A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 6 January 2016

លោក ហ៊ុន សែន ប្រតិកម្ម​នឹង​បក្ស​ប្រឆាំង​ដែល​រិះគន់​ការ​ដាក់​ឈ្មោះ​ស្ពាន​អាកាស​ថា​៥​មករា

លោក ហ៊ុន សែន ប្រតិកម្ម​នឹង​បក្ស​ប្រឆាំង​ដែល​រិះគន់​ការ​ដាក់​ឈ្មោះ​ស្ពាន​អាកាស​ថា​៥​មករា
ដោយ ម៉ម មុនីរតន៍
2016-01-05 rfa
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស ៥ មករា នៅ​ជិត​សាលា​តិចណូ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៦។
 RFA/Morm Moniroth

ប្រមុខ​រដ្ឋាភិបាល ប្រតិកម្ម​ចំពោះ​គណបក្ស​ប្រឆាំង​ដែល​រិះគន់​ការ​ដាក់​ឈ្មោះ​ស្ពាន​អាកាស​ថ្មី​ជិត​សាលា​តិចណូ ថា​ជា​ស្ពាន ៥​មករា ចំ​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​របស់ លោក ហ៊ុន សែន។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ថា នេះ​ជា​ការ​រក​រឿង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​របស់​គណបក្ស​ប្រឆាំង។ លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ជា​ញឹកញាប់ គណបក្ស​ជំទាស់​ទាំង​មេ​ទាំង​កូន តែង​រិះគន់​រដ្ឋាភិបាល​ទាំង​ខុស​របៀប​ជា​ហូរហែ​ក្នុង​ពេល​កន្លង​មក​នេះ។

ចំណែក​អ្នក​វិភាគ​នយោបាយ​វិញ​យល់​ឃើញ​ថា ជា​ទម្លាប់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​ផ្លែផ្កា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​របស់​អ្នក​នយោបាយ ជា​រឿង​ធម្មតា​ទៅ​ហើយ។ ម្យ៉ាង​វិញ​ទៀត ការ​ដៀមដាម​ដាក់​គ្នា​ដូច​នេះ​របស់​អ្នក​នយោបាយ ជា​បរិបថ​ដដែលៗ​យូរ​មក​ហើយ។

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ពុំ​ទាន់​មាន​ប្រតិកម្ម ឬ​ឆ្លើយ​តប​បែប​ណា​នៅ​ឡើយ​ទេ ជុំវិញ​ការ​ចោទ​ប្រកាន់​ដូច​នេះ​របស់ លោក ហ៊ុន សែន ហើយ​ការ​រក្សា​ជំហរ​នៅ​ស្ងៀម​ពេល​នេះ ត្រូវ​បាន​អ្នក​វិភាគ​យល់​ឃើញ​ថា ប្រហែល​ជា​គណបក្ស​ជំទាស់​ចង់​បន្ធូរ​ស្ថានការណ៍​នយោបាយ ដែល​កំពុង​ឡើង​កម្ដៅ ឲ្យ​ស្ថិត​ក្នុង​កម្រិត​មួយ​ទាប ឬ​អាច​ជា​មធ្យោបាយ​ក្នុង​ការ​បញ្ចៀស​ហិង្សា​នយោបាយ​ក៏​អាច​ថា​បាន។

លោក ហ៊ុន សែន ថ្លែង​ការពារ​ថា ការ​ចោទ​ប្រកាន់​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​រដ្ឋាភិបាល គឺ​ជា​ហេតុផល​ពុំ​អាច​ទទួល​យក​បាន​ឡើយ។ ការ​ថ្លែង​ដូច​នេះ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពេល​ដែល​លោក​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​មួយ​ថ្មី​ទៀត នៅ​ជិត​សាលា​តិចណូ ដែល​ត្រូវ​គេ​ប្រសិទ្ធិនាម​ថា ស្ពាន ៥​មករា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ មករា។
ស្ពាន​អាកាស ៥ មករា នៅ​ជិត​សាលា​តិចណូ ក្នុង​ថ្ងៃ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៦។ RFA/Morm Moniroth




មុន​ពិធី​សម្ពោធ​មួយ​ថ្ងៃ អ្នក​វិភាគ និង​អ្នក​នយោបាយ​ចំអក​ថា ការ​ព្យាយាម​ដាក់​ឈ្មោះ​ស្ពាន​ឲ្យ​ត្រូវ​នឹង​ថ្ងៃ​កំណើត​អាពាហ៍ពិពាហ៍​របស់ លោក ហ៊ុន សែន ដូច​នេះ ជា​ការ​បង្ហាញ​សាច់​ដុំ និង​ជា​របៀប​នៃ​ការ​អនុវត្ត​វប្បធម៌​ទំយើ ច្រើន​ជាង​ហេតុផល​នានា។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​ប្រមូល​សមិទ្ធផល​ទាំងឡាយ​ឲ្យ​ក្លាយ​ជា​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ច្រើន​ជាង​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ បើ​ទោះ​ជា​សមិទ្ធផល​ទាំង​នោះ​ជា​លុយ​ជំនួយ ឬ​បាន​មក​ពី​ប្រភព​ថវិកា​កម្ចី​ក្តី។

បើ​ទោះ​ជា​បែប​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ការ​ដាក់​ឈ្មោះ​ស្ពាន​ថ្មី​ថា​ជា​ស្ពាន ៥​មករា នេះ វា​មិន​គាប់​ជួន​ទៅ​នឹង​ពិធី​ខួប​កំណើត​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​លោក​ឡើយ។ ជាង​នេះ​ទៀត លោក ហ៊ុន សែន បញ្ជាក់​ថា សម្រាប់​ថ្ងៃ​ទី​៥ មករា នេះ មាន​កំណើត​មនុស្ស​ច្រើន​ណាស់​នៅ​ក្នុង​ពិភពលោក រួម​ទាំង​មាន​មនុស្ស​ជាច្រើន​ផ្សេង​ទៀត ក៏​មាន​ថ្ងៃ​អាពាហ៍ពិពាហ៍​ដូច​នេះ​ដែរ។ ហេតុ​នេះ ការ​ដាក់​ឈ្មោះ​ស្ពាន​អាកាស​ថ្មី​នេះ​ថា​ជា​ស្ពាន ៥​មករា នោះ វា​ពុំ​មែន​ជា​ការ​ទាមទារ​របស់​លោក​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក ហ៊ុន សែន រិះគន់​គណបក្ស​ប្រឆាំង​ថា ជា​ទម្លាប់​មិន​កែ​និស្ស័យ​តាំង​ពី​ថ្នាក់​កំពូល​រហូត​ដល់​មន្ត្រី​នៅ​ថ្នាក់​ក្រោម ដែល​តែង​មើល​ឃើញ​រដ្ឋាភិបាល​ក្នុង​ផ្លូវ​មិន​ល្អ​ជា​ដរាប​មក។ លោក​បន្ត​ថា «ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ចង់​សួរ​ថា តើ​ថ្ងៃ ៥ មករា នេះ ជា​ថ្ងៃ​សម្រាប់​ទាំងអស់​គ្នា ឬ​ជា​ថ្ងៃ​របស់​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ។ បើ​សិន​ជា​កាសែត​វា​ឆ្កួត មេ​ដឹក​នាំ​បក្ស​ក្នុង​ឋានៈ​ជា​អ្នក​តំណាង​រាស្ត្រ កុំ​ឆ្កួត។ បើ​សិន​ជា​ស្ពាន​នេះ​ដាក់​ថា​ជា​ស្ពាន​អនុស្សាវរីយ៍​ខួប​លើក​ទី​៤០ របស់​សម្ដេច​តេជោ និង​ភរិយា អា​ហ្នឹង​ចាំ​ថា។ តែ ៥ មករា មនុស្ស​មួយ​ពិភពលោក វា ៥ មករា ហើយ​ចាំបាច់​មក​រក​រឿង។ ទាំង​មេ​ទាំង​កូន​វា​អ៊ីចឹង បាន​វា​អ៊ីចឹង»។

បើ​ទោះ​ជា លោក ហ៊ុន សែន ច្រាន​ចោល​ការ​ដាក់​ឈ្មោះ​ស្ពាន​អាកាស​ជិត​សាលា​តិចណូ ថា​ពុំ​មែន​ជា​កាដូ​សម្រាប់​ខួប​អាពាហ៍ពិពាហ៍​ដល់​ភរិយា​របស់​លោក​ក្តី តែ​លោក​បាន​រំឭក​យ៉ាង​ពិស្ដារ​អំពី​ការ​តស៊ូ​របស់​លោក ទម្រាំ​បាន អ្នកស្រី ប៊ុន រ៉ានី ធ្វើ​ជា​ភរិយា។ លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន ថែម​ទាំង​បញ្ជាក់​ទៀត​ថា ក្នុង​ពេល​ដែល​លោក​ថ្លែង​សន្ទរកថា​នេះ គឺ​កាល​ពី ៤០​ឆ្នាំ​មុន រូប​លោក និង​ភរិយា កំពុង​ស្ថិត​ក្នុង​វ័យ​កំលោះ និង​ក្រមុំ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា «ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ក៏​មិន​ភ្លេច​នឹង​និយាយ​ដែរ។ ម៉ោង​នេះ ពេល​នេះ កាល​ពី ៤០​ឆ្នាំ​មុន គេ​បាន​កំពុង​តែ​តម្រៀប​ជួរ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ និង​ភរិយា​ខ្ញុំ​ដូច​ទាហាន​អ៊ីចឹង។ ១៣​គូ​ដើរ​ចូល​រោង​ការ។ ពេល​នោះ​នៅ​កំលោះ​ទេ ម៉ោង​ហ្នឹង ឯណេះ​ក៏​នៅ​ក្រមុំ​ដែរ​ម៉ោង​ហ្នឹង។ ថ្មើរ​ហ្នឹង​គេ​ទើប​នឹង​អាន​ប្រវត្តិ​រូប​ទេ»។

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ការ​ចោទ​ប្រកាន់​របស់ លោក ហ៊ុន សែន បាន​ភ្លាមៗ​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៥ មករា។

ជុំវិញ​រឿង​នេះ លោក អ៊ូ វីរៈ ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត យល់​ឃើញ​ថា វា​ពុំ​មាន​អ្វី​ដែល​ចម្លែក​ឡើយ ដែល​អ្នក​នយោបាយ​ប្រើប្រាស់​វេទិកា​ឌឺដង​ដាក់​គ្នា​ដូច​នេះ។ លោក​បន្ត​ថា ជា​ទម្លាប់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ អ្នក​នយោបាយ​តែង​ប្រើប្រាស់​ពិធី​របៀប​នេះ​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​របស់​ខ្លួន។ ផ្ទុយ​ទៅ​វិញ លោក អ៊ូ វីរៈ ចាត់​ទុក​ថា អ្វី​ដែល​ជា​បញ្ហា​នោះ នៅ​ត្រង់​ថា ប្រសិន​បើ​អ្នក​នយោបាយ​ប្រើ​គុក​ច្រវាក់ និង​ប្រព័ន្ធ​តុលាការ ឬ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ទាំង​នេះ​ទើប​ជា​ក្ដី​កង្វល់ និង​ជា​វិបត្តិ​សម្រាប់​សង្គម។ លោក​បន្ត​ថា «ការ​ប្រទាំង​ប្រទើស ឬ​មួយ​ការ​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​ទាក់ទិន​ឈ្មោះ​ក៏ដោយ ឈ្មោះ​ផ្លូវ​ក៏ដោយ ធ្វើ​ផ្លូវ​ក៏ដោយ មិន​ធ្វើ​ផ្លូវ​ក៏ដោយ គឺ​ជា​រឿង​ដែល​ធម្មតា។ ខ្ញុំ​មិន​យក​ចិត្ត​ទុក​ដាក់​ទេ អ្វី​ដែល​យើង​យក​ចិត្ត​ទុក​ដាក់ នៅ​ពេល​ណា​ដែល​តុលាការ​ត្រូវ​បាន​ប្រើ​ទៅ​លើ​សិទ្ធិ​នយោបាយ​របស់​គណបក្ស​នយោបាយ អា​ហ្នឹង​បាន​យើង​ព្រួយ​បារម្ភ»។

បើ​ទោះ​ជា​បែប​ណា លោក ហ៊ុន សែន បាន​ដៀមដាម​ឲ្យ​គណបក្ស​ជំទាស់​ថា ដោយសារ​តែ​ការ​រក​រឿង​មិន​សម​ហេតុ​សម​ផល ប្រឆាំង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល ទើប​ជំរុញ​ឲ្យ​មនុស្ស​មួយ​ចំនួន​ក្នុង​បក្ស​ត្រូវ​ជួប​ទុក្ខ ទាំង​ស្ថានភាព​នៅ​កម្ពុជា កំពុង​តែ​មាន​ភាព​សម្បូរ​សប្បាយ និង​រីក​ចម្រើន៕

1 comment:

Anonymous said...

why wasting time on such trivial matter ? CNRP needs to focus on more important issues such as employment... don't they pay any attention to the world economy... US and europe are supposed to enter recession this year... translate less export from cambodia thus reducing jobs and more unemployed people... china and US just have a stock market crashes and according to economists , this is only the beginning ... central banks can intervene with stocks market buying, but they cannot create jobs -- no matter how much money they print... the US central bank has been printing trillions of dollars and yet there are now 93 millions americans out of work, right now and more will be laid off from the oil sectors if oil price keep dropping... similar in europe their unemployment rate is above 10 percent.. note the rate only counts those actively looking for work not those who gave up looking for one.... So what is CNRP plan to do when people begin losing jobs...that is more important than a name of a street .. don't like that name call it by another one .