ដោយ ម៉ម មុនីរតន៍
2015-09-08 rfa
ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវប្រទេសក្នុងតំបន់
និងប្រទេសដែលជាដៃគូ
ត្រូវពង្រឹងច្បាប់នៃការគ្រប់គ្រងជនអន្តោប្រវេសន៍ដោយម៉ឺងម៉ាត់
ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពសង្គម ទាំងក្នុងតំបន់ និងពិភពលោក។
បើ
ទោះជាបែបនេះ ទាំងគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល យល់ឃើញថា
បញ្ហានេះ ជាពិសេសប្រទេសកម្ពុជា ការអនុវត្តច្បាប់អន្តោប្រវេសន៍
គឺនៅមានភាពខ្វះចន្លោះ និងពុំទាន់មានប្រសិទ្ធភាពប៉ុន្មាននោះទេ។
ការ
រិះគន់ពីគណបក្សជំទាស់
និងអង្គការមិនមែនរដ្ឋាភិបាលទៅលើការអនុវត្តច្បាប់
នៃការគ្រប់គ្រងជនអន្តោប្រវេសន៍នេះ
ខណៈដែលមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទទូចឲ្យប្រទេសក្នុងតំបន់
និងប្រទេសដែលជាដៃគូពាក់ព័ន្ធដទៃទៀត
ត្រូវពង្រឹងកិច្ចសហការឲ្យបានល្អ
ប្រឆាំងនឹងការឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយទៀត
ហើយបង្កផលវិបាក។
ការអំពាវនាវរបស់លោក
ឧបនាយករដ្ឋមន្ត្រី ស ខេង នេះ
ធ្វើឡើងក្នុងកិច្ចប្រជុំអាស៊ានអន្តោប្រវេសន៍លើកទី១៩
និងកិច្ចប្រជុំអាស៊ានអន្តោប្រវេសន៍បូកអូស្ត្រាលី លើកទី១១
នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៨ កញ្ញា។ ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងថា
បញ្ហាជនអន្តោប្រវេសន៍ គឺបញ្ហាតំបន់ និងពិភពលោក។ ហេតុនេះ
លោកចាត់ទុកថា ប្រទេសដែលជាដៃគូ និងតំបន់
ត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការឆ្លងដែនខុសច្បាប់
និងពង្រឹងកិច្ចសហការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃអំពើភេរវកម្ម
ផ្ដើមចេញពីការឆ្លងដែននេះ។ លោកបន្តថា
«ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍
និងកុងស៊ុលនៃបណ្ដាប្រទេសអាស៊ានទាំងអស់
បន្តសហការគ្នាយ៉ាងជិតស្និទ្ធ ខិតខំសម្របសម្រួល
និងជំរុញតាមដានសភាពការណ៍ប្រែប្រួលនៃបទល្មើសអន្តោប្រវេសន៍ក្នុង
តំបន់ ដើម្បីមានវិធានការទាន់ពេលវេលា»។
បើ
ទោះជាបែបនេះក៏ដោយចុះ ទាំងគណបក្សប្រឆាំង
និងអង្គការសង្គមស៊ីវិលយល់ឃើញថា បញ្ហាជនអន្តោប្រវេសន៍នៅកម្ពុជា
គឺជាបញ្ហាដ៏ធ្ងន់ធ្ងរ ជាពិសេសជនអន្តោប្រវេសន៍វៀតណាម
ក្នុងចំណោមជនអន្តោប្រវេសន៍ខុសច្បាប់ផ្សេងទៀត។
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការលើកឡើងរបស់ លោក ស ខេង
នៅពេលនេះហាក់ដូចជាភ្លេចខ្លួនថា
រដ្ឋាភិបាលអសមត្ថភាពក្នុងការទប់ស្កាត់ជនអន្តោប្រវេសន៍ចូលមកកម្ពុជា
ពិសេសជនជាតិវៀតណាម។
លោក យ៉ែម បុញ្ញឫទ្ធិ
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មើលឃើញថា
ការអនុវត្តច្បាប់អន្តោប្រវេសន៍នៅកម្ពុជា
គឺនៅមានភាពយឺតយ៉ាវនៅឡើយ។ លោកចាត់ទុកថា ការអំពាវនាវរបស់ លោក ស
ខេង នៅពេលនេះ វាជាមធ្យោបាយមួយល្អ
ប៉ុន្តែអ្វីដែលជាបញ្ហានៅត្រង់ថា
លំហូរនៃជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា
នៅតែជាជំងឺរ៉ាំរ៉ៃមិនអាចព្យាបាលបាន។ លោកបន្តថា
«យើងនៅឃើញមានភាពអសកម្ម និងភាពខ្វះខាតច្រើន
ពីព្រោះយើងឃើញទើបមានការចាប់ផ្ដើមអនុវត្តខ្លះ
ប៉ុន្តែចំណុចនេះនៅពុំទាន់បានពេញលេញ និងគ្រប់គ្រាន់នៅឡើយទេ»។
ថ្លែង
ក្រោយកិច្ចប្រជុំវេទិកាអាស៊ានស្ដីពីជនអន្តោប្រវេសន៍
កាលពីព្រឹកថ្ងៃទី៨ កញ្ញា លោក សុខ ផល
អគ្គនាយកនៃអគ្គនាយកដ្ឋានជនអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ អះអាងថា
ដើម្បីធានានូវការគ្រប់គ្រងជនអន្តោប្រវេសន៍នេះ
គឺរដ្ឋាភិបាលបានបង្កើតអង្គភាពគ្រប់គ្រងជនអន្តោប្រវេសន៍នៅតាមបណ្ដា
ស្រុកខ្លះ ដើម្បីបង្ការជនឆ្លៀតឱកាសប្រើប្រាស់ប្រទេសកម្ពុជា
ក្រោមហេតុផលអ្វីមួយ។ លោកបន្តថា
«យើងបានសេចក្ដីសម្រេចពីក្រសួងមហាផ្ទៃ
បានបង្កើតចំនួនផ្នែកអន្តោប្រវេសន៍នៅតាមស្រុកប្រហែលជា ២ ភាគ ៣
ចំពោះស្រុកណាដែលមានជនអន្តោប្រវេសន៍ច្រើន។ អ៊ីចឹងនៅស្រុកមួយចំនួន
យើងមិនទាន់បានបង្កើតទេ»។
លោក សួន ប៊ុនស័ក្តិ
ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្មការពារសិទ្ធិ
មនុស្សកម្ពុជា យល់ឃើញថា ប្រទេសកម្ពុជា
ហាក់ពុំបានអនុវត្តច្បាប់ឲ្យបានពេញលេញទៅលើការគ្រប់គ្រងជន
អន្តោប្រវេសន៍នៅឡើយទេ។ លោកចាត់ទុកថា ភាពខ្វះចន្លោះនេះ
ដោយសារឆន្ទៈនយោបាយរបស់រដ្ឋាភិបាលពុំបានពង្រឹងការអនុវត្តច្បាប់
ឲ្យមានប្រសិទ្ធភាព
គឺជាមូលហេតុចម្បងដែលនាំឲ្យមានលំហូរនៃជនអន្តោប្រវេសន៍ខុសច្បាប់
កើនឡើង។ លោកបន្តថា «ខ្ញុំគិតថាមិនសូវមានប្រសិទ្ធភាពទេ
អ៊ីចឹងហើយបានជាមានជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា នេះ។
នេះជាការមើលឃើញរបស់ខ្ញុំ។ រឿងសំខាន់
គឺរដ្ឋាភិបាលគាត់ហាក់ដូចមិនពង្រឹងការអនុវត្តឲ្យបានតឹងរ៉ឹង»។
បច្ចុប្បន្ន
ក្រសួងមហាផ្ទៃ
បានធ្វើកំណែទម្រង់តាមរយៈការចាប់បញ្ជូនជនអន្តោប្រវេសន៍
ឲ្យធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅស្រុកកំណើតវិញជាបន្តបន្ទាប់
ក៏ប៉ុន្តែអ្នកតាមដានស្ថានការណ៍សង្គមយល់ឃើញថា
ការអនុវត្តទៅលើជនអន្តោប្រវេសន៍ ជាពិសេសជនជាតិវៀតណាម
តាមរយៈការចាប់បញ្ជូនទៅវិញនេះ ពុំមានប្រសិទ្ធភាពឡើយ ដោយហេតុថា
លទ្ធផលចុងក្រោយនៃការចាប់បញ្ជូននេះ ហាក់មានភាពលាក់លៀម។
ម្យ៉ាងវិញទៀត
ការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងទៅលើជនអន្តោប្រវេសន៍នេះ
នៅតែមានភាពធូររលុង។
របាយការណ៍អគ្គនាយកដ្ឋានជន
អន្តោប្រវេសន៍ ឲ្យដឹងថា គិតត្រឹម ៨ខែចុងឆ្នាំ២០១៤
ជនអន្តោប្រវេសន៍ពុំមានលិខិតត្រឹមត្រូវជិត ២ពាន់នាក់ (១.៨០០នាក់)
ក្នុងនោះជនជាតិវៀតណាម ១.៥០០នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា។
នៅដើមឆ្នាំ២០១៥ វិញ អគ្គនាយកដ្ឋានជនអន្តោប្រវេសន៍
បានបណ្ដេញជនបរទេសខុសច្បាប់ ១.២០០នាក់បន្ថែមទៀត ក្នុងនោះពី ៩៥ ទៅ
៩៨ភាគរយជាជនជាតិវៀតណាម។ របាយការណ៍បន្តថា
ក្រៅពីនេះវិញមានជនជាតិវៀតណាម ប្រមាណពី ២០ ទៅ ៣០ភាគរយ
នៅតែបន្តឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់
តាមរយៈប៉ុស្តិ៍ព្រំដែន និងច្រករបៀង៕

No comments:
Post a Comment