A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 16 January 2016

លោក ហ៊ុន សែន លាត​ត្រដាង​ពី​ស្ថានភាព​គ្រួសារ​កាល​នៅ​គ្រាក្រ

លោក ហ៊ុន សែន លាត​ត្រដាង​ពី​ស្ថានភាព​គ្រួសារ​កាល​នៅ​គ្រាក្រ
Fri, 15 January 2016 ppp
វង្ស សុខេង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក​ចូល​រួម​ជា​អធិបតី​ក្នុង​កម្មវិធី​មួយ​នៅ​សប្តាហ៍​នេះ។ រូបថត​ពី​ហ្វេសប៊ុក​របស់​លោក​ផ្ទាល់

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ប្រើ​ហ្វេសប៊ុក​របស់​លោក​លាត​ត្រដាង​ពី​ជីវិត​ផ្ទាល់​ខ្លួន​ដែល​បាន​កាន់​អំណាច​រយៈពេល ៣១ ឆ្នាំ​មក​ហើយ​ដែល​បាន​ចាប់​ផ្តើម​នៅ​អាយុ ៣២ ឆ្នាំ​នៅពេល​ដែល​លំបាក​។

លោក​នាយក​រដ្ឋមន្រ្តី​បាន​សរសេរ​ថា៖ «ខ្ញុំ​ក្លាយ​ខ្លួន​​ជា​​នាយក​រដ្ឋមន្ត្រី​ក្នុង​វ័យ ៣២ ឆ្នាំ និង​ស្ថិត​ក្នុង​ស្ថានភាព​ប្រទេស​ជាតិ​មាន​សន្តិភាព​ផង និង​មាន​សង្គ្រាម​ផង។ កូនៗ​របស់​ខ្ញុំ​នៅ​តូចៗ​ណាស់​ហើយ​អាយុ​ខុស​គ្នា​តែ​ ១ ឆ្នាំៗ​ព្រោះ​ភរិយា​ខ្ញុំ​កូន​ញឹក​មួយ​ឆ្នាំ​កូន ១។ មាន​តែ ម៉ាណែត មួយ​ទេ​ដែល​អាយុ​ច្រើន​ជាង​ប្អូន​បន្ទាប់​ ៤ ឆ្នាំ​តែ​ក៏​មិន​ទាន់​ចេះ​មើល​ប្អូន​ដែរ»។

លោក​នាយក​រដ្ឋមន្រ្តី​បាន​បន្ត​រៀបរាប់​ថា​មាន​មនុស្ស ៧ នាក់​រស់នៅ​ក្នុង​បន្ទប់​មួយ​ម្តាយ ឪពុក និង​កូន ៥ នាក់​ហើយ​លោក​ត្រូវ​រៀបចំ​ទឹក​ដោះគោ​ឲ្យ​កូន​នៅពេល​ដែល​ប្រពន្ធ​លោក​មិន​នៅ​ដោយសារ​តែ​​គ្រួសារ​ទាំង​មូល​គ្មាន​អ្នក​បម្រើ​។

លោក​បាន​បន្ត​ថា​ នៅពេល​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ជាពិសេស​ក្នុង​រយៈពេល​​នៅ​បារំាង​គ្មាន​មន្រ្តី​នៅ​អម​​ប្រពន្ធ​លោក​ទេ​ហើយ​ពេល​ខ្លះ​ប្រពន្ធ​លោក​គ្មាន​អ្វី​ហូប​ទេ​ដោយសារ​តែ​មិន​ចេះ​ភាសា​ហើយ​នៅ​តែ​សណ្ឋាគារ​។

លោក ហ៊ុន សែន បាន​ថ្លែង​ថា​លោក​ និង​ភរិយា​បាន​យក​ចិត្ត​ទុក​ដាក់​លើ​កូន​ និង​បោក​ហាល​កន្ទេល​ ពូក និង​​ខ្នើយ​​ដោយ​ខ្លួន​ឯង​បន្ទាប់ពី​កូនៗ​នោម​ដាក់​នៅ​ពេល​យប់។



លោក​បាន​សរសេរ​ទៀត​ថា៖ «គ្រួសារ​ខ្ញុំ​មិន​មាន​អ្នក​បម្រើ ឬ​មេដោះ​ទេ​។ ប្តី​ប្រពន្ធ​របស់​យើង​បាន​ថែទាំ​កូនៗ​ដោយ​ខ្លួន​ឯង។ យប់​ខ្លះ​កូន​នោម​ដាក់​ និង​រាល់​ពេល​ព្រឹក​តែងតែ​សម្អាត​គ្រែ កន្ទេល បោក​ភួយ ហាល​ខ្នើយ។ល។ ព្រោះ​កូន​ខ្ញុំ ២ ​នាក់​តែងតែ​នោម​យប់​»​។

លោក​នាយក​រដ្ឋមន្រ្តី​បាន​​រំពឹង​ពី​ការ​​ឆុង​ទឹកដោះគោ​ខ្លួនឯង​ឲ្យ​កូនស្រី​ខណៈ​​ដែល​កំពុង​ជាប់​រវល់​ដាំ​ទឹក​ឆុង​ទឹកដោះគោ កូន​​​ប្រុស​របស់​លោក ម៉ានិត បាន​មក និង​ញ៉ាំ​ម្សៅ​ទឹកដោះគោ​អស់​។

លោក​បាន​ថ្លែង​ថា​គ្រួសារ​របស់​លោក​រស់នៅ​ក្រោម​ដំបូល​​​លិច​ហើយ​ពេល​ភ្លៀង​ម្តងៗ​លោក​​ត្រូវ​យក​ប្លាស្ទិក​មក​គ្រប​កូន។​

លោក​បាន​បន្ត​ថា៖ «រហូត​ដល់​ឆ្នាំ ១៩៩៤ ទើប​ដំបូល​ផ្ទះ​ខ្ញុំ​ឈប់​លិច។ នេះ​ជា​ជីវភាព​ពិតប្រាកដ​របស់​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ស្ថិត​ក្នុង​តំណែង​រយៈពេល ៣១ ឆ្នាំ​នា​ថ្ងៃ​នេះ។ ៣១ ឆ្នាំ​មុន​គឺ​នៅ​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ ១៩៨៥ នោះ​ហើយ​ដែល​រដ្ឋសភា​បាន​បោះឆ្នោត​ជ្រើសរើស​ខ្ញុំ​ព្រះករុណា​ខ្ញុំ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី (នាយក​រដ្ឋមន្ត្រី) នៃ​រដ្ឋាភិបាល​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​»។ បន្ទាប់ពី​ការ​បំពេញ​ភារកិច្ច​ជា​រដ្ឋមន្ត្រី​ការបរទេស​ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស​រយៈពេល​ ៦ ឆ្នាំ​ហើយ​ក៏​បាន​បំពេញ​មុខ​នាទី​ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី​ប្រមាណ​ជាង​ ៣ ខែ​»​។

លោក​ ហ៊ុន សែន បាន​សម្តែង​​មោទនភាព​ចំពោះ​ការ​បោះឆ្នោត​ដោយ​រដ្ឋសភា​នៅពេល​នោះ​ដែល​គាំទ្រ​លោក ១០០ ភាគរយ​ដោយ​គ្មាន​ការ​តវ៉ា​អនុប្បវាទ និង​សន្លឹក​ឆ្នោត​អសាបង់​ខណៈ​ដែល​នាយក​រដ្ឋមន្រ្តី ២ នាក់​មុន​​យ៉ាង​ហោច​ណាស់​មាន​សន្លឹក​ឆ្នោត ៥ សំឡេង​ប្រឆាំង​ពួកគេ។

លោក​​ឲ្យ​ដឹង​ទៀត​ថា៖ «កម្លាំង​គាំទ្រ​ដ៏ខ្លាំង​បែប​នេះ​ហើយ​ទើប​​ធ្វើ​ឱ្យ​ខ្ញុំ​សម្រេច​បាន​នូវ​របៀបវារៈ​នយោបាយ​ដែល​ប្រជាជន​កម្ពុជា​បាន​និង​កំពុង​ទទួល​ផល​រហូត​​ដល់​សព្វ​ថ្ងៃ​នេះ​។ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​រដ្ឋសភា​ថា​ (មិន​ត្រូវ​ទុក​ឱ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ​ដោយ​យើង​មិន​បាន​ដឹង​ និង​មិន​បាន​ដោះស្រាយ​នោះ​ឡើយ​) ។

លោក​​បន្ត​ថា ​ការ​បញ្ចេញ​នេះ​ដោយសារ​តែ​បងប្អូន​ខ្លះ​អាច​យល់​ខុស​ពី​របៀប​រស់នៅ​របស់​ខ្ញុំ​តែ​នេះ​ក៏​ជា​មេរៀន​មួយ​ដែល​ខ្ញុំ​រក្សា​បាន​នូវ​ឥទ្ធិពល​ដឹកនាំ​រយៈពេល​វែង​ជោគជ័យ​ក្នុង​ការ​បណ្តុះបណ្តាល​កូន​តាមរយៈ​ភាព​ជិតស្និទ្ឋ។

លោក​បាន​ផ្តាំ​កូន ក្មួយ បងប្អូន​ពេល​មាន​ឋានៈ​ខ្ពស់​ត្រូវ​ដាក់​ខ្លួន​បម្រើ​ប្រជាជន​កុំ​វាយឫក​ខុស​របៀប​៕ TK

No comments: