A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 February 2016

លោក សុខ ទូច ចុះ​ទៅ​ពិនិត្យ​តំបន់​ថ្ម ៣ ដុំ​នៅ​ថ្ងៃ​នេះ


Wed, 10 February 2016 ppp
មាស សុខជា

ភ្នំពេញៈ ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​បញ្ហា​​ព្រំដែន​កម្ពុជា-វៀតណាម លោក សុខ ទូច ដែល​ទើប​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​អនុប្រធាន​រាជបណ្ឌិត្យ​សភា​​កម្ពុជា​កាល​ពី​ខែ​មុន​នឹង​ចុះ​ទៅ​​ពិនិត្យ​នៅ​តំបន់​ថ្ម​បី​ដុំ​ដែល​មាន​ភាព​ចម្រូង​ចម្រាស​នៅ​តាម​​បណ្តោយ​ព្រំដែន​កម្ពុជា‑វៀតណាម​នៅ​ថ្ងៃ​នេះ​។

តំបន់​ថ្ម​បី​ដុំ​​ស្ថិត​នៅ​ក្នុង​ឃុំ​ក្រសាំង ​ស្រុក​បុរីជលសា ខេត្ត​តាកែវ​នៅ​ជាប់​ ខេត្ត​អានយ៉ាង​របស់​វៀតណាម​ដែល​ជា​តំបន់​មាន​ការ​ចម្រូង​ចម្រាស​ពី​រឿង​ខ្សែ​បន្ទាត់​ព្រំដែន​។

លោក ធី នីធឿន សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​កំពង់ក្រសាំង​​​មកពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​អះអាង​ថា​លោក​បាន​រស់នៅ​តំបន់​នោះ​អស់​រយៈពេល​​ ៣០ ​ឆ្នាំ​កន្លង​មក​ហើយ​នោះ​បាន​​ថ្លែង​ កាលពី​ម្សិលមិញ​ថា​ តំបន់​ថ្ម​បី​ដុំ​គឺ​ស្ថិត​នៅក្នុង​ទឹកដី​កម្ពុជា​ប៉ុន្តែ​ឥឡូវ​នេះ​គឺជា​តំបន់​ស​ហើយ​ប្រជាជន​កម្ពុជា​មិន​អាច​ធ្វើ​ស្រែ​ចម្ការ​នៅ​ជិត​តំបន់​នោះ​បាន​ទេ​ប៉ុន្តែ​ខាង​វៀតណាម​អាច​ធ្វើ​ស្រែ​ចម្ការ​នៅ​ជាប់​​តំបន់​ថ្ម​បី​ដុំ​នោះ​បាន។



លោក ធី នីធឿន បាន​ថ្លែង​ថា​៖ «​កាលពី​មុន​តំបន់​ថ្ម​បី​ដុំ​គឺ​ស្ថិត​នៅក្នុង​ដី​​កម្ពុជា​។ ឥឡូវ​នេះ​តំបន់​ថ្មី​បី​ដុំ​គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ស​។ ខ្មែរ​យើង​មិន​ហ៊ាន​ទៅ​ជិត​តំបន់​ថ្ម​បី​ដុំ​​ទេ»។ «​ខាង​យើង​ជា​តំបន់​ស ខាង​វៀតណាម​មិន​មាន​តំបន់​ស​ដោយ​ធ្វើ​ស្រែ​ចម្ការ​នៅ​ជាប់​តំបន់​នោះ​​។ ខាង​យើង​​មិន​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ស្រែ​ចម្ការ​​នៅ​ជិត​តំបន់​ថ្ម​បី​ដុំ​»។

លោក សុខ រឿន មេឃុំ​កំពង់ក្រសាំង​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ពី​បញ្ហា​នេះ​ទេ​ដោយ​ថ្លែង​ថា​លោក​មិន​ស៊ីជម្រៅ​ក្នុង​កិច្ចការ​នេះ​ទេ​ប៉ុន្តែ​បាន​បញ្ជាក់​ថា​តំបន់​ថ្ម​បី​ដុំ​គឺ​​នៅ​ជាប់​​ព្រំដែន​ កម្ពុជា‑វៀតណាម​ ហើយ​ឥឡូវ​នេះ​​កំពុង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ខាង​​កម្ពុជា​។

លោក រឿន បាន​ថ្លែង​ថា​៖ «​វៀតណាម​បាន​មក​​កាប់​ព្រៃ​នៅ​តំបន់​ថ្ម​បី​ដុំ​ដើម្បី​ធ្វើ​ផ្លូវ​ប៉ុន្តែ​យើង​បាន​ហាម​ឃាត់​ពួកគេ»។

ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​លោក សុខ ទូច បាន​ថ្លែង​ថា​ក្រុម​អ្នក​ស្រាវជ្រាវ​​របស់​លោក​ចុះ​ទៅ​ពិនិត្យ​តំបន់​ថ្ម​បី​ដុំ​នៅ​ថ្ងៃ​នេះ​ដើម្បី​ស្វែងរក​ការពិត​នៅ​តំបន់​នោះ​បន្ទាប់ពី​លោក​បាន​ឮ​ពាក្យ​ចចាម​អារ៉ាម​ថា​ថ្ម​ពីរ​ដុំ​នៃ​ថ្ម​បី​ដុំ​បាន​បាត់​ទៅ​ខាង​វៀតណាម​​រួច​ហើយ​ដោយ​អះអាង​ថា​តំបន់​ថ្ម​បី​ដុំ​គឺ​ស្ថិត​នៅ​លើ​ខ្សែ​ព្រំដែន​ផ្អែក​លើ​ផែនទី​ ១/១០០០០០។ ​

លោក​បាន​បន្ត​ថា​៖ «​​ខ្ញុំ​ត្រូវតែ​ទៅ​មើល​កន្លែង​នោះ​​ថា​តើ​ថ្ម​បី​ដុំ​បាត់​ឬ​ក៏​អត់?​»។

លោក​បាន​បន្ថែម​ថា​នៅពេល​ទៅ​ពិនិត្យ​​តំបន់​នោះ​លោក​ត្រូវ​តែ​សិក្សា​លើ​ចំណុច​​មួយ​ចំនួន​ដោយ​សិក្សា​ជាមួយ​ផែនទី​សិក្សា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​សិក្សា​ជាមួយ​ប្រជាជន​ដែល​រស់​​ក្នុង​តំបន់​នោះ។

លោក សុខ ទូច បាន​ថ្លែង​បន្ត​ថា​៖ «​យើង​សិក្សា​គឺ​ថ្ម​បី​ដុំ​ជា​និមិត្តរូប​ជា​ជំនឿ ឬ​តំណាង​ឲ្យ​អ្វី​មួយ​​?​» «​ខ្ញុំ​ជា​អ្នក​ស្រាវជ្រាវ​ខ្ញុំ​ត្រូវ​តែ​មើល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។ ដូច្នេះ​ខ្ញុំ​មិន​អាច​ជឿ​​លើ​ខាង​ណា​បាន​ទេ​»។

ទេស​រដ្ឋមន្រ្តី​ទទួល​បន្ទុក​​កិច្ចការ​ព្រំដែន​លោក វ៉ា គឹមហុង បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ថ្លែង​ថា​លោក​ជាប់​រវល់​ប្រជុំ​៕ PS

No comments: