ដោយ ទីន ហ្សាការីយ៉ា
2016-01-06 rfa
![]() |
| លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ថ្លែងទៅកាន់អ្នកកាសែតនៅវិមានរដ្ឋសភា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥។ |
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ថ្លែងទៅកាន់អ្នកកាសែតនៅវិមានរដ្ឋសភា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥។
RFA/Tin Zakariya
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លើកឡើងថា លោក សម រង្ស៊ី មិនខ្វល់នឹងដីកាចាប់ខ្លួនលោកជាបន្តបន្ទាប់នោះទេ។ ផ្ទុយទៅវិញ ការចេញដីកាចាប់ខ្លួនជាបន្តបន្ទាប់នេះ គឺបង្ហាញថា ដោយសារគណបក្សកាន់អំណាចខ្លាចវត្តមានរបស់ លោក សម រង្ស៊ី ឬគណបក្សសង្គ្រោះជាតិ ដោយសារតែគណបក្សកាន់អំណាចបានដឹកនាំប្រទេសជាង ៣០ឆ្នាំមក មានរឿងអយុត្តិធម៌ជាច្រើនកើតឡើងនៅក្នុងសង្គម ដែលគណបក្សនេះគ្មានសមត្ថភាពដោះស្រាយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ថ្លែងមិនចាប់អារម្មណ៍នឹងដីកាមួយថ្មីទៀតរបស់តុលាការ បង្គាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី នោះឡើយ ដោយអះអាងថា គណបក្សកាន់អំណាចមានបំណងមិនឲ្យ លោក សម រង្ស៊ី ចូលរួមក្នុងការបោះឆ្នោតនៅពេលខាងមុខ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ចេញប្រតិកម្មនៅថ្ងៃទី៦ មករា ថា សំណុំរឿងរបស់ លោក សម រង្ស៊ី ដែលតុលាការចេញដីកាឲ្យចូលខ្លួនបំភ្លឺ និងដីកាបង្គាប់ឲ្យចាប់ខ្លួនផងនោះ គឺជាហេតុផលនយោបាយ មិនមែនជារឿងអ្វីផ្សេងនោះឡើយ៖ «ដោយបញ្ហាគាត់ដោះមិនចេញ ដូចជាបញ្ហាពុករលួយ រំលោភសិទ្ធិមនុស្ស ដីធ្លី ក្រីក្រ សេវាសាធារណៈផ្ដល់ជូនប្រជាពលរដ្ឋមិនល្អគ្មានគុណភាព»។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់បានលើកឡើងថា ករណី លោក សម រង្ស៊ី នេះ មិនមែនជារឿងនយោបាយទេ គឺជាការអនុវត្តច្បាប់របស់តុលាការ។
ទោះបីជាមានការអះអាងពីថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ថា ករណី លោក សម រង្ស៊ី នេះ មិនមែនជារឿងនយោបាយក្ដី ប៉ុន្តែ លោក ហ៊ុន សែន ព្រមាន លោក សម រង្ស៊ី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ថា លោក សម រង្ស៊ី អាចនឹងជាប់ពន្ធនាគារដោយសារតែហ្វេសប៊ុក (Facebook) របស់លោក ដែលបង្ហោះឯកសារព្រំដែនរបស់ លោក ហុង សុខហួរ នោះ៖ «ហើយអាម្ចាស់ផេក (Page = ទំព័រ) ជានរណា? ជា រង្ស៊ី ម៉ង (សម រង្ស៊ី) អ៊ីចឹងទេអាចដល់ អាចដល់ម្នាក់ហ្នឹងហើយ បើដល់ម្នាក់ហ្នឹង ម្តងនេះខ្ញុំឈប់លើកលែងទោសឲ្យហើយ ខ្ញុំលើកលែងទោសឲ្យម្នាក់នេះពីរដងរួចមកហើយ លើកនេះអត់ទេ លើកនេះអត់ទេ ព្រៃសអត់មានទទួលស្គាល់អ្នកណាថាស្អីនេះទេ»។
ការលើកឡើងរបស់ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អំពីការមិនខ្វល់ចំពោះដីកាចាប់ខ្លួននោះ ធ្វើឡើងភ្លាមៗបន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ធ្នូ ដែលគេបានផ្សព្វផ្សាយនៅថ្ងៃទី៥ មករា។
ដីកាបង្គាប់ឲ្យចាប់ខ្លួននេះ គឺចោទប្រកាន់ លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេសពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងសំណុំរឿងសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ។ នៅក្នុងដីកាដដែលនេះបានបញ្ជាក់ថា មុនតុលាការចេញដីកាចាប់ខ្លួននេះ គឺលោក សម រង្ស៊ី មិនបានចូលខ្លួនទៅបំភ្លឺនៅតុលាការកាលពីថ្ងៃទី៤ ធ្នូ តាមការកោះហៅរបស់ចៅក្រមស៊ើបសួរ។ រីឯ លោក សម រង្ស៊ី វិញ ក៏ធ្លាប់បានស្នើសុំទៅចៅក្រមស៊ើបសួរ ដើម្បីឆ្លើយបំភ្លឺតាមប្រព័ន្ធស្កែប (Skype) ដែរចំពោះការកោះហៅនេះ តែត្រូវបានតុលាការបដិសេធ។
នៅខណៈ លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស តុលាការបានចេញដីកាកោះហៅ និងចាប់ខ្លួនលោកជាបន្តបន្ទាប់។ លោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាលើកទី១ បង្គាប់ឲ្យចាប់ខ្លួនកាលពីថ្ងៃទី១៤ សីហា តាមបណ្ដឹងរបស់ លោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍ និងដីកាកោះហៅចុងក្រោយ គឺតាមបណ្ដឹងរបស់ លោក ហេង សំរិន ប្រធានរដ្ឋសភា ប្ដឹង លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ដូចគ្នា។ មកទល់ពេលនេះ លោក សម រង្ស៊ី ជាប់បណ្ដឹងចំនួនបីករណី។
កាលពីចុងខែធ្នូ ឆ្នាំ២០១៥ លោក សម រង្ស៊ី បានបញ្ចេញប្រតិកម្មតាមគណនីហ្វេសប៊ុករបស់លោកចំពោះរឿងតុលាការចេញដីកាចាប់ខ្លួនលោកផ្ទួនៗនេះថា គឺជាការប្រមាថដល់ព្រះមហាក្សត្រ និងមេដឹកនាំកំពូលដទៃទៀត។ លោក សម រង្ស៊ី បានរំឭកថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ លោកបានទៅចូលរួមពិធីសច្ចាប្រណិធាននៅព្រះបរមរាជវាំង មុននឹងចូលកាន់តំណែងជាអ្នកតំណាងរាស្ត្រជាប់ឆ្នោត។ ពិធីសច្ចាប្រណិធាននោះ បានធ្វើឡើងក្រោមព្រះរាជាធិបតីនៃព្រះមហាក្សត្រ ក្នុងនោះក៏មានវត្តមានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានតុលាការកំពូល និងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដែរ។ លោកបញ្ជាក់ថា ឥស្សរជនកំពូលទាំងអស់នោះជាតំណាងឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់វិស័យទូទាំងប្រទេស បានទទួលស្គាល់លោកជាអ្នកតំណាងរាស្ត្រជាប់ឆ្នោត តាមរយៈការចូលរួមរបស់ពួកគេក្នុងពិធីសច្ចាប្រណិធានជាឱឡារិកនោះ។ ក៏ប៉ុន្តែជារឿងគួរឲ្យភ្ញាក់ផ្អើល នៅពេលតុលាការ និងរដ្ឋសភា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ បានចេញដីកាចាប់ខ្លួនលោក ដោយអះអាងថា លោកមិនបានជាប់ឆ្នោតជាតំណាងរាស្ត្រទេ ពីព្រោះលោកជាទណ្ឌិតតាំងពីយូរឆ្នាំមកហើយ។ លោក សម រង្ស៊ី សង្កត់ធ្ងន់ថា ការចេញដីកាដោយចោទប្រកាន់លោកជាទណ្ឌិតបែបនេះ គឺជាការអះអាងយ៉ាងងងើល ប្រមាថមើលងាយឥស្សរជនកំពូលៗទាំងអស់ដែលបានចូលរួមពិធីសច្ចាប្រណិធាន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤។
ទាំង លោក សម រង្ស៊ី និងលោក យឹម សុវណ្ណ អះអាងថា លោក សម រង្ស៊ី នឹងវិលចូលស្រុកវិញនៅពេលវេលាណាមួយសមស្រប ពោលគឺនៅមុនពេលបោះឆ្នោតខាងមុខ។
ទាក់ទងនឹងបញ្ហានេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី បានហៅការគេចវេះរបស់ លោក សម រង្ស៊ី នៅពេលនេះ ថាជារឿងកំសាក។ ទោះជាយ៉ាងនេះក្ដី លោក កែម ឡី សង្កត់ធ្ងន់ថា ដីកាចាប់ខ្លួន លោក សម រង្ស៊ី នេះ ជាឧបករណ៍នយោបាយច្បាស់លាស់ ដែលចង់រឹតត្បិតសិទ្ធិសេរីភាព លោក សម រង្ស៊ី៖ «គណបក្សប្រជាជនកម្ពុជា តាមពិតគាត់មានឱកាសផ្សេងៗពីហ្នឹងច្រើនទៀត តែគ្មានលេងល្បែងនយោបាយដដែលៗ ដែលសាធារណជន យុវជនមើលឃើញដឹងជំហាននយោបាយរបស់ខ្លួន»។
នៅក្នុងបរិបទនយោបាយបែបនេះ អ្នកវិភាគលើកឡើងថា លោក សម រង្ស៊ី ត្រូវហ៊ានប្រឈមចំពោះដីកាចាប់ខ្លួននេះ សុខចិត្តទទួលរងគ្រោះម្នាក់ឯង និងផ្ដល់ជាគំរូដល់ក្មេងជំនាន់ក្រោយ ហើយគណបក្សសង្គ្រោះជាតិ ត្រូវរៀបចំអ្នកស្នង លោក សម រង្ស៊ី ទោះបីជាតុលាការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងប៉ុន្មាននាក់ថែមទៀត ក៏គណបក្សនេះនៅមានថ្នាក់ដឹកនាំបន្តគ្នា ដើម្បីឈានទៅដល់ការផ្លាស់ប្ដូរពិតប្រាកដ៕

1 comment:
មើលទៅខ្មែរដូចនាំគ្នាចុះចាញ់ហើយ បានជាគ្មានអ្នកណាគេបញ្ចេញយោបល់អ្វីទឿតទេ គឺគេគិតថាមិនអាចធ្វើអ្វិកើតទៀតទេ ព្រោះ យួនវាស៊ីដាច់ហើយ ស្រុកខ្មែរ ហើយគេខ្លាច ហ៊ុន សែន តាមរកមុខគេផងក៍មិនដឺង តែអាលេវខ្ញុំគិតថាខ្មែរមិនទាន់ស្លាប់អស់ បានជាអាលេវ នៅតែសរសេរខ្លះទៅ ជាពិសែស គឺ ខ្មែររូបនីយកម្ម នៅមិនទាន់អស់សង្ឃឹមឯណា តើមានទេ?
Post a Comment