ដោយ ម៉ម មុនីរតន៍
2016-02-18

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង (ឆ្វេង) និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (ស្ដាំ) ថ្លែងប្រាប់អ្នកកាសែតបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥។
RFA/Rann Samnang
គណបក្សនយោបាយពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា នឹងជួបគ្នាជាថ្មីម្ដងទៀតនៅថ្ងៃទី១៩ កុម្ភៈ។ អ្នកនាំពាក្យនៃគណបក្សនយោបាយទាំងពីរ បញ្ជាក់ពីភាពខ្វែងគំនិតគ្នាចំពោះរបៀបវារៈដែលគណបក្សទាំងពីរនឹងត្រូវដាក់លើតុចរចានោះ។ បើទោះជាយ៉ាងណា អ្នកនាំពាក្យនៃគណបក្សទាំងពីរអះអាងថា ការជួបគ្នាជាថ្មីនេះ គឺផ្ដោតសំខាន់អំពីការវិវឌ្ឍន៍នយោបាយចុងក្រោយ និងកិច្ចការដទៃទៀតដែលគណបក្សអះអាងថានៅសេសសល់មិនទាន់ដោះស្រាយរួច។
ថ្វីបើមន្ត្រីនាំពាក្យគណបក្សកាន់អំណាច បដិសេធអំពីរបៀបវារៈដែលគណបក្សនយោបាយទាំងពីរនឹងត្រូវលើកទៅជជែកក្នុងជំនួបទ្វេភាគី នៅថ្ងៃទី១៩ កុម្ភៈ ក៏ដោយចុះ ក៏មន្ត្រីបក្សប្រឆាំងអះអាងថា របៀបវារៈនយោបាយដ៏សំខាន់មួយក្នុងចំណោមរបៀបវារៈផ្សេងទៀត គឺស្ថានភាពអ្នកជាប់ឃុំទាំង ១៥នាក់នៅក្នុងពន្ធនាគារព្រៃស ក៏នឹងត្រូវដាក់លើតុចរចាផងដែរ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹងថា កិច្ចប្រជុំដែលគ្រោងនឹងរៀបចំនៅរសៀលថ្ងៃទី១៩ កុម្ភៈ នៅវិមានរដ្ឋសភា គឺជាការជួបគ្នាជាថ្មីឡើងវិញរវាងគណបក្សនយោបាយទាំងពីរ ដែលមានអាសនៈនៅក្នុងរដ្ឋសភា។ លោកបន្តថា គណបក្សប្រឆាំងក៏នឹងស្នើដែរអំពីរបៀបវារៈសកម្មជនដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស ទាំង ១៥នាក់ ដាក់លើតុចរចានៅក្នុងជំនួបនោះ។ លោកបន្តថា «សំខាន់ គឺពាក់ព័ន្ធនឹងកិច្ចការមួយចំនួនដែលនៅសេសសល់ ដូចជាមានអ្នកជាប់ឃុំឃាំងអី ជាដើម»។
បើទោះជាបែបនេះក៏ដោយចុះ លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សគ្រប់គ្រងអំណាច បានបដិសេធក្នុងការអត្ថាធិប្បាយអំពីរឿងនេះ ដោយលោកអះអាងថា ការលើកពីរបៀបវារៈអ្នកជាប់ឃុំទាំង ១៥នាក់នេះ គឺជាសិទ្ធិរបស់គណបក្សប្រឆាំង ក៏ប៉ុន្តែអ្វីដែលគណបក្សសំឡេងភាគច្រើននៅក្នុងរដ្ឋសភា ផ្ដោតជាសំខាន់នោះ គឺការចរចាក្នុងក្របខ័ណ្ឌវប្បធម៌សន្ទនាប៉ុណ្ណោះ។ លោកបញ្ញាក់បន្ថែមថា កិច្ចសន្ទនាណាមួយដែលគ្របដណ្ដប់ទៅផ្លូវច្បាប់ នោះវាពុំមែនជារបៀបវារៈដែលគណបក្សគ្រប់គ្រងរដ្ឋាភិបាលគ្រោងទុកឡើយ។ លោកបន្តថា «ខ្ញុំមិនដឹងទេបាទ។ អាហ្នឹងជាសិទ្ធិរបស់គាត់។ គាត់ចង់លើកយ៉ាងម៉េចលើកទៅ ប៉ុន្តែបក្សដោះយ៉ាងម៉េច អាហ្នឹងយើងចាំជជែកគ្នាក្រោយ ព្រោះអាហ្នឹងវាជាវប្បធម៌សន្ទនាមិនគ្របដណ្ដប់លើផ្លូវច្បាប់ទេ»។
លោក មាជ សុវណ្ណារ៉ា និងសកម្មជន ១០នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីមានអំពើហិង្សាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយការចាប់ខ្លួន សកម្មជនទាំង ១៤នាក់ត្រូវបានចៅក្រមនៃតុលាការក្រុងភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពី ៧ឆ្នាំទៅ ២០ឆ្នាំពីបទដឹកនាំ និងចូលរួមក្នុងចលនាកុប្បកម្ម ដែលនាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ។ ក្រៅពីនេះនៅមាន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា និងសកម្មជន ៣នាក់ផ្សេងទៀត ដែលកំពុងបន្តជាប់ឃុំនៅក្នុងពន្ធនាគារព្រៃសដែរ។
ភាពប្រេះស្រាំនៃវប្បធម៌សន្ទនានេះ ត្រូវបានអ្នកវិភាគនយោបាយចាត់ទុកថា គណបក្សទាំងពីរស្ទើរតែមិនអាចតភ្ជាប់គ្នាឡើងវិញបាន ក្រោយពីមានវិវាទផ្នែកនយោបាយដ៏តានតឹងក្នុងពេលកន្លងទៅ។
លោក ឈាង វុន តំណាងរាស្ត្រមកពីគណបក្សគ្រប់គ្រងអំណាច បញ្ជាក់ថា ដើម្បីឲ្យយន្តការនៃវប្បធម៌សន្ទនានេះអាចដំណើរការទៅបានល្អទៀត គណបក្សប្រឆាំងត្រូវស្នើឲ្យមានប្រធានសំឡេងភាគតិចនៅក្នុងរដ្ឋសភាឡើងវិញ បន្ទាប់ពី លោក សម រង្ស៊ី ត្រូវបាត់បង់សិទ្ធិរួចមក។ បញ្ហានេះ ត្រូវបាន លោក ឈាង វុន ថ្លែងថា គឺដើម្បីឲ្យមានភាពងាយស្រួលក្នុងដំណើរការ និងអនុវត្តវប្បធម៌សន្ទនាឲ្យបានស្មើមុខស្មើមាត់បន្តទៀត។
ប្រធានអង្គការនៃវេទិកាអនាគត លោក អ៊ូ វីរៈ យល់ឃើញថា លោកហាក់មានជំនឿច្រើនចំពោះការដោះលែងសកម្មជនគណបក្សនយោបាយទាំង ១១នាក់នេះ។ លោកបន្តថា បើគណបក្សកាន់អំណាចមានភាពឆ្លាតវៃ និងចង់ចំណេញផ្នែកនយោបាយទៀត ត្រូវដោះលែងសកម្មជនបក្សប្រឆាំងឲ្យមានសេរីភាពនោះ ប្រហែលជាអាចប៉ះប៉ូវភាពប្រេះស្រាំ និងការធ្លាក់ស្រុតចុះនៃប្រជាប្រិយភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបាន។ លោក អ៊ូ វីរៈ មើលឃើញថា យន្តការការទូតអន្តរជាតិ និងការតាមដានជាពិសេសពីសហរដ្ឋអាមេរិក ព្រមទាំងសហគមន៍អន្តរជាតិផងនោះ គឺជាមូលហេតុមួយបន្ថែមទៀត ដែលអាចជំរុញឲ្យការចរចារឿងសកម្មជនទាំង ១៥នាក់ ប្រហែលត្រូវរ៉ូវគ្នាច្រើន។ លោកបន្តថា «គណបក្សប្រជាជន នឹងបានផលប្រយោជន៍ត្រង់ថា ទីមួយអាចពង្រឹងជាមួយសហរដ្ឋអាមេរិក បន្តស្ថិរភាពល្អជាងមុន ហើយអាចការពារធ្វើយ៉ាងម៉េចកុំឲ្យធ្លាក់ចុះ។ នេះជារឿងដែលជាការព្រួយបារម្ភរបស់រដ្ឋាភិបាលដែរ»។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ កុម្ភៈ លោក បារ៉ាក់ អូបាម៉ា (Barack Obama) និយាយនៅចំពោះមុខមេដឹកនាំប្រទេសអាស៊ាន (ASEAN) រួមទាំង លោក ហ៊ុន សែន ផងថា លោកឈរខាងប្រជាពលរដ្ឋ និងសង្គមស៊ីវិល ព្រមទាំងការពារសេរីភាពនិយាយស្ដី សេរីភាពប្រមូលផ្ដុំ និងសេរីភាពទទួលបានព័ត៌មាន។ ជាងនេះទៀត គឺគ្មាននរណាម្នាក់ រួមទាំងសមាជិកគណបក្សប្រឆាំងផង ត្រូវឃាត់ខ្លួន ឬចាប់ដាក់គុក ដោយគ្រាន់តែបញ្ចេញមតិរបស់ពួកគេឡើយ៕
No comments:
Post a Comment