Fri, 15 January 2016 PPP
ឆាយ ច័ន្ទនីដា
![]() |
| លោកស្រី ធីតា ឃឹះ នាយិកាប្រតិបត្តិអង្គការសីលការ។ អង្គការសីលការធ្វើការផ្តោតទៅលើការលើកស្ទួយសិទ្ធិស្ត្រី។ផា លីណា |
បើទោះបីជាមានសំណាងបានចាកចេញទៅប្រទេសថៃនៅមុនពេលដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមនៅមុនឆ្នាំ ១៩៧៥ ក៏ដោយក៏លោកស្រី ធីតា ឃឹះ មិនបានរស់នៅសម្ងំយកសុខតែម្នាក់ឯងនោះឡើយដោយលោកស្រីខិតខំខ្នះខ្នែងធ្វើការងារមនុស្សធម៌ជាច្រើនដើម្បីជួយគាំពារជនភៀសខ្លួនខ្មែររាប់រយនាក់ដែលរត់ភៀសខ្លួនគេចចេញពីសង្គ្រាមនៅក្នុងប្រទេសកម្ពុជាឲ្យបានទៅរស់នៅនៅប្រទេសអភិវឌ្ឍន៍។
ដោយសារតែមានភាពសកម្មយ៉ាងខ្លាំងនៅក្នុងការបំពេញការងារក្នុងនាមជាអង្គការសង្គមស៊ីវិលដោយផ្តោតសំខាន់ទៅលើការលើកកម្ពស់សិទ្ធិស្ត្រី និងអភិបាលកិច្ចល្អលោកស្រី ធីតា ឃឹះ ដែលនៅពេលនេះមានវ័យ ៦៤ ឆ្នាំអាចត្រូវចាត់ទុកថាគឺជាស្ត្រីខ្មែរម្នាក់ដែលចូលរួមផ្លាស់ប្តូរផ្នត់គំនិត «ស្ត្រីបង្វិលចង្ក្រានមិនជុំ» ឲ្យក្លាយទៅជាស្ត្រីដែលមានភាពក្លាហានហ៊ានចូលរួមនៅក្នុងកិច្ចការសង្គម និងកិច្ចការនយោបាយមិនចាញ់បុរសឡើយ។
លោកស្រី ធីតា ឃឹះ ជានាយិកាប្រតិបត្តិអង្គការសីលការចាប់តាំងពីឆ្នាំ ១៩៩៧ រហូតមកដល់បច្ចុប្បន្ន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដើម្បីលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយបានចាកចេញទៅកាន់ប្រទេសថៃមុនឆ្នាំ ១៩៧៥ ជាប្រទេសដែលស្វាមីរបស់លោកស្រីបានបង្រៀននៅសាកលវិទ្យាល័យ AIT នៅថៃ និងក្រោយមកលោកស្រី និងស្វាមីត្រូវបានជ្រើសរើសឲ្យចូលធ្វើការនៅស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងបាងកកលើបញ្ហាជនភៀសខ្លួន។
លោកស្រី ធីតា ឃឹះ និយាយថា៖ «ដោយសារស្រុកមានសង្គ្រាមស្វាមីដែលបង្រៀននៅសាកលវិទ្យាល័យភ្នំពេញក៏ដាក់ឌឺម៉ង់ទៅបង្រៀននៅសាលា AIT នៅប្រទេសថៃ។ ប្តីខ្ញុំគាត់មានសញ្ញាបត្របណ្ឌិតផ្នែកគណិតសាស្ត្រមកពីសហរដ្ឋអាមេរិក។ នៅពេលទៅដល់ AIT ខ្ញុំក៏បានរៀនបណ្តើរចេះអង់គ្លេសក៏ធ្វើការផ្នែកសង្គមកិច្ចច្រើន និងបន្តមកក៏ធ្វើការនៅស្ថានទូតអាមេរិកទាក់ទងនឹងការជួយជនភៀសខ្លួនជាមួយប្តី»។
នៅក្នុងសម័យសង្គ្រាមក្នុងឆ្នាំ ១៩៧៤ ដល់ ១៩៧៩ ប្រជាពលរដ្ឋខ្មែរបានសម្រុករត់ភៀសខ្លួនទៅព្រំដែនថៃដើម្បីស្វែងរកឱកាសចេញទៅរស់នៅប្រទេសទីបី។ លោកស្រី ធីតា ឃឹះ រំឭកថានៅអំឡុងពេលដែលពលរដ្ឋខ្មែរសម្រុកទៅព្រំដែនថៃ «ដូចហែកឋិន» ការងាររបស់លោកស្រីត្រូវធ្វើសម្ភាសរៀបចំឯកសារ និងដោះស្រាយបញ្ហាជនភៀសខ្លួននៅតាមទល់ដែនខ្មែរ-ថៃនោះ។
លុះដល់ឆ្នាំ ១៩៧៩ លោកស្រី ធីតា ឃឹះ ក៏បានចាកចេញពីប្រទេសថៃទៅកាន់សហរដ្ឋអាមេរិកតែម្នាក់ឯងជាកន្លែងដែលមិនមែនគ្រាន់តែជាការទៅតាំងលំនៅថ្មីប៉ុណ្ណោះទេគឺលោកស្រីបានផ្តួចផ្តើមបង្កើតឲ្យមានសហព័ន្ធខ្មែរនៅអាមេរិករហូតដល់ឈានទៅបង្កើតជាអង្គការក្រៅរដ្ឋាភិបាលមួយនៅរដ្ឋធានីវ៉ាស៊ីនតោនដែលលោកស្រីមានតួនាទីជានាយិកាប្រតិបតិ្តអង្គការសភាសម្ព័ន្ធខ្មែរជាបណ្តុំអង្គការខ្មែរដែលផ្តល់ការប្រឹក្សាលើគោលនយោបាយផ្សេងៗទាក់ទងនឹងការតាំងលំនៅរបស់ពលរដ្ឋខ្មែរនៅទីនោះ។
លោកស្រីបាននិយាយថា៖ «ពួកគេបានទៅរស់នៅប្រទេសគេខ្ញុំមិនដែលណែនាំឲ្យពួកគេរស់នៅពឹងតែប្រាក់ជំនួយរបស់គេទេយើងបានឲ្យពួកគេមានការងារធ្វើពឹងពាក់លើខ្លួនឯងដោះស្រាយបញ្ហាខ្លនឯង។ អ៊ីចឹងភាគច្រើនអ្នកដែលខ្ញុំបានជួយមានផ្ទះសម្បែងរស់នៅដោយខ្លួនឯងនៅរដ្ឋ San Antonio»។
ទោះបីយ៉ាងណាស្ត្រីរូបនេះមិនមានបំណងចង់រស់នៅលើទឹកដីប្រទេសជឿនលឿនស៊ីវិល័យដូចជាសហរដ្ឋអាមេរិករហូតនោះទេ។ ក្រោយពីមានសន្ធិសញ្ញាទីក្រុងប៉ារីសក្នុងទស្សវត្សរ៍ឆ្នាំ ៩០ លោកស្រី ធីតា ឃឹះ បានធ្វើដំណើរវិលត្រឡប់មកទឹកដីកំណើតវិញដើម្បីពិនិត្យមើលថាតើខ្មែរនៅអាមេរិកដូចរូបលោកស្រីអាចជួយអ្វីបានខ្លះដល់មាតុប្រទេសដែលទើបតែងើបចេញពីភ្នក់ភ្លើងសង្គ្រាមកាប់សម្លាប់រង្គាល។
នៅពេលនោះហើយដែលអង្គការលោកស្រីមានជំនួយពីទីភ្នាក់ងារអភិវឌ្ឍន៍អាមេរិក (USAID) នៅកម្ពុជាបានយកអ្នកស្ម័គ្រចិត្តពីអាមេរិកមកជួយធ្វើការនៅកម្ពុជា។ «រឿងសំខាន់បំផុតគឺបើកវគ្គបង្រៀនភាសាអង់គ្លេស... មិនយកលុយបន្ទាប់មកនៅឆ្នាំ ១៩៩៣ បង្រៀនកុំព្យូទ័រថ្នាក់មូលដ្ឋានដែលពេលនោះមិនសូវមានអ្នកដឹងថាកុំព្យូទ័រជាអ្វីផងទេ»។ ការងារបន្ទាប់គឺលោកស្រីបានជួយដល់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាឲ្យចាប់ផ្តើមធ្វើសកម្មភាពដោយមានផ្តល់អ្នកស្ម័គ្រចិត្ត និងជួយបង្រៀនឲ្យចេះរៀបចំគម្រោងសំណើផ្សេងៗដើម្បីទទួលថវិកាមកអនុវត្តសកម្មភាព។
លោកស្រី ធីតា ឃឹះ ត្រូវបានគេទទួលស្គាល់ជាស្ត្រីខ្មែរល្បីឈ្មោះម្នាក់ក្នុងការលើកកម្ពស់សិទ្ធិស្ត្រីឲ្យស្មើមុខមាត់ជាមួយបុរសជំរុញឲ្យមានតួនាទីស្ត្រីក្នុងវិស័យនយោបាយ និងការធ្វើសេចក្តីសម្រេចនានា។
ចំពោះសកម្មភាពការងាររបស់អង្គការសីលការរបស់លោកស្រីគឺបានជួយបង្រៀនបើកវគ្គបណ្តុះបណ្តាលដល់អង្គការក្រៅរដ្ឋាភិបាលនានាដល់ស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋអំពីយេនឌ័រគណនេយ្យភាពសង្គម និងអភិបាលកិច្ចល្អជាដើម។
លោកស្រី ធីតា ឃឹះ កើតនៅឆ្នាំ ១៩៥១ នាទីក្រុងភ្នំពេញដែលឪពុក (ស្លាប់) ធ្លាប់ជាមន្ត្រីរាជការចេះភាសាបារាំងស្ទាត់ជំនាញបម្រើការក្នុងរបបសង្គមរាស្ត្រនិយម និងមានម្តាយខ្មែរកាន់សញ្ជាតិបារាំងបច្ចុប្បន្នមានវ័យ ៩៧ ឆ្នាំកំពុងរស់នៅក្នុងប្រទេសបារាំង។
លោកស្រីជាកូនទី ៨ ក្នុងចំណោមបងប្អូន ១០ នាក់ (ស្លាប់អស់ ៤ នាក់) បច្ចុប្បន្នមានតែម្នាក់ប៉ុណ្ណោះដែលរស់នៅស្រុកខ្មែរជាមួយលោកស្រីចំណែក ៤ នាក់ទៀតសុទ្ធតែរស់នៅប្រទេសបារាំង។ លោកស្រីបានរៀបការក្នុងវ័យ ១៧ ឆ្នាំ ខណៈកំពុងសិក្សានៅវិទ្យាល័យជាមួយស្វាមីឈ្មោះ ឃិះ ជីវ ដែលជាបណ្ឌិតផ្នែកគណិតសាស្ត្រមកពីសហរដ្ឋអាមេរិកដំបូងគេក្នុងអំឡុងពេលនោះ។ ស្វាមីរបស់លោកស្រីដែលក៏ធ្លាប់ជាព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យភ្នំពេញផងដែរហើយបានចូលនិវត្តហើយនោះបច្ចុប្បន្នមានវ័យ ៧៦ ឆ្នាំ។ អ្នកទាំងពីរមានកូនចំនួនបីនាក់ស្រីម្នាក់សុទ្ធតែរៀបការរួច និងមានចៅ ៧ នាក់ ដែលពួកគេសុទ្ធតែរស់នៅសហរដ្ឋអាមេរិកគឺមានតែចៅប្រុសម្នាក់ប៉ុណ្ណោះដែលរស់នៅស្រុកខ្មែរជាមួយលោកស្រីសព្វថ្ងៃ។
លោកស្រី ធីតា ឃឹះ ដែលបច្ចុប្បន្នមានវ័យចំណាស់សក់ស្កូវសព្រាតបាននិយាយថា៖ «យើងមានកម្មវិធីសម្រាប់ស្ត្រីវ័យក្មេងនៅថ្នាក់មូលដ្ឋានក្នុងពេលតែពីរឆ្នាំយើងឃើញគាត់ហ៊ានចេញមុខនិយាយក្នុងវេទិកាសាធារណៈចុងក្រោយធ្វើឲ្យគាត់គឺជាស្ត្រីវ័យក្មេងដែលមានសក្តានុពល»។
លោកស្រីបានគូសបញ្ជាក់ថាអង្គការរបស់លោកស្រីគឺធ្វើការដោយឯករាជ្យដើម្បីជួយសង្គមខ្មែរ។ បើទោះបីជាអង្គការរបស់លោកស្រីខំធ្វើការដោយឯករាជ្យមិនចំណុះគណបក្សនយោបាយ ឬទទួលរងឥទ្ធិពលនយោបាយពីក្រុមណាមួយ ឬបក្សណាមួយក៏ដោយ ក៏មិនអាចគេចផុតពីការចោទប្រកាន់ឡើយ។ «គឺគណបក្សនយោបាយទាំងសងខាងថាយើងលម្អៀងខាងនេះខាងនោះទោះយើងខំប្រឹងធ្វើកណ្តាលយ៉ាងណាក៏ដោយ។ អ៊ីចឹងជាការលំបាកសម្រាប់យើង»។
លោកស្រី ធីតា ធ្លាប់ចូលរួមដឹកនាំក្នុងយុទ្ធនាការដង្ហែដាក់ញត្តិជូនរដ្ឋាភិបាលស្ថានទូតនានានៅទីក្រុងភ្នំពេញកាលពីដើមឆ្នាំ ២០១៤ តំណាងឲ្យអង្គការប្រមាណ ១៦០ ដើម្បីស្នើសុំឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្សកម្មកររោងចក្រដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនដោយអយុត្តិធម៌ក្នុងការតវ៉ាទាមទារឲ្យដំឡើងប្រាក់ខែកម្មកររហូតដល់មានការបាញ់ស្លាប់កម្មករ ៥ នាក់នៅផ្លូវវេងស្រេងកាលពីចុងឆ្នាំ ២០១៤។
លោកស្រីបានឲ្យដឹងទៀតថា៖ «អង្គការសីលការយើងធ្វើអ្វីដែលគិតថាវាត្រូវកសាងភាពយុត្តិធម៌បើយើងមិនធ្វើនោះជាអង្គការគ្មានន័យទេក្បត់តួនាទីជាសង្គមស៊ីវិលដែលរក្សាភាពយុត្តិធម៌។ យើងមិនចេះតែធ្វើតាមរដ្ឋាភិបាលនោះឡើយ។ បើយើងឃើញខុសហើយមិននិយាយនោះអាប់ឱនអង្គការសង្គមស៊ីវិល»។
ដោយសារតែវ័យកាន់តែចំណាស់លោកស្រី ធីតា ឃឹះ មានគម្រោងផ្ទេរចំណេះដឹងគ្រប់គ្រងតំណែងជាប្រធានអង្គការសីលការទៅឲ្យអ្នកជំនាន់ក្រោយក្នុងរយៈពេលមួយ ឬពីរឆ្នាំខាងមុខទៀតហើយលោកស្រីចង់មើលឃើញនូវការសហការពេញលេញជាងមុនរវាងអាជ្ញាធរមូលដ្ឋានក៏ដូចរដ្ឋាភិបាលជាមួយសង្គមស៊ីវិល។
លោកស្រីគូសបញ្ជាក់ថា៖ «រដ្ឋាភិបាលមិនត្រូវយកសង្គមស៊ីវិលជាសត្រូវទេព្រោះសង្គមស៊ីវិលប្រៀបដូចជាភ្នែកម្ខាងផ្តល់ព័ត៌មានពីអ្វីដែលប្រជាពលរដ្ឋមាននិងអ្វីដែលរដ្ឋាភិបាលខុសឆ្គង»។ លោកស្រីបានបន្ថែមថាការនិយាយថាសង្គមស៊ីវិលគឺជាគណបក្សប្រឆាំងគឺជាការយល់ខុស៕

No comments:
Post a Comment