ដោយ អ៊ុង សេ rfa
ទន្លេមេគង្គនៅក្បែរតំបន់ទេសចរណ៍ផាផេង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
RFA/Yeang Socheametta
ក្រសួងការបរទេសកម្ពុជាស្វាគមន៍ចំពោះការសម្រេចរបស់រដ្ឋាភិបាលចិន ក្នុងការបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនី ខេត្តយូណាន ចូលទន្លេមេគង្គក្រោម សម្រាប់ការប្រើប្រាស់បន្ទាន់។
លិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថៃទី១៦ មីនា ឲ្យដឹងថា ការបើកបង្ហូរទឹកនេះធ្វើឡើងចាប់ពីថ្ងៃទី១៥ មីនា ដល់ថ្ងៃទី១០ មេសា។ ក្រសួងការបរទេសកម្ពុជាចាត់ទុកការបើកបង្ហូរទឹកចូលទន្លេមេគង្គក្រោមនេះ ជាកិច្ចសហប្រតិបត្តិការដ៏ល្អមួយថ្មីទៀត លើការគ្រប់គ្រងធនធានទឹករវាងបណ្ដាលប្រទេសមេគង្គ និងចិន ដែលជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang)។
ក្រសួងការបរទេសឲ្យដឹងថា កាលពីខែមករា និងកុម្ភៈកន្លងទៅ ចិនក៏បានបើកបង្ហូរទឹកម្ដងរួចមកហើយ ប្រមាណ២ពាន់ ៣រយលានម៉ែត្រគូប ដើម្បីជួយសម្រាលផលប៉ះពាល់ប្រទេសក្នុងតំបន់មេគង្គក្រោមដោយសារភាពរាំងស្ងួត។
កាលពីចុងឆ្នាំ២០១៥ ប្រមុខការទូតប្រទេសទាំង៥ មានកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានជួបប្រជុំជាលើកទី១ ក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាមួយប្រទេសចិន លើគម្រោងគ្រប់គ្រងធនធានទឹក សុខភាពសាធារណៈ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និងពិនិត្យលើក្របខ័ណ្ឌអនុតំបន់ដទៃទៀត ដូចជា សហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គ និងការអភិវឌ្ឍអាងទន្លេមេគង្គ៕
No comments:
Post a Comment