(ចុះផ្សាយនៅថ្ងៃ 18-02-2016, 4:54 pm) | ដោយ : ធឿន បញ្ញាឬទិ្ធ
Thmey Thmey
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធ៌មនៅកម្ពុជា (COMFREL ខុមហ្វ្រែល) បានរកឃើញថា សកម្មភាពចុះមូលដ្ឋានរបស់តំណាងរាស្ត្រគណបក្សនយោបាយជាប់ឆ្នោតក្នុងសភា មានការថយចុះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានការប្រឈមនឹងការគំរាមកំហែង និងការបំពានលើអភ័យឯកសិទ្ធិ។
របាយការណ៍សង្កេតរដ្ឋសភា និងតំណាងរាស្ត្រឆ្នាំទី២ នៃរដ្ឋសភានីតិកាលទី៥ របស់អង្គការខុមហ្វ្រែល បានបង្ហាញថា សកម្មភាពតំណាងរាស្ត្រមានអសនក្នុងរដ្ឋសភា មានចំនួន៩១រូប ក្នុងនោះមកពីគណបក្សប្រជាជន៤៩រូប និងគណបក្សសង្គ្រោះជាតិចំនួន៤២ បានចុះធ្វើសកម្មភាពក្នុងមូលដ្ឋានចំនួន១០០៤លើក ដែលមានការធ្លាក់ចុះបើធៀបនឹងរយៈពេលដូចគ្នារបាយការណ៍ឆ្នាំទី១ ដែលមានតំណាងរាស្ត្រចំនួន៩៦រូប ចុះមូលដ្ឋានចំនួន១២៤៧លើក។
លោក គឹម ឈន មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល បានបញ្ជាក់ថា សកម្មភាពចុះតាមមូលដ្ឋានរបស់តំណាងរាស្ត្រគណបក្សប្រជាជន មានការធ្លាក់ចុះច្រើនជាងគណបក្សសង្គ្រោះជាតិ ដោយសារតំណាងរាស្ត្រទាំងនោះខ្វះកិច្ចសហការអាជ្ញាធរតាមមូលដ្ឋាន និងពឹងផ្អែកទៅលើអាជ្ញាធរតាមមូលដ្ឋានខ្លួនច្រើន។ លោក គឹម ឈន បន្ថែមថា បើទោះជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កំពុងប្រឈមការគំរាមកំហែង ករណីហិង្សា និងបំពានលើអភ័យឯកសិទ្ធិ និងការដកតំណែងមិនស្របនឹងរដ្ឋធម្មនុញ្ញក៏ដោយ តែសកម្មភាពតំណាងរាស្ត្រគណបក្សនេះ បានចុះតាមមូលដ្ឋានចំនួន៧៧៤លើក ដែលមានកើនឡើងជាងឆ្នាំមុន។
មន្ត្រីសម្របសម្រួលអង្គការខុមហ្វ្រែលរូបនេះ អះអាងថា របាយការណ៍នេះ គឺគ្រាន់តែចង់ជំរុញឲ្យតំណាងរាស្ត្រគណបក្សជាប់ឆ្នោត មានការសកម្មចុះតាមមូលដ្ឋានជាងនេះ ក្នុងការប្រមូលយកមតិ និងបញ្ហាទុក្ខលំបាករបស់ម្ចាស់ឆ្នោត ដើម្បីយកមកដោះស្រាយជូនពួកគេ។ លោក គឹម ឈន ក៏អំពាវនាវឲ្យអ្នកនយោបាយទាំងអស់ សកម្មក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋ ចៀសវាងការគំរាមកំហែង ករណីហិង្សា និងការបំពានលើអភ័យឯកសិទ្ធិ ដែលធ្វើឲ្យប៉ះពាល់ដល់សកម្មភាពចុះតាមមូលដ្ឋានរបស់តំណាងរាស្ត្រ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទឫទ្ធិ អះអាងថា សកម្មភាពរបស់តំណាងរាស្ត្រគណបក្សលោកចុះតាមមូលដ្ឋាន គឺដើម្បីប្រមូលទុក្ខកង្វល់របស់ប្រជាពលរដ្ឋយកមកជំរុញឲ្យរដ្ឋាភិបាលដោះស្រាយ ដែលមានការខុសប្លែកគ្នាពីគណបក្សប្រជាជនដែលចុះជួបប្រជាពលរដ្ឋតាមរយៈការសម្ពោធសមិទ្ធផល និងការចែកអំណោយ។ លោកថា គណបក្សលោកនឹងខិតខំបន្ដសកម្មភាពចុះជួបប្រជាពលរដ្ឋតាមមូលដ្ឋានបន្ថែមទៀត ដើម្បីស្ដាប់និងប្រមូលរាល់កង្វល់របស់ម្ចាស់ឆ្នោត យកមកជំរុញឲ្យរដ្ឋាភិបាលដោះស្រាយឲ្យបានច្រើនជាងនេះ មុននឹងបញ្ចប់អាណត្តិទី៥នេះ។
របាយការណ៍ខុមហ្វ្រែល បានបង្ហាញថា សកម្មភាពរបស់គណៈកម្មការជំនាញរដ្ឋសភា និងចំនួននៃការឡើងបញ្ចេញមតិរបស់តំណាងរាស្ត្រក្នុងកិច្ចប្រជុំពេញអង្គមានការកើនឡើងចំនួន១០៥លើក។សកម្មភាពរបស់គណៈកម្មការជំនាញរដ្ឋសភាទាំង១០ នោះបានកោះអញ្ជើញរដ្ឋមន្ត្រីចំនួន៨រូប មកបំភ្លឺក្នុងគណៈកម្មការជំនាញ និងជួបពិភាក្សានៅសាមីក្រសួងពាក់ព័ន្ធ សកម្មភាពទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ និងការចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរមានសមត្ថកិច្ចជាដើម។ ចំណែកបញ្ញត្តិខ្លះនៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ត្រូវបានកែលម្អច្រើនដែរ ។ តែអ្នកវិភាគយល់ថា បញ្ញត្តិនៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភានេះ នៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវបំពេញបន្ថែម ដើម្បីធានាដល់ក្រុមមតិភាគតិចក្នុងរដ្ឋសភា ក្នុងការប្រកួតប្រជែងដោយអព្យាក្រឹត្យជាមួយគណបក្សកាន់អំណាច៕

No comments:
Post a Comment