A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 1 February 2016

តើ​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពី​អំណាច​ដោយ​របៀប​ណា​ដោយ​មិន​បារម្ភ​ពី​គ្រោះ​ភ័យ?

ដោយ សាន សែល
2016-01-31 rfa

មេ​ដឹក​នាំ​ដែល​ឆ្លាត ជា​មេ​ដឹក​នាំ​ដែល​រៀបចំ​ជណ្ដើរ​ដើរ​ចុះ​ចេញ​ពី​តំណែង​នៅ​ពេល​ដែល​ខ្លួន​នៅ​មាន​អំណាច និង​មាន​ប្រជាប្រិយភាព​បំផុត។ ការ​ធ្វើ​បែប​នេះ ជា​មធ្យោបាយ​ដែល​ចុះ​ចេញ​ពី​អំណាច​ដោយ​សន្តិវិធី​សមស្រប មាន​ឯកភាព​ជាតិ និង​មាន​ភាព​ថ្លៃថ្នូរ។

មេ​ដឹក​នាំ​រូប​នោះ ក៏​អាច​រៀបចំ​ណែនាំ​មេ​ដឹក​នាំ​ជំនាន់​ថ្មី​ដែល​មាន​ភាព​ស្អាតស្អំ​បំផុត មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់ និង​ប្រកប​ដោយ​យុត្តិធម៌​ក្នុង​គណបក្ស​របស់​ខ្លួន។ ក៏ប៉ុន្តែ​មេ​ដឹក​នាំ​ដែល​ឆ្ងាញ់​នឹង​អំណាច​មួយ​ចំនួន ពិបាក​ទម្លាក់​កណ្ដាប់​ដៃ​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ឥទ្ធិពល។ មេ​ដឹក​នាំ​ដែល​បាន​កាន់​អំណាច​ច្រើន​វស្សា ក៏​ជក់​ចិត្ត​មិន​ចង់​ដើរ​ចេញ។

យ៉ាង​ណា​ក៏ដោយ អ្នក​ដឹក​នាំ​ខ្លះ ពេល​ដែល​កាន់​អំណាច​យូរ​ក្រែល​ទៅ ក៏​នឹក​ចង់​ប្ដូរ​វេន​ឲ្យ​អ្នក​ផ្សេង​ម្តង​ដែរ។ ក្នុង​ចិត្ត​ចង់​ដោះ​ដៃ​នឹង​អំណាច តែ​ក្នុង​ខ្លួន​ចេះ​តែ​រអា។ រអា​ខ្លាច​ពេល​ធ្វើ​បែប​នេះ​ទៅ ប៉ះពាល់​ដល់​ប្រយោជន៍​ខ្លួន​ឯង​វិញ។

តើ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ឲ្យ​មេ​ដឹក​នាំ​មួយ សម្រេច​ចិត្ត​ចុះ​ចេញ​ពី​អំណាច​ដោយ​មិន​ចាំបាច់​បារម្ភ​ពី​គ្រោះ​ភ័យ?

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​២៩ មករា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្ទាល់​របស់​លោក នូវ​អនុសាសន៍​មួយ​ចំនួន ដើម្បី​ឆ្លើយ​ទៅ​នឹង​សំណួរ​នេះ។

ប្រទេស​នីតិរដ្ឋ គេ​យក​ច្បាប់​ជា​ធំ។ មេ​ដឹក​នាំ​ដូចជា​នាយក​រដ្ឋមន្ត្រី មុន​នឹង​សម្រេច​ចិត្ត​ចុះ​ចេញ​ពី​អំណាច អាច​រៀបចំ​អនុម័ត​ច្បាប់​ការពារ​អតីត​នាយក​រដ្ឋមន្ត្រី និង​ក្រុម​គ្រួសារ (Secret Protection Law)។ បន្ថែម​ពី​លើ​នេះ មេ​ដឹក​នាំ​ដែល​ចង់​បាន​ការ​ចុះ​ចេញ​ពី​តំណែង​មួយ​ប្រកប​ដោយ​សុវត្ថិភាព អាច​រៀបចំ​តំណែង​ជាន់​ខ្ពស់​បំផុត និង​សមស្រប​សម្រាប់​ខ្លួន​ឯង ដូចជា តំណែង​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​រាជសម្បត្តិ ឬ​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ឬ​ប្រធាន​អចិន្ត្រៃយ៍​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ ឬ​ប្រធាន​នៃ​អចិន្ត្រៃយ៍​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។ ធ្វើ​បែប​នេះ មេ​ដឹក​នាំ​ដែល​ចង់​ចុះ​ចេញ​ពី​អំណាច នៅ​តែ​មាន​មុខ​តំណែង​កំពូល​ដដែល។

ប្រសិន​បើ​ព្រួយ​បារម្ភ​ពី​សុខ​សន្តិសុខ​ផ្ទាល់​ខ្លួន ប្រមុខ​ដឹក​នាំ​នោះ អាច​រៀបចំ​បង្កើត​ជា​អភ័យ​ឯកសិទ្ធិ​ពិសេស​សម្រាប់​សន្តិសុខ​ផ្ទាល់​ខ្លួន ពេល​ដែល​គាត់​ចុះ​ចេញ​ពី​តំណែង។ ការ​រៀបចំ​កញ្ចប់​ផល​ប្រយោជន៍​ពិសេស​សម្រាប់​អតីត​នាយក​រដ្ឋមន្ត្រី​ដែល​មាន​ប្រាក់​បំណាច់​ខ្ពស់ នឹង​អាច​រស់នៅ​មាន​សេចក្តី​ថ្លៃថ្នូរ​បំផុត​ក្នុង​មួយ​ជីវិត (Benefit Package)។ ធ្វើ​បែប​នេះ មេ​ដឹក​នាំ​ដែល​ចង់​ចុះ​ចេញ​ពី​អំណាច នៅ​តែ​រស់នៅ​សុខ​ស្រួល​ក្នុង​ភាព​ថ្លៃថ្នូរ។

បើ​ទោះ​ជា​ចុះ​ចេញ​ពី​អំណាច​ក៏ដោយ មេ​ដឹក​នាំ​នោះ​នៅ​តែ​អាច​បន្ត​ចែក​រំលែក ចុះ​សួរ​សុខ​ទុក្ខ និង​ទៅ​ជួប​ប្រជាជន តាម​រយៈ​ការ​រៀបចំ​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ សម្រាប់​ពួក​គាត់​ធ្វើ​សកម្មភាព​សង្គម មនុស្ស​ធម៌ និង​បង្រៀន​តាម​សាកលវិទ្យាល័យ (Annual Reimbursement Plan)។

បន្ថែម​ពី​លើ​នោះ ការ​រៀបចំ​ប្រាក់​កម្រៃ​ពិសេស និង​ខ្ពស់​បំផុត​សម្រាប់​មេ​ដឹក​នាំ​ដែល​ចង់​ចុះ​ចេញ​ពី​តំណែង អាច​ធ្វើ​បាន​ក្រោម​រូបភាព ជា​ការ​ធ្វើ​បទ​ឧទ្ទេសនាម​ប្រចាំ​ខែ ត្រី​មាស ឆមាស និង​ប្រចាំ​ឆ្នាំ ពី​បទពិសោធន៍​របស់​ពួក​គាត់ ដើម្បី​ចែក​រំលែក​បទពិសោធន៍​នៃ​ការ​ដឹក​នាំ​ប្រទេស ការងារ​ការទូត និង​ភាព​ជា​អ្នក​ដឹក​នាំ។

អ្នក​ដឹក​នាំ​ដែល​មាន​ឆន្ទៈ​ចុះ​ចេញ​ពី​អំណាច នឹង​ត្រូវ​បាន​គេ​ចារ​ឈ្មោះ​ជា​បុគ្គល​គំរូ​ក្នុង​ប្រវត្តិសាស្ត្រ។ ការ​រៀបចំ​ពិធី​ផ្ទេរ​តំណែង​មួយ​ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ដោយ​មាន​ការ​ចូលរួម​ពី​ព្រះមហាក្សត្រ អង្គ​ទូត គណបក្ស​ក្រៅ​រដ្ឋាភិបាល និង​ពី​មហាជន​ជាតិ-អន្តរជាតិ។ ប្រសិន​បើ​នៅ​កម្ពុជា អាច​ធ្វើ​បែប​នេះ​បាន​នោះ វា​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​មិន​ធ្លាប់​មាន​ពី​មុខ​មក។ ការ​ស្ម័គ្រ​ចិត្ត​ចុះ​ចេញ​ពី​អំណាច​របស់​មេ​ដឹក​នាំ​ណា​ម្នាក់ គួរ​ត្រូវ​បាន​ការ​លើក​ទឹក​ចិត្ត​ពី​សង្គម។ ការ​រៀបចំ​រង្វាន់​កិត្តិយស​ធំធេង​មួយ​ដល់​មេ​ដឹក​នាំ ដូចជា​ដាក់​ឈ្មោះ​ទីក្រុង​ថ្មី ឬ​ឈ្មោះ​រាជធានី​ថ្មី​តាម​ឈ្មោះ​របស់​ពួក​គាត់។

មួយ​ទៀត​នោះ ការ​រៀបចំ​កូតា ១០% ឬ ២០% នៃ​សមាជិក​សភា សម្រាប់​កង​កម្លាំង​ប្រដាប់​អាវុធ។ មេ​ដឹក​នាំ​ចុះ​ចេញ​ពី​តំណែង នឹង​ក្លាយ​ជា​ប្រធាន​អចិន្ត្រៃយ៍​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ​ជា​ស្វ័យ​ប្រវត្តិ។ ការ​លើក​ទឹក​ចិត្ត​នេះ មិន​ត្រឹម​តែ​សម្រាប់​បុគ្គល​មេ​ដឹក​នាំ​ផ្ទាល់​ទេ តែ​ក៏​គួរ​ផ្តល់​ឱកាស​សម្រាប់​កូនៗ​របស់​ពួក​គាត់​ក្នុង​តំណែង​សមស្រប ដោយ​ផ្អែក​ទៅ​តាម​ជំនាញ និង​មុខ​វិជ្ជាជីវៈ​ដែល​ពួក​គាត់​រៀន និង​ចង់​បាន។

ផ្ទុយ​ទៅ​វិញ មេ​ដឹក​នាំ​ដែល​មិន​ឆ្លាត ជា​មេ​ដឹក​នាំ​ដែល​រង់ចាំ​ចាញ់​ឆ្នោត ទើប​ចុះ​ពី​តំណែង និង​រង់ចាំ​ដល់​ពេល​ដែល​ពលរដ្ឋ​មាន​ចលនា​ធំៗ ហើយ​បង្ក្រាប​ដោយ​បង្ហូរ​ឈាម ដូចជា​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត ប្រទេស​មួយ​ចំនួន​នៅ​អារ៉ាប់ និង​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាមេរិក ជាដើម។ ពេល​នោះ វាសនា​ខ្លួន​គាត់ ក្រុម​គ្រួសារ​គាត់ និង​កូនៗ​មិន​ល្អ និង​មាន​ឈ្មោះ​មិន​ល្អ កេរ្តិ៍​អាស្រូវ​ជា​រៀង​រហូត។

ទស្សនៈ​មួយ​លើក​ឡើង​ថា «បើក​ផ្លូវ និង​បង្ក​ភាព​ងាយ​ស្រួល​ឲ្យ​អ្នក​ដទៃ​ដើរ​បាន​ស្រួល និង​សុខសាន្ត ប្រសើរ​ជាង​បិទ​ផ្លូវ និង​ធ្វើ​បាប​អ្នក​ដទៃ»។ ការ​កាន់​អំណាច​មួយ​ជីវិត និង​តំណែង​ត​ពូជ មិន​មែន​ជា​មូលដ្ឋាន​គ្រឹះ​ប្រជាធិបតេយ្យ​ទេ ប្រសិន​បើ​មេ​ដឹក​នាំ​រូប​នោះ មាន​សុបិន​ចង់​ឃើញ​ប្រទេស​ដែល​មាន​ការ​ដឹក​នាំ​បម្រើ​ប្រយោជន៍​រាស្ត្រ​ជា​ធំ ហើយ​ក៏​មិន​បាន​ផ្តល់​ការ​រីក​ចម្រើន​សម្រាប់​ជាតិ​ឡើយ។ បញ្ច្រាស​មក​វិញ វា​ជា​កត្តា​ធ្វើ​ឲ្យ​ជាតិ​វិនាស និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ទៅ​វិញ​ទេ។

យន្តការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី និង​តាម​បែប​ប្រជាធិបតេយ្យ គួរ​តែ​រៀបចំ​សម្រាប់​ថ្នាក់​ដឹក​នាំ​គ្រប់​ជំនាន់​បន្ត​ទៅ​ទៀត ដែល​ធ្វើ​ឲ្យ​ពួក​គាត់​សប្បាយ​ចិត្ត​ចង់​ចុះ​ចេញ​ពី​អំណាច ជា​ជាង​ស្ថិត​នៅ​ក្នុង​តំណែង​កាន់​ការ​ដ៏​លំបាក កាន់​កិច្ចការ​រយ​ជំពូក​យូរ​អង្វែង។

តើ​មេ​ដឹក​នាំ​ណា​ដែល​ឡើង​កាន់​អំណាច មិន​ចង់​សាង​ស្នាដៃ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ? ហើយ​តើ​មាន​មេ​ដឹក​នាំ​ណា​ដែល​មាន​ឆន្ទៈ​សាង​យន្តការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​សម្រាប់​យុគ​សម័យ​នេះ?

បើ​សង្កេត​ឲ្យ​ដិតដល់​ទៅ មេ​ដឹក​នាំ​ដែល​កាន់​ការ​យូរ គួរ​អាណិត​អាសូរ​ខ្លាំង​ណាស់ ដែល​គាត់​ត្រូវ​ទទួល​រ៉ាប់រង​ភាព​ស្មុគស្មាញ​របស់​ជាតិ​តែ​ឯង។ មេ​ដឹក​នាំ​នោះ គួរ​ចែក​ឲ្យ​គេ​លំបាក​ផង​ទៅ។ ពាក្យ​ចាស់​តែង​លើក​ឡើង​ថា កូនៗ​ដែល​មាន​កតញ្ញូ​ចំពោះ​មាតា​បិតា​របស់​ខ្លួន មិន​គួរ​ឲ្យ​ឪពុក និង​ម្តាយ​របស់​ខ្លួន​យួរ​បន្ទុក​តែ​ឯង​ទេ តែ​កូនៗ​នោះ​គួរ​មាន​ការ​ទទួល​ខុស​ត្រូវ ដោយ​លៃលក​ធ្វើ​យ៉ាង​ណា​ឲ្យ​ឪពុក​ម្ដាយ​បាន​សម្រាក​ខ្លះ​ផង។ ពួក​គាត់​គួរ​តែ​មាន​ពេលវេលា​សប្បាយ​ក្នុង​ជីវិត​ចុង​ក្រោយ​របស់​ពួក​គាត់ ក្នុង​ការ​ដើរ​លម្ហែ​កាយ និង​សម្រាក​នៅ​តំបន់​ជនបទ តំបន់​ទេសចរណ៍ ឲ្យ​ស្រលះ​អារម្មណ៍។

ក្នុង​សង្គម​ប្រជាធិបតេយ្យ អំណាច​ពលរដ្ឋ​ជា​ម្ចាស់​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​លើ​ការ​រក្សា​អធិបតេយ្យភាព បូរណភាព​ទឹក​ដី ធនធាន​សង្គម និង​កសាង​សន្តិភាព​ជា​កត្តា​ចាំបាច់។ ការ​កសាង​កិត្តិនាម​របស់​មេ​ដឹក​នាំ អាច​ជួយ​ពលរដ្ឋ ជាពិសេស​ពលរដ្ឋ​ក្រីក្រ ពលរដ្ឋ​រងគ្រោះ ព្រម​ទាំង​សន្សំ​ការ​គោរព​ស្រឡាញ់​ពី​ពលរដ្ឋ​គ្រប់​រូប។ វា​ជា​បំណង​ប្រាថ្នា​របស់​មេ​ដឹក​នាំ​គ្រប់​រូប។

លោក​អ្នក​នាង​ទើប​បាន​អាន និង​ស្តាប់ លោក សាន សែល អត្ថាធិប្បាយ​ពី​អនុសាសន៍​របស់ បណ្ឌិត កែម ឡី ស្ដីពី​វិធីសាស្ត្រ​ដែល​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពី​អំណាច​ដោយ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ។ សូម​បញ្ជាក់​ថា រាល់​គំនិត​យោបល់​នៅ​ក្នុង​អត្ថបទ​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​វិទ្យុ​អាស៊ីសេរី ឡើយ៕

1 comment:

Anonymous said...

លោក កែម ឡី, are you teasing Mr. Hun Sen? Be careful now លោក កែម ឡី, you may end up in Mr. Hun sen's black dossier and will be banned from Cambodia, do you know that? Not kidding! The Fast and [furious] response team of Mr. Hun Sen has to decide...OK?