តើលោក សម រង្ស៊ី អាចមានឱកាសវិលត្រឡប់ចូលស្រុកវិញដែរឬទេ?
ដោយ ជី វិតា
rfa 2016-01-13
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បច្ចុប្បន្នកំពុងស្នាក់នៅក្រៅប្រទេស ដើម្បីគេចពីការតាមចាប់ខ្លួនក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួនពីររបស់តុលាការកម្ពុជា។ ដើម្បីធានាថា មេដឹកនាំបក្សប្រឆាំងដែលមានប្រជាប្រិយភាពរូបនេះ មិនអាចធ្វើមាតុភូមិនិវត្តន៍ម្តងទៀតបាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងឆ្នាំ២០១៥ បានប្រកាសថា លោកនឹងកាត់ដៃស្ដាំរបស់លោកចោល បើសិនជាលោកស្នើព្រះមហាក្សត្រប្រទានការលើកលែងទោសដល់ លោក សម រង្ស៊ី ម្តងទៀត។
តើការប្ដេជ្ញារបស់លោកនាយករដ្ឋមន្ត្រីនៅពេលនេះ ជាការបិទលទ្ធភាពទាំងស្រុងនៃការវិលចូលស្រុករបស់ លោក សម រង្ស៊ី ឬទេ?
សារនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រកាសថា លោកនឹងកាត់ដៃរបស់លោកចោល ប្រសិនបើលោកស្នើព្រះមហាក្សត្រឲ្យលើកលែងទោស លោក សម រង្ស៊ី នាពេលថ្មីៗនេះ ហាក់មានភាពម៉ឺងម៉ាត់ និងបង្កប់ដោយហិង្សាផងនោះ អាចជាការបញ្ចប់នូវជីវិតនយោបាយរបស់មេបក្សប្រឆាំងរូបនេះនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែយោងតាមទម្លាប់មិនគោរពពាក្យសន្យារបស់លោកកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចមិនគោរពាក្យសម្ដីរបស់លោកម្តងទៀតក៏ថាបាន។
កន្លងមក មិនត្រឹមតែហ៊ានសន្យាកាត់ដៃរបស់ខ្លួនចោលដូចពេលនេះទេ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំងធ្លាប់សន្យាកាត់ករបស់លោកបោះចោលទៀតផង ប្រសិនបើលោកមិនអាចការពារព្រៃឈើខ្មែរឲ្យនៅគង់វង្ស៖ «ព្រឹកមិញនេះខ្ញុំឃើញ ខេមបូឌា ដេលី (The Cambodia Daily) ផ្សាយថា ក្រុមហ៊ុនឈើជាច្រើនមិនគោរពបទបញ្ជារបស់ក្រសួងកសិកម្ម ទេ។ សុំសាកលមើលទៅ! បើមិនគោរពក៏សុំសាក។ បើមិនដកយកព្រៃ បិទរោងចក្រទេ ខ្ញុំហ៊ានកាត់កខ្ញុំក្រវាត់ចោល។ នេះជាសម្ដីនាយករដ្ឋមន្ត្រី។ ខ្ញុំសុខចិត្តចំណាយអីចំណាយទៅ តែរឿងចាញ់ដោយការនិយាយជាមួយប្រជាពលរដ្ឋ ហើយមិនបានធ្វើនេះ គឺខ្ញុំមិនព្រមចាញ់ទេ»។
ក្រៅពីការប្រកាសផ្ទាល់មាត់យ៉ាងដូច្នេះ លោកថែមទាំងធ្វើច្បាប់ការពារព្រៃឈើ និងចេញអនុក្រឹត្យជាបន្តបន្ទាប់ ហាមឃាត់ការកាប់ និងដឹកឈើប្រណិតចេញពីកម្ពុជា ទៀតផង ប៉ុន្តែសារព្រមានបង្ក្រាបបទល្មើសព្រៃឈើរបស់លោក បានត្រឹមពីរោះស្តាប់ រីឯច្បាប់ដែលលោកបង្កើត បានត្រឹមដាក់តាំងលំអនៅលើតុប៉ុណ្ណោះ ពីព្រោះឧក្រិដ្ឋកម្មព្រៃឈើ ក្នុងនោះមានព្រៃអភិរក្ស ព្រៃឈើក្នុងឧទ្យានជាតិ និងព្រៃសហគមន៍ជនជាតិដើមភាគតិច ដែលការពារដោយច្បាប់ កាន់តែវិនាសហិនហោច។
ភាពមិនទៀងទាត់ ពោលគឺពាក្យសម្ដីផ្សេង សកម្មភាពផ្សិងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់មានរវាងលោក និងលោក សម រង្ស៊ី ដែរ។ លោកនាយករដ្ឋមន្ត្រី ក៏ធ្លាប់បដិសេធការលើកលែងទោសដល់ លោក សម រង្ស៊ី ក្នុងពេលកន្លងមក ប៉ុន្តែក្រោយពេល លោក សម រង្ស៊ី សន្យាជួយកែប្រែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០ភាគរយបូក១ នៃសំឡេងសមាជិកតំណាងរាស្ត្រ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោត លោក ហ៊ុន សែន ក៏យល់ព្រមឲ្យ លោក សម រង្ស៊ី ចូលស្រុកដោយបានស្នើទៅព្រះមហាក្សត្រ។
ទោះជាយ៉ាងណាក៏ដោយចុះ ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថានឹងកាត់ដៃរបស់លោកបោះចោល ប្រសិនបើលោកស្នើព្រះមហាក្សត្រលើកលែងទោសដល់ លោក សម រង្ស៊ី ម្តងទៀតនោះ អាចជាការពិត មិនប្រែប្រួល ពីព្រោះ លោក សម រង្ស៊ី អាចនឹងមិនមានអ្វីទៀតដែលលោកនាយករដ្ឋមន្ត្រីចង់បានសម្រាប់ជាថ្នូរ។
ប្រសិនបើដូច្នេះមែន តើជីវិតនយោបាយរបស់ លោក សម រង្ស៊ី ក្នុងប្រទេសកម្ពុជា ពិតជាត្រូវចប់ត្រឹមនេះឬយ៉ាងណា?
មិនប្រាកដដូច្នេះទេ នេះបើយោងតាមច្បាប់ជាធរមាន។ លោក សម រង្ស៊ី នៅមានច្រកពីរទៀតដែលអាចអនុញ្ញាតឲ្យលោកវិលចូលស្រុកវិញបាន ដោយមិនចាំបាច់មានការព្រមព្រៀងណាមួយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្តីសង្ឃឹមទី១ របស់ លោក សម រង្ស៊ី គឺអាស្រ័យទៅលើក្តីសន្តោសប្រោសប្រណីរបស់ព្រះករុណាសម្ដេចព្រះនរោត្តម សីហមុនី ក្នុងការប្រទានការលើកលែងទោសដល់មេបក្សប្រឆាំងរូបនេះ។
រដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលនៃប្រទេស ផ្តល់អំណាចពិសេសដល់ព្រះមហាក្សត្រខ្មែរ នោះគឺអំណាចលើកលែងទោសដល់ទណ្ឌិត។ មាត្រា២៧ នៃរដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស។
បើតាមអ្នកវិភាគនយោបាយកម្ពុជា លោកបណ្ឌិត ឡៅ ម៉ុងហៃ ខ្លឹមសារ និងស្មារតីនៃមាត្រានេះ គឺព្រះមហាក្សត្រព្រះអង្គមានសិទ្ធិពេញលេញក្នុងការផ្ដួចផ្ដើមដោយព្រះអង្គឯង ប្រទានការលើកលែងទោសដល់ទណ្ឌិតណាម្នាក់ ដោយមិនចាំបាច់មានការស្នើសុំពីនាយករដ្ឋមន្ត្រីឡើយ៖ «ក្នុងន័យហ្នឹង ព្រះមហាក្សត្ររបស់យើងមានព្រះរាជសិទ្ធិផ្ដួចផ្ដើមគំនិតលើកលែងទោស ឬក៏បន្ធូរបន្ថយទោស។ ខ្ញុំយកឧទាហរណ៍មួយទៅចុះ នៅប្រទេសថៃ ព្រះមហាក្សត្រមានបុព្វសិទ្ធិលើកលែងទោស និងបន្ធូរបន្ថយទោសក្នុងរដ្ឋធម្មនុញ្ញរបៀបខ្មែរយើងអ៊ីចឹងដែរ ហើយទណ្ឌិតខ្លួនឯងអ្នកទោសហ្នឹង និងគ្រួសារ អាចសរសេរលិខិតទៅលេខាធិការផ្ទាល់របស់ព្រះករុណា គឺលេខាធិការដ្ឋានមួយទទួលពាក្យសុំហ្នឹងបាទ! អាហ្នឹងជាច្រកចូលមួយ នៃការសុំលើកលែងទោស និងបន្ធូរបន្ថយទោសសម្រាប់បុគ្គលម្នាក់ៗ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្តថា មូលហេតុដំបូងដែលនាំឲ្យព្រះមហាក្សត្រ មានបុព្វសិទ្ធិលើកលែងទោស គឺខ្លាចក្រែងចៅក្រមដែលតំណាងឲ្យព្រះអង្គ កាត់ទោសប្រជារាស្ត្រដោយអយុត្តិធម៌៖ «ពីដើម ព្រះមហាក្សត្រជាអ្នកកាត់ទោស គឺជាចៅក្រម។ ដល់ក្រោយមកមានការចាត់តាំងឲ្យចៅក្រមកាត់ទោសជួសព្រះមហាក្សត្រ ហើយការលើកលែងទោស ការបន្ធូរបន្ថយទោសនៃដើមយ៉ាងម៉េច ខ្លាចគឺចៅក្រមហ្នឹងកាត់ទោសមានការភ័ន្តច្រឡំក្នុងនាមព្រះមហាក្សត្រ។ យើងឥឡូវនេះ កាត់ទោសក្នុងនាមប្រជាពលរដ្ឋ ពីដើមក្នុងនាមព្រះមហាក្សត្រ។ រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៤៧ របស់ព្រះរាជាណាចក្រលើកទី១ មានចែងអ៊ីចឹង។ ស្ថាប័នទាំងអស់ប្រើប្រាស់អំណាចក្នុងនាមព្រះមហាក្សត្រ រួមទាំងតុលាការផងដែរ។ អ៊ីចឹងហើយ បានជាគេទុកឲ្យព្រះមហាក្សត្រមានបុព្វសិទ្ធិលើកលែងទោស និងបន្ធូរបន្ថយទោស ក្រែងលោកាត់ទៅវាខ្លាំងពេក។ ហើយមួយទៀត ស្ដេចពីដើមមានសីលធម៌មួយ ឬក៏ភារកិច្ចមួយការពារសន្តិសុខរបស់ប្រជារាស្ត្ររបស់ព្រះអង្គ ហើយនិងជួយជីវិតរបស់មនុស្ស។ អ៊ីចឹងហើយបានជាទោសប្រហារជីវិត គេថាហ្អេ ត្រឹមជាប់ទោសមួយជីវិតបានហើយ កុំប្រហារជីវិតអាហ្នឹង ស្ដេចហ្នឹងអាចបន្ធូរបន្ថយអញចឹងទៅ»។
ទាក់ទងនឹងសិទ្ធិអំណាចរបស់នាយករដ្ឋមន្ត្រីក្នុងការស្នើឲ្យព្រះមហាក្សត្រ លើកលែងទោសដល់ទណ្ឌិតណាម្នាក់នោះ មាត្រា៧៧ នៃច្បាប់ស្ដីពីពន្ធនាគារចែងថា ក្នុងករណីចាំបាច់ ប្រមុខរដ្ឋាភិបាលមានបុព្វសិទ្ធិធ្វើសំណើថ្វាយព្រះមហាក្សត្រ សុំលើកលែងទោសឲ្យទណ្ឌិតនៅពេលណាក៏បាន។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ស្មារតីនៃមាត្រានេះគ្មានអនុភាពអ្វីអាចរារាំងព្រះរាជសិទ្ធិរបស់ព្រះមហាក្សត្រ ក្នុងការផ្ដួចផ្ដើមលើកលែងទោសនោះឡើយ ពោលគឺព្រះអង្គមិនចាំបាច់រង់ចាំឲ្យមានការស្នើសុំឡើយ។ ប៉ុន្តែលោកថា មាត្រា៧៧ នៃច្បាប់ស្ដីពីពន្ធនាគារ ដែលផ្តល់អំណាចគ្មានព្រំដែនដល់នាយករដ្ឋមន្ត្រីបែបនេះ ជាការមិនល្អទេ៖ «ត្រង់នេះវាស្រេចតែចិត្តរបស់នាយករដ្ឋមន្ត្រី។ ការចាំបាច់ ចាំបាច់ត្រង់ណាខ្លះ? ក្នុងកាលៈទេសៈណាដែលថាចាំបាច់ វាអត់មានកំណត់។ កាត់ឃ្លាអ៊ីចឹងមក អត់ដាក់ព្រះរាជក្រឹត្យកំណត់ការចាំបាច់ជាស្អី យ៉ាងម៉េចៗនោះទេ។ អ៊ីចឹងវាអត់ល្អទេ ពីព្រោះវាប៉ះពាល់អំណាច និងឯករាជភាពរបស់តុលាការ។ កត្តាមួយដែលជួយពង្រឹងអំណាចរបស់តុលាការមែនទែន គឺគេហាមឃាត់មិនឲ្យមានការលើកលែងទោសស្រេចតែនឹងចិត្តទេ។ វាខូចអនុភាពរបស់តុលាការ គឺសេចក្តីសម្រេចរបស់តុលាការ ថាអ្នកនោះមានទោស អ្នកឯងកុំមកលូកលាន់ ហើយបើមានច្បាប់លើកលែងទោស អាហ្នឹងវាជារឿងមនុស្សធម៌ ជារឿងសប្បុរសធម៌ទេ បើមនុស្សកែប្រែទៅល្អ ហើយសង្គមអាចទទួលយកវិញបានហើយ អាហ្នឹងគេលើកលែងទោស ឬបន្ធូរបន្ថយទោសទៅបាទ!»។
ទិដ្ឋភាពផ្លូវច្បាប់ទី២ ដែលអាចអនុញ្ញាតឲ្យ លោក សម រង្ស៊ី វិលចូលស្រុកវិញបានដោយមិនចាំបាច់ស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ គឺលុះត្រាតែអាជ្ញាយុកាលនៃទោសរបស់លោកផុតរលត់ជាមុនសិន។ បើគិតត្រឹមតែទោសបរិហារកេរ្តិ៍ និងញុះញង់ ដែលប្ដឹងដោយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លោក សម រង្ស៊ី ដែលជាអ្នកនយោបាយរត់គេចពីសាលក្រមចាប់ខ្លួនលើកទី៣ ហើយនេះ អាចធ្វើមាតុភូមិនិវត្តន៍វិញបាននៅក្នុងខែមីនា ឆ្នាំ២០១៨។ នេះបើយោងតាមក្រមព្រហ្មទណ្ឌកម្ពុជា ក៏ប៉ុន្តែបញ្ហាផ្លូវច្បាប់ដែលមិនអំណោយផលល្អដល់ លោក សម រង្ស៊ី ថែមទៀតនោះ គឺតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ បានចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី ដោយភ្ជាប់មេបក្សប្រឆាំងរូបនេះទៅ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាដែលកំពុងជាប់ក្នុងពន្ធនាគារ ពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ទាក់ទងនឹងការបង្ហោះឯកសារព្រំដែនកម្ពុជា-វៀតណាម លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
លោក សម រង្ស៊ី ក៏កំពុងជាប់បណ្ដឹងមួយទៀតរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន ពីបទបរិហារកេរ្តិ៍ បន្ទាប់ពីលោកសរសេរនៅលើហ្វេសប៊ុកកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ចោទរបប "សាធារណរដ្ឋប្រជាមានិតកម្ពុជា" ដែលមាន លោក ហេង សំរិន ជាប្រមុខរដ្ឋនោះ ថាបានកាត់ទោសប្រហារជីវិតសម្ដេចព្រះនរោត្ដម សីហនុ បន្ទាប់ពីចោទព្រះអង្គថាជាជនក្បត់ជាតិ។
ទោះជាយ៉ាងណាក៏ដោយចុះ បើផ្អែកតាមទិដ្ឋភាពច្បាប់ និងទិដ្ឋភាពនយោបាយបច្ចុប្បន្ន ឱកាសវិលត្រឡប់ចូលស្រុកកំណើតរបស់ លោក សម រង្ស៊ី ក្នុងដំណាក់កាលចុងក្រោយនេះ ពិតជាចង្អៀតណាស់ ប្រសិនបើគ្មានការយល់ព្រមពីបុរសខ្លាំង គឺលោកនាយករដ្ឋមន្ត្រីទេនោះ។ ហេតុដូច្នេះ វាសនារបស់មេបក្សប្រឆាំងរូបនេះ ត្រូវសង្ឃឹមលើព្រះទ័យសន្តោសមេត្តារបស់សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរដែលព្រះអង្គមានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា២៧ ដោយមិនចាំបាច់មានការស្នើសុំពីនាយករដ្ឋមន្ត្រី។
ទោះជាយ៉ាងណា លោកបណ្ឌិត ឡៅ ម៉ុងហៃ ឲ្យដឹងថា សម្ដេចព្រះនរោត្តម សីហមុនី ព្រះអង្គប្រហែលជាមិនមានសេចក្តីក្លាហានហ៊ានលើកលែងទោសឲ្យ លោក សម រង្ស៊ី ដោយគ្មានការយល់ព្រមពីលោកនាយករដ្ឋមន្ត្រីឡើយ ពីព្រោះព្រះអង្គមិនចង់មានទំនាស់ជាមួយ លោក ហ៊ុន សែន។
សរុបសេចក្តីទៅ ឱកាសនៃការវិលចូលស្រុករបស់ លោក សម រង្ស៊ី ត្រូវផ្សារភ្ជាប់នឹងការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទោះជាច្បាប់ចែងយ៉ាងណាក្តី៕

1 comment:
លោក សម រង្ស៊ី អាចមានឱកាសវិលត្រឡប់ចូលស្រុកវិញដែរឬទេនោះ វាមិនសំខាន់ទេ ពីព្រោះបើគ្នានលោក សម រង្ស៊ី នៅក្នុងស្រុកក៏គណបក្សសង្គ្រោះជាតិ អាចដើរទៅមុខបានអត់មានបញ្ហា។
តែសំរាប់អាខ្វាក់ហ៊ុនសែនវិញ វាខ្លាចខ្លានៅក្រៅទ្រុង ជាង ខ្លាជាប់ក្នុងទ្រុង។
Post a Comment