ដោយ អ៊ុង សេរីវុទ្ធ
2016-03-18

លោក ជា ចំរើន ប្រធានគណបក្សកម្ពុជាសេរីភាព ធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នារាជធានីភ្នំពេញ។
RFA/Brach Chev
អតីតតំណាងរាស្ត្រគណបក្សប្រជាជន លោក ជា ចំរើន ប្រកាសឈប់ធ្វើនយោបាយ បន្ទាប់ពីលោកចេញមកបង្កើតគណបក្សថ្មីរបស់ខ្លួន បានជាង៣ខែ។
លោក ជា ចំរើន ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ មីនា ថា នៅថ្ងៃនេះ លោកបានដាក់ពាក្យលាឈប់ពីតំណែងជាប្រធានគណបក្សកម្ពុជាសេរីភាពរួចហើយ។ លោកថា មូលហេតុដែលធ្វើឲ្យលោកលាឈប់ ដោយសារលោកបានទទួលសំណូមពរ ពីមហាជនលើបណ្ដាញសង្គមហ្វេសប៊ុក៖ «ដោយសារខ្ញុំធ្លាប់ជាអ្នកនយោបាយតូចតាចមួយដែរ ហើយលើកនេះខ្ញុំបានបង្កើតគណបក្សទទួលរងឥទ្ធិពលពីមហាជនដែលយល់ថាខ្ញុំនៅពីក្រោយខ្នងមានបក្សប្រជាជន ឬសម្ដេចហ៊ុន សែន ឲ្យបង្កើតជាដើម ហើយបង្កើតដើម្បីបំបែកគេ។ ដើម្បីបញ្ចៀសមន្ទិលសង្ស័យ ខ្ញុំក៏សាកល្បងស្ទង់មតិ (Survey) មួយ ហើយក៏តាំងចិត្តជាស្រេច បើស្ទង់មតិទៅមានមតិច្រើន ឲ្យខ្ញុំធ្វើនយោបាយទៀត តែពេលស្ទង់មតិទៅឃើញថា មហាជនចង់ឲ្យខ្ញុំធ្វើកិច្ចការមនុស្សធម៌ និងការអប់រំច្រើនជាង»។
ប៉ុន្តែលោក ជា ចំរើន សម្ដែងការសោកស្ដាយចំពោះការលាបពណ៌ ក្ដិចត្រួយ និងមិនទុកចិត្តគ្នា ហើយលោកអះអាងថា បញ្ហានេះ ដែលធ្វើឲ្យកម្ពុជាដើរថយក្រោយ។
នៅពេល លោក ជា ចំរើន លាលែងពីបក្សកាន់អំណាចភ្លាមៗ លោកធ្លាប់បានស្បថដាក់ជីវិត បើបក្សថ្មីរបស់លោក មានបក្សកាន់អំណាចនៅពីក្រោយខ្នង។
លោក ជា ចំរើន ជាអតីតតំណាងរាស្ត្របក្សប្រជាជនអាណត្តិទី៤ នៅមណ្ឌលខេត្តកណ្ដាល និងជាសមាជិកនៃគណបក្សកាន់អំណាច ហើយលោកបានចូលបម្រើការងារជាមួយបក្សនេះ តាំងពីឆ្នាំ១៩៩៣។ បច្ចុប្បន្នលោកជាម្ចាស់សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា និងមានងារជាឧកញ៉ាផងដែរ៕
No comments:
Post a Comment