ដោយ សេក បណ្ឌិត
2016-03-17

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្នុងកម្មវិធីទូរទស្សន៍អាស៊ីសេរី នារដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០១៦។
Photo: RFA
តំណាងរាស្ត្រគណបក្សប្រឆាំងបញ្ជាក់ថា លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនក្រៅប្រទេស នឹងមិនមកឆ្លើយបំភ្លឺតាមដីកាកោះរបស់តុលាការដែលមានជាបន្តបន្ទាប់នោះទេ។
តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ កាលពីថ្ងៃទី១៧ ខែមីនា បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនចាប់អារម្មណ៍រឿងនេះឡើយ ប៉ុន្តែលោកអះអាងថា មេដឹកនាំកំពុងព្យាយាមដោះស្រាយបញ្ហានេះតាមផ្លូវនយោបាយដោយសន្តិវិធី។
លោក យឹម សុវណ្ណ៖ «ពួកយើងខ្ញុំអត់សូវចាប់អារម្មណ៍រឿងអស់ហ្នឹងទេ គ្រាន់តែចេញមកហ្នឹងគឺជាឆាកល្ខោនដែលគេលេងរឿងដដែល លែងចង់ដឹង លែងចង់មើល អ៊ីចឹងហើយបានជាពួកខ្ញុំមិនសូវយកចិត្តទុកដាក់ប៉ុន្មាន»។
លោក យឹម សុវណ្ណ បានហៅការចេញដីកាកោះហៅប្រធានគណបក្សលោក មួយរឿងហើយថែមមួយរឿងទៀតនេះថា គឺជាឆាកល្ខោននយោបាយ។
លោក សម រង្ស៊ី ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅមកឆ្លើយបំភ្លឺនៅថ្ងៃទី២០ ខែមេសា តាមបណ្ដឹងរបស់សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក សោម សឿន។ បណ្ដឹងនេះក្រោយពេលលោក សម រង្ស៊ី បានបង្ហោះក្នុងហ្វ៊េសប៊ុករបស់លោក កាលពីថ្ងៃទី៩ មីនា ថា លោក សោម សឿន បានណែនាំទៅកាន់មន្ត្រីរបស់ខ្លួន ជំរុញឲ្យផ្សព្វផ្សាយទំព័រហ្វេសប៊ុក លោក ហ៊ុន សែន ក្នុងគ្រប់កិច្ចប្រជុំចូលរួមផ្ដល់មតិចូលចិត្តហ្វេសប៊ុក លោក ហ៊ុន សែន ចូលទំព័រហ្វេសប៊ុក លោក សម រង្ស៊ី ដើម្បីដកការចូលចិត្ត (Unlike) ព្រមទាំងរៀបចំក្រុមបច្ចេកទេសដើម្បីបង្កើតគណនេយ្យចូលចិត្តទំព័រ ហ្វេសប៊ុក លោក ហ៊ុន សែន ជាដើម ខណៈលោក សោម សឿន បដិសេធព័ត៌មាននេះ៕
No comments:
Post a Comment