ដោយ ទីន ហ្សាការីយ៉ា
2015-12-13 rfa
![]() |
| លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ថ្លែងទៅកាន់អ្នកកាសែតនៅវិមានរដ្ឋសភា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥។ |
សំណុំរឿង លោក សម រង្ស៊ី ចុងក្រោយដែលតុលាការសើរើសំណុំរឿងចាស់ ចេញដីកាចាប់ខ្លួនលោកនៅពេលនេះ គឺធ្វើឲ្យស្ថានការណ៍នយោបាយវិវឌ្ឍន៍កាន់តែអាក្រក់នាពេលបច្ចុប្បន្ននេះ ពិសេសនឹងឈានទៅដល់ការប្រេះស្រាំវប្បធម៌សន្ទនារវាងគណបក្សទាំងពីរ ដែលនឹងពិបាកស្ដារឡើងវិញបាន។
ទោះបីជាបែបនេះក្ដី នរណាក៏ដឹងដែរថា ការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់គណបក្សប្រឆាំងជាបន្តបន្ទាប់នេះ ជាហេតុផលនយោបាយដែលសហគមន៍ជាតិ និងអន្តរជាតិថ្កោលទោសចំពោះការប្រើប្រាស់ប្រព័ន្ធតុលាការ ដែលគេមើលឃើញពីភាពមិនស្មើគ្នាក្នុងការប្រកួតប្រជែង។
តើអ្វីនៅពីក្រោយនៃការចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី ផ្ទួនៗនោះ?
ថ្វីត្បិតតែតំណាងគណបក្សទាំងពីរបានជួបគ្នាជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ធ្នូ នេះក៏ដោយ ក៏ស្ថានភាពនយោបាយដែលបានឡើងកម្ដៅខ្លាំងណាស់ទៅហើយ ក៏ប្រហែលមិនទាន់អាចស្ដារនូវអ្វីដែលអ្នកនយោបាយហៅថា វប្បធម៌សន្ទនានោះបានដោយងាយនោះឡើយ។ នៅទីបំផុត វប្បធម៌សន្ទនានេះមិនអាចឈ្នះវប្បធម៌ចាប់ចង ដែលរដ្ឋាភិបាលតែងតែអនុវត្តកន្លងមកនោះទេ។
អ្នកនយោបាយខ្មែរ បានប្រើប្រាស់ល្បែងនយោបាយម្ដងត្រជាក់ ម្ដងក្ដៅនេះ មិនមែនជាលើកទី១ នោះទេ។ ល្បែងនយោបាយនេះ បានកើតមានជាដដែលៗនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ រយៈពេលជាង ២០ឆ្នាំកន្លងមក អ្នកនយោបាយខ្មែរតែងតែប្រើប្រាស់ល្បែងនយោបាយរុកកួនគ្នាទៅវិញទៅមកឥតឈប់ឈរ ពិសេសចាប់តាំងពីមានការបោះឆ្នោតជាលើកដំបូងតាមលទ្ធិប្រជាធិបតេយ្យឆ្នាំ១៩៩៣ មក។
ងាកមកបច្ចុប្បន្ននេះវិញ មេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរនៅក្នុងអាណត្តិទី៥ តែងតែរកវិធីសាស្ត្រផ្ដួលគ្នាទៅវិញទៅមកនៅក្រោយការបោះឆ្នោត។ ការយកឈ្នះចាញ់គ្នារវាងអ្នកនយោបាយនៅពេលនេះ គឺគណបក្សកាន់អំណាច បក្សប្រឆាំង ហាក់ដូចជាភ្លេចតម្រូវការរបស់ប្រជាពលរដ្ឋ ដែលបក្សជាប់ឆ្នោតទាំងពីរធ្លាប់បានសន្យានៅមុនពេលបោះឆ្នោតនោះ។
ជាការពិតណាស់ តម្រូវការរបស់ប្រជាពលរដ្ឋនោះ គឺសុខសន្តិភាព។ ប្រជាពលរដ្ឋមិនចង់ឃើញអ្នកនយោបាយខ្មែរពីមួយជំនាន់ទៅមួយជំនាន់ ហែកហួរគ្នាគ្មានទីបញ្ចប់ ការអនុវត្តច្បាប់ដោយស្មើភាព ពិសេសទៅទៀតនោះ គឺតម្រូវការក្រពះ ជាដើម។ របាយការណ៍ធនាគារពិភពលោក (World Bank) បង្ហាញថា ប្រជាជនជាង ៣លាននាក់មានជីវភាពក្រីក្រ ហើយជាង ៨លាននាក់ មានជីវភាពជិតក្រ។
ផ្ទុយទៅវិញ លោក ហ៊ុន សែន កំពុងប្រើគោលនយោបាយ "ឈ្នះៗ" ក្នុងការដឹកនាំរបស់ខ្លួន ដែលគោលនយោបាយនេះមានបីសំខាន់ គឺទី១ ការរក្សាសុវត្ថិភាពអាយុជីវិត ទី២ ការរក្សាទ្រព្យសម្បត្តិ និងទី៣ ការរក្សាឋានៈ និងតួនាទី។
នៅគ្រាដែលគណបក្សប្រឆាំងកំពុងមានសន្ទុះអ្នកគាំទ្ររបស់ខ្លួនកាន់តែកើនឡើងពីមួយអាណត្តិទៅមួយអាណត្តិ ហើយអាណត្តិទី៥ នេះ លទ្ធផលបោះឆ្នោតប្រដេញគ្នានោះជាមេរៀនស្រាប់។ បញ្ហានេះ ចង់មិនចង់ រដ្ឋាភិបាលត្រូវតែរកវិធីទប់ស្កាត់តាមរយៈយុទ្ធសាស្ត្រ "ឈ្នះៗ" នេះ ពោលគឺការរក្សាឋានៈតួនាទី ឬអំណាចជាកត្តាចម្បង។ ទន្ទឹមនឹងនេះ នរណាក៏ដឹងដែរថា ក្រុមអ្នកមានអំណាច ឬក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុទ្ធតែជាក្រុមអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។
ក្រៅពីនេះទៀត ជំងឺមិនទុកចិត្តក៏ជារឿងសំខាន់ដែរ នៅគ្រាដែលប្រទេសកម្ពុជា ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ មិនដែលធ្លាប់មានការផ្លាស់ប្ដូរមេដឹកនាំសោះនោះ ការដឹកនាំរបស់បុគ្គលតែម្នាក់ដ៏យូរបែបនេះ ក៏មានភាពវិជ្ជមាន និងអវិជ្ជមានច្រើនដែរ ដូចជា បញ្ហារំលោភសិទ្ធិមនុស្ស អំពើនិទ្ទណ្ឌភាពក្នុងសង្គម ការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន និងអំពើនិទ្ទណ្ឌភាព ជាដើម។
ជាងនេះទៅទៀត សារនយោបាយរបស់មេបក្សប្រឆាំង លោក សម រង្ស៊ី ដែលថា "មានស៊ី អត់សែន មានសែន អត់ស៊ីនោះ" ប្រហែលជាឋិតនៅក្នុងការចងចាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតក៏ថាបាន។ ប្រការនេះ លោក ហ៊ុន សែន ប្រហែលជាមិនអាចទុកចិត្ត លោក សម រង្ស៊ី ឡើយបើសិនជាលោកចាញ់ឆ្នោតនោះ។ ម្យ៉ាងវិញទៀត កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន ជាញឹកញយ អំពាវនាវឲ្យបញ្ចប់វប្បធម៌ "ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី"។ លោក ហ៊ុន សែន ទំនងជាព្រួយបារម្ភអំពីការសងសឹកដោយប្រការណាមួយ ក្រោយពីលោកធ្លាក់ពីអំណាចក៏ថាបាន។
ស្របពេលគ្នានេះ នៅមុនពេលកម្ដៅនយោបាយឡើងកាន់តែខ្លាំងរវាងគណបក្សជាប់ឆ្នោតទាំងពីរ គឺលោក សម រង្ស៊ី ធ្លាប់បានរិះគន់ថា លោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការ។ លោក សម រង្ស៊ី ក៏សរសេរនៅក្នុងហ្វេសប៊ុក (Facebook) របស់លោកភ្លាមៗក្រោយពេលមានអំពើហិង្សាវាយតំណាងរាស្ត្របក្សប្រឆាំងពីររូបកាលពីថ្ងៃទី២៦ តុលា នោះថា ការបោះឆ្នោតខាងមុខ លោក ហ៊ុន សែន ដឹងខ្លួនថា លោកមិនឈ្នះក្នុងការបោះឆ្នោតខាងមុខ ហើយដើម្បីរក្សាអំណាចបានច្រើនឆ្នាំតទៅទៀតនោះ មានតែ លោក ហ៊ុន សែន ប្រើវិធីស្រដៀងក្រុមហ្វាស៊ីស (Fascist) នៅប្រទេសអ៊ីតាលី ដែលប្រើហិង្សាលើអ្នកតំណាងរាស្ត្រ និងអ្នកដទៃទៀត។ល។
ការឌឺដងដាក់គ្នានេះ លោក ហ៊ុន សែន ទំនងជាមិនអាចទប់កំហឹងរបស់ខ្លួនបាននោះឡើយ។ ម្យ៉ាងទៀត ជំងឺមិនទុកចិត្តក៏មាន ហើយដើម្បីបង្ហាញឥទ្ធិពលខ្លួនផងនោះ លោក ហ៊ុន សែន មានតែប្រើនយោបាយ "ឈ្នះៗ" នេះ ដើម្បីចាត់ការទៅលើដៃគូ ព្រោះថា ការចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី ទៅតាមបណ្ដឹងរបស់ លោក ហោ ណាំហុង ដែលជាសំណុំរឿងចាស់កប់ទុកច្រើនឆ្នាំមកហើយនោះ គឺធ្វើឡើងមួយថ្ងៃក្រោយ លោក ហ៊ុន សែន ប្រកាសថា សំណុំរឿងរបស់មេបក្សប្រឆាំងនៅក្នុងដៃតុលាការនៅឡើយ។ លោក ហ៊ុន សែន ក៏ប្រកាសថា លោកក៏មិនធ្វើជាតួចិត្តល្អ ក្នុងការស្នើសុំទៅព្រះមហាក្សត្រ សុំព្រះរាជទានទោសឲ្យ លោក សម រង្ស៊ី ទៀតដែរ។
លើសពីនេះទៀត អ្វីដែលគួរឲ្យសាធារណជនចាប់អារម្មណ៍ទៀតនោះ គឺសំណុំរឿងរបស់ លោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាកោះហៅផ្ទួនៗ ក្រៅពីដីកាចាប់ខ្លួនតាមបណ្ដឹង លោក ហោ ណាំហុង នោះ។
តុលាការបានចេញដីកាចំនួនពីរទៀតប្រឆាំងនឹង លោក សម រង្ស៊ី គឺទី១ លោក ហេង សំរិន ប្រធានរដ្ឋសភា បានប្ដឹង លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍។ ដីកាកោះហៅមួយទៀត គឺតុលាការចោទប្រកាន់ លោក សម រង្ស៊ី ពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងសំណុំរឿងព្រឹទ្ធសភា លោក ហុង សុខហួរ។
ការចេញដីកាប្រឆាំង លោក សម រង្ស៊ី ជាបន្តបន្ទាប់នេះ តាមមើលទៅ រដ្ឋាភិបាលហាក់មិនខ្វល់ទៅនឹងការព្រមានរបស់សភាអឺរ៉ុប និងសភាអាស៊ាន ដែលអំពាវនាវឲ្យរដ្ឋាភិបាលទម្លាក់បទចោទនានាប្រឆាំង លោក សម រង្ស៊ី បញ្ឈប់ធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង ពិសេសគឺការព្រមានរបស់សភាអឺរ៉ុប ក្នុងការឈប់ផ្ដល់ជំនួយក្នុងមួយឆ្នាំៗជាង ៤០០លានដុល្លារសហរដ្ឋអាមេរិក ឲ្យកម្ពុជា នោះឡើយ ដោយហេតុថា រដ្ឋាភិបាលកម្ពុជា ក៏នៅមានមហាអំណាចសេដ្ឋកិច្ចចិន នៅពីក្រោយខ្នងដែរ។
ជាសរុបសេចក្ដីទៅ ការផ្ដួលគូបដិបក្ខដោយប្រើគោលនយោបាយ "ឈ្នះៗ" និងចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី បែបនេះ តាមមើលទៅ លោក ហ៊ុន សែន នៅតែមានជំងឺមិនទុកចិត្តអ្នកណាទាំងអស់ ក្រៅពីក្រុមគ្រួសារលោក។ ម្យ៉ាងវិញទៀត លោកចង់បន្សាបឥទ្ធិពលគណបក្សប្រឆាំង និងលោក សម រង្ស៊ី ព្រោះថា ការចាត់ការ លោក សម រង្ស៊ី តាមរូបភាពបែបនេះ មិនមែនជារឿងថ្មីនោះឡើយ។ នៅក្រោយការបោះឆ្នោតម្ដងៗ លោក សម រង្ស៊ី មិនដែលមានឱកាសនៅបម្រើប្រជាពលរដ្ឋបានពេញអាណត្តិនោះឡើយ។ ការធ្វើដូច្នេះ ដើម្បីឲ្យប្រជាពលរដ្ឋមើលឃើញថា លោក សម រង្ស៊ី ជាមនុស្សកំសាកជាដើម។
ក្រៅពីនេះទៀត ក៏ជាឱកាសមួយសម្រាប់បំបែកបំបាក់សម្ព័ន្ធភាពរវាង លោក សម រង្ស៊ី និងលោក កឹម សុខា ដោយទុកឲ្យ លោក កឹម សុខា ដឹកនាំគណបក្សប្រឆាំងតែម្នាក់ឯង ព្រោះរដ្ឋាភិបាលដឹងយ៉ាងច្បាស់ថា បើសិនជាគណបក្សប្រឆាំងបែកបាក់នោះ គឺជាជោគជ័យរបស់ខ្លួននៅពេលបោះឆ្នោតខាងមុខ។
ក៏ប៉ុន្តែ បើគណបក្សប្រឆាំងមិនបែកបាក់វិញ ទោះបីជា លោក សម រង្ស៊ី នៅក្រៅស្រុកក៏ដោយ ប្រជាពលរដ្ឋបច្ចុប្បន្នអាចយល់បានយ៉ាងច្បាស់ថា រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនោះ ថាអ្នកណាជាអ្នករងគ្រោះពិតប្រាកដ។ ជាលទ្ធផល នឹងបង្ហាញនៅពេលបោះឆ្នោតឆ្នាំ២០១៨។
ល្បែងនយោបាយផ្ដួលគ្នានៅពេលនេះ តាមមើលទៅ ក៏អាចជាយុទ្ធសាស្ត្រគណបក្សកាន់អំណាច ចង់ពន្យារពេលការបោះឆ្នោតនៅពេលខាងមុខក៏អាចថាបាន ដូចដែល លោក សម រង្ស៊ី ធ្លាប់បានចោទប្រកាន់ លោក ហ៊ុន សែន កន្លងមកនោះថា អ្វីដែល លោក ហ៊ុន សែន ធ្វើនៅពេលនេះ គឺជាចេតនាចង់ពន្យារពេលបោះឆ្នោតនៅអាណត្តិក្រោយ។
យ៉ាងណាក៏ដោយចុះ ល្បែងអ្នកនយោបាយកំពុងលេងនៅពេលនេះ អ្នកនយោបាយគ្មានជម្រើសអ្វីងាកមករកតុចរចាដោយប្រើប្រាស់វប្បធម៌សន្ទនាទៀតនោះទេ ដើម្បីរក្សាលំនឹងនយោបាយ ការផ្ដល់ឱកាសប្រកួតប្រជែងដោយស្មើភាព ព្រោះថា អាថ៌កំបាំងនៅក្រោយខ្នងឈុតឆាកសម្ដែងរបស់អ្នកនយោបាយនៅពេលនេះ ប្រជាពលរដ្ឋភាគច្រើនបានយល់ដឹង និងមើលឃើញអស់ហើយ៕

2 comments:
I still support CNRP,especially Sam Rainsy is so good at attracting support from the populace I admire him for that. But when it comes to manage his party
he and his colleagues are a bunch of zealot who have no patience. How many more time mr Sam rainsy and his colleagues don't test the water first but jump straight in the hot water and get burned . From I can see CNRP doesn't even yet have a clear political manifesto.How are they going to get the jobs done?.Internally they are so fragmented because there may not be the party line for members to tow , disciplines to be enforced and coordination to be comprehensive . There are more to be desired ,but you are the opposition political party , it is your job to get elected. You do it at your own peril.
Cambodia's survival depends largely on Khmer people's judgement.
For example in this current situation: Yuon had ordered Hun Sen to destroy Khmer nationalists from involving in the border issues by issuing a warrant arrest of Sam Rainsy.
Instead of blaming the Yuon's slave Hun Sen for his traitorous act, some crazy people such as Ah Chkuot Mam Sonando criticized Sam Rainsy as a coward for refusing to go back to Cambodia to let Hun Sen poison and kill him in the prison.
Post a Comment