​ក្រោយ​រថយន្ត​ទំនើប,បើ​ជួយ​គាត់​តើ​ល្អ​ដែរ​ទេ? ហុង មិនា


អភ័ព្វ​ខ្លាំង​ម្ល៉េះ​ខ្មែរ​ខ្ញុំ​អើយ!
ppp Wed, 16 March 2016



លោក​ អាល់ប៊ើត អាញស្ដាញ ​បាន​ពោល​ថា​ «មាន​តែ​ជីវិត​ដែល​រស់​ដើម្បី​អ្នក​ដទៃ​ប៉ុណ្ណោះ​ទើប​ជា​ជីវិត​មាន​តម្លៃ​» មាន​ន័យ​ថា​រស់​ដើម្បី​ធ្វើ​កិច្ចការ​បម្រើ​ឧត្ដមគតិ​ទើប​ជីវិត​មាន​តម្លៃ។ ការងារ​ឧត្ដមគតិ​គ្មាន​ឡើយ​ដើម្បី​ប្រយោជន៍​បុគ្គល​តែ​គឺ​ដើម្បី​មនុស្ស​ជុំវិញ​បាន​សុខ​ចម្រើន​ប៉ុន្ដែ​បុគ្គល​ខ្លះ​ថា​ត្រូវ​គិត​ពី​ខ្លួន​គេ​សិន​ទើប​គិត​ប្រយោជន៍​រួម​ជា​ក្រោយ។ ​គេ​ថា​ការ​គិត​ប្រយោជន៍​បុគ្គល​ម្នាក់ៗ​គឺ​គេ​គិត​ជាតិ​។

ការ​រួម​ផ្សំ​នៃ​ជន​អាត្មា​និយម​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​នៅ​តែ​ជា​ការ​ផ្គុំ​នៃ​ជន​អាត្មា​និយម​មិន​អាច​ក្លាយ​ជា​ប្រយោជន៍​រួម​ឡើយ​។ ប្រយោជន៍​ជាតិ​ជា​ប្រយោជន៍​គោល​ដែល​ផ្ដល់​ប្រយោជន៍​ដល់​បុគ្គល​ម្នាក់ៗ​ដែល​ជា​ប្រយោជន៍​អាស្រ័យ។ បើ​គ្មាន​ប្រយោជន៍​គោល​ទេ​ប្រយោជន៍​អាស្រ័យ​ក៏​មិន​អាច​កើត​មាន​ដែរ។

កាល​ណា​ជាតិ​មួយ​អន់​ថយ​មិន​ថ្លៃថ្នូរ​នោះ​ពលរដ្ឋ​នៃ​ជាតិ​នោះ​ក៏​មិន​ដឹង​ថ្លៃថ្នូរ​ដាច់​តែ​ឯង​ម្ដេច​កើត​ដែរ។ អ្នក​ដែល​ធ្លាប់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នៅ​បរទេស​ពិត​ជា​ដឹង​ច្បាស់​នូវ​អារម្មណ៍​ខ្មាសអៀន​ដែល​គេ​មើល​មក​ខ្មែរ​ថា​ជា​ជាតិសាសន៍​មិន​ថ្លៃ (លើក​លែង​តែ​អ្នក​មិន​ខ្វល់)។

រូប​សង្គម​កើត​ឡើង​ក្នុង​ទម្រង់​បែប​ណា​វា​ឆ្លុះ​បញ្ចាំង​ពី​ធាតុ​នីមួយៗ​នៃ​សង្គម​នោះ។ បើ​ពលរដ្ឋ​ក្នុង​សង្គម​ភាគច្រើន​ជា​ពលរដ្ឋ​ថ្លៃ​មាន​ទាំង​ជំនាញ​បច្ចេកទេស​ទាំង​ជំនាញ​គិត​បែប​ហេតុផល និង​ប្រកប​ដោយ​សីលធម៌​នៃ​ការ​ទទួល​ខុស​ត្រូវ​សង្គម​បែប​នោះ​ជា​សង្គម​​ជឿន​លឿន​ដែល​មាន​ទាំង​លោក​សម្ភារ​ និង​ការ​រស់​នៅ​ដោយ​សុខដុមរមនា​។



ប្រសិន​បើ​ពលរដ្ឋ​ក្នុង​សង្គម​មាន​អត្រា​អ្នក​ចេះ​អក្សរ​តិច​គ្មាន​សីលធម៌​មិន​ស្គាល់​ការ​ទទួល​ខុសត្រូវ​ និង​រស់នៅ​ដោយ​គ្មាន​គោលដៅ​ជីវិត​សង្គម​នោះ​ជា​សង្គម​មិន​ថ្លៃថ្នូរ​​ដែល​ពលរដ្ឋ​ដណ្តើម​គ្នា​ស៊ី​ដើម្បី​រស់។ ដោយសារ​បញ្ហា​ក្រពះ​ទើប​អំពើ​ចោរកម្ម​ប្លន់​រំលោភ​សម្លាប់​កើត​មាន​ច្រើន។ ប៉ុន្តែ​មាន​អសីលធម៌​មួយ​ប្រភេទ​ទៀត​ទើប​ពិតជា​កំពូល​អសីលធម៌​គឺ​វា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជន​ដែល​មិន​ខ្វះ​អី​ស៊ី​ហើយ​មាន​ចំណេះ​គឺ «ជួញ (​បោក​ប្រាស់​) ​ក្រោម​រូបភាព​នៃ​ការ​ជួយ» គឺ​គេ​បោក​កេង​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ក្រោម​ស្លាក​ជួយ។

ស្ថានភាព​ចិត្ដ​របស់​អ្នក​មាន​ដែល​កេងប្រវ័ញ្ច​ពី​អ្នក​ក្រ​វា​សាហាវ​ជាង​បើ​ធៀប​នឹង​ស្ថានភាព​ចិត្ដ​របស់​អ្នក​ក្រីក្រ​ប្រព្រឹត្ដ​បទល្មើស​ដើម្បី​ក្រពះ​គឺ​វា​ដូច​ការ​កៀប​ក្ដាម​យក​ឈាម តើ​ក្ដាម​មាន​ឈាម​ឯណា​ឲ្យ? មាន​ការងារ​បី​ប្រភេទ​មិនមែន​ជា​ការងារ​ដើម្បី​ប្រាក់​ចំណូល​តែ​ជា​ការងារ​របស់​សប្បុរសជន​គឺ ៖

ការងារ​របស់​អង្គការ​សង្គម​ស៊ីវិលៈ ចាប់​តាំងពី​មនុស្ស​ចាប់ផ្តើម​រស់​រួម​គ្នា​ជា​សហគមន៍​អង្គការ​សង្គម​ស៊ីវិល​នានា​បង្កើត​ឡើង​ក្នុង​វត្ថុ​បំណង​ជួយ​សង្គ្រោះ​មនុស្ស​ពិសេស​ក្នុង​ប្រទេស​ដែល​រដ្ឋាភិបាល​ទន់ខ្សោយ។ នេះ​ជា​ការងារ​របស់​ជនសប្បុរស​ដែល​ឈឺឆ្អាល​ចង់​ជួយ​មនុស្ស​ក្នុង​សហគមន៍​ឲ្យ​អាច​រស់​ក្នុង​ស្ថានភាព​ប្រសើរ​។ ដោយសារ​ជនសប្បុរស​ដែល​មាន​ចិត្ដ​ចង់​សង្គ្រោះ​មាន​ចំនួន​តិច​ចំណែកឯ​ជនរងគ្រោះ​មាន​ចំនួន​ច្រើន​ទើប​ជនសប្បុរស​ទាំងនោះ​ដែល​ភាគ​ច្រើន​ជា​អ្នក​​មាន​ទ្រព្យសម្បត្តិ និង​និវត្តជន​បាន​បបួល​មនុស្ស​ដែល​មាន​ចិត្ត​ប្រហែល​គ្នា​មក​ចូលរួម​គ្នា។​ ការ​ជួយ​មនុស្ស​ក្នុង​ទម្រង់​បែប​នោះ​មិន​ជំរុញ​ដោយ​លាភសក្ការៈ​ទេ​ផ្ទុយ​ទៅ​វិញ​មាន​តែ​ត្រេកអរ​ដែល​អាច​ជួយ​គេ​។

បន្ដិច​ម្ដងៗ​ទំហំ​ការងារ​កាន់តែ​ធំ​ដូច្នេះ​ជា​ចាំបាច់​ពួកគេ​ត្រូវការ​មាន​រចនាសម័្ពន្ធ​ក្រុម​ត្រឹមត្រូវ និង​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ភាព​ស្រប​ច្បាប់​របស់​ពួកគេ​ដែល​ធ្វើ​សកម្មភាព​ក្នុង​សង្គម​។ ប៉ុន្តែ​ឥឡូវ​នេះ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ក្លាយ​ជា​កន្លែង​ធ្វើ​ការងារ​ដែល​មាន​ប្រាក់​ខែ​ច្រើន​ទៅ​វិញ​មិនមែន​ផ្តើម​ចេញ​ដោយ​ចេតនា​​ចង់​ទៅ​ជួយ​សហគមន៍​ក្រីក្រ​ទេ។​ ការ​ធ្វើ​ការងារ​សង្គម​ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​មិន​សម្រេច​ឡើយ​ព្រោះ​គេ​បាន​ប្រែ​ក្លាយ​សារ​ជាតិ​ការងារ​ជា​អ្នក​ជួយ​មក​ជា​ការងារ​ដើម្បី​ប្រាក់​។ តាម​ន័យ​ដើម​ការងារ​សប្បុរស​របស់​សង្គម​ស៊ីវិល​ដែល​​ធ្វើ​ដើម្បី​ជួយ​មនុស្ស​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ប៉ុន្ដែ​សព្វ​ថ្ងៃ​បើ​គ្មាន​ថ្លៃ​ឈ្នួល​គេ​ក៏​មិន​ធ្វើ​ដែរ។ ​តើ​អ្នក​ចង់​ជួយ​គេ​ទាល់​តែ​គេ​ជួល​ថ្លៃ​ទើប​ទៅ​ជួយ​ឬ? ​តើ​នេះ​ឬ​ចិត្ដ​អ្នក​ជួយ?

កិច្ចការ​សាសនា : នេះ​ក៏ ជា​កិច្ចការ​របស់​សប្បុរសជន​ដែរ។ ​អ្នក​បួស​ជា​អ្នក​ពាល់​ត្រូវ​ថា​ជីវិត​ជា​ទុក្ខ​នឿយ​ណាយ​នឹង​ជីវិត​ទើប​ចេញចាក​ផ្ទះ​ទៅ​បួស​រស់​ក្នុង​ភាព​ស្ងប់ស្ងាត់​។ អ្នក​បួស​ត្រូវ​បដិបត្ដិ​វិបស្សនា​សម្អាត​ចិត្ដ​បន្ទាប់​មក​ត្រូវ​យក​មេរៀន​របស់​ព្រះពុទ្ធ​មក​ផ្សព្វផ្សាយ​ក្នុង​ចំណោម​ពលរដ្ឋ​ឲ្យ​រៀន​រស់​ចាក​កិលេស​តណ្ហា​ និង​ការ​​លោភលន់​ចេះ​ជួយ​គ្នា​ចែក​រំលែក​មិន​​បៀតបៀន​គ្នា។ នេះ​ជា​ការងារ​ត្រួសៗ​ក្នុង​នាម​មនុស្ស​​ដែល​មើល​ឃើញ​ជីវិត​ជា​ទុក្ខ​ហើយ​យល់​ថា​មាន​តែ​ការ​ធ្វើ​ការងារ​ដែល​មាន​គុណធម៌​ជួយ​អ្នក​ដទៃ​ទេ​ទើប​ជីវិត​មាន​តម្លៃ។ ​ប៉ុន្ដែ​ការ​យក​ព្រះធម៌​មក​​ធ្វើ​ជា​ពិធីកម្ម​ក្រោម​រូបភាព​សាសនា​បំផ្លាញ​ខ្មែរ។

ខ្មែរ​ចំណាយ​ច្រើន​ណាស់​ដើម្បី​ប្ដូរ​នឹង​ឋានសួគ៌​ជាតិ​ក្រោយ​។ តើ​វា​ចំណេញ​ជាង​ទេ​បើ​បង្វែរ​ទ្រព្យធន​ទាំង​នោះ​ទៅ​ជួយ​កិច្ចការ​សង្គម​ដូចជា​ធ្វើ​ផ្លូវ​ កសាង​មន្ទីរ​ពេទ្យ សាលា​រៀន​ជាដើម​? មិនមែន​ជា​ការ​ចង់​រំលាយ​សាសនា​ឡើយ​ប៉ុន្ដែ​ក្នុង​ស្ថានភាព​មួយ​ដែល​ស្រុក​យើង​កំពុង​ក្រ​យ៉ាង​នេះ​ការ​ចំណាយ​ទៅ​លើ​រឿង​ដែល​សំអាង​ថា​ជា​ប្រពៃណី​ជា​ការ​ខ្ជះខ្ជាយ​ទ្រព្យធន​ជាតិ​ខ្លាំង​ណាស់។ ទ្រព្យ​ដែល​ពលរដ្ឋ​ម្នាក់ៗ​ចំណាយ​លើ​​ពិធី​បូក​ចូល​គ្នា​គឺ​ទ្រព្យជាតិ​។ ទឹកស្អាត បង្គន់​អនាម័យ​ជាដើម​ខ្មែរ​មិន​ទាន់​មាន​គ្រប់​ភូមិ​នៅ​ឡើយ​ទេ។ តើ​រឿង​នេះ​អ្នក​សាសនា​ធ្លាប់​បាន​គិត​ថា​ជា​រឿង​សំខាន់​ដែរ​ទេ? បើ​អ្នក​គោរព​ព្រះពុទ្ធ​សាសនា​ពិត​មែន​សូម​អ្នក​យក​ពុទ្ធ​ឱវាទ​មក​ពិចារណា​ផង​។ ក្នុង​កាលាម​សូត្រ​ព្រះពុទ្ធ​ត្រាស់​ថា​កុំ​ជឿ​ព្រោះ​រឿង​នោះ​មាន​សរសេរ​ក្នុង​គម្ពីរ​សាសនា​របស់​អ្នក។ កុំ​ជឿ​ព្រោះ​អ្នក​និយាយ​​នោះ​ជា​គ្រូ​របស់​អ្នក។ កុំ​ជឿ​ព្រោះ​តែ​មនុស្ស​ផង​គ្នា​គេ​ជឿ​ថា​បែប​នោះ​ជា​ដើម​តែ​ចាំ​កាល​ណា​អ្នក​បាន​ពិចារណា​ល្អិតល្អន់​ឃើញ​ថា​ទង្វើ​នោះ​មិន​បង្ក​ឲ្យ​នរណា​ម្នាក់​ឈឺ​ចាប់​មិន​តែ​ប៉ុណ្ណោះ​មាន​តែ​នាំ​សុខ​ចម្រើន​ដល់​មនុស្ស​ទូទៅ​សូម​អ្នក​ធ្វើ​វា​ចុះ។

តើ​អ្នក​សាសនា​ដែល​គិត​ពី​ប្រយោជន៍​មនុស្ស​ដែរ​ទេ​?

ផ្ទះ​អ្នក​ស្រុក​លេច​មុខ​លេច​ក្រោយ​ក្មេងៗ​ស្គមស្គាំង​ខ្វះ​អាហារូបត្ថម្ភ បោះបង់​សាលា​មក​ជួយ​ធ្វើការ​ឪពុកម្ដាយ ​តើ​ចិត្ដ​អ្នក​សាសនា​សាង​ពី​​អ្វី​ដែល​ធ្វើ​តែ​រឿង​ណា​ដែល​ត្រូវ​បាន​គេ​ប្រាប់​​ថា​ធ្វើ​ហើយ​បាន​​បុណ្យ​ទៅ​ឋាន​សួគ៌​ខ្លួន​ឯង​? ​ម្ដេច​មិន​សាង​សួគ៌​លោកិយ​រស់​ស្រួល​ទាំងអស់​គ្នា​? មិន​មែន​មិន​ឲ្យ​ធ្វើ​ពិធី​បុណ្យ​ទេ​ជាតិ​សាសន៍​ណា​ក៏​ត្រូវ​តែ​មាន​បុណ្យ​ប្រពៃណី​ទំនៀម​ទម្លាប់​ជា​វប្បធម៌​​ប្រចាំ​ជាតិ​ខ្លួន​ដែរ ​តែ​គួរ​តែ​ធ្វើ​តាម​ការ​គួរ​សម​កាល​វេលា​ជាក់ស្ដែង​ផង។ ការ​បោះ​ចោល​ទំនៀម​ទម្លាប់​ដែល​មិន​នាំ​ឲ្យ​ចម្រើន​គ្មាន​អ្វី​ខុស​ឡើយ​។

បើ​កាលណា​អ្នក​បាន​ជួយ​ឲ្យ​ពលរដ្ឋ​ទូទៅ​រស់​សមរម្យ​ថ្លៃថ្នូរ​កូន​យើង​កូន​គេ​ចេះ​អក្សរ និង​ចម្រើន​ធំធាត់​ប្រកប​ដោយ​សុខភាព​កាយ​ចិត្ដ​ល្អ​ប្រទេស​សុខ​ចម្រើន តើ​នោះ​មិនមែន​ជា​ការ​ធ្វើ​បុណ្យ​ទេ​ឬ? តើ​អាច​ហៅ​បាន​ទេ​ថា​ជា «​ការ​ធ្វើ​បុណ្យ​ជួយ​ជាតិ»? តើ​នោះ​មិនមែន​ជា​ការ​ធ្វើ​បុណ្យ​ទី​ភ្លឺ​ដែល​ពិចារណា​ឃើញ​ថា​បាន​ប្រយោជន៍​ដល់​ពលរដ្ឋ​ទេ​ឬ​? ជនជាតិ​ណា​ក៏​មាន​ពិធី​បុណ្យ​ដែរ​តែ​សូម​ពិចារណា​ពី​រឿង​ប្រយោជន៍​ពី​ការ​ធ្វើ​របស់​អ្នក​ឲ្យ​សម​ខ្លួន​ជា​ពុទ្ធ​បរិស័ទ​ផង។

ព្រះពុទ្ធ​មិន​បាន​បង្រៀន​បរិស័ទ​ឲ្យ​ឆោត​ល្ងង់​លឹប​លិច​លង់​លក់​ក្នុង​ជំនឿ​ងងឹត​ងងល់​ឡើយ​ផ្ទុយ​ទៅ​វិញ​ទ្រង់​ត្រាស់​ថា​ភ្លឺ​ពី​ឥឡូវ​ភ្លឺ​ទៅ​មុខ។ ​ផលវិបាក​មួយ​ទៀត​នៃ​ជំនឿ​ដោយ​មិន​ប្រើ​ការ​ពិចារណា​គឺ​បណ្ដាល​ឲ្យ​ពលរដ្ឋ​ក្លាយ​ជា​មនុស្ស​អាត្មានិយម​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ដើម្បី​បាន​ទៅ​ឋានសួគ៌​ខ្លួន​ឯង​ឃើញ​អ្នក​ជំងឺ​នៅ​នឹង​មុខ​មិន​ជួយ​ឡើយ​បែរ​ជា​រត់​ទៅ​តែ​វត្ដ​។ បើ​សិន​ជា​អ្នក​ឃើញ​ព្រះសង្ឃ​ខ្វះខាត​សូម​អ្នក​ទៅ​ជួយ​លោក​ចុះ​តែ​មិន​មែន​ទៅ​ព្រោះ​ដើម្បី​បាន​បុណ្យ​នោះ​ទេ។ ជួយ​ចង់​បាន​បុណ្យ​គឺ​ជួញ​បុណ្យ​នោះ​ជា​ចិត្ដ​ទុច្ចរិត។ ចិត្ដ​បុណ្យ​គឺ​ចិត្ដ​ចង់​ជួយ​គេ​ដោយ​មិន​រំពៃ​ផល​តបស្នង​មក​វិញ។

ការ​ជួយ​បុគ្គល​ដែល​គួរ​ជួយ​ទើប​ជា​មង្គល​ដ៏​ឧត្ដម។ បើ​ព្រះសង្ឃ​ជា​បុគ្គល​ប្រពៃ​បួស​រៀន​ព្រះធម៌​ហាត់​ពត់​លត់​ដំ​ចិត្ដ​ជួយ​បង្រៀន​អ្នក​ស្រុក​បុគ្គល​ថ្លៃថ្លា​បែប​នោះ​រឿង​អី​យើង​មិន​បូជា​តែ​រឿង​នៅ​ត្រង់​អ្នក​សាសនា​យល់​ថា​បូជា​បុគ្គល​មាន​សីល​ទើប​បាន​​បុណ្យ​ច្រើន​។ ការ​ជួយ​អ្នក​ស្រុក​ផង​គ្នា​ត្រូវ​បាន​គេ​រាប់​ថា​ជា​ការ​ជួយ​អ្នក​គ្មាន​សីល​មិន​បាន​បុណ្យ​ច្រើន​ទេ។ ​ទ្រឹស្ដី​សាសនា​ទូទៅ​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ជួយ​ចេះ​ចែក​រំលែក​។

រឿង​នេះ​នាំ​ឲ្យ​ចម្រើន​សង្គម​ប៉ុន្តែ​បើ​កាលណា​មាន​ភ្ជាប់​នឹង​រឿង​ «ចូល​បុណ្យ​តិច​បាន​តិច​ចូល​បុណ្យ​ច្រើន​បាន​ច្រើន» នោះ​រឿង​ចង្រៃ​ក៏​កើតឡើង​ភ្លាម​។

មហាត្មះគន្ធី ​បាន​ពោល​ថា៖ «សាសនា​គ្មាន​ការ​លះបង់​គឺជា​បាបកម្ម​របស់​ជាតិ​» គឺ​សាសនា​គួរ​តែ​ដើរ​តួនាទី​ផ្នែក​ខាង​ជួយ​សង្គ្រោះ​មិនមែន​ដើម្បី​ទម្ងន់​សង្គម​ទេ។ កាលពី​ដើម​មនុស្ស​ចេះ​​ជួយ​គ្នា​ដោយ​គ្មាន​ភ្ជាប់​នឹង​រឿង​ចង់​បាន​បុណ្យ​អ្វី​ទេ​ជា​ហេតុ​ធ្វើឲ្យ​មាន​ចំណង​សាមគ្គីភាព​មិន​កេង​ប្រវ័ញ្ច​ពី​គ្នា​។ ចុះ​បើ​មាត់​ថា​ជួយ​ឯ​ក្នុង​ចិត្ដ​ប៉ង​ឋានសួគ៌​តើ​នោះ​ជា​ការ​ជួយ​ ឬ​មួយ​ជួញ? បើ​មនុស្ស​ជួញ​បុណ្យ​ក្រោម​រូបភាព​ជួយ តើ​នេះ​ជា​បាប​សង្គម​ដែរ​ទេ​?

កិច្ចការ​នយោបាយៈ ក្រុម​សង្គម​ស៊ីវិល​ និង​អ្នក​សាសនា​មួយ​ចំនួន​អាច​បន្ដប្រវ័ញ្ច​លាភសក្ការៈ​ដោយសារ​តែ​បរិយាកាស​នយោបាយ​អំណោយផល។ អ្នក​នយោបាយ​ទុច្ចរិត​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជា​ដើមចម​ឲ្យ​សង្គម​ស៊ីវិល​ និង​អ្នក​សាសនា​មួយ​ចំនួន​រួម​ទាំង​ពលរដ្ឋ​ទូទៅ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​តាម​ដែរ។ អ្នក​នយោបាយ​ជាទូទៅ​ក្រាញ​ននៀល​ក្នុង​ជីវិត​នយោបាយ​រត់​ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​ទៀត​តើ​ដើម្បី​ជាតិ​មែន​ទេ​? គឺ​ដើម្បី​តែ​បន្ដ​ជីវិត​នយោបាយ​របស់​គេ​ប៉ុណ្ណោះ​គ្មាន​ដើម្បី​ជាតិ​ជៅ​អី​ទេ។​ រស់​ក្នុង​ប្រទេស​មួយ​ដែល​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​មធ្យម​តែ​មួយ​ពាន់​ដុល្លារ​ជាង​ក្នុង​មួយ​ឆ្នាំ​ផ្ទុយ​ទៅវិញ​អ្នក​នយោបាយ​បែរ​ជា​រស់​ក្នុង​ជីវភាព​ហ៊ឺហា​ហួស​ពី​ពលរដ្ឋ​ដែល​ខ្លួន​ត្រូវ​បម្រើ​ហៅ​មិន​ឮ​។ គេ​ឈ្លោះ​ដណ្តើម​អំណាច​គ្នា​មិន​ឈប់ឈរ​ហើយ​ស្រែក​ថា​ឡើង​កម្តៅ​នយោបាយ​រួច​គេ​ថា​ចរចា​គ្នា​ជា​លទ្ធផល​គេ​បាន​រថយន្ដ​ម្នាក់​មួយ​ហើយ​ក៏​ថា​កម្ដៅ​ថយ​ចុះ​តែ​គ្មាន​ឃើញ​បាន​អ្វី​មក​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​សោះ។ តើ​នេះ​ជា​ជំនួញ​ដែរ​ទេ? វា​ជា​ជំនួញ​ដែល​ឥត​ដើម។ ​

ក្នុង​ន័យ​ត្រឹមត្រូវ​នយោបាយ​មិនមែន​ជា​មុខ​ជំនួញ​រក​មាន​រក​បាន​ឡើយ​ទោះ​ជា​ជំនួញ​ត្រឹមត្រូវ​ក៏​មិន​បាន​ដែរ​តែ​ទី​នោះ​ជា​កិច្ចការ​របស់​ជនសប្បុរស​ធ្វើ​ដើម្បី​ប្រយោជន៍​ជាតិ​ដើម្បី​បម្រើ​មនោសញ្ចេតនា​ និង​ឧត្តមគតិ។ បើ​ពិតជា​មាន​សមាន​ចិត្ដ​ធ្វើ​អ្វីៗ​ដើម្បី​ប្រយោជន៍​ជាតិ​មែន​នោះ​អ្នក​នយោបាយ​មុខ​ជា​សប្បាយ​ចិត្ត​ផ្ទេរ​កិច្ចការ​ជួយ​ជាតិ​ដែល​ជា​អម្រែក​សុទ្ធសាធ​ឲ្យ​ទៅ​អ្នក​នយោបាយ​ផ្សេង​ភ្លាម​ពេល​ដែល​គេ​ឃើញ​មាន​អ្នក​នយោបាយ​ផ្សេង​មាន​សមត្ថភាព​អាច​ធ្វើការ​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ច្រើន​ជាង​ខ្លួន។ ​ផ្ទុយ​ទៅ​វិញ​អ្នក​នយោបាយ​ទុច្ចរិត​តែង​ឈ្លោះ​ប្រកែក​គ្នា​ដណ្តើម​តែ​អំណាច​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​។

ទីណា​មាន​មនុស្ស​ល្ងង់​ទី​នោះ​ប្រាកដ​ជា​មាន​ការ​បោកប្រាស់។​ យើង​មិន​អាច​ហាម​មនុស្ស​លោភ​ឲ្យ​ឈប់​បោក​បាន​ទេ​តែ​យើង​អាច​ជួយ​ពង្រឹង​សមត្ថភាព​ពលរដ្ឋ​កុំ​ឲ្យ​ងាយ​ចាញ់​បោក​គេ។​ បើ​ជន​បី​ក្រុម​ខាង​លើ​ប្រែ​ជា​ទុច្ចរិត​នោះ​រាប់​បាន​ថា​ជា​អភ័ព្វ​ជាតិ។​ ប៉ុន្ដែ​លើស​ពី​អភ័ព្វ​ទៅ​ទៀត​គឺ​ត្រង់​ពលរដ្ឋ​លើស​​ពី​ហាសិប​ភាគរយ​បូក​មួយ​ព្រម​ឲ្យ​គេ​បោកប្រាស់​បាន។ បើ​ពលរដ្ឋ​នៅ​តែ​មិន​ស្អប់​ខ្ពើម​អំពើ​កេងប្រវ័ញ្ច​ដែល​ជួញ​ក្រោម​រូបភាព​ជួយ​ទេ​នោះ​ជន​ឆ្លៀត​ឱកាស​នៅ​តែ​បន្ដ​សកម្មភាព​បោក​មិន​ខាន។

មនុស្ស​ជាច្រើន​ដែល​គាំទ្រ​ការ​លើក​ឡើង​របស់​ ម៉ាក្យាវែលលី ថា«​ឲ្យ​តែ​ពូកែ​បោក​នោះ​មិន​ខ្វះ​ទេ​មនុស្ស​ឲ្យ​បោក»។ គេ​មិនមែន​យក​ការ​លើក​ឡើង​នេះ​ដើម្បី​ជា​គ្រឿង​ជួយ​ដាស់​តឿន​គ្នា​កុំ​ឲ្យ​ចាញ់​បោក​គេ​ទេ​ផ្ទុយ​ទៅវិញ​គេ​ចាត់​ទុក​ថា​នេះ​ជា​គតិ​ល្អ​ហើយ​នាំ​គ្នា​អនុវត្ដ​ដើម្បី​បន្ត​បោក​ពលរដ្ឋ។

អភ័ព្វ​ដោយ​ត្រូវ​បាន​គេ​បោក​ណា​ក៏​មិន​អភ័ព្វ​ស្មើ​នឹង​សាមី​ខ្លួន​អ្នក​ដែល​ត្រូវ​បាន​គេ​បោក​ព្រម​ឲ្យ​គេ​បោក​ដែរ​គឺ​ខ្មែរ​ចូលចិត្ដ​ច្រៀង​ចម្រៀង​ថា​ដឹង​ថា​បង​បោក​តែ​ពេញ​ចិត្ដ​ឲ្យ​បង​បោក។

ការ​នៅ​ស្ងៀម​មិន​ប្រតិកម្ម​ចំពោះ​ទង្វើ​ទុច្ចរិត​ហៅ​ថា​ព្រម​ឲ្យ​គេ​បោក​។ ដើម្បី​បញ្ចប់​ការ​រស់នៅ​ក្រោម​ការ​បោកប្រាស់​ពី​សំណាក់​មនុស្ស​ទាំង​បី​ក្រុម​ខាង​លើ​ច្រក​ចេញ​​គឺ​នៅ​លើ​ពលរដ្ឋ​។ ពលរដ្ឋ​ត្រូវ​តែ​រៀន​តាម​ដាន​ស្វែង​យល់​​រាល់​ទង្វើ​របស់​មនុស្ស​មាន​ឈ្មោះ​ល្បី​ក្នុង​សង្គម។ តាម​ដាន​ហើយ​​គិត​វិភាគ​បើ​ឃើញ​ខុស​ចង្អុល​ថា​ខុស​ឃើញ​ត្រូវ​ចូលរួម​សាទរ​។

បើ​ឃើញ​ខូច​ហើយ​នៅ​តែ​ថា​មិន​អី​ទេ​ខូចខិល​ប៉ុណ្ណឹង​​នោះ​ជា​លទ្ធផល​ខ្មែរ​នឹង​នៅ​តែ​ងើប​មុខ​មិន​រួច។ នរណា​មក​បោក​ខ្មែរ​ជា​រឿង​មួយ​តែ​ការ​ដែល​ខ្មែរ​នៅ​ស្ងៀម​ដោយ​ព្រម​ប្រគល់​ខ្លួន​ឲ្យ​គេ​បោក​ទើប​ជា​រឿង​ដែល​​ខ្មែរ​គួរ​ចាប់​ផ្ដើម​នាំ​គ្នា​ពិចារណា​ទាំងអស់​គ្នា៕

ប៉ាង វ៉ាន់ថោន
អ៊ីមែលៈ vanthownpang@yahoo.com

1 comment:

Anonymous said...

Do not depend on any divine powers to help you, YOU make your own divine powers !