A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 February 2016

ភ្លើង​ឆេះ​ព្រៃ​នៅ​កម្ពុជា​​អាច​បង្ក​ឡើង​ដោយ​សកម្មភាព​ខុស​ច្បាប់


Tue, 9 February 2016 ppp

ការ​កាប់​ដុត​ព្រៃ​រាន​យក​ដី​ក្នុង​តំបន់​ព្រៃឡង់​កន្លង​មក​​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍​

ភ្នំពេញៈ បើ​អ្នក​ឃើញ​​ផ្សែងអ័ព្ទ​នោះ​គឺ​ដោយសារ​ដល់​រដូវកាល​ភ្លើង​​ឆេះ​​ព្រៃ​ហើយ ហើយ​​រូបភាព​ប្រចាំ​ថ្ងៃ​ពី​​ផ្កាយ​រណប​អង្កេត​មើល​ផែនដី​របស់​អង្គការ​ណាសា​បាន​បង្ហាញ​នូវ​ទីកន្លែង និង​​ចំនួន​ភ្លើង​ឆេះ​ជា​ឧបករណ៍​មួយ​ដែល​ប្រើប្រាស់​ដោយ​មន្រ្តី​​រដ្ឋបាល​ព្រៃឈើ​ដើម្បី​អង្កេត​​មើល​អគ្គិភ័យ​ដែល​អាច​​បង្ក​ឡើង​ដោយ​សកម្មភាព​ខុស​ច្បាប់​។

លោក​បណ្ឌិត កៅ ដាណា ប្រធាន​ការិយាល័យ​គ្រប់គ្រង​ព្រៃឈើ​នៅ​រដ្ឋបាល​ព្រៃឈើ​បាន​ថ្លែង​ថា​រូបភាព​ពី​អង្គការ​ណាសា​ត្រូវ​បាន​ប្រើ​ដើម្បី​រក​មើល​ «ចំណុច​ក្តៅ»​ ឬ​ភាព​មិន​ប្រក្រតី​នៃ​កម្ដៅ​ដែល​អាច​បង្ហាញ​ពី​កន្លែង​ដែល​កំពុង​មាន​ភ្លើង​ឆេះ​ព្រៃ​។ ​

លោក​បាន​បន្ត​ថា៖ «​កាលពី​ខែ​​វិច្ឆិកា​ហើយ​រហូត​ដល់​ខែ​មេសា​មាន​កន្លែង​ក្តៅ​យ៉ាង​ហោច​ណាស់​​ចំនួន​ពី ៤០‑៥០ កន្លែង​រៀងរាល់​ថ្ងៃ​​»។ លោក​ថា​ពេល​ខ្លះ​អាច​មាន​ជិត​ដល់​ទៅ ១០០០ ​កន្លែង​​។



លោក ដាណា បន្ត​ថា​ការិយាល័យ​របស់​លោក​នឹង​រាយការណ៍​ពី​ចំណុច​ក្តៅ​​ទៅ​ឲ្យ​ការិយាល័យ​រដ្ឋបាល​ព្រៃឈើ​នៅ​មូលដ្ឋាន​ដែល​នៅ​ក្បែរ​នោះ​ដើម្បី​​ធ្វើការ​ស៊ើបអង្កេត និង​រាយការណ៍​មក​វិញ។ ខណៈ​ដែល​មាន​អគ្គិភ័យ​ច្រើន​ដោយសារ​តែ​​​ធ្វើ​​កសិកម្ម​ដែល​ដុត​នៅ​ខាង​ក្រៅ​ ឬ​ដែល​​កើត​ឡើង​តាម​ធម្មជាតិ​លោក ដាណា បាន​បញ្ជាក់​ថា៖ «​ភ្លើង​ឆេះ​ព្រៃ​តាម​​ធម្មជាតិ​មិន​សូវ​មាន​ច្រើន​ទេ​»។ ​


រូបភាព​ពី ផ្កាយរណប បង្ហាញ​ពី​ភ្លើងឆេះ​ ត្រង់​ចំណុច​អុជ​ពណ៌​ក្រហម ស្ទើរ​ពាស​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី ៦ កុម្ភៈ។ រូបថត NASA


លោក​បាន​លើក​ឡើង​ថា​ ភ្លើង​ឆេះ​ព្រៃ​កើតឡើង​ភាគច្រើន​ដោយសារ​តែ​សកម្មភាព​ខុស​ច្បាប់​ដូចជា​ការ​ឈូស​ឆាយ ​និង​ការ​កាប់ និង​ដុត​ដើម្បី​ចាប់​យក​ដី​ធ្លី។

លោក​​ថ្លែង​ថា៖ «ពេល​ខ្លះ​ភ្លើង​ឆេះ​ព្រៃ​កើតឡើង​នៅ​ក្នុង​ដី​​សម្បទាន​សេដ្ឋកិច្ច​ ឬ​ជិត​ភូមិ​ប៉ុន្តែ​យើង​មិន​ដឹង​ថា​ តើ​វា​ជា​ភ្លើង​ឆេះ​ក្នុង​ព្រៃ​ ឬ​នៅ​វាលស្រែ​ទេ​យើង​ត្រូវ​ចំណាយ​ពេល​ច្រើន​ដើម្បី​​ស៊ើបអង្កេត​»។

ព្រះតេជគុណ​ ហៀក សុភាព នាយក​ប្រតិបត្តិ​នៃ​សមាគម​ពុទ្ធសាសនិក​ដើម្បី​​​បរិស្ថាន​ជា​​អង្គការ​ដែល​កន្លង​មក​​បាន​ជួយ​អ្នក​ភូមិ​ប្រយុទ្ធ​ និង​ពន្លត់​អគ្គិភ័យ​ក្នុង​ព្រៃ​នៅ​ខេត្ត​កំពង់ឆ្នាំង​បាន​មាន​សង្ឃដីកា​ថា​ក្រៅពី​ប្រជាជន​ដុត​ព្រៃ​ដើម្បី​ចាប់​យក​ដីធ្លី និង​ភ្លើង​ដែល​បង្ក​ឡើង​ដោយ​ការ​ធ្វេសប្រហែស​ដូចជា​ការ​បោះ​កន្ទុយ​បារី​ភ្លើង​ឆេះ​ខ្លះ​បង្ក​ឡើង​ដោយ​អ្នក​ប្រមាញ់​សត្វ​។

ព្រះអង្គ​បន្ត​ថា៖ «បញ្ហា​មួយ​ទៀត​គឺ​មនុស្ស​​គេ​ប្រមាញ់​សត្វ​ព្រៃ​ បរបាញ់​សត្វ​ពួកគេ​ចាប់ផ្តើម​បោះជំរំ​ហើយ​នៅ​ពេល​ដែល​ពួកគេ​មិន​អាច​រក​សត្វ​ព្រៃ​បាន​ពួកគេ​បាន​ដុត​​ព្រៃ​ដើម្បី​ដេញ​​សត្វ​ព្រៃ​ចេញ​»។

លោក Nick Marx ប្រធាន​ជួយ​សង្គ្រោះ​ជីវិត​សត្វ​ព្រៃ​នៅ​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​បាន​និយាយ​ថា​លោក​បាន​ឮ​ការ​អនុវត្ត​បែប​នេះ​ប៉ុន្តែ​មិន​ទាន់​បាន​ជួប​​ផ្ទាល់​ភ្នែក​ទេ។

ខណៈ​ដែល​រដ្ឋាភិបាល​មាន​កម្មវិធី​ពង្រឹង​បុគ្គលិក​ព្រៃឈើ​នៅ​មូលដ្ឋាន​លោក កៅ ដាណា បាន​​ថ្លែង​ថា​ឧបករណ៍​​នៅ​តែ​ជា​ឧបសគ្គ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អគ្គិភ័យ​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​ដែល​មាន​ចំណុច​ក្តៅ​ច្រើន​បំផុត​ក្នុង​តំបន់​មួយ​ទសវត្សរ៍​កន្លង​មក​នេះ។

រដូវ​ប្រាំង​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ដោយ​ព្រឹត្តិការណ៍ El-Nino ​បាន​​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ព្យាករ​ថា​នឹង​មាន​​​​​​ចំនួន​អគ្គិភ័យ​ច្រើន​ក្នុង​ឆ្នាំ​នេះ​។ តាម​អ៊ីមែល​ផ្ញើ​មក​កាន់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​លោក​បណ្ឌិត Veerachai Tanpipat អ្នក​ស្រាវជ្រាវ​ឯករាជ្យ​បាន​ថ្លែង​ថា​ខណៈ​ពេល​នេះ​មិន​អាច​សន្និដ្ឋាន​​បាន​​ទេ​ប៉ុន្តែ​ «​ស្ថានភាព​ដែល​ធ្វើ​ឲ្យ​ឆេះ​ព្រៃ​នៅ​ភាគ​ខាង​ជើង​​នៃ​ប្រទេស​កម្ពុជា​មាន​នៅ​ទី​នោះ​មួយ​រយៈពេល​ហើយ»៕ TK

Alessandro Marazzi Sassoon

No comments: