A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 16 January 2016

តើ​លោក ទេព នីថា ជា​នរណា?

តើ​លោក ទេព នីថា ជា​នរណា?
ដោយ យាង សុជាមេត្តា
2016-01-15 rfa

អគ្គលេខាធិការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) លោក ទេព នីថា
Photo: RFA

សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​ទី​១៥ ខែ​មករា បាន​បោះឆ្នោត​ជ្រើសរើស​លោក ទេព នីថា ដែល​ជា​អគ្គលេខាធិការ គ.ជ.ប ចាស់ ឲ្យ​បន្ត​កាន់​តំណែង​នេះ​ជា​ថ្មី​ទៀត​សម្រាប់​អាណត្តិ​របស់ គ.ជ.ប ថ្មី។

លោក ទេព នីថា ថ្លែង​ថា លោក​សប្បាយ​ចិត្ត​ដូចជា​សិស្ស​បាន​ប្រលង​ជាប់​នៅ​ពេល​លោក​ទទួល​ដំណឹង​ថា លោក​ត្រូវ​បាន គ.ជ.ប ជ្រើសរើស​ឲ្យ​ធ្វើជា​អគ្គលេខាធិការ គ.ជ.ប ជា​ថ្មី​ទៀត បើ​ទោះ​ជា​លោក​បាន​កាន់​តំណែង​នេះ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ​ក្តី។

កើត​ក្នុង​ឆ្នាំ​១៩៥៤ នៅ​រាជធានី​ភ្នំពេញ ក្នុង​ត្រកូល​មន្ត្រី​រាជការ លោក ទេព នីថា មាន​បងប្អូន​បង្កើត​ទាំង​អស់​ចំនួន ៦​នាក់ ប៉ុន្តែ ៤​នាក់ បាន​ស្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម។

ដោយសារ​បាន​កើត​ក្នុង​ត្រកូល​មន្ត្រី​រាជការ​នៅ​ក្នុង​ទីក្រុង លោក ទេព នីថា មាន​ឱកាស​សិក្សា​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​ភ្នំពេញ ហើយ​នៅ​មុន​សម័យ​ខ្មែរ​ក្រហម​ចូល​កាន់​អំណាច​ក្នុង​ឆ្នាំ​១៩៧៥ លោក​បាន​សិក្សា​នៅ​មហាវិទ្យាល័យ​គរុកោសល្យ។

បន្ទាប់​ពី​ពួក​ខ្មែរក្រហម​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩ លោក ទេព នីថា ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​មន្ត្រី​រាជការ​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ លោក​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​សិក្សា​បន្ត​នៅ​សហភាព​សូវៀត ផ្នែក​សង្គមវិទ្យា និង​វិទ្យាសាស្ត្រ​សង្គម ហើយ​ក្រោយ​មក​ក៏​បាន​ទៅ​សិក្សា​ផ្នែក​គ្រប់គ្រង​នៅ​ប្រទេស​វៀតណាម អស់​រយៈពេល ២​ឆ្នាំ​បន្ថែម​ទៀត។ នៅ​រវាង​ឆ្នាំ​១៩៩៧-​១៩៩៨ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។



ទាក់ទង​នឹង​ប្រវត្តិ​ការងារ​វិញ លោក​បាន​ធ្វើ​ជា​គ្រូពេទ្យ​នៅ​ខេត្ត​ព្រះវិហារ នៅ​ឆ្នាំ​១៩៧៩ ហើយ​នៅ​ឆ្នាំ​១៩៨០ លោក​បាន​មក​ធ្វើការ​នៅ​សមាគម​យុវជន​មួយ​នៅ​ភ្នំពេញ។ រហូត​ដល់​ឆ្នាំ​១៩៩៧ លោក​បាន​ចូល​ធ្វើ​ការ​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​មាន​តួនាទី​ជា​នាយក​ខុទ្ទកាល័យ​អគ្គលេខាធិការ ហើយ​ចាប់​ពី​ឆ្នាំ​២០០៣ មក លោក​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើជា​អគ្គលេខាធិការ​នៃ គ.ជ.ប។

​លោក ទេព នីថា ឲ្យ​ដឹង​ថា លោក​មិន​មាន​វត្តមាន​នៅ​ភ្នំពេញ នោះ​ទេ ពេល​ដែល គ.ជ.ប កំពុង​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​ថ្មី ប៉ុន្តែ​នៅ​ពេល​ទទួល​ដំណឹង​ថា លោក​ត្រូវ​បាន គ.ជ.ប ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អគ្គលេខាធិការ​ជា​ថ្មី​ឡើង​វិញ លោក ទេព នីថា ថ្លែង​ថា លោក​មិន​ត្រឹមតែ​សប្បាយ​ចិត្ត​នោះ​ទេ ហើយ​ក៏​ថែមទាំង​ភ្ញាក់ផ្អើល​ទៀត​ផង ដោយសារ​លោក​ថា នៅ​ក្នុង​ការ​ជ្រើសរើស​លើក​នេះ មាន​បេក្ខជន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​ច្រើន។

លោក ទេព នីថា៖ «វា​ដូចជា​រឿង​កូនសិស្ស​ប្រលង​ជាប់ ឬ​ដូចជា​អ្នក​ស្វែង​រក​ការងារ​ធ្វើ​ហើយ​ត្រូវ​បាន​ជ្រើសរើស។ ខ្ញុំ​សប្បាយចិត្ត​ដោយសារតែ​ការ​ជ្រើសរើស​លើក​នេះ មាន​ការ​ប្រកួតប្រជែង​ច្រើន និង​មាន​ការ​តាមដាន​ច្រើន អ៊ីចឹង​ទេ ការ​ដែល​បាន​ជ្រើសរើស​នេះ ជា​កិត្តិយស​មួយ​ដែរ ហើយ​ក៏​សូម​អរគុណ គ.ជ.ប ដែល​បាន​ជ្រើសរើស​ខ្ញុំ ព្រមទាំង​អគ្គលេខាធិការ​រង ៤​រូប​ទៀត»។

ក្នុង​មុខ​តំណែង​ជា​អគ្គលេខាធិការ នៃ គ.ជ.ប លោក ទេព នីថា នឹង​ទទួល​ខុសត្រូវ​រួម និង​ទទួល​បន្ទុក​គ្រប់គ្រង​ផ្ទាល់​ទៅ​លើ​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​រដ្ឋបាល​របស់ គ.ជ.ប។

លោក ទេព នីថា ឲ្យ​ដឹង​ថា អ្វី​ដែល​លោក​ចាប់​ផ្ដើម​ធ្វើ​មុន​គេ គឺ​រៀបចំ​ធ្វើ​សមាហរណកម្ម​មន្ត្រី គ.ជ.ប ទៅ​ក្នុង​ស្ថាប័ន​ថ្មី​តាម​លក្ខន្តិកៈ​ដោយ​ឡែក​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ ចំណុច​សំខាន់​មួយ​ទៀត គឺ​ការ​ត្រៀម​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដើម្បី​ធ្វើ​បញ្ជី​បោះឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៧។

​លោក ទេព នីថា៖ «ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​ជាមួយ​អគ្គលេខាធិការ​រង ៤​រូប​ទៀត ហើយ​អាច​ថា​សមាសភាព​នេះ​មាន​លក្ខណៈ​ចម្រុះ។ ទោះ​យ៉ាង​ណា​ក៏ដោយ យើង​មាន​ច្បាប់​មួយ​ជា​បន្ទាន់​ដើម្បី​យើង​រៀបចំ​អនុវត្ត​បទបញ្ជា នីតិវិធី ព្រម​ទាំង​ក្រម​សីលធម៌​នៃ​មន្ត្រី​បោះឆ្នោត ហើយ​ដោយ​ផ្អែក​លើ​បន្ទាត់​នេះ ផ្អែក​លើ​ច្បាប់​នេះ ដែល​យើង​អាច​ពង្រឹង​កម្លាំង​ទាំង​អស់​គ្នា​ដើម្បី​អនុវត្ត​ឲ្យ​បាន​សម្រេច​នូវ​ភារកិច្ច​រៀបចំ​ការ​បោះ​ឆ្នោត តាម​ការ​ដឹកនាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត»។

បើ​ទោះ​ជា​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​លោក ទេព នីថា ក្តី កន្លង​មក​ក៏​មាន​ការ​រិះគន់​ជា​ហូរហែ​ដែរ​ថា លោក ទេព នីថា ដែល​បាន​កាន់​តំណែង​ជា​អគ្គលេខាធិការ​នេះ​អស់​ជាង ១០​ឆ្នាំ​ទៅ​ហើយ​នោះ មិន​គួរ​ដាក់​ពាក្យ​ប្រកួតប្រជែង​ជា​ថ្មី​ទៀត​នោះ​ទេ ហើយ​គួរ​ទុក​ឱកាស​ឲ្យ​អ្នកថ្មី​ដែល​មាន​សមត្ថភាព មាន​គំនិត​ថ្មី​ចូល​បំពេញ​តួនាទី​នេះ​វិញ​ម្ដង ដើម្បី​ធ្វើ​ឲ្យ​ស្ថាប័ន គ.ជ.ប រឹត​តែ​មាន​ប្រសិទ្ធភាព ជៀសវាង​ការ​ចោទ​ប្រកាន់​ថា​លំអៀង​ទៅ​រក​បក្ស​កាន់​អំណាច​ដូច​ពេល​កន្លង​មក។

​លោក ទេព នីថា ឆ្លើយ​តប​ថា លោក​មាន​សិទ្ធិ​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​ដូច​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត ហើយ​លោក​ក៏​មាន​សមត្ថភាព​និង​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​ការងារ​នេះ​បន្ត​ទៀត។

ចំពោះ​អ្នក​រិះគន់​លោក​យ៉ាង​ណា​នោះ លោក ទេព នីថា ថា​វា​ជា​ការ​យល់​ឃើញ​របស់​ពួកគេ៖ «ជា​ធម្មតា យើង​ធ្វើ​អី​ក៏ដោយ​វា​មិន​បាន​ល្អ ១០០% នោះ​ទេ ហើយ​ធ្វើ​អី​ក៏ដោយ​មិន​ដែល​មាន​អ្នក​ណា​ស្រឡាញ់​យើង​ទាំង​អស់​ដែរ អ៊ីចឹង​ទេ​តែង​មាន​អ្នក​ស្អប់​អ្នក​ស្រឡាញ់ មាន​ការ​ងារ​ខ្លះ​ធ្វើ​បាន ខ្លះ​ធ្វើ​មិន​បាន តែ​ជា​ទូទៅ​ខ្ញុំ​ធ្វើ​ការងារ​បោះឆ្នោត​កន្លង​មក​នេះ គឺ​យើង​បាន​សម្រេច​ការ​បោះឆ្នោត​ប៉ុន្មាន​លើក​ចប់​ចុង​ចប់​ដើម ទោះបីជា​ក្រោយ​ការ​បោះឆ្នោត​មាន​បញ្ហា​ខ្លះ​ក៏ដោយ តែ​ខ្ញុំ​គិត​ថា បញ្ហា​ខ្លះ វា​មិនមែន​កើត​ឡើង​ដោយសារ​ការ​បោះឆ្នោត​ទេ តែ​វា​ទាក់ទង​ទៅ​រឿង​ប្រកួតប្រជែង​នយោបាយ​ច្រើន​ជាង»។

​លោក ទេព នីថា សង្កត់​ធ្ងន់​ថា ដើម្បី​វាយ​តម្លៃ​ការងារ​របស់ គ.ជ.ប ឬ​មន្ត្រី​ណា​ម្នាក់​ក្នុង គ.ជ.ប គេ​ត្រូវ​ពិនិត្យ​មើល​ច្បាប់ នីតិវិធី ឬ​បទបញ្ជា​ផ្ទៃក្នុង គ.ជ.ប ជា​មុន​សិន រួច​មើល​ការ​អនុវត្ត​ជាក់ស្ដែង​របស់​ពួកគេ។ លោក​ថា បើ​គ្រាន់តែ​វាយ​តម្លៃ​ដោយ​ផ្អែក​លើ​និន្នាការ​នយោបាយ​ទេ គេ​មិន​អាច​រក​ឃើញ​ភាព​ត្រឹមត្រូវ​របស់ គ.ជ.ប ឡើយ។

​យ៉ាង​ណា​ក៏ដោយ ចាប់​តាំង​ពី គ.ជ.ប ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៧ ហើយ​បាន​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ចំនួន ៤​លើក​រួច​មក គណបក្ស​ប្រឆាំង និង​អ្នក​សង្កេតការណ៍​បោះឆ្នោត​តែង​រអ៊ូរទាំ​ពី​ភាព​មិន​ប្រក្រតី​នានា​ដែល​បាន​កើត​ឡើង​មុន​និង​ក្នុង​ពេល​បោះឆ្នោត។ ពួកគេ​ចោទ​ប្រកាន់​ថា គ​.​ជ​.​ប មិន​ឯករាជ្យ ហើយ​តែង​លំអៀង​ទៅ​រក​បក្ស​កាន់​អំណាច។ ប្រការ​នេះ វា​ផ្ទុយ​ទៅ​នឹង​បាវចនា​របស់ គ​.​ជ​.​ប ដែល​ថា គ​.​ជ​.​ប ជា​ស្ថាប័ន​ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ និង​តម្លាភាព៕

2 comments:

Anonymous said...

ពិតជាមួយដំប នឺង បួន អាពត ដូចជាអាពាង នៅតែអក្សរ " ព " ដដែល ។

Anonymous said...


If the NEC selected Khmer traitor Tep Netha as its general secretary, there must be something wrong in the NEC's process.

Khmer people must make a huge demonstration to stop the evil Yuon from going forward on its plan to swallow Cambodia - Vietnamization of Cambodia through its Khmer puppets.

The RIGHT TIME to make the demonstration is NOW to stop Tep Nitha from becoming the NEC's secretary.

Khmer people cannot wait until after the election to make the demonstration when the CPP again declares itself as the winner. At that time (after the election), Khmer people's demonstration will be useless and will empower Hun Sen to crush Khmer people at will, arguing that the demonstration was just a ploy to illegally topple him.

Therefore, the road to save Cambodia starts from here - keep this crook Tep Nitha away from the NEC. The CNRP must take necessary actions to stop this crook Tep Nitha. It is ridiculous when this so called new NEC brought back this Tep Nitha as the candidate for the new NEC's general secretary, and now selected him.

Bun Thoeun