ដោយ សូត សុខប្រាថ្នា
2016-01-15 rfa
(((
School of Vice: Everyone has long known about the wholesale destruction and decimation of the country's forest and timber. Even some of these logging interests and agents are now reported to be looking further afield over the border in search of pastures new in places like Laos [and perhaps, to a lesser extent, Thailand] where timber rich land and estate still remain the major assets of the state - about 75-80 per cent or more - unlike the reverse situation in Cambodia. Everyone has also known about the probable destination of this timber trade export: Vietnam. Everyone, that is except the country's Prime Minister - until today ...
)))
អភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា ខាងអាជ្ញាធរខេត្តនឹងត្រៀមលក្ខណៈដើម្បីចាត់វិធានការបទល្មើសឈើឆ្លងកាត់ខេត្តមួយនេះឆ្ពោះទៅប្រទេសវៀតណាម ឱ្យមានប្រសិទ្ធភាព។ ការអះអាងនេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រីបានព្រមានដកបុណ្យសក្ដិអភិបាលខេត្តរូបនេះ និងអភិបាលស្រុកមេមត់ ប្រសិនមិនអាចចាត់វិធានការលើករណីដឹកឈើទៅលក់នៅប្រទេសវៀតណាម បាន។
អភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ មានប្រសាសន៍នៅថ្ងៃទី១៥ ខែមករា ថា បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីឱ្យបិទច្រករត់ពន្ធឈើទៅលក់នៅប្រទេសវៀតណាម គឺជារឿងដ៏ត្រឹមត្រូវដែលទាមទារឱ្យអាជ្ញាធរត្រូវតែចាត់វិធានការឱ្យខាងតែបាន ចំពោះបទល្មើសឈើប្រណីតទាំងនោះ៖ «ឥឡូវហ្នឹងជាបទបញ្ជារបស់គាត់ គាត់នឹងរៀបចំគណៈកម្មការមួយដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ហើយខ្ញុំក៏ត្រៀមលក្ខណៈដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពដែរ»។
ការអះអាងរបស់អភិបាលខេត្តត្បូងឃ្មុំ ធ្វើឡើងក្រោយពេលមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៥ ខែមករា ដោយនាយករដ្ឋមន្ត្រីបញ្ជាឱ្យអភិបាលខេត្ត និងអភិបាលស្រុកមេមត់ ចាត់វិធានការលើករណីរត់ពន្ធឈើឆ្លងដែនចេញទៅប្រទេសវៀតណាម។
នៅក្នុងគណនេយ្យហ្វេកប៊ុក (Facebook) របស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាឱ្យបិទច្រករត់ពន្ធឈើទៅប្រទេសវៀតណាម។ ក្នុងនោះ លោក ហ៊ុន សែន បានដកស្រង់សម្ដីតាមកាសែតដែលលើកឡើងចំពោះករណីឧកញ៉ាដែលមានឥទ្ធិពលពីរនាក់ គឺលោក លឹម ប៊ុណ្ណា ហៅ ខ្នា និងលោក ស៊ឹម សំអុល ដែលកាងឈើនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ កន្លងមក។
ទោះបីយ៉ាងណាក៏ដោយ ប្រធានក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា លោក អ៊ួច ឡេង ហាក់មិនសូវមានសង្ឃឹមឡើយចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រីពេលនេះ ពីព្រោះលោកថា កន្លងមកនាយករដ្ឋមន្ត្រីក៏ធ្លាប់ព្រមានបែបនេះដែរ ប៉ុន្តែវិនាសកម្មព្រៃឈើនៅស្រុកខ្មែរនៅតែមាន ម្យ៉ាងលោកថា អ្នករកស៊ីឈើធំៗជាច្រើន គឺជាមន្ត្រីរបស់រដ្ឋាភិបាលផង។
លោកថា ការព្រមានដកសក្ដិអភិបាលខេត្តជុំវិញការទប់ស្កាត់បទល្មើសឈើឆ្លងកាត់ទៅប្រទេសវៀតណាម ពេលនេះ គឺធ្វើឡើងដើម្បីចង់បានប្រជាប្រិយភាពពីប្រជាពលរដ្ឋច្រើនជាង៖ «វាជាលក្ខណៈមួយលំអក្រុង ដើម្បីគាត់ប្រមែប្រមូលសន្លឹកឆ្នោត ថាគាត់ខិតខំប្រឹងប្រែងចាត់វិធានការការពារព្រៃឈើ តែតាមធាតុពិត តាមលទ្ធផលដែលយើងទទួលបាន មិនដូចទៅនឹងសម្ដីរបស់គាត់ទេ»។
លោកបន្ថែមថា ដើម្បីឱ្យប្រជាពលរដ្ឋ ឬសាធារណជនមានភាពកក់ក្តៅ និងមានជំនឿចិត្តចំពោះអ្វីដែលមេដឹកនាំបានប្រកាស ប្រមុខរាជរដ្ឋាភិបាលនិយាយហើយត្រូវតែធ្វើ ហើយត្រូវដកអាជ្ញាប័ណ្ណពីឯកជន ឬក្រុមហ៊ុនធ្វើអាជីវកម្មឈើទាំងអស់ ព្រមទាំងមិនឱ្យកាប់ឈើ និងដឹកជញ្ជូនឈើចេញទៅក្រៅប្រទេសជាដើម។
ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅឃុំមេមត់ ស្រុកមេមត់ លោក ឈុន វុត្ថា សម្ដែងការគាំទ្រចំពោះវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលពេលនេះ។ លោកបញ្ជាក់ថា សកម្មភាពដឹកឈើប្រណីតចេញទៅស្តុកទុកនៅប្រទេសវៀតណាម នៅស្រុកមេមត់ គឺកើតឡើងស្ទើរជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យលោកបារម្ភចំពោះវាសនាព្រៃឈើនៅស្រុកខ្មែរថា នឹងវិនាស ប្រសិនបើអាជ្ញាធរមិនអាចទប់ស្កាត់ឱ្យមានប្រសិទ្ធភាព៖ «ឈើឥឡូវនេះ គឺគេដឹកមូលតែម្ដង។ អ៊ីចឹងវិនាសកម្ម គឺនឹងកើតមានចំពោះប្រជាពលរដ្ឋអ្នកក្រីក្រ»។
ទោះបីជាលោកគាំទ្រចំពោះការដាក់បទបញ្ជារបស់នាយករដ្ឋមន្ត្រីមួយរយភាគរយក៏ដោយ ប៉ុន្តែលោកមិនសូវសង្ឃឹមច្រើនប៉ុន្មានទេ ត្បិតអីលោកថា នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់សច្ចាកាត់កខ្លួនឯងចោលម្ដងរួចមកហើយ ប្រសិនបើលោកការពារព្រៃឈើមិនបាន តែបទល្មើសព្រៃឈើនៅតែមាន។ ទោះយ៉ាងណា លោកសង្ឃឹមថា វិធានការរបស់នាយករដ្ឋមន្ត្រីពេលនេះ នឹងមិនដូចប្រសាសន៍របស់លោកកាលពីពេលមុនឡើយ៕

No comments:
Post a Comment