A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 27 March 2016

សម្រស់​ព្រៃ​ខ្មែរ ប្រធាន​បទ​ចម្បង​មហោ​ស្រព​ចាប៉ី​ដងវែង​លើកទី ១


ព្រឹទ្ធាចារ្យ​ គង់ ណៃ ​អ្នក​សម្រប​សម្រួលការ​សម្ដែង​ចាប៉ី​ឆ្លើយ​ឆ្លង​។ រូប សហការី


សម្រស់​ព្រៃ​ខ្មែរ ប្រធាន​បទ​ចម្បង​មហោ​ស្រព​ចាប៉ី​ដងវែង​លើកទី ១
ppp Fri, 25 March 2016
ប៉ាន់ រិទ្ធា


ភ្នំពេញៈ ​កម្មវិធី​មហោ​ស្រព​ចាប៉ីដង​វែង​លើក​ដំបូង​ នៅឯ​សាល​មហោ​ស្រពចតុមុខ​នៅថ្ងៃ​ទី ​៣ ខែ​មេសា ខាងមុខ​នេះ​បានដៅ​យក​ប្រធាន​បទ​សំខាន់​ស្ដីពី ​សម្រស់​ព្រៃខ្មែរ​។

មហោ​ស្រព​រៀបចំ​ដោយ​សហគមន៍​ចាប៉ីដងវែង​អមតៈ សហការ​ជាមួយ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ អង្គការ​សិល្បៈខ្មែរ​អមតៈ​ ក្រោម​ការឧបត្ថម្ភ​គាំទ្រពី​អង្គការ​ USAID និង WINROCK ក្នុង​គោល​បំណងចង់​ផ្សព្វ​ផ្សាយ និង​អភិរក្ស​សិល្បៈ​តន្ត្រីបុរាណ​ចាប៉ីដង​វែង​ នឹងរៀប​រាប់​ឲ្យ​យុវវ័យ​ខ្មែរ​ជំនាន់ក្រោយ​ៗឲ្យ​ស្វែង​យល់ពី​សារៈសំខាន់​នៃ​ព្រៃឈើ​ខ្មែរ។

កម្មវិធី​ត្រួសៗ​រួមមាន​ការបង្ហាញ​នូវ​ទម្រង់​សិល្បៈ​តន្ត្រីបុរាណជា​ច្រើន​ដូចជា​ ចាប៉ី​ឆ្លើយ​ឆ្លងអំពី​ចាប៉ី​ខ្មែរ មន្ត​ស្នេហ៍​ចាប៉ី វង់​ភ្លេង​បញ្ជាន់​អារក្ស ចម្រៀង​ក្រមា​ខ្មែរ វង់ភ្លេង​ការ​ខ្មែរ តន្ត្រី​គែន តន្ត្រីថូន ជា​ដើម ដោយ​លោក ពេជ្រ​ សារ៉ាត ប្រធាន​ក្រុម​សិល្បៈ​សហគមន៍​ចាប៉ី​ដងវែង​អមតៈ។

អ្នកផ្តួច​ផ្តើម​រៀបចំ​មហោស្រព​រូបនេះ​បាន​ឲ្យដឹង​ថា៖ «​កម្មវិធី​ដ៏​ពិសេស​ពីរទៀត​គឺការ​សម្តែង​ចាប៉ី​ឆ្លើយ​ឆ្លងឈុត​ធំមាន​អ្នកលេង​ចាប៉ី ៩ នាក់ និង ១៥ នាក់ ដែល​នឹង​ដេញដោល​គ្នា​លើ​ប្រធាន​បទ​ ស​ម្រស់​ព្រៃខ្មែរ»។

សិល្បករ សិល្បការិនី​ខ្មែរ ចម្រុះ​ជំនាន់​នឹង​បង្ហាញ​ទេព​កោសល្យ​ក្នុង​កម្មវិធី​មហោស្រព​​ចាប៉ីដង​វែង​លើក​ទី ១​។ រូប សហការី

យោង​តាម​លោក​ ពេជ្រ សារ៉ាត ក្រុម​អ្នកលេង​ចាប៉ី​ដងវែង​ចម្រុះ​គ្រប់​ជំនាន់​ក៏មាន​សិល្បការិនី​ម្នាក់​និងមាន​លោកតា​ព្រឹទ្ធាចារ​ចាប៉ី​ដង​វែង គង់ ណៃ ដើរតួជា​អ្នក​សម្របសម្រួល​លើ​ការ​សម្តែង​ចាប៉ី​ឆ្លើយ​ឆ្លង​ទៀតផង។​



តន្ត្រីចាប៉ី​ដង​វែងនេះ​មានការ​ពេញ​និយម​ណាស់​នា​អំឡុង​ទសវត្សរ៍ទី ៦០-៧០ ពី​សំណាក់​ប្រជាជន​ខ្មែរ​ ដោយសារ​ជាសិល្បៈ​តន្ត្រី​មួយប្រភេទ ដែល​តម្រូវ​ឲ្យ​សិល្បករ​មាន​បញ្ញា​ឈ្លាសវៃ​ ចំណេះដឹង​ទូលំទូលាយ ហើយ​មាន​សំនួន​វោហារស័ព្ទ​ណែងណង នឹកឃើញ​ភ្លាម​ច្រៀង​ភ្លែត។

​សម័យ​បច្ចុប្បន្ន​ ចាប៉ីដង​វែង​ហាក់​ដូច​ថមថយ​ប្រជា​ប្រិយភាព​លែងចង់​លេង​ឧបករណ៍នេះ​ មួយផ្នែក​ព្រោះតែ​មាន​ទស្សនៈ​យល់​ច្រឡំ និង​ជឿ​ពាក្យ​ចចាម​អារ៉ាម​ដែលថា ការរៀន​ចាប៉ី​ដងវែងយូរៗ​ទៅ​នឹងធ្វើ​ឲ្យ​ងងឹត​ភ្នែក ដោយ​មាន​សិល្បករ​ព្រឹទ្ធាចារ្យ​ជើងចាស់​មួយ​ចំនួន​ដូចជា​ លោក​តា ប្រាជ្ញ ឈួន លោក​តា គង់ ណៃ​ និង​លោក ស្មៀន នេត ប៉េ ជាដើម។

ច្រានចោល​ទស្សនៈ​នេះ លោក​ ពេជ្រ​ សារ៉ាត ជា​គ្រូបង្រៀន​ចាប៉ី​ដង​វែង​​វ័យ ៣១ ឆ្នាំ បាន​លើកឡើង​ថា៖ «តាមពិត​ទស្សនៈ​នេះ​មិនត្រឹមត្រូវ​ឡើយ​​ព្រោះ​ថា ពួកគាត់​សុទ្ធតែ​មាន​ជំងឺ​ភ្នែកតាំង​ពីកំណើត​ មិន​មែន​ដោយ​សារ​រៀនចាប៉ី​ឡើយ។ ដូច្នេះចង់​បង្កើត​កម្ម​វិធី​នេះ​បង្ហាញ​ដល់​យុវវ័យ​ខ្មែរ​ឲ្យចាប់អារម្មណ៍​លើឧបករណ៍​តន្ត្រីបុរាណ​នេះ​ព្រោះថា​ វាក៏អាច​ប្រគំ​ក្នុង​បទ​សម័យ​បានដែរ​»។​

ប្រិយមិត្ត​ចង់ទស្សនា​មហោ​ស្រព​ចាប៉ីដង​វែង​នេះ ​អាច​រកជាវ​សំបុត្រ​តម្លៃ ២ ម៉ឺនរៀល នៅ​ទីស្នាក់​ការអង្គការ​សិល្បៈខ្មែរ​អមតៈ​ នៅ​អគារលេខ 128G9 មហាវិថី​សម្តេច​សុធារស រាជធានី​ភ្នំពេញ​៕​

No comments: