ដោយ រដ្ឋា វិសាល
2016-03-27

អង្គការសង្គ្រោះសត្វព្រៃកម្ពុជា អេស.ស៊ី.ដាប់ប៊ែលយូ (SCW = Save Cambodia's Wildlife) បើកសិក្ខាសាលាដើម្បីត្រួតពិនិត្យគម្រោងស្ដីពីកិច្ចការពារព្រៃត្រូពិច និងជីវចម្រុះ ខេត្តរតនគិរី នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។ RFA/Ratha Visal
RFA/Ratha Visal
អ្នកស្រាវជ្រាវរកឃើញបញ្ហាសំខាន់ចំនួនបី ទាក់ទិនចំណេះដឹង ផ្នត់គំនិត និងការប្រព្រឹត្តរបស់សហគមន៍ជនជាតិដើមភាគតិច នៃតំបន់ការពារធម្មជាតិចំនួន៧ នៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ពាក់ព័ន្ធគម្រោងការពារព្រៃត្រូពិច និងជីវចម្រុះនៅក្នុងឧទ្យានជាតិវីរជ័យ និងដែនជម្រកសត្វព្រៃលំផាត់។
សមត្ថភាពការពារជីវភាពរស់នៅ និងសមត្ថភាពការពារព្រៃត្រូពិច រួមទាំងភាពរឹងមាំនៃការសម្រេចចិត្តរបស់សហគមន៍ ឋិតនៅកម្រិតទាបនៅឡើយ ខណៈសហគមន៍ការពារធនធានធម្មជាតិចំនួន៧ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់សិទ្ធិរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច។
ការវាយតម្លៃនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលារៀបចំដោយអង្គការសង្គ្រោះសត្វព្រៃកម្ពុជា (SCW) កាលពីថ្ងៃទី២៣ ខែមីនា តាមរយៈបទបង្ហាញរបស់អ្នកស្រាវជ្រាវឯករាជ្យ ដែលបានសិក្សាធ្វើបទសម្ភាសន៍ទៅលើប្រជាពលរដ្ឋសហគមន៍ និងមន្ត្រីមូលដ្ឋាន មន្ត្រីជំនាញប្រមាណ ៩០នាក់ក្នុងភូមិចំនួន១៥ ឃុំចំនួន៧ និងស្រុកចំនួន៥ នៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។
អ្នកស្រាវជ្រាវឯករាជ្យ លោក ឃី អាន ថ្លែងបញ្ជាក់ថា នេះជាមូលដ្ឋានគ្រឹះដំបូងនៃការស្រាវជ្រាវពាក់ព័ន្ធគម្រោងការពារព្រៃត្រូពិច និងជីវចម្រុះនៅក្នុងឧទ្យានជាតិវីរជ័យ និងដែនជម្រកសត្វព្រៃលំផាត់៖ «ជាទូទៅ រឿងសិទ្ធិប្រជាពលរដ្ឋយល់ដឹងតិចនៅឡើយ អ៊ីចឹងហើយយើងសិក្សាឲ្យឃើញ ដើម្បីអង្គការសង្គ្រោះសត្វព្រៃគាត់បង្រៀន ឬផ្ទេរចំណេះដឹងឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធបានយល់ដឹង»។
អង្គការសង្គ្រោះសត្វព្រៃកម្ពុជា បានចូលរួមការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា និងលើកកម្ពស់សិទ្ធិរស់នៅរបស់សហគមន៍តាំងពីឆ្នាំ២០០៦។ ចាប់ពីឆ្នាំ២០១១ រហូតបច្ចុប្បន្ន អង្គការនេះកំពុងអនុវត្តសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។
ប្រធានគម្រោងនៃអង្គការសង្គ្រោះសត្វព្រៃកម្ពុជា លោក ចាន់ វិចិត្រ កត់សម្គាល់ដែរថា ការពង្រឹងចំណេះដឹងសហគមន៍ពាក់ព័ន្ធកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវភាពរស់នៅរបស់អ្នកភូមិ ទាមទារពេលវេលា និងការចូលរួមរបស់ដៃគូពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៖ «ព្រោះការបង្រៀនរបស់យើងត្រឹមបុគ្គលិកគម្រោង មិនមានប្រសិទ្ធភាពធ្វើឲ្យផ្លាស់ប្ដូរធំធេងក្នុងរយៈពេលខ្លីបានទេ។ ខ្ញុំសូមស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធ ចូលរួមកិច្ចការពារព្រៃ និងធនធានធម្មជាតិ»។
ក្រសួងបរិស្ថាន ទទួលស្គាល់ និងកាត់ចេញដីពីតំបន់ឧទ្យានជាតិវីរជ័យ និងតំបន់ដែនជម្រកសត្វព្រៃលំផាត់ លើផ្ទៃដីជាង ២ម៉ឺនហិកតារ (២០.៨២០ហិកតារ) ប្រគល់ទៅឲ្យសហគមន៍ការពារធម្មជាតិនៅខេត្តរតនគិរី និងនៅខេត្តស្ទឹងត្រែង។
តំណាងសហគមន៍តំបន់អូរគគីរ លោក ផាត់ សាវុធ កត់សម្គាល់ដែរថា សហគមន៍លោកបង្កើតឡើងនៅចុងឆ្នាំ២០១៣ រហូតពេលនេះ សហគមន៍បានរៀបចំបោះបង្គោលព្រំដីសហគមន៍ បោះស្លាកសញ្ញាតំបន់ព្រៃការពារ និងរៀបចំតំបន់ទេសចរណ៍រកប្រាក់ចំណូលបង្កើនជីវភាពអ្នកភូមិ។ លោកបន្តថា សហគមន៍នៅមានតម្រូវការបង្កើនសមត្ថភាពយល់ដឹង និងការចូលរួមបន្ថែមទៀតពីស្ថាប័នពាក់ព័ន្ធក្រៅរដ្ឋាភិបាល និងអាជ្ញាធរដែនដី រួមទាំងបណ្ដាក្រុមហ៊ុនសម្បទានមានទីតាំងក្បែរព្រៃការពារ សហការគ្នាអភិរក្សធនធានធម្មជាតិ និងជីវចម្រុះឲ្យបានគង់វង្សទៅថ្ងៃអនាគត៖ «កន្លែងតំបន់ណាមានក្រុមហ៊ុន ផ្តាំផ្ញើគាត់ហាមឃាត់គាត់កុំឲ្យចូលដីសហគមន៍»។
យ៉ាងណាក៏ដោយ អភិបាលស្រុកវ៉ឺនសៃ លោក ជុំ ងិល មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ គាំទ្រការបង្កើតសហគមន៍តំបន់ធម្មជាតិ ដើម្បីអភិរក្សធនធានធម្មជាតិ និងលើកស្ទួយសិទ្ធិជនជាតិដើមភាគតិច។ លោកថា កន្លងទៅនេះ អាជ្ញាធរបានណែនាំឲ្យសហគមន៍សហការជាមួយអាជ្ញាធរ ដើម្បីរៀបចំផែនការអភិរក្ស និងអភិវឌ្ឍន៍សហគមន៍ ដាក់បញ្ចូលក្នុងផែនការសមាហរណកម្មថ្នាក់ឃុំ ដើម្បីអាជ្ញាធរគាំទ្រជាប្រចាំជាមួយសហគមន៍៖ «ក្រោយពីយើងណែនាំឃើញថា គាត់ធ្វើសកម្មភាពគាត់សហការធ្វើបានល្អដែរ»។
អង្គការសង្គ្រោះសត្វព្រៃកម្ពុជា មានគោលដៅចូលរួមអភិរក្សព្រៃឈើត្រូពិច រក្សាឲ្យមានមុខងារជាកន្លែងរក្សា និងផ្ទុកកាបូន និងជាជម្រកពពួកសត្វ និងរុក្ខជាតិជិតផិតពូជ ជាពិសេសជំរុញឲ្យសហគមន៍ជនជាតិដើមភាគតិច ចេះប្រើសិទ្ធិក្នុងការប្រើប្រាស់ធនធានព្រៃឈើ និងចេះការពារធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕
No comments:
Post a Comment