![]() |
| ទេសចរជាតិ និងអន្តរជាតិទស្សនាប្រាសាទអង្គរវត្តខេត្តសៀមរាបកាលពីឆ្នាំ ២០១៥។ ហេង ជីវ័ន |
ស្ថាប័នអភិរក្សប្រាសាទ អង្គរ តាមខ្សែភ្នែកខ្ញុំ
Mon, 7 March 2016 ppp
ស្ថាប័នអភិរក្សអង្គរតាមខ្សែភ្នែកខ្ញុំ អង្គរជាទីស្ថានដ៏សំខាន់សម្រាប់សាសនា និងនយោបាយតាំងតែពីសម័យអង្គររហូតមក។ ចម្លាក់ និងសិលាចារឹកបង្ហាញថាអង្គរវត្តសង់ឡើងសម្រាប់បូជាទៅព្រះនារាយណ៍។
ជាង ៤០០ ឆ្នាំក្រោយមកតាមសិលាចារឹកសម័យកណ្តាលនៅលើសសរប្រាសាទអង្គរវត្តទីនេះជាបូជនីយដ្ឋានពុទ្ធសាសនាដ៏ល្បីល្បាញ។ ទាំងសាសន៍ជប៉ុន ភូមា ថៃ ទៀតផងដែលមកសំពះព្រះនៅអង្គរ។
លើសពីនេះទៀតអ្នកដំណើរម្នាក់ជាសាសនិកមូស្លីមយល់ថាទីនេះជាស្ថានព្រះរបស់គេទៀតផង។ បានសេចក្តីថាអង្គរជាទីគោរពបូជាដ៏ធំមួយនៅអាស៊ីអាគ្នេយ៍នាអតីតកាល។
ដល់ជំនាន់បារាំងចូលស្រុកអង្គរក្លាយជាស្ថានដែលពួកបស្ចិមប្រទេសចង់ឃើញចង់ស្គាល់។ ដូច្នេះហើយបារាំងធ្វើពិធីតាំងពិព័រណ៍មួយនៅស្រុកបារាំងដោយធ្វើរូបតំណាងអង្គរវត្តតែម្តងនៅឆ្នាំ ១៩៣១។ ប្រាសាទនៅតំបន់អង្គរមួយភាគធំត្រូវក្រុមបារាំងជួសជុលឡើងវិញដោយអន្លើ។ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ៧០ រាល់កិច្ចការជួសជុលទាំងអស់ត្រូវផ្អាកគាំងដោយសារខ្មែរធ្លាក់ចូលសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហម។
ក្រោយមកទៀតកម្ពុជាបានស្គាល់សន្តិភាពគ្រាន់បើវិញក៏មានក្រុមអ្នកជំនាញមកជួយជួសជុលកាន់តែច្រើនបន្ទាប់ពីអង្គរចូលជាបេតិកភណ្ឌពិភពលោកឆ្នាំ ១៩៩២។ ឆ្នាំ ១៩៩៥ អាជ្ញាធរអប្សរា (APSARA= Autorit pour Protection du Site et Amnagement de la Regiond Angkor) ត្រូវបង្កើតឡើងដើម្បីថែរក្សាអង្គរឱ្យបានគង់វង្ស។ អប្សរាមានតួនាទីសំខាន់តែនៅក្នុងតំបន់អង្គរប៉ុណ្ណោះហើយទទួលបានការសរសើរពីបរទេសតែទទួលបានការរិះគន់ពីខ្មែរគ្នាឯង។ ពិសេសអ្នកអង្គរតែម្តងដែលស្អប់អប្សរា។ ធ្វើដូចម្តេចឱ្យគេស្រឡាញ់វិញ? យ៉ាងណាមិញខ្ញុំសូមបញ្ចេញមតិតទៅនេះ ៖
តំបន់ការពារទាំង ៥ : តំបន់ដែលស្ថិតក្រោមការគ្រប់គ្រងថែរក្សារបស់អាជ្ញាធរអប្សរាមាន ៥ ដែលមានអ្នកជំនាញមួយក្រុមគេហៅថា ZEMP (Zoning Environmental Management Plan) ជាអ្នករៀបចំតាំងពីឆ្នាំ ១៩៩១-១៩៩៣ មកម្ល៉េះ។ សឹងតែអាចនិយាយបានថាគេគិតគូររឿងព្រំប្រទល់សម្រាប់ការពារមុនបង្កើតអាជ្ញាធរអប្សរាផង។ តំបន់ទី ១ ជាតំបន់មានប្រាសាទច្រើន, តំបន់ទី ២ ជាតំបន់ប្រាសាទ និងទេសភាពវប្បធម៌, តំបន់ទី ៣ ជាតំបន់ផ្លូវបុរាណ និងស្ទឹងសៀមរាប, តំបន់ទី ៤ ជាតំបន់កំណត់តាមប្រាសាទដែលនៅដាច់តែឯង, តំបន់ទី ៥ ជាតំបន់បុរីទេសចរណ៍ និងវប្បធម៌ (តំបន់ឃ្យុងយូ) តំបន់សម្រាប់អភិវឌ្ឍអាជីវកម្ម។ ក្នុងចំណោមតំបន់ទាំង ៥ តំបន់ ១ និង ២ មានការរឹតបន្តឹងជាងធម្មតាចំពោះការសង់សំណង់ថ្មីដើម្បីកុំឱ្យអង្គរក្លាយជាបុរីសម័យទំនើប។
ពុករលួយៈ អាជ្ញាធរអប្សរាត្រូវរកមុខអ្នកប្រព្រឹត្តអំពើពុករលួយដែលឱ្យអ្នកមានលុយធ្វើអីក៏បានស្រេចតែនឹងចិត្តឥតមានគោរពច្បាប់ទម្លាប់។ ខ្លះដឹងច្បាប់ដែរតែបំពានទោះខ្លួនមានតួនាទីយ៉ាងសំខាន់នៅក្នុងការងារថែរក្សាបេតិកភណ្ឌនេះ។ លុបបំបាត់ឱ្យខាងតែបានអំពើស៊ីសំណូកជាថ្នូរនឹងការសង់សំណង់ខុសច្បាប់តាមចិត្ត។ តាមធម្មតាត្រូវធ្វើសេចក្តីណែនាំទៅម្ចាស់សំណង់ខុសច្បាប់ ២ ដងសិនមុននឹងចាត់វិធានការរុះរើ។ ប៉ុន្តែសព្វថ្ងៃបែរជាយល់ថា ២ ដងនេះគឺពេលត្រូវទៅស៊ីសំណូកទៅវិញ។ ជិតដល់រដូវកាលបោះឆ្នោតហើយចាំមើលទាំងអស់គ្នាថាមានអ្វីកើតឡើង? ការទាក់ទាញសន្លឹកឆ្នោតក្នុងតំបន់អង្គរគួរចៀសផុតពីការបង្កហានិភ័យដល់អង្គរ និងបរិស្ថានជុំវិញតំបន់អង្គរ។
អប្សរាចូលចិត្តធ្វើអីតែម្នាក់ឯង៖ ទោះបីដីតំបន់អង្គរជាដីសម្បត្តិរដ្ឋក្តីតែយើងមិនត្រូវទាត់ចោលអ្នកភូមិដែលរស់នៅទីនេះយូរមកហើយទេ។ ដ្បិតពួកគាត់ជាម្ចាស់ទឹកដីនេះយូរមកហើយទើបតែច្បាប់គ្រប់គ្រងបេតិកភណ្ឌឆ្នាំ ១៩៩៥ និងច្បាប់ភូមិបាលឆ្នាំ ២០០១ ត្រូវអនុម័តទើបអ្វីៗជាសម្បត្តិឯកជនទាំងនេះក្លាយជាសម្បត្តិសាធារណៈវិញ។ ប្រហែលជាដោយសារយល់ឃើញដូចនេះទើបអប្សរាមិនដែលខ្វល់អំពីដំណោះស្រាយសមរម្យសម្រាប់អ្នកស្រុកអង្គរដូចជាការជីកប្រឡាយលើដីស្រែជាដើម។ ធ្វើនេះដើម្បីប្រយោជន៍រួមពិតមែនតែម្ចាស់ដីទាំងនេះទទួលបានអ្វីពីប្រយោជន៍រួមនោះ? រាល់ការរៀបចំធ្វើអ្វីមួយគួរសួរអ្នកស្រុកជាមុនសិនដើម្បីឱ្យពួកគាត់បានចូលរួមបញ្ចេញយោបល់ដូចដែលគេហៅថា «សំឡេងសហគមន៍»។
ផលប្រយោជន៍អ្នកអង្គរដែលទទួលបានពីអង្គរៈ ក្រៅតែពីការផ្តល់ប្រាក់ឧបត្ថម្ភដល់ចាស់ៗ ឬស្ត្រីកូនខ្ចីអាជ្ញាធរគួរធ្វើអ្វីដែលផ្តល់និរន្តរភាពជាងនេះ។ អំណោយទាំងនេះជាជំនួយបណ្តោះអាសន្នមិនស្ថិតស្ថេរឡើយ។ អ្នកស្រុកអង្គរក៏ត្រូវដឹងដែរថាខ្លួនគួរទទួលបានអ្វីដែលលើសពីនេះដូចជាផ្តល់ការងារមានប្រាក់កម្រៃសមរម្យប្រាក់ខែទៀងទាត់ការងារមានបទដ្ឋានត្រឹមត្រូវសេវាមន្ទីរពេទ្យមិនយកកម្រៃ ឬគិតតម្លៃថោកជាងធម្មតាសម្រាប់អ្នកស្រុកអង្គរផ្តល់ចំណូលស្ថិតស្ថេរដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ផ្លូវថ្នល់ល្អដែលមិនប៉ះពាល់ដល់បុរាណដ្ឋាន។ល។ វិនិយោគវិស័យអប់រំតាមសាលារៀនក្នុងតំបន់អង្គរ និងជុំវិញដោយបង្កើតជាថវិកាសម្រាប់សិស្សពូកែក្នុងតំបន់អង្គរណាដែលចង់បន្តការសិក្សានៅថ្នាក់ឧត្តមនូវមុខវិជ្ជាពាក់ព័ន្ធនឹងការងារគ្រប់គ្រងអង្គរ។ល។
ការធ្វើអ្វីមួយតែសម្រាប់រយៈខ្លីៈ ករណីខ្លះធ្វើឱ្យតែល្អមើល មិនល្អស៊ី។ តើសកម្មភាពត្រង់ណាដែលថាអាជ្ញាធរអប្សរាចូលរួមថែរក្សាប្រពៃណីវប្បធម៌អ្នកស្រុកតំបន់អង្គរ? មានដែរដូចជាទំព័រហ្វេសបុកអប្សរាដែលបង្ហោះប្រពៃណី បុណ្យផ្សេងៗ ប៉ុន្តែវានៅតិចតួចស្តួចស្តើងណាស់។ ឧទាហរណ៍កម្មវិធីអង្គរសង្ក្រាន្ត។
អង្គរសង្ក្រាន្តគ្រាន់តែជាល្ខោនដែលអ្នកភ្នំពេញយកមកលេង ៣ ថ្ងៃឱ្យអ្នកសៀមរាបជាម្ចាស់ស្រុកមើលតែប៉ុណ្ណោះចប់ហើយក៏រុះរើទៅវិញអស់។ ថាដើម្បីទាញទេសចរតែទាញតែបីថ្ងៃនេះទេឬ? វាគ្រាន់តែជាការបង្ហាញអត្តសញ្ញាណរបស់អ្នកភ្នំពេញជំនួសឱ្យប្រពៃណីបរមបុរាណរបស់អ្នកស្រុកអង្គរ (It is just modernized)។ ចុះបើយើងយកអ្វីដែលអ្នកស្រុកមានរាល់ថ្ងៃមកបង្ហាញដូចជាប្រកួតធ្វើនំបញ្ចុក (នរណាមិនល្បីនំបញ្ចុកប្រដាក?) ប្រកួតល្ខោនបាសាក់ ឬក៏ចម្រៀងស្គរថូនរបស់អ្នកស្រុកអង្គរ តើវាយ៉ាងណាទៅវិញ?
ថ្មីនេះវិទ្យុអាស៊ីសេរីស្រង់សម្តីលោក ជ្រុន សុផល ថា៖ «អាជ្ញាធរអប្សរាបានរៀបចំក្រុមការងារសហគមន៍ចំនួន ៧ ក្រុមឲ្យចុះទៅសហការជាមួយប្រជាពលរដ្ឋនៅតាមតំបន់ជាច្រើនដើម្បីរួមគ្នាថែរក្សា និងការពារបេតិកភណ្ឌ និងវប្បធម៌ទាំងរូបី និងអរូបីឲ្យគង់វង្ស»។ បើពិតមែនវាជាការល្អ! ប៉ុន្តែពាក្យ «លើកតម្លៃវប្បធម៌អង្គរ» មិនងាយស្រួលនិយាយទេព្រោះត្រូវមានគោលនយោបាយត្រឹមត្រូវច្បាស់លាស់។
តម្លាភាពនៃប្រាក់ចំណូលពីការលក់សំបុត្រ៖ ពីដើមមកប្រាក់ចំណូលពីការលក់សំបុត្រចូលមើលអង្គរមិនដែលបានបង្ហាញជាសាធារណៈទេចូលចិត្តតែធ្វើអីស្ងាត់។ ទើបតែថ្មីៗនេះប៉ុណ្ណោះចាប់ផ្តើមកែប្រែច្រើនដោយសារតែការឆ្កឹះកកាយពីតំណាងរាស្ត្រដែលតែងតែចូលចិត្តបំប៉ោងតួលេខ។ កុំអីមិនបានដឹងសោះថាថវិកាបានពីលក់សំបុត្របានត្រឹមតែប៉ុណ្ណឹងឯថ្មអង្គរសឹករេចរឹលលែងស្គាល់ថាជាជណ្តើរ។
មួយវិញទៀតអ្នកតំណាងរាស្ត្របក្សប្រឆាំងផ្តោតសំខាន់តែការលក់សំបុត្រ។ ចុះការជួលទីតាំងដើម្បីឱ្យភ្ញៀវពិសាបាយនៅតាមប្រាសាទ? ការថតកុន? ការជួលទីតាំងឱ្យក្រុមហ៊ុនបង្ហោះបាល់ឡុង? ជិះកប៉ាល់ហោះលើប្រាសាទ?។ល។ ការជួលឱ្យក្រុមហ៊ុននាំភ្ញៀវមកពិសាបាយនៅតាមប្រាសាទគួរតែយកតម្លៃឱ្យថ្លៃព្រោះទង្វើនេះប៉ះពាល់ខ្លាំងណាស់ដល់ប្រពៃណីវប្បធម៌ខ្មែរ។ ប្រាសាទជាស្ថានព្រះជាកន្លែងតម្កល់ព្រះ ដូចបេះបិទនឹងវិហារតាមវត្តសព្វថ្ងៃដែលខ្មែរគោរពខ្លាំង ថ្វាយបង្គំដល់កម្រាលឥដ្ឋ។ តែប្រែក្លាយជាទីលក់បាយរ៉ូមេនទិករបស់បរទេសទៅវិញនោះ។
ករណីក្រុមហ៊ុនសុខាលក់សំបុត្រៈ ដំបូងបំផុតការលក់សំបុត្រគ្រប់គ្រងដោយរដ្ឋតែដោយសារអំពើពុករលួយទើបផ្ទេរឱ្យក្រុមហ៊ុនឯកជនគ្រប់គ្រងវិញ។ ឥឡូវក៏វិលចូលរដ្ឋវិញ។ ខ្ញុំខ្លាចតែដើរជាន់ប្រវត្តិសាស្ត្រដដែល។ ឯកជន ឬរដ្ឋមិនសំខាន់តែសំខាន់នោះត្រង់ថាត្រូវបង្ហាញពីតម្លាភាព និងគណនេយ្យភាពនៃការដេញថ្លៃលក់សំបុត្រចូលមើលអង្គរជាសាធារណៈ។ ឯណាកុងត្រាជាមួយក្រុមហ៊ុន? តើការដេញថ្លៃនេះបានបង្ហាញជាសាធារណៈទេបើខ្ញុំដឹងក្តីពេលណាក៏ឮតែសុខានេះទៅហើយ។ គួរសើរើថាតើមានវិសមិតភាពក្នុងការដេញថ្លៃទេ?
ការបណ្តុះបណ្តាលពីបេតិកភណ្ឌៈ មានខ្មែរប៉ុន្មាននាក់យល់ដឹងថាអ្វីជាបេតិកភណ្ឌ? កុំថាឡើយរាស្ត្រសូម្បីអ្នកធំខ្លះប្រហែលជាឆ្លើយមិនបានទេ។ «បេតិកភណ្ឌគឺជាមរតក។ ទ្រព្យដែលសល់ពីអ្នកស្លាប់»។ ត្រូវមានកម្មវិធីអប់រំជាពិសេសទៅដល់មន្ត្រីអប្សរាខ្លួនឯងផ្ទាល់ដើម្បីរួមគ្នាថែរក្សា និងលើកតម្លៃផ្សព្វផ្សាយឱ្យបានទូលំទូលាយហើយក៏ដើម្បីបណ្តុះបណ្តាលបុគ្គលិកឱ្យមានគុណភាពពិតជាក់ច្បាស់ក្នុងការបកស្រាយចម្ងល់ប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈឱ្យទាន់សភាពការណ៍ភ្លាម។
បុគ្គលិកខ្វះឆន្ទៈ៖ នាយកដ្ឋានបុគ្គលិក និងសម្ភារត្រូវធ្វើយ៉ាងណាបង្កើនភាពស្និទ្ធស្នាលរវាងប្រធាននាយកដ្ឋាន និងប្រធាននាយកដ្ឋាន បុគ្គលិក និងបុគ្គលិក។
មិនឱ្យតម្លៃអ្នកចេះប្រាកដ៖ ដើម្បីឱ្យការងាររលូនទៅមុខ ទីស្តីការគណៈរដ្ឋមន្ត្រីត្រូវតែងតាំងបុគ្គលឱ្យចំតាមជំនាញដែលអ្នកនោះមាន និងជាបុគ្គលដែលមានជំនាញពិតប្រាកដក្នុងកិច្ចការងារនោះ។ មិនមែនឡើងតាមខ្សែនយោបាយ ឬឡើងតាមជើងខោដូចបច្ចុប្បន្ននេះទេ។ បុគ្គលិកធ្វើការដោយគ្មានក្របខ័ណ្ឌរដ្ឋអ្វីឡើយ។ ខ្លះធ្វើការស្ទើរកន្លះជីវិតទៅហើយមិនស្គាល់សូម្បីតំណែងប្រធានការិយាល័យដោយសារគ្មានឱកាសបញ្ចេញស្នាដៃនឹងគេ។ បុគ្គលិកបាក់ទឹកចិត្ត បាត់ឆន្ទៈគួបផ្សំនឹងខ្វះការថ្នាក់ថ្នមពីថ្នាក់លើផងនោះក៏ចេះតែធ្វើតាមភ្លៀងតាមខ្យល់ រង់ចាំឱកាសល្អរកច្រកចេញ។
វិសោធនកម្មច្បាប់ៈ មានមាត្រាខ្លះក្នុងព្រះរាជក្រឹត្យ នស ០០១ ដែលខ្ញុំយល់ថាគួរកែសម្រួលពិនិត្យឡើងវិញដូចជាអគ្គិសនីជាដើម ឬរិះរកវិធីយ៉ាងណាឱ្យអ្នកអង្គរមានភ្លើងប្រើតាមស្តង់ដារក្នុងតម្លៃថោក។
ប្តូរផ្នត់គំនិតអ្នកស្រុកទីនេះ: កុំឱ្យអ្នកស្រុកយល់ថាអប្សរាមកចាត់ចែងត្រួតត្រាការរស់នៅរបស់ពួកគាត់។ តំបន់នេះមិនមែនជាដីរបស់អប្សរាទេតែជាដីរដ្ឋហើយដែលអប្សរាមានកាតព្វកិច្ចគ្រប់គ្រងថែរក្សាឱ្យបានចីរកាលយូរអង្វែង។ អាជ្ញាធរអប្សរាគ្រាន់តែជាក្រុមមួយដែលបង្កើតឡើងដើម្បីការពារអង្គរឱ្យស្របតាមបទដ្ឋាន ច្បាប់ជាតិ និងអន្តរជាតិដែលជាបេតិកភណ្ឌពិភពលោក។
ខ្ញុំសង្ឃឹមថាអ្នកដឹកនាំក្រោយៗក៏ចង់ឮពាក្យសរសើរចេញពីក្នុងចិត្តបែបនេះដែរ។ ពិតថាមានចំណុចច្រើនដែលអប្សរាអាចទាញប្រជាប្រិយភាពពីអ្នកស្រុកវិញបានតែខ្ញុំសូមបញ្ចេញយោបល់តែ ១២ ចំណុចនេះប៉ុណ្ណោះ។ នៅក្នុងចំណុចទី ១២ ជាការងារដែលលំបាកជាងគេបំផុតដែលត្រូវធ្វើដោយខានមិនបានហើយពិតជាត្រូវការរយៈពេលយូរដើម្បីកែប្រែផ្នត់គំនិតចាក់ឫសជ្រៅមួយនេះ៕
យារ ឆវាន់, សៀមរាប
អ៊ីមែលៈ yarchhorvan@yahoo.com

No comments:
Post a Comment